ជីវភាពអ្នកធ្វើការក្នុងវិស័យទេសចរណ៍ នៅតែមានការលំបាក ទោះបីមានការកើនឡើងភ្ញៀវទេសចរក្នុងស្រុក។ អង្គការសង្គមស៊ីវិលធ្វើការទាក់ទងជាមួយវិស័យសេវាកម្មកម្ពុជា នៅតែព្រួយបារម្ភចំពោះជីវភាពប្រជាពលរដ្ឋធ្វើការទាក់ទងនិងវិស័យទេសចរណ៍ ខណៈអ្នកធ្វើការក្នុងវិស័យនេះខ្លះបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។
ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកនាង អ៊ូ ទេពផល្លីន បានលើកឡើងថា កន្លងមកទោះបីជាចាប់ផ្ដើមមានភ្ញៀវទេសចរឡើងវិញក្ដី តែអ្នកធ្វើការនៅក្នុងវិស័យនេះភាគច្រើនមិនទាន់បានការងារធ្វើនៅឡើយ ព្រោះកំណើនភ្ញៀវទេសចរក្នុងស្រុកនៅមានចំនួនតិចតួច មានអំណោយផលដល់អាជីវកម្មទេសចរណ៍មួយចំនួនតូចតែប៉ុណ្ណោះ ដោយឡែកភ្ញៀវបរទេសមិនទាន់មានទំនុកចិត្តឡើងវិញក្នុងការធ្វើដំណើរឆ្លងប្រទេសទេ។ អ្នកស្រី បន្ថែមថា កន្លងមកក្នុងពេលវិបត្តិកូវីដ១៩ រដ្ឋាភិបាលបានខ្ចីលុយធនាគាពិភពលោក ធនាគា ADB ដើម្បីលើកស្ទួយជីវភាពកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្តែជំនួយទាំងនោះបានដល់ដៃអ្នកដែលមានជីវភាពខ្វះខាតនោះទេ ព្រោះតាមសេចក្ដីប្រកាសលេខ៤០៤ បានកំណត់គោលការណ៍ឧបត្ថម្ភដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះតែអ្នកធ្វើការតិចជាង ៨ម៉ោងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ «»។
តាមរបាយការណ៍ក្រសួងទេសចរណ៍កាលពីថ្ងៃទី១ មេសាកន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១៥ម៉ឺននាក់ (១៥១.៦៨០នាក់) កើន ១០៤ភាគរយ ធៀបជាមួយត្រីមាសទី១ ឆ្នាំ២០២១។
ចំនួនភ្ញៀវទេសចរចុងសប្ដាហ៍ ដើមខែកក្កដាកន្លងទៅមានចំនួនជាង ២៩ម៉ឺននាក់ (២៩៧.៤០២នាក់) ធ្លាក់ចុះជិត៧ភាគរយ (៦,៧៣%) ប្រៀបធៀបជាមួយចុងសប្ដាហ៍មុន។ ក្នុងនោះខេត្តព្រះសីហនុនៅតែជាខេត្តទទួលបានភ្ញៀវទេសចរច្រើនជាងគេប្រមាណ ៥ម៉ឺន ៤ពាន់នាក់ (៥៤.៦០៨នាក់) ហើយខេត្តទទួលបានភ្ញៀវទេសចរក្នុងស្រុកលេខរៀងបន្តបន្ទាប់គឺខេត្ត សៀមរាប បាត់ដំបង និងកំពត។
ភ្ញៀវទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមមានការធ្លាក់ចុះ ក្រោយពីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ ខែកក្កដា បានចេញសារាចរណែនាំក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់អាជីវកម្មទេសចរណ៍ ពង្រឹងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។