ការបង្អត់អាហារនេះ ធ្វើឡើងក្នុងបំណងស្វែងរកអន្តរាគមន៍ពីភាគីពាក់ព័ន្ធ ជាពិសេសប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អោយផ្ដល់ដំណោះស្រាយនៅគ្រាដែលរោងចក្របានបិទទ្វារជាច្រើនខែ ហើយពួកគេនៅមិនទាន់ទទួលបានសំណង។
តំណាងកម្មករឃីងឡែន អ្នកស្រី សុខ ឡេង ដែលបានឈរតវ៉ានៅខាងមុខរោងចក្រ បញ្ជាក់ថា កម្មករនឹងបង្អត់អាហារចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ នេះតទៅ ដោយសារតែពួកគាត់មិនមានលុយទិញអាហារ និងម្យ៉ាងទៀតវិធីបង្អត់អាហារក្នុងការធ្វើកូដកម្ម កម្មករសង្ឃឹមថា អាចជាការដាក់គំនាបមួយដល់ភាគីពាក់ព័ន្ធទាំងអស់ ជួយជំរុញរកដំណោះស្រាយជូនកម្មករឲ្យបានឆាប់។
អ្នកស្រី សុខ ឡេង៖ «ដោយសារតែយើងអត់មានលុយទិញអាហារញុំារយៈពេល២ខែជាងហើយ ដែលយើងអត់មានលុយបើក។ មិនទាន់កំណត់បានទេ សំខាន់បំផុតបើសិនជាមានដំណោះស្រាយឲ្យពួកខ្ញុំ ពួកខ្ញុំនឹងឈប់ ប៉ុន្តែបើអត់មានដំណោះស្រាយឲ្យពួកខ្ញុំទេ ពួកខ្ញុំនឹងទាមទាររកដំណោះស្រាយដោយអត់អាហារ»។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ មន្ត្រីដោះស្រាយកូដកម្មបាតុកម្មនៃក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន បានទៅចរចាជាមួយកម្មករ ដើម្បីចាត់ចែងលក់ដូរគ្រឿងម៉ាស៊ីន និងសម្ភារៈផ្សេងៗទៀតក្នុងរោងចក្រ និងសន្យាថាផ្ដល់ប្រាក់សំណងចំនួន ៤៦ដុល្លារក្នុងមួយឆ្នាំដល់ពួកគាត់ ប៉ុន្តែត្រូវក្រុមកម្មករបដិសេធ។
ក្រុមកម្មករ អះអាងថា បើគិតតាមផ្លូវច្បាប់ ពួកគេភាគច្រើនដែលមានអតីតភាពការងារច្រើនឆ្នាំ អាចទទួលបានសំណងពី ១ពាន់ ទៅ ២ពាន់ដុល្លារ គឺខ្ពស់ជាងសំណងដែលគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មផ្ដល់អោយក្នុង ១ឆ្នាំ ចំនួន ៤៦ដុល្លារ។
បច្ចុប្បន្ន កម្មករខ្លះបានយកមុង ភួយ កន្ទេល និងខ្នើយ ទៅដេកយាមនៅខាងមុខរោងចក្រទាំងយប់ទាំងថ្ងៃ ដើម្បីការពារសម្ភារៈ រួមមានគ្រឿងម៉ាស៊ីន និងសម្ភារៈផ្សេងទៀតក្នុងរោងចក្រកុំឲ្យមានការលួចដឹកចេញដោយស្ងាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។