ស្ថានភាព​កម្មករ​ក្រោយ​រោងចក្រ​មួយ​ចំនួន​បិទ​ទ្វារ និង​ព្យួរ​ការងារ​ជា​បន្ត​បន្ទាប់

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដែល​ថា កម្ពុជា​អាច​រស់​បាន ទោះ​បី​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ពេល​នេះ​កំពុង​ទទួល​បាន​លទ្ធផល​បណ្ដើរៗ​ហើយ​ បន្ទាប់​ពី​រោងចក្រ​សហគ្រាស​មួយ​ចំនួន​បិទ​ទ្វារ​និង​កាត់​បន្ថយ​ម៉ោង​ការងារ​ជា​បន្ត​បន្ទាប់​ ធ្វើ​ឱ្យ​កម្មករ​ប្រឈម​នឹង​បញ្ហា​ជីវភាព​ខ្វះខាត​ ព្រម​ទាំង​ទទួល​រង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​សំណាក់​ថៅកែ​រោងចក្រ​ថែម​ទៀត។ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​នៅ​គោល​នយោបាយ​បង្កើត​ការងារ​បន្ថែម​ទៀត​ ដើម្បី​ជួយ​ដល់​កម្មករ​ដែល​បាត់បង់​ការងារ។

កម្មករ​ដែល​បម្រើ​ការ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​ត្អូញត្អែរ​ពី​ជីវភាព​លំបាក​ ដោយសារ​បាត់បង់​ការងារ​ បន្ទាប់​ពី​រោងចក្រ​ខ្លះ​បាន​បិទ​ទ្វារ​ ខ្លះ​ព្យួរ​ការងារ​ និង​ខ្លះ​ទៀត​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ។ ពួកគេ​លើក​ឡើង​ថា ស្ថានភាព​កម្មករ​នៅ​ពេល​នេះ​ ពិបាក​ជាង​ស្ថានភាព​កាល​ពី​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូវីដ​ទៅ​ទៀត។

កម្មករ​រោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment​ Cambodia) នៅ​រាជធានី​ភ្នំពេញ​ លោកស្រី ឈួន សារិត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៨ មីនា ថា លោកស្រី​ត្រូវ​បាន​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ​ក្រោយ​ព្យួរ​កិច្ច​សន្យា​បាន ៣ខែ​ ដោយ​គ្មាន​ការ​ជូន​ដំណឹង​ និង​ទូទាត់​សំណង​ត្រឹមត្រូវ។ លោក​ស្រី​រៀបរាប់​ថា​ ស្របពេល​ដែល​កំពុង​បាត់បង់​ការងារ​ ហើយ​សេដ្ឋកិច្ច​កម្ពុជា​មាន​អតិផរណា​ផង​នោះ​ បែរ​ជា​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​គ្រប់​មុខ​ ដែល​ធ្វើ​ឱ្យ​កម្មករ​រស់​យ៉ាង​ត្រដាបត្រដួស និង​កាត់​បន្ថយ​លើ​របប​អាហារ​ផ្សេងៗ។

លោកស្រី ឈួន សារិត៖ «យើង​ព្យួរ​បី​ខែ​ហើយ​ តែ​ដល់​ថ្ងៃ​យើង​ចូល​គេ​បញ្ឈប់​ការងារ​យើង​ទៀត​ បញ្ឈប់​ដោយ​អត់​មាន​មូលហេតុ​ ចាប់​កំហុស​យើង​ដោយ​អត់​មាន​កំហុស​អី​សោះ។ គេ​បញ្ឈប់​ខ្ញុំ​ហើយ​មិន​ដឹង​ថ្ងៃ​ណា​គេ​រក​ខុស​ត្រូវ​ឱ្យ​ខ្ញុំ​បាន​ចូល​វិញ​។​[…]ស្ងាត់​ណាស់​ ព្រោះ​មាន​កម្មករ​ខ្លះ​គាត់​អត់​បាន​ចូល​ធ្វើ​ការ​វិញ​ ព្រោះ​មាន​ប្រធាន​ក្រុម​ខ្លះ​គាត់​គាប​(សង្កត់​)ហើយ​ចូល​មក​អត់​មាន​សេរីភាព​ដូច​មុន​ គាប​សង្កត់​កម្មករ​ធ្ងន់​ណាស់​ គឺ​គាត់​អត់​មក​វិញ​ទេ​ គឺ​ម៉ោង​ធ្វើ​ការ​គាប​សង្កត់​ធ្ងន់​តែ​ម្ដង​ មាន​ការ​គាប​សង្កត់​ខ្លាំង»។

នៅ​ដើម​ឆ្នាំ​២០២៣​នេះ​ មាន​រោងចក្រ​ចំនួន​១០ បាន​បិទ​ទ្វារ ខណៈ​រោងចក្រ​ចំនួន​៧១​ ព្យួរ​កិច្ច​សន្យា​ការងារ​ និង​រោងចក្រ​៦០​ផ្សេង​ទៀត​បាន​កាត់​បន្ថយ​បុគ្គលិក​ ប៉ះពាល់​ដល់​កម្មករ​ជាង​៣ម៉ឺន​ ២ពាន់​នាក់​(៣២.០០០)​ និង​ច្រើន​នាក់​ទៀត​បាន​បាត់បង់​ការងារ​ធ្វើ​ទាំង​ស្រុង​តែ​ម្ដង។ បញ្ហា​បិទ​ទ្វារ​រោងចក្រ​ និង​ព្យួរ​ការងារ​កម្មករ​ជា​បន្ត​បន្ទាប់​បែប​នេះ​ ខាង​ភាគី​រដ្ឋាភិបាល​បាន​លើកឡើង​ថា​ បណ្ដាល​ពី​សង្គ្រាម​រុស្សី​(Russia)​ និង​អ៊ុយក្រែន​(Ukraine)​ ទើប​ធ្វើ​ឱ្យ​ការ​បញ្ជា​ទិញ​ធ្លាក់​ចុះ។ ប៉ុន្តែ​អ្នក​វិភាគ​មើល​ឃើញ​ថា​ បណ្ដាល​មក​ពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហគមន៍​អឺរ៉ុប​ និង​វិបត្តិ​នយោបាយ​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បាត់បង់​ផល​ចំណេញ​ និង​ទំនុក​ចិត្ត​លើ​ការ​បណ្ដាក់​ទុន​រកស៊ី​នៅ​លើ​ទឹកដី​កម្ពុជា​បន្ត​ទៀត។

ស្រដៀង​គ្នា​នេះ​ សហជីព​នៅ​រោងចក្រ​អិមអិល​ (ML) នៅ​ក្រុង​ប៉ោយប៉ែត​ លោក កែវ វណ្ណៈ​ រៀបរាប់​ថា​ ជីវភាព​កម្មករ​រោងចក្រ​សព្វថ្ងៃ​ស្ទើរ​តែ​ពិបាក​ជាង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​ទៅ​ទៀត​ ដោយសារ​ជាប់​កាតព្វកិច្ច​សង​បំណុល​ធនាគារ​ ខណៈ​ដែល​រោងចក្រ​គ្មាន​ការងារ​ធ្វើ​ថែម​ម៉ោង​និង​ព្យួរ​ការងារ​កម្មករ។ លោក​បន្ត​ថា ដោយ​មិន​មាន​លទ្ធភាព​រក​ប្រាក់​សង​ធនាគារ​បាន​ មាន​កម្មករ​រោងចក្រ​ខ្លះ​បាន​នាំ​គ្នា​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

លោក កែវ វណ្ណៈ៖ «ដោយសារ​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្សី​ហ្នឹង​ វា​ប៉ះពាល់​ដល់​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស​មក។ ហើយ​ទី​ពីរ​ ខ្ញុំ​គិត​ថា យើង​ជិត​បោះឆ្នោត​អញ្ចេះ​វា​ពិបាក​ដែរ​ ជួនកាល​អ្នក​នយោបាយ​គាត់​កេង​ចំណេញ​ផល​នយោបាយ​ទៅ​គាត់​ធ្វើ​អា​វិធី​ហ្នឹង​មក»។

ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​បិទ​រោងចក្រ​បន្ត​ជាប់​គ្នា​នេះ​ មិនមែន​ប៉ះពាល់​តែ​កម្មករ​នោះ​ទេ​ សូម្បី​អ្នក​លក់ដូរ​ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​សេវាកម្ម​ផ្សេងៗ​ ក៏​រង​ផល​ប៉ះ​ដែរ។ ឡាន​ដឹក​កម្មករ​ ដែល​ធ្លាប់​ដឹក​កម្មករ​ឈរ​ប្រជ្រៀត​គ្នា​ នៅ​ពេល​នេះ​កំពុង​ស្បើយ​ មិន​សូវ​មាន​កម្មករ​ជិះ​ច្រើន​ដូច​លើក​មុន​ឡើយ។ ចំណែក​ឯ​តូប​លក់​ទំនិញ​និង​ម្ហូប​អាហារ​នៅ​តាម​បណ្ដា​រោងចក្រ​ ក៏​មាន​សភាព​ស្ងប់ស្ងាត់​ជាង​មុន​ដែរ​ ព្រោះ​មិន​សូវ​មាន​កម្មករ​ចូល​ទិញ​ដូច​មុន​ឡើយ។

អាជីវករ​លក់​ដូរ​នៅ​ផ្សារ​កំបូល​ រាជធានី​ភ្នំពេញ​ លោក​ ហុង មុន្នីនាថ​ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ ចាប់​តាំង​ពី​រោងចក្រ​មួយ​ចំនួន​បាន​បិទ​ទ្វារ​ និង​កាត់​បន្ថយ​ចំនួន​កម្មករ​មក​ ការ​លក់ដូរ​របស់​អាជីវករ​កាន់​តែ​ធ្លាក់​ចុះ។ លោក​បន្ត​ថា​ ចំនួន​កម្មករ​ដែល​មក​ធ្វើ​ការ​មាន​ចំនួន​កាន់​តែ​តិច​ទៅៗ​ ហើយ​ការ​ចំណាយ​របស់​ពួកគេ​កាន់​ត្បិតត្បៀត​ជាង​មុន​ ដោយសារ​តែ​ការ​រក​ប្រាក់​ចំណូល​មិន​សូវ​កាក់កប​ដូច​កាល​ពី​មុន​ឡើយ។

លោក ហុង មុន្នីនាថ៖ «កម្មករ​គាត់​ត្បិតត្បៀត​ជាង​មុន​ ដោយសារ​គាត់​អត់​បាន​ថែម​ម៉ោង​។​ បើ​កាលណា​អត់​បាន​ថែម​ម៉ោង​ លុយ​ហ្នឹង​ក៏​អត់​សូវ​ទូលាយ​ដែរ»។

វិទ្យុ​អាស៊ីសេរី​ មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​ លោក ហេង សួរ និង​ប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ ស៊ីផាន​ ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​៨​ មីនា។

សមិទ្ធផល​ដែល​បណ្ដាល​ឱ្យ​កម្មករ​រោងចក្រ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ការ​លំបាក​បែប​នេះ​ ក៏​ដោយសារ​ លោក​ ហ៊ុន សែន​ ដែល​តាំង​ខ្លួន​លោក​ថា​ ជា​មេ​ដឹកនាំ​ឆ្លាត​នោះ​ បាន​តាំង​ចិត្ត​ថា​នឹង​មិន​ចរចា​ជាមួយ​ប្រទេស​លោក​សេរី​ដើម្បី​ស្នើ​សុំ​អនុគ្រោះ​ពន្ធ​មក​វិញ​នោះ​ទេ។

លោក ហ៊ុន សែន ដែល​តាំង​ខ្លួន​ថា ជា​ឪ​បណ្ឌិត​ បាន​អះអាង​កាល​ពី​ឆ្នាំ​២០២២​ ថា​ កម្ពុជា​មិន​បាច់​ពឹង​អ្នក​ណា​ទាំង​អស់​ ហើយ​ការ​អនុគ្រោះ​ពន្ធ​ក៏​មិន​ត្រូវ​ការ​ដែរ គឺ​ត្រូវការ​តែ​អធិបតេយ្យភាព​ ដែល​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ណា​មួយ​ប៉ុណ្ណោះ។ បុរស​ខ្លាំង​របស់​កម្ពុជា​រូប​នេះ​ លើក​ឡើង​ថា​ កម្ពុជា​ត្រូវ​ប្រឹង​ខ្លួន​ឯង​ ដើម្បី​ប្រកួត​ប្រជែង​ មិន​បាច់​ពឹង​ការ​អនុគ្រោះ​ទៀត​នោះ​ទេ។ ជាមួយ​គ្នា​នេះ​ លោក​ ហ៊ុន សែន​ ដែល​ជាប់​ឈ្មោះ​ថា​ ជា​មេ​ដឹកនាំ​បញ្ច្រាស​ទិស​នេះ​ មិន​បាន​គិតគូរ​ក្នុង​ការ​ចរចា​ជាមួយ​ប្រទេស​លោក​សេរី​ទេ​ ប៉ុន្តែ​លោក​បែរ​ជា​ធ្វើ​ផ្គើន​ដាក់​ប្រទេស​លោក​សេរី​ទៅ​វិញ​ តាម​រយៈ​ការ​ចាប់ចង​អ្នក​ទោស​មនសិការ​ អ្នក​នយោបាយ​ និង​លុប​បំបាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជា​ដើម។

ជុំវិញ​រឿង​នេះ​ ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់​ បារម្ភ​ពី​ស្ថានភាព​កម្មករ​ដែល​បាត់បង់​ការងារ​ដោយសារ​រោងចក្រ​បិទ​ទ្វារ​ និង​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​ជា​បន្ត​បន្ទាប់។ លោក​យល់​ថា​ ចំពោះ​ស្ថានការណ៍​បែប​នេះ​ រដ្ឋាភិបាល​គួរ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ដើម្បី​បង្កើត​ការងារ​បន្ថែម​ទៀត​ដល់​កម្មករ​ដែល​បាត់បង់​ការងារ​។​ ទន្ទឹម​គ្នា​នេះ​ លោក អាត់ ធន់ ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​ពិចារណា​ ដើម្បី​ចរចា​ជាមួយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ ដើម្បី​ស្នើ​សុំ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មក​វិញ​ មុន​នឹង​វិស័យ​វាយនភ័ណ្ឌ​នៅ​កម្ពុជា​ដួល​រលំ​ ដោយសារ​ការ​បិទ​ទ្វារ​រោងចក្រ​ជា​បន្ត​បន្ទាប់។

លោក អាត់ ធន់៖ «នៅ​ពេល​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ចំនួន​វា​ច្រើន​ហើយ​ កម្មករ​បាត់បង់​ការងារ​ច្រើន។ គ្រាន់​តែ​ព្យួរ​វា​ជាង​បី​ម៉ឺន​នាក់​ហើយ​ ចុះ​បិទ​ប៉ុន្មាន​?​ចុះ​រោងចក្រ​មិន​ផ្លូវការ​ មិន​មាន​ព័ត៌មាន​ហ្នឹង​ប៉ុន្មាន​?​អ៊ីចឹង​អាច​និយាយ​ថា​ច្រើន​ ហើយ​ប៉ះពាល់​ ហើយ​ដែល​កម្មករ​ទាំងនោះ​ពិបាក​រក​ការងារ​នៅ​វិស័យ​ផ្សេង​ធ្វើ​ទៀត​ណាស់។ អ៊ីចឹង​វា​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​កម្មករ​របស់​យើង»។

ជំនួស​ឱ្យ​ការ​ស្វែងរក​ដំណោះស្រាយ​ និង​វិធីសាស្ត្រ​ផ្ដល់​ផល​រយៈ​ពេល​យូរ​ បន្ទាប់​ពី​មាន​ការ​ព្យួរ​ការងារ​បុគ្គលិក​នៅ​តាម​រោងចក្រ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ពី​ការ​ផ្ដល់​សាច់​ប្រាក់​ចំនួន ៤០ដុល្លារ​បន្ថែម​ពី​លើ​ប្រាក់ ៣០ដុល្លារ​ ដែល​ថៅកែ​ក្រុមហ៊ុន​ផ្ដល់​ឱ្យ​កម្មករ។ ប៉ុន្តែ​វិធី​ដោះស្រាយ​ដោយ​ប្រើ​លុយ​ដើម្បី​លួង​ចិត្ត​កម្មករ​នេះ​ ត្រូវ​បាន​អ្នក​វិភាគ​យល់​ឃើញ​ថា​ មិនមែន​ជា​ដំណោះស្រាយ​យូរ​អង្វែង​ មិន​ឆ្លាតវៃ​ឡើយ។

សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ២០​ភាគរយ​ ពី​កម្ពុជា​កាល​ពី​ឆ្នាំ​២០២០​ ហើយ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រឹម​តែ​២០​ភាគរយ​នេះ​ ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ចំណូល​ខ្ទង់​១ពាន់​លាន​ដុល្លារ​ទៅ​លើ​ពន្ធ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​សហគមន៍​អឺរ៉ុប។ ទន្ទឹម​គ្នា​នេះ​ សហភាព​អឺរ៉ុប​ក៏​ចេញ​មក​ព្រមាន​កម្ពុជា​ម្តង​ទៀត​ថា ខ្លួន​នឹង​ពិចារណា​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ ទាំង​ស្រុង​ ប្រសិន​បើ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា​ ឆ្នាំ​២០២៣​ខាង​មុខ​ មិន​ធ្វើ​ឡើង​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ទេ​នោះ។

ស្រប​ពេល​ការ​កាត់​បន្ថយ​ការងារ​ និង​ចំនួន​កម្មករ​កំពុង​កើន​ឡើង​ ថៅកែ​រោងចក្រ​មួយ​ចំនួន​បាន​ឆ្លៀត​យក​ឱកាស​នេះ​ កេង​ប្រវ័ញ្ច​កម្លាំង​កម្មករ​ ដោយ​បិទ​រោងចក្រ​គ្មាន​ការ​ជូន​ដំណឹង​មុន​ ការ​លួច​ដឹក​ជញ្ជូន​អីវ៉ាន់​ចេញ​ពី​រោងចក្រ​ដោយ​ស្ងាត់ៗ​ និង​មិន​ព្រម​ចេញ​មុខ​មក​ដោះស្រាយ​ប្រាក់ខែ​និង​ប្រាក់​អត្ថប្រយោជន៍​ការងារ​ផ្សេងៗ​ឱ្យ​កម្មករ​។ ក្រៅ​ពី​នេះ​ មាន​រោងចក្រ​មួយ​ចំនួន​បំពាន​សិទ្ធិ​ការងារ​ ដោយ​ព្យួរ​កិច្ច​សន្យា​ការងារ​ម្ដង​ជា​ពីរ​ដង​លើស​ចំនួន​កំណត់​ ដោយ​ខ្លះ​ឈាន​ទៅ​ដល់​ការ​ព្យួរ​ការងារ​៦ខែ​ ដោយ​ផ្ដល់​ប្រាក់​កម្រៃ​តិចតួច​ប្រមាណ ១៥ភាគរយ​នៃ​ប្រាក់​ខែ​គោល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។