[ រូបភាពកម្មករតវ៉ាបិទផ្លូវOpens in new window ]
កម្មករជិត ៨ពាន់នាក់ ធ្វើការឲ្យរោងចក្រផលិតស្បែកជើងចំនួន២ នៅខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ បាននាំគ្នាបិទផ្លូវជាតិលេខ៣ នោះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ដើម្បីទាមទារផលប្រយោជន៍របស់កម្មករជាង ១០ចំណុច។
កម្មករនៅរោងចក្រស្បែកជើងមែកណេតធ៍ ហ៊្វូតវែរ សាខាទី១ គឺមានទីតាំងនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រមាណ ៨០០នាក់ ព្រមទទួលយកប្រាក់ឈ្នួលអប្បបរមា ៨០ដុល្លារ ដែលរដ្ឋាភិបាលប្រកាសផ្តល់ឲ្យកាលពីថ្ងៃទី២១ ខែមីនា។ ប៉ុន្តែពួកគេសុំឲ្យថៅកែរោងចក្រផ្តល់ថ្លៃបាយថ្ងៃត្រង់ ២ពាន់រៀលក្នុង១ថ្ងៃ ទៅពួកគេ។ ប៉ុន្តែសំណើសុំថ្លៃបាយនោះ ថៅកែបានបដិសេធន៍ ទើបកម្មករធ្វើកូដកម្មទៀត៖ «បានជាបន្តហ្នឹង មកពីមូលហេតុដកលុយឡាន ហើយលុយបាយហ្នឹង យកទៅបូកជាមួយគ្នា។ ដល់អីចឹងទៅ កម្មករបានបន្តថ្ងៃតវ៉ាបន្តទៀត»។
ចំណែកកម្មកររោងចក្រស្បែកជើងវីនស្តារ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រមាណ ៧.០០០នាក់ ធ្វើកូដកម្មដោយបិទផ្លូវជាតិលេខ៣ ដែរ។ ការបិទផ្លូវរបស់កម្មករវីនស្តារ នេះ បានធ្វើឡើងពីរថ្ងៃហើយ។ ពួកគេមិនព្រមទទួលយកប្រាក់ឈ្នួលអប្បបរមា ៨០ដុល្លារ ដែលរាជរដ្ឋាភិបាលគ្រោងផ្តល់ឲ្យនោះទេ ព្រោះការផ្តល់ប្រាក់ខែថ្មីនោះមានតែ ១៤ដុល្លារ៖ «ឥឡូវប្រាក់ខែគោលយើងមាន ៦១ដុល្លារហើយ ទៅហើយ គាត់យកប្រាក់ ៥ដុល្លារពីទ្រទ្រង់សុខភាពមកបូក មានន័យថា យើងបាន ៦៦ដុល្លារ គេថែម ១៤ដុល្លារទៀត គឺ ៨០។ ហើយ ១៤ដុល្លារសម្រាប់សហជីពសេរី លោកប្រធាន ជា មុនី គាត់ថា អត់ទាន់ទទួលយកទេ ព្រោះអ្វីដែលគាត់ទាមទារ ១២០ជូនកម្មករទូទាំងប្រទេស។ មានន័យថា គាត់យកលុយហ្នឹងទាំងអស់មកដាក់រួម គឺប្រាក់ឈ្នួលគោលសុទ្ធ ១២០ដុល្លារ»។
កម្មករបានតវ៉ាបិទផ្លូវជាតិលេខ៣ នេះជាពីរកំណាត់។ កំណាត់ទីមួយ គឺបិទផ្លូវនៅឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល គឺនៅមុខរោងចក្រស្បែកជើងមែកណេតធ៍ ហ៊្វូតវែរ ចាប់ពីម៉ោង ៦ និង៣០នាទីព្រឹក រហូតដល់ម៉ោង ៩ព្រឹក។ កំណាត់ទី២ កម្មកររោងចក្រស្បែកជើងវីនស្តារ បិទផ្លូវនៅឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១១ថ្ងៃត្រង់។
ការបិទផ្លូវរបស់កម្មករទាំង២ខេត្តនេះ មិនមានការប្រើហិង្សាបង្ក្រាបណាមួយពីមន្ត្រីប៉ូលិសទាំង៣ខេត្តទេ គឺប៉ូលិសខេត្តកណ្ដាល តាកែវ និងខេត្តកំពង់ស្ពឺ។ ប៉ុន្តែអ្នកដំណើរ ពិសេសក្រុមហ៊ុនចាក់បេតុង បានត្អូញពីការខូចខាតបេតុង ដែលបានលាយរួច។
នៅម៉ោងជាង ១១ថ្ងៃត្រង់ មានការចរចារវាងតំណាងក្រុមដោះស្រាយវិវាទការងារ តំណាងសហជីព និងថៅកែរោងចក្រទាំង២ ប៉ុន្តែកម្មករមិនទទួលយក ហើយបន្តការធ្វើកូដកម្មនៅថ្ងៃបន្ទាប់។
កម្មកររោងចក្រស្បែកជើងមែកណេតធ៍ ហ៊្វូតវែរ បានធ្វើកូដកម្មពីថ្ងៃសុក្រ ទី១៥ ខែមីនា បន្តរហូតដល់ថ្ងៃទី២២ ខែមីនា។ ចំណែកកម្មកររោងចក្រស្បែកជើងវីនស្តារ បានធ្វើកូដកម្មពីថ្ងៃពុធ ទី២០ ខែមីនា មកដល់ថ្ងៃទី២២ ខែមីនា។ ក្រុមកម្មករទាំងពីររោងចក្រនោះ នៅតែមិនទទួលយកការដោះស្រាយ ហើយកម្មករសន្យាបន្តធ្វើកូដកម្មទៀត បើការទាមទារជាង ១០ចំណុចនោះ ថៅកែមិនព្រមអនុវត្តទេ។
កាលពីថ្ងៃទី២១ ខែមីនា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានថា ប្រមុខរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ខែគោលអប្បបរមាឲ្យកម្មករពី ៦១ដុល្លារ ដំឡើងដល់ ៧៣ដុល្លារ បូកនឹងប្រាក់ថែទាំសុខភាព ៥ដុល្លារ ដែលមានស្រាប់ ហើយនាយករដ្ឋមន្ត្រីបញ្ជាឲ្យថែម ២ដុល្លារ បង្គ្រប់ ៨០ដុល្លារក្នុង១ខែ។ ប្រាក់ឈ្នួលអប្បបរមានេះ នឹងចូលជាធរមាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ ហើយថៅកែគ្រប់រោងចក្រតម្រូវឲ្យបើកប្រាក់ឈ្នួលឲ្យកម្មករនៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ២០១៣ តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។