កម្មករ​រោងចក្រ​ពីរ​តវ៉ា​គាំទ្រ​អ្នក​ដឹក​ជញ្ជូន​និង​សុំ​ប្រាក់​សុខភាព

ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ​របស់​ប្រទេស​កូរ៉េ ឈ្មោះ ហាយ ហ្វេសិន (Hi fashion) មិន​ចូល​ធ្វើ​ការ ដោយ​គាំទ្រ​ក្រុម​អ្នក​ដឹក​ជញ្ជូន និង​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​ឲ្យ​រោងចក្រ។ ចំណែក​កម្មករ​រោងចក្រ​តម្បាញ យាន ដារ៉ុងហ្វុង (Yandarong Fong) សុំ​ឲ្យ​ថៅកែ​កុំ​ដក​យក​ប្រាក់​សុខភាព ៥​ដុល្លារ។

ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ​របស់​ប្រទេស​កូរ៉េ ឈ្មោះ ហាយ ហ្វេសិន ជិត ១​ពាន់​នាក់ មិន​ចូល​ធ្វើ​ការ​នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ព្រោះ​គាំទ្រ​ក្រុម​អ្នក​ដឹក​ជញ្ជូន និង​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​ឲ្យ​រោងចក្រ​នោះ​ជិត ១០​នាក់ ដែល​ថៅកែ​មិន​បើក​ប្រាក់​ថ្លៃ​សេវា​ឲ្យ​តាំង​ពី​ដើម​ឆ្នាំ​២០១៣។

ក្រុម​អ្នក​បើកបរ​ដឹក​ជញ្ជូន​កម្មករ​ច្រើន​រថយន្ត និង​អ្នក​ផ្គត់ផ្គង់​អុស ប្រេង​សាំង ទឹក ដឹក​ភ្ញៀវ និង​អ្នក​ច្នៃ​ម៉ូដ​ខោអាវ បាន​អះអាង​នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០១៣ ថា ថៅកែ​ជនជាតិ​កូរ៉េ នៅ​រោងចក្រ​កាត់​ដេរ​ឈ្មោះ ហាយ ហ្វេសិន មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ បាន​ឆបោក​ប្រាក់​ថ្លៃ​ដឹក​ជញ្ជូន​សេវា​បម្រើ​ឲ្យ​រោងចក្រ​នោះ។ ថៅកែ​រោងចក្រ​បោះ​ជំពាក់​ខ្លះ ៥​ខែ ខ្លះ ៤​ខែ ក្នុង​ម្នាក់ៗ​ថៅកែ​ជំពាក់​ច្រើន​ពាន់​ដុល្លារ។

ពួក​គាត់​បន្ត​ថា ថៅកែ​រោងចក្រ​នោះ​ជំពាក់​តាំង​ពី​ថៅកែ​ចាស់ រហូត​ថៅកែ​ថ្មី ដែល​ចូល​ធ្វើ​ការ​តាំង​ពី​ថ្ងៃ​ទី១១ ខែ​មេសា។ ពួក​គាត់​បាន​ជួប​ចរចា​សុំ​ថៅកែ​ថ្មី​ជួយ​សង តែ​ថៅកែ​ថ្មី​មិន​ព្រម​សង៖ «ថៅកែ​ចាស់​ហ្នឹង​ជាប់​ជំពាក់​លុយ​ឡាន​របស់​ខ្ញុំ​ចាប់​ពី​ខែ​១២​មក រហូត​ដល់​ឥឡូវ​នេះ ជំពាក់​ចំនួន ៥​ខែ​ហើយ។ ក្នុង​១​ខែ​ជំពាក់ ៩៥០​ដុល្លារ មាន​ទាំង​ពី ឲ្យ​តែ​សែក​មក ប៉ុន្តែ​ទៅ​បើក​ក្នុង​ធនាគារ​អត់​មាន​លុយ​នៅ​ក្នុង​កុង។ អត់​ទេ! គេ​ទើប​មក​បោក​ប៉ុន្មាន​ខែ​ហ្នឹង ម្នាក់ ១​ពាន់​ក៏​មាន ម្នាក់ ៥០០​ក៏​មាន​អ៊ីចឹង ច្រើន​ណាស់ ៥-៥​នាក់​អត់​ទាន់​បាន​ទាំងអស់ គេ​ប្រាប់​ថា​ចាំ​ខែ​ក្រោយៗ​អ៊ីចឹង។ គេ​ថា​ថ្ងៃ​នេះ​និយាយ​គ្នា​ម្ដង​ទៀត បើ​ថា​ម៉េចៗ ពួក​ខ្ញុំ​ទៅ​ដាក់​ពាក្យ​ប្ដឹង​ហើយ»

បុគ្គលិក​រដ្ឋបាល​រោងចក្រ​កាត់​ដេរ ហាយ ហ្វេសិន លោក វីរៈ បាន​ថ្លែង​ថា រោងចក្រ​នេះ​ពិត​ជា​ជំពាក់​ប្រាក់​ទៅ​ក្រុម​អ្នក​ដឹក​ជញ្ជូន​នោះ​ពិត​មែន ប៉ុន្តែ​ការ​សង ឬ​មិន​សង​បំណុល​ចាស់​នោះ លោក​មិន​បាន​ដឹង​ទេ។

ចំណែក​ឯ​កម្មករ​រោងចក្រ​តម្បាញ យាន ដារ៉ុងហ្វុង នៅ​ខេត្ត​តាកែវ ប្រមាណ ៣០០​នាក់ តវ៉ា​នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា សុំ​ឲ្យ​ថៅកែ​កុំ​ដក​យក​ប្រាក់​សុខភាព ៥​ដុល្លារ។

កម្មការិនី​ឈ្មោះ ជិន មុំ ថ្លែង​ថា កម្មករ​រោងចក្រ​នេះ​សរុប​ជាង ៦០០​នាក់ គឺ​កម្មករ ៥០% ធ្វើ​ការ​ទទួល​ប្រាក់​ឈ្នួល​តាម​រដ្ឋាភិបាល​កំណត់។ ចំណែក ៥០% ទៀត ធ្វើ​ការ​បែប​ម៉ៅការ។

ក្រុម​អ្នក​ធ្វើ​ការ​ម៉ៅការ​នេះ ពី​មុន​ធ្លាប់​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​សុខភាព ៥​ដុល្លារ​រាល់​ខែ។ ប៉ុន្តែ​ចាប់​ពី​ខែ​ឧសភា ទៅ ថៅកែ​ប្រកាស​ដក​ប្រាក់​នោះ​យក​ទៅ​ឲ្យ​អ្នក​ដែល​ទទួល​ប្រាក់​ឈ្នួល​តាម​រដ្ឋាភិបាល​កំណត់​វិញ ដើម្បី​ឲ្យ​ពួក​គេ​នោះ​ទទួល​បាន​ប្រាក់​ខែ​ពេញ ៨០​ដុល្លារ។ ទើប​ពួក​គាត់​តវ៉ា​សុំ​កុំ​ឲ្យ​ថៅកែ​ដក​យក​ប្រាក់​សុខភាព ៥​ដុល្លារ​នោះ៖ «តវ៉ា​ដោយសារ​តែ​ខ្ញុំ​ហ្នឹង​ស៊ី​ឡូ ព្រោះ​អី​អាច​លើស​ពី​ប្រាក់​ខែ ៨០​ហ្នឹង។ ចំណែក​ឯ​គេ​ស៊ី​ខែ គេ​អាច​បាន​លុយ​ហ្នឹង​ជា​រាល់​ខែ ចំណែក​ខ្ញុំ​វិញ​គឺ​លុយ​ហ្នឹង​អត់​បាន​ទេ ដ៏​អ៊ីចឹង​វា​បាត់​លុយ​សុខភាព​ខ្ញុំ ៥​រៀល​ហ្នឹង (ដុល្លារ) ដល់​ពេល​យើង​សួរ​គេ គេ​ថា​យើង​ហ្នឹង​ស៊ី​ឡូ»

កម្មករ​ឈ្មោះ ខួច ឲ្យ​ដឹង​ថា រោងចក្រ​តម្បាញ​សម្លៀកបំពាក់ យាន ដារ៉ុងហ្វុង នេះ​បើក​ដំណើរ​ការ​ពី​ឆ្នាំ​២០០៧ មក មាន​កម្មករ​ជិត ១​ពាន់​នាក់​ធ្វើ​ការ។ ការ​តវ៉ា​របស់​កម្មករ​សុំ​យក​ប្រាក់​ថែទាំ​សុខភាព ៥​ដុល្លារ​នេះ បាន​ធ្វើ ២​ថ្ងៃ​ហើយ។ ទើប​តែ​នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា សហជីព​ក្នុង​រោងចក្រ​កំពុង​ជជែក​រក​ដំណោះស្រាយ​ជាមួយ​ថៅកែ ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចប់​ការ​ចរចា និង​ការ​តវ៉ា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។