ពលករ​ចោទ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ថៃ​ថា​ឆបោក​លុយ

នៅ​ពេល​មាន​កម្មករ​ខ្មែរ​មួយ​ចំនួន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ មាន​ក្រុមហ៊ុន​ខ្លះ​បាន​ផ្សាយ​ថា គេ​មាន​សេវាកម្ម​ជួយ​សម្រួល​ឲ្យ​កម្មករ​ទាំង​នោះ​បាន​ទៅ​ដូច​បំណង និង​មាន​ការងារ​ធ្វើ​តាម​ការ​សន្យា ប៉ុន្តែ​ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​មិន​បាន​គោរព​ពាក្យ​សន្យា និង​បោក​យក​ប្រាក់​កម្មករ​ខ្មែរ​ទៀត​ផង។

0:00 / 0:00

ពលករ​ខ្មែរ​ជាច្រើន​ពាន់​នាក់ បាន​ចោទ​ក្រុមហ៊ុន ទូច ម៉ាណាក់ មេនផៅវ័រ (Touch Manak Manpower) និង​សាខា​របស់​ក្រុមហ៊ុន​ឈ្មោះ អឹមជី មេនផៅវ័រ (MG Manpower) ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ភ្នំពេញ នោះ ថា​កំពុង​ឆបោក​លុយ​កាក់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជាច្រើន​ពាន់​ដុល្លារ តាម​រយៈ​ការ​ឃោសនា​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

លោក ស៊ន សុគុណ អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ចែង ឃុំ​ចែងមានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ថ្លែង​ថា ពលករ​ជាច្រើន​នាក់​បាន​ទៅ​ចុះ​ឈ្មោះ​នៅ​មណ្ឌល អឹមជី មេនផៅវ័រ។ នៅ​ពេល​ចុះ​ឈ្មោះ​នោះ អ្នក​ខ្លះ​បាន​បង់​លុយ​ចំនួន​២៥០ អ្នក​ខ្លះ ២៧០ ទៅ ៣០០​ដុល្លារ ទៅ​ឲ្យ​មណ្ឌល​ដើម្បី​យក​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ នៅ​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០១២ ក្រុមហ៊ុន​បាន​នាំ​ពួក​គាត់​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន ដោយ​សន្យា​ថា​ក្នុង​រយៈពេល ១០០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ធ្វើ​លិខិត​ឆ្លង​ដែន រួច​នឹង​នាំ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បើ​ខាង​ក្រុមហ៊ុន​ខកខាន នឹង​សង​លុយ​វិញ​១​ទ្វេ​ជា​បួន។ ប៉ុន្តែ រហូត​មក​ដល់​បច្ចុប្បន្ន ពួក​គាត់​ពុំ​ត្រូវ​បាន​ក្រុមហ៊ុន​នាំ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នោះ​ទេ៖ «ខ្ញុំ​អត់​ចង់​សុំ​អី​ទេ សុំ​សម្រួល​ឲ្យ​ពួក​ខ្ញុំ​វិញ​មក រឿង​លុយ​កាក់​ហ្នឹង ព្រោះ​ការ​កុហក​របស់​គាត់​ហ្នឹង គឺ​ច្រើន​លើក​ច្រើន​សារ តាំង​ពី​ភ្ជុំ​រួច​ភ្ជុំ​ចូល​ឆ្នាំ ឥឡូវ​បោះឆ្នោត​រួច​អត់​ទាន់​ទៀត​ដែរ»

សៅ ស្រីពេជ្រ អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​និគម ឃុំ​ជ្រោយស្ដៅ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង បញ្ជាក់​ថា រូប​គាត់ និង​ប្ដី​ឈ្មោះ ស៊ុន រ៉ាស៊ី បាន​បង់​លុយ​ចំនួន ៥៤០​ដុល្លារ ទៅ​សាខា អឹមជី មេនផៅវ័រ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ មណ្ឌល អឹមជី មេនផៅវ័រ ដែល​មាន​ទីស្នាក់ការ​នៅ​សង្កាត់​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ នោះ បាន​កុហក​ពលករ​ជាច្រើន​សារ។ ម្ដង​ប្រាប់​ឲ្យ​រង់ចាំ​ពេល​វេលា ម្ដង​ប្រាប់​ឲ្យ​ទៅ​តវ៉ា​នៅ​ក្រុមហ៊ុន ទូច ម៉ាណាក់ មេនផៅវ័រ ដោយ​អះអាង​ថា ក្រុមហ៊ុន​នេះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​នាំ​ពលករ​ចេញ​ទៅ​ប្រទេស​ថៃ៖ «សុំ​ឲ្យ​បង​ប្អូន​ទាំងអស់​ដែល​បាន​ឮ​សំឡេង​ខ្ញុំ ឲ្យ​នាំគ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ភាព​យុត្តិធម៌​មក​វិញ ព្រោះ​អី​ព្យាយាម​បោក​ពួក​ខ្ញុំ​ច្រើន​ពេក ម្ដង​សម្ដេច​សោយ​ទិវង្គត ម្ដង​ប្រទេស​ថៃ លិច​ទឹក ម្ដង​ភ្ជុំ ម្ដង​ចូល​ឆ្នាំ គ្មាន​កន្លែង​ណា​ដែល​ឲ្យ​ពួក​ខ្ញុំ​មាន​ជំនឿ​ជឿជាក់​ថា​នឹង​បាន​ចេញ​ទេ ហើយ​លុយ​បើ​សិន​ជា​ពួក​ខ្ញុំ​រក​បាន​ដោយ​ងាយ ផលិត​លុយ ឬ​កន្លែង​បោះ​ពុម្ព ខ្ញុំ​អត់​ស្ដាយ​ទេ តែ​លុយ​ចង​ការ​គេ​ទៅ​ការ​កាន់​តែ​ឡើង​រក​បង្វិល​ឲ្យ​គេ​មិន​ទាន់»

តំណាង​សាខា អឹមជី មេនផៅវ័រ លោក ព្រំ វិចិត្រ ថ្លែង​ថា មណ្ឌល អឹមជី មេនផៅវ័រ ជា​សាខា​មួយ​ជ្រើស​រើស​ពលករ​បញ្ជូន​ទៅ​ឲ្យ​ក្រុមហ៊ុន ទូច ម៉ាណាក់ មេនផៅវ័រ ដែល​មាន​អាជ្ញាប័ណ្ណ។ ក្រុមហ៊ុន​នេះ​ជា​អ្នក​បញ្ជូន​ពលករ​ទៅ​ប្រទេស​ថៃ។ ដូច្នេះ​បញ្ហា​ពលករ និង​បញ្ហា​លិខិត​ឆ្លង​ដែន ជា​រឿង​របស់​ក្រុមហ៊ុន ទូច ម៉ាណាក់ មេនផៅវ័រ។ ចំណែក​ឯ​មណ្ឌល អឹមជី មេនផៅវ័រ គ្រាន់​តែ​ជា​អ្នក​រក​កម្រៃ​ជើង​សារ​តែ​ប៉ុណ្ណោះ។ កន្លង​មក មណ្ឌល អឹមជី មេនផៅវ័រ បាន​បញ្ជូន​សំណុំ​ឯកសារ​របស់​ពលករ​ជាង ១​ពាន់​នាក់ ទៅ​ឲ្យ​ក្រុមហ៊ុន ទូច ម៉ាណាក់ មេនផៅវ័រ ដោយ​ភ្ជាប់​ជាមួយ​លុយ​របស់​ពលករ​ម្នាក់ៗ​ចំនួន ១៥០​ដុល្លារ។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បាន​យក​លុយ​បន្ថែម​ពី​ពលករ​ក្នុង​ម្នាក់ៗ ៥០​ដុល្លារ​ថែម​ទៀត នៅ​ពេល​នាំ​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទើប​កើត​មាន​បញ្ហា។

លោក​បន្ត​ថា ក្រោយ​ពី​មាន​បញ្ហា​មក មណ្ឌល អឹមជី មេនផៅវ័រ ក៏​ដាក់​ពាក្យ​លា​ឈប់ និង​បាន​បិទ​ទ្វារ​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១២៖ «ធម្មតា គោលការណ៍​របស់​ក្រុមហ៊ុន​គាត់​ឲ្យ​យើង​អត់​មាន​ប្រាក់​ខែ​ទេ។ ទី​មួយ គាត់​ឲ្យ​កម្រៃ​ទីផ្សារ​ហ្នឹង​ម្នាក់​បង់ ២០០ ឬ​ក៏ ២៥០​ដុល្លារ ក្រុមហ៊ុន​គេ​យក ១៥០​ដុល្លារ។ អ៊ីចឹង យើង​ត្រូវ​យក​កម្រៃ​ទីផ្សារ​ដើម្បី​ចិញ្ចឹម​ការិយាល័យ អ៊ីចឹង​យើង​នៅ​តែ​ការពារ​ពលករ អ៊ីចឹង​ពលករ​អត់​មាន​ប្ដឹង​អ្នក​ណា​ប្ដឹង​តែ​យើង»

លោក ព្រំ វិចិត្រ បន្ត​ថា ខាង​មណ្ឌល អឹមជី មេនផៅវ័រ មាន​ឯកសារ​គ្រប់គ្រាន់​របស់​កម្មករ​ដែល​បញ្ជូន​ទៅ​ក្រុមហ៊ុន ទូច ម៉ាណាក់ មេនផៅវ័រ។

មន្ត្រី​ព័ត៌មាន​របស់​ក្រុមហ៊ុន ទូច ម៉ាណាក់ មេនផៅវ័រ លោក វង់ ភារៈ បំភ្លឺ​ថា ក្រុមហ៊ុន​កំពុង​ដោះស្រាយ​ជូន​កម្មករ។ ក្រុមហ៊ុន​កំពុង​រៀបចំ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ឡើង​វិញ និង​ទី​ពីរ ក្រុមហ៊ុន​នឹង​ទាមទារ​លុយ​ពលករ​ដែល​បាន​បង់​លើស​នោះ​យក​ឲ្យ​ពលករ​វិញ៖ «ពលករ​ដែល​គាត់​មិន​បាន​ទទួល​លេខ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ផ្ទាល់ គាត់​អាច​ទាក់ទង​មក​លេខ​ខ្ញុំ ឬ​មួយ​គាត់​អាច​ឡើង​មក​ភ្នំពេញ មិន​ចាំបាច់​ឡើង​មក​ទាំងអស់​ទេ។ យើង​អាច​មាន​តំណាង​យើង​មួយ​ក្នុង​ចំណោម​យើង ២០​នាក់ ឬ ៣០​នាក់ គាត់​អាច​មក គាត់​អាច​មក​ជួប​ខ្ញុំ​ផ្ទាល់ ឲ្យ​ឈ្មោះ លេខ​ទូរស័ព្ទ ដើម្បី​ខ្ញុំ​ទាក់ទង​គាត់​រៀបចំ​គាត់​ចេញ និង​ទាមទារ​នូវ​អ្វី​ដែល​គាត់​បាន​បង់​លើស​មក​វិញ»

ប្រភព​បាន​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ជាច្រើន​ពាន់​នាក់ ដែល​បាន​ចុះ​ឈ្មោះ​បង់​លុយ​ទៅ​ឲ្យ​ក្រុមហ៊ុន ប៉ុន្តែ​ពួក​គេ​នៅ​ពុំ​ទាន់​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ពលករ​ទាំង​នោះ​សម្ដែង​ការ​ខក​ចិត្ត ហើយ​ភាគ​ច្រើន អះអាង​ថា ពួក​គេ​ចង់​បាន​លុយ​ដែល​បង់​ទៅ​ឲ្យ​ក្រុមហ៊ុន​មក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។