កម្មករ​រោងចក្រ​ឃីងឡែន​ទទួល​បាន​ដំណោះស្រាយ​បើក​ប្រាក់​ខែ

ការ​ប្រឹងប្រែង​របស់​កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​ឃីងឡែន (Kingsland) ធ្វើ​សកម្មភាព​ដូច​ជា​កូដកម្ម​ដេក​យាម​នៅ​មុខ​រោងចក្រ បិទ​ផ្លូវ​ជាតិ ឈរ​លើក​បដា​អហិង្សា និង​បង្អត់​អាហារ ក្នុង​ន័យ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ប្រាក់​អតីតភាព​ការងារ​ដល់​ពួក​គេ កំពុង​មាន​លទ្ធផល​ផ្លែ​ផ្កា​ជា​បណ្ដើរៗ​ហើយ ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​សុក្រ ទី១ ខែ​មីនា។
ដោយ អ៊ុក សាវបូរី
2013.03.01
Share on WhatsApp
Share on WhatsApp
កម្មករ​រោងចក្រ​ឃីងឡែន អត់​អាហារ ៣០៥ កម្មករ​ជិត ១០០​នាក់ នៅ​រោងចក្រ​កាត់​ដេរ​ឃីងឡែន (Kingsland) ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ខាង​មុខ​រោងចក្រ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Tep Soravy

កម្មករ​រោងចក្រ​កាត់​ដេរ​ឃីងឡែន នៅ​រសៀល​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១៣ បាន​សម្ដែង​ក្តី​រីករាយ និង​ហោរ​កញ្ជ្រៀវ បន្ទាប់​ពី​កើត​ទុក្ខ​ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លង​មក។

ការ​សម្ដែង​ក្តី​រីករាយ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជំនួប​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១ ខែ​មីនា រវាង​តំណាង​កម្មករ​រោងចក្រ​ឃីងឡែន ក្រសួង​ការងារ ក្រសួង​សង្គម​កិច្ច ក្រសួង​ពាណិជ្ជកម្ម អង្គការ​អន្តរជាតិ​ខាង​ការងារ អាយឡូ (ILO) សង្គម​ស៊ីវិល អាជ្ញាធរ​ខណ្ឌ​មានជ័យ ស្វែង​រក​ដំណោះស្រាយ​បើក​ប្រាក់​ខែ​ជូន​ពួក​គាត់ និង​ប្រាក់​អតីត​ភាព​ការងារ ដែល​ថៅកែ​រោងចក្រ​ឃីងឡែន បាន​រត់​ចោល​កម្មករ​ជាង ២០០​នាក់ ច្រើន​ខែ​មក​នោះ។

តំណាង​កម្មករ​ឃីងឡែន ដែល​បាន​ចូល​រួម​ប្រជុំ លោក អូន ប៊ុយ ថ្លែង​ថា មាន​លទ្ធផល​វិជ្ជមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ។ លោក​ថា ក្រុម​អ្នក​ជួល​ផលិត​បន្ត បាន​សន្យា​សង​តម្លៃ​ពលកម្ម​មក​កម្មករ​វិញ៖ «សារ៉ាម៉េក (Saramax) ហ្នឹង គេ​ឲ្យ​ទឹក​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ សង​ទៅ​លើ​ការងារ​កម្មករ​ហ្នឹង ហើយ​រោងចក្រ​ញ៉ូវអាឃីត (New Archie) គាត់​សង​ឲ្យ​លើ​កម្មករ​ហ្នឹង ៤ម៉ឺន ៥ពាន់​ដុល្លារ កម្មករ​សរុប​ទាំង​អស់​ហ្នឹង ២២៤​នាក់»

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ថ្លែង​ថា ក្រុមហ៊ុន​ញ៉ូវអាឃីត ដែល​ជួល​កម្មករ​ឃីងឡែន ដេរ​ខោ​អាវ​ឲ្យ​ម៉ាក​អេច​អែន​អិម (H&M) ធានា​សង​ប្រាក់​មួយ​ចំនួន។ ក្រុមហ៊ុន​សារ៉ាម៉េក ពី​សហរដ្ឋ​អាមេរិក ជាប់​កុងត្រា​ដឹក​ទំនិញ​ឲ្យ​ក្រុមហ៊ុន​វើលម៉ាត (World Mart) ក៏​ព្រម​ទូទាត់​លុយ​មួយ​ចំនួន​ដែរ ហើយ​រដ្ឋាភិបាល​ក៏​សម្រេច​លក់​ឡាយឡុង​ម៉ាស៊ីន​ដេរ​នៅ​ក្នុង​រោងចក្រ​ឃីងឡែន ដើម្បី​យក​ថវិកា​មក​រួម​គ្នា​សង​ទៅ​កម្មករ​ជាង ២០០​នាក់ ដែល​បន្ត​ធ្វើ​ការ​ទាំង​មិន​មាន​ប្រាក់​ខែ និង​ការ​ធ្វើ​កូដកម្ម​ដោយ​បង្អត់​អាហារ​នា​ដំណាក់​កាល​ចុង​ក្រោយ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​សំណង​ប្រាក់​អតីតភាព​ការងារ​នោះ។

លោក មឿន តុលា៖ «រដ្ឋាភិបាល​បញ្ជាក់​ថា ម៉ាស៊ីន​នៅ​ក្នុង​រោងចក្រ​ឃីងឡែន ហ្នឹង គឺ​លក់​បាន ៦​ម៉ឺន។ អីចឹង​សរុប​ទៅ ទាំង​៣​ប្រភព​ហ្នឹង វា​គឺ​ថា​យើង​អាច​មាន​លុយ វា​មិន​បាន ១០០% ទាំង​ស្រុង​ទេ ប៉ុន្តែ​ហាក់​ដូច​ជា ៩០% ជាង​ទៅ​ហើយ»

កម្មករ​រោងចក្រ​កាត់​ដេរ​ឃីងឡែន បាន​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៣ ដោយ​មាន​បិទ​ផ្លូវ​ជាតិ​លេខ​២ និង​ជម្រើស​ចុង​ក្រោយ គឺ​បង្អត់​អាហារ ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ ខណៈ​ថៅកែ​រោងចក្រ​នោះ​បាន​បិទ​ទ្វារ​រត់​ចោល​កម្មករ។

កម្មការិនី សន សុធី ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១២ មក ថៅកែ​បាន​ព្យួរ​ការងារ ៣​ខែ ហើយ​ក៏​មាន​អន្តរាគមន៍​ពី​ក្រសួង​នានា​ឲ្យ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​តែ ៥០% គឺ ៣០​ដុល្លារ​ម្នាក់។ កម្មករ​បាន​ព្រម​យក​ប្រាក់​ខែ​នោះ​ពី​ខែ​កក្កដា មក​ដល់​ខែ​វិច្ឆិកា។ ប៉ុន្តែ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ កម្មករ​មិន​ព្រម​យក​ប្រាក់​នោះ​ទៀត​ទេ ដោយ​ទាមទារ​បើក​ប្រាក់​អតីត​ភាព​ការងារ បើ​សិន​ថៅកែ​ក្ស័យ​ធន។

ប៉ុន្តែ​តំណាង​រោងចក្រ និង​សហជីព បាន​ជំរុញ​ឲ្យ​លក់​ម៉ាស៊ីន​ដេរ ដើម្បី​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​ក្នុង ១​ខែ​ម្នាក់​បាន​តែ ៤៦​ដុល្លារ។ កម្មករ​ទាំង​អស់​មិន​សុខ​ចិត្ត ក៏​ចាប់​ផ្ដើម​ដេក​យាម​នៅ​មុខ​រោងចក្រ មិន​ឲ្យ​ខាង​រោងចក្រ​ដឹក​ម៉ាស៊ីន​ដេរ​យក​ទៅ​លក់​ឡាយឡុង​ទេ។ នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ កម្មករ​បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​រហូត​មក​ដល់​ថ្ងៃ​ត្រង់ ថ្ងៃ​សុក្រ ទី១ ខែ​មីនា ឆ្នាំ​២០១៣។

នៅ​រសៀល​ថ្ងៃ​ទី១ ខែ​មីនា កម្មករ​ទាំងអស់​ទទួល​ដំណឹង​ថា មាន​ដំណោះស្រាយ​ក្រោយ​ពី​ជំនួប​រវាង​តំណាង​កម្មករ រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​មួយ​ចំនួន​មក កម្មករ​ក៏​ទទួល​ទាន​អាហារ​វិញ​ហើយ។

លោក អូន ប៊ុយ តំណាង​កម្មករ ឲ្យ​ដឹង​ថា ការ​ប្រជុំ​នៅ​ថ្ងៃ​ទី១ ខែ​មីនា ទើប​តែ​ទទួល​ដំណឹង​ថា ក្រុមហ៊ុន​២ នឹង​សង​ប្រាក់​នោះ ហើយ​រដ្ឋាភិបាល​នឹង​លក់​ឡាយឡុង​ម៉ាស៊ីន តែ​ការ​ប្រជុំ​នៅ​បន្ត​ដល់​ថ្ងៃ​ទី១១ ខែ​មីនា ទៀត ដើម្បី​សម្រេច​អំពី​ការ​សង​ប្រាក់​អតីត​ភាព​ការងារ​ទៅ​កម្មករ​កាត់​ដេរ​ឃីងឡែន នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។