កម្មករ​រោងចក្រ​ស្បែក​ជើង​នៅ​ផ្លូវ​វ៉េងស្រេង​បន្ត​ធ្វើ​កូដកម្ម

ដោយ អ៊ុក សាវបូរី
2014.07.22
កម្មករ បាតុកម្ម ៦១០ កម្មករ​រោងចក្រ សាន់ វែល ស៊ូ (Sun Well Shoes) ធ្វើ​កូដកម្ម​ប្រឆាំង​ការ​យក​ពន្ធ​ប្រាក់ខែ​នៅ​ខាង​មុខ​រោងចក្រ​នា​ផ្លូវ វ៉េង ស្រេង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ២០១៤។
RFA/Ouk Savborey

កម្មករ​រោងចក្រ​ស្បែកជើង សាន់ វែល ស៊ូ (Sun Well Shoes) នៅ​តាម​ផ្លូវ​វ៉េងស្រេង ច្រើន​រយ​នាក់ បន្ត​កូដកម្ម​ប្រឆាំង​ការ​យក​ពន្ធ​ប្រាក់ខែ និង​ទាមទារ​សំណង​ប្រាក់​អតីតភាព​ការងារ ដោយសារ​រោងចក្រ​នោះ​ផ្លាស់ប្ដូរ​ឈ្មោះ ៣​ដង​មក​ហើយ មិន​គិត​ប្រាក់​សំណង​អតីតភាព​ការងារ​ជូន​កម្មករ​ទេ ហើយ​ភ្ជាប់​ជាមួយ​គ្នា​នេះ​ដែរ កម្មករ​តវ៉ា​ប្រឆាំង​ការ​យក​ពន្ធ​ប្រាក់ខែ​ពី​កម្មករ។

ក្រុម​កម្មករ​រោងចក្រ​ស្បែកជើង សាន់ វែល ស៊ូ និង​សហជីព​គំរាម​ថា នឹង​ប្ដូរ​ការ​តវ៉ា​ពី​កូដកម្ម​ទៅ​ជា​បាតុកម្ម ប្រសិនបើ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចូលរួម​ដោះស្រាយ ការ​ទាមទារ​របស់​កម្មករ​ប្រឆាំង​នឹង​ការ​យក​ពន្ធ​ប្រាក់​ខែ និង​សំណង​ប្រាក់​អតីតភាព​ការងារ​ទេ​នោះ។

ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ លោក សៀង សម្បត្តិ ថ្លែង​ថា កម្មករ​តវ៉ា​សុំ​ឲ្យ​ថៅកែ​រោងចក្រ សាន់ វែល ស៊ូ បង្ហាញ​ហេតុផល​អំពី​ការ​កាត់​ប្រាក់ខែ​ពី​កម្មករ ហើយ​អះអាង​ថា ត្រូវ​បង់ពន្ធ​​ជូន​រដ្ឋ។ លោក​ថា​កម្មករ​បាន​បន្ត​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ដែល​កម្មករ​មាន​ជាង ១.០០០​នាក់ បាន​ធ្វើការ​ឲ្យ​រោងចក្រ​នេះ តាំង​ពី​ឆ្នាំ​២០០០ មក។ ថៅកែ​ចិន​តៃវ៉ាន់ ចេះតែ​ដូរ​ឈ្មោះ​រោងចក្រ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​មិន​គិត​ប្រាក់​អតីតភាព​ការងារ​ដល់​កម្មករ​ទេ។ ទើបតែ​ក្រោយ​ពី​​ព្រឹត្តិការណ៍​បាញ់​សម្លាប់​កម្មករ​នៅ​តាម​ផ្លូវ​វ៉េងស្រេង មក ថៅកែ​ចាប់​ផ្ដើម​កាត់​លុយ​ពី​កម្មករ ដែល​មាន​ប្រាក់ខែ​លើស ៥០​ម៉ឺន​រៀល យក​ទៅ​បង់​ពន្ធ​ចូល​រដ្ឋ។ បញ្ហា​នេះ ទើប​កម្មករ​បះបោរ ព្រោះ​ការ​ដូរ​ឈ្មោះ​រោងចក្រ​ពី​ឈ្មោះ ជាន វៃ មក​ដល់​ឈ្មោះ សាន់ វែល ស៊ូ ថៅកែ​មិន​បើកប្រាក់​​អតីតភាព​ឲ្យ​កម្មករ​ទេ ទើប​កម្មករ​ទាមទារ​ឲ្យ​មាន​ការ​បង្ហាញ​ហេតុផល​អំពី​លុយ​ពន្ធ​ប្រាក់ខែ​ផង និង​សង​លុយ​ប្រាក់​អតីតភាព​ការងារ​ដល់​កម្មករ​ផង៖ «កាលណា​យើង​ពន្យារ​ពេល​ទៅ រឿង​វា​អា​ហ្នឹង​ប្រែប្រួល ពី​រឿង​បាតុកម្ម កូដកម្ម អហិង្សា មក​ជា​​ហិង្សា»

​កម្មការិនី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ប្រាក់ខែ​គាត់​មួយ​ខែ ៥០​ម៉ឺន​រៀល ត្រូវ​ថៅកែ​កាត់​លុយ​ពី ៣ ទៅ ១០​ដុល្លារ ក្នុង​១​ខែ។ ថៅកែ​អះអាង​ថា ការ​កាត់​លុយ​នេះ គឺ​បង់​ពន្ធ​ចូល​រដ្ឋ ប៉ុន្តែ​ថៅកែ​មិន​បង្ហាញ​សេចក្ដី​ប្រកាស​យក​ពន្ធ​ពី​ប្រាក់ខែ​កម្មករ​របស់​ក្រសួង មន្ទីរ ដែល​បង្គាប់​ឲ្យ​កម្មករ​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ​ទេ។ កម្មការិនី​ឲ្យ​ដឹង​ថា គាត់​ធ្វើការ​ពី​ឆ្នាំ​២០០០ មក តាំង​ពី​រោងចក្រ​ប្រើ​ឈ្មោះ ជាន វៃ បន្ទាប់​មក​ដូរ​ដាក់​ឈ្មោះ ឈាន ហុយ ចុង​ក្រោយ​គឺ​ឈ្មោះ សាន់ វែល ស៊ូ៖ «កម្មករ​គ្រាន់តែ​ជា​ខ្ញុំ​កញ្ជះ​គេ​តែ​ប៉ុណ្ណឹង ហេតុ​អី​ក៏​កាត់​ពន្ធ​ពី​កម្មករ បើ​កម្មករ​មិន​មែន​នាំ​អ្វីៗ ចេញ​​ចូល​ផង​ហ្នឹង។ បើ​ថៅកែ​សមតែ​គាត់​បង់​ពន្ធ ព្រោះ​គាត់​នាំ​របស់​ចេញ​ចូល។ តែ​ពួក​ខ្ញុំ​គិត​ថា ប្រហែល​ជា មិន​មែន​រាជរដ្ឋាភិបាល​អ្នក​កាត់​ពន្ធ​ទេ ពួក​ខ្ញុំ​គិត​ថា ប្រហែលជា​រោងចក្រ​អ្នក​កាត់​ពន្ធ​កម្មករ ព្រោះ​អី ពី​ខែ​មុន​មក​ពួក​ខ្ញុំ​ស្នើ​សុំ​លុយ​បាយ ពេល​ដែល​ឲ្យ​លុយ​បាយ​ហើយ គឺ​កាត់​ពន្ធ។ ថែម​បាន​ច្រើន គឺ​កាត់​កាន់​តែ​ច្រើន ហើយ​ឥឡូវ​នឹង​គឺ​យក​លុយ​បាយ​នឹង​មក​បញ្ចូល​ជាមួយ​លុយ​ប្រាក់​ខែ ហើយ​​កាត់​នៅ​ក្នុង​ប្រាក់ខែ​នឹង​តែម្ដង»

​ប្រធាន​ក្រុម​កម្មករ​នៅ​រោងចក្រ សាន់ វែល ស៊ូ មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ប្រាក់ខែ​កម្មករ​ចាយ​មិន​គ្រាន់​នឹង​ទំនិញ​កំពុង​ឡើង​ថ្លៃ បែរជា​ថៅកែ​កាត់​ពន្ធ​ពី​កម្មករ​ក្នុង​ម្នាក់​មិន​ក្រោម ៥​ដុល្លារ​​ទេ។ លោក​បន្ត​ថា ២​ខែ​មកនេះ កម្មករ​ជិត ២​ពាន់​នាក់ ថៅកែ​កាត់​លុយ​យក​គិត​ជា​មធ្យម ៥​ដុល្លារ​ម្នាក់ គឺ​ថៅកែ​ទទួល​បាន​លុយ​ពី ៧.០០០ ទៅ​ជិត ១​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ។ បញ្ហា​នេះ កម្មករ​រត់​ទៅ​ពឹង​​ក្រសួង​ការងារ​ដែល​ជា​អាណាព្យាបាល កាល​ពី​សប្ដាហ៍​មុន បែរ​ជា​ក្រសួង​មិន​ហៅ​ថៅកែ​មក​ប្រជុំ ហើយ​បណ្ដោយ​ឲ្យ​កម្មករ​តវ៉ា​ឯកោ​ជាមួយ​សហជីព៖ «ខាង​រោងចក្រ​គេ​អត់​ព្រម​ចរចា ជាមួយ​យើង​អា​រឿង​កាត់​ពន្ធ​អី​ហ្នឹង»

​ពាក់ព័ន្ធ​កម្មករ​ឡើង​មក​សុំ​ជំនួយ​ពី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អំពី​ការ​យក​ពន្ធ​លើ​ប្រាក់ខែ​កម្មករ​នៅ​រោងចក្រ សាន់ វែល ស៊ូ អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ មាន​ប្រសាសន៍​ថា ការ​ប្រកាស​យក​ពន្ធ​ពី​អ្នក​ធ្វើការ​លើ​វិស័យ​ឯកជន​និង​រដ្ឋ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​យក​ពន្ធ​ប្រាក់ខែ​យូរ​ហើយ តែ​លោក​មិន​បាន​ដឹង​ថា កម្រិត​ថវិកា​ប៉ុណ្ណា ដែល​ជាប់​ពន្ធ​នោះ​ទេ។

​ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ លោក សៀង សម្បត្តិ ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ហៅ​សហជីព​និង​កម្មករ​ឲ្យ​ចូល​ទៅ​ដោះស្រាយ ប៉ុន្តែ​មិន​បាន​ហៅ​ថៅកែ​ទៅ​ដោះស្រាយ ទើប​សហជីព​មិន​បាន​ចូល​ទៅ​សវនាការ នៅ​ថ្ងៃ​២២ ខែ​កក្កដា។

ក្រុម​កម្មករ​រោងចក្រ​ស្បែកជើង សាន់ វែល ស៊ូ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​យក​ពន្ធ​ប្រាក់ខែ​កម្មករ​និង​សុំ​ឲ្យ​ថៅកែ​សង​ប្រាក់​អតីតភាព​ការងារ ចាប់​តាំង​ពី​ថ្ងៃ​១៧ ខែ​កក្កដា ឆ្នាំ​២០១៤ មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។