រដ្ឋាភិបាល​ឲ្យ​ថៅកែ​រោងចក្រ​សហគ្រាស​បើក​ប្រាក់​ឈ្នួល​កម្មករ​ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​២​ថ្ងៃ

0:00 / 0:00

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី៩ ខែ​កក្កដា​នេះ ចេញ​សេចក្ដីជូនដំណឹង​ដល់​ថៅកែ​និយោជក​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់​ឲ្យ​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៧ ខែ​កក្កដា ពីរ​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត។

សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ឲ្យ​ដឹង​ថា ការ​បើក​ប្រាក់​ឈ្នួល​នេះ គឺ​ដើម្បី​សម្រួល​ដល់​កម្មករ​និយោជិក​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​មកដល់​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខនេះ។

លោក អ៊ិត សំហេង បញ្ជាក់​ក្នុង​សេចក្ដីជូនដំណឹង​នោះ​ថា ប្រសិនបើ​ថៅកែ​និយោជក​មិន​មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​បាន​មុន​ថ្ងៃ​ទី​២៧ កក្កដា​ទេ ពួកគេ​អាច​បើកប្រាក់ បុរេប្រទាន ឲ្យ​បាន​៥០​ភាគរយ​នៃ​ប្រាក់ខែ​សរុប​ជាមុន​ដល់​កម្មករ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ឬ​ហៅ​កាត់​ថា ស៊ីខាវឌូ (Ccawdu) លោក អាត់ ធន់ សាទរ​ចំពោះ​ការសម្រេច​របស់​ក្រសួង​ការងារ​ដែល​ជំរុញ​ឲ្យ​ថៅកែ​បើកប្រាក់​ឈ្នួល​មុន​ថ្ងៃ​បោះឆ្នោត​ខាងមុខនេះ។ ប៉ុន្តែ​លោក​កត់សម្គាល់​ថា ចេតនា​របស់​ក្រសួង​ការងារ​ក្នុង​ការ​សម្រួល​ដល់​ការ​ចេញទៅ​បោះឆ្នោត​របស់​កម្មករ ក្នុង​ការ​បោះឆ្នោត​អាណត្តិ​នេះ ហាក់​ខុសប្លែក​ពី​ការបោះឆ្នោត​អាណត្តិ​មុនៗ ដែល​កាលណោះ ទោះបីជា​សហជីព​ការងារ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​ថ្ងៃ​ឈប់​សម្រាក ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​កម្ម​ករ​ទៅ​បោះឆ្នោត​នៅ​តាម​ខេត្ត​យ៉ាងណាក៏ដោយ ក៏​រដ្ឋាភិបាល​ហាក់​មិន​យកចិត្តទុកដាក់​នោះ​ឡើយ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា ដើម្បី​សាកសួរ​ពី​ជំហរ​របស់​ក្រុម​ថៅកែ​រោងចក្រ​កាត់ដេរ​បានទេ​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា នេះ។ ប៉ុន្តែ កាល​ពី​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ តំណាង​សមាគម​នេះ​ធ្លាប់​លើកឡើង​ថា ប្រសិនបើ​មាន​បទបញ្ជា​ពី​រដ្ឋាភិបាល ក្រុមហ៊ុន​រោងចក្រ​ដែល​ជា​សមាជិក​នៃ​សមាគម​នឹង​អនុវត្ត​តាម។

កាល​ពី​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ឆ្នាំ​២០១៧ ដែល​មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ប្រកួត រដ្ឋាភិបាល​បាន​រង​ការ​រិះគន់​ថា មិន​បាន​សម្រួល​ដល់​ការ​ចេញទៅ​បោះឆ្នោត​របស់​កម្មករ​និយោជិក​នោះ​ទេ ដោយ​បាន​បដិសេធ​សំណើ​ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដែល​សុំ​ឲ្យ​រដ្ឋាភិបាល​ដាក់​បទបញ្ជា​ដល់​ថៅកែ​និយោជក​ឲ្យ​ផ្ដល់​ថ្ងៃ​ឈប់សម្រាក​សមរម្យ​ដល់​កម្មករ​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល។

ផ្ទុយទៅវិញ បន្ទាប់ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​នេះ​រួចមក រដ្ឋាភិបាល​លោក ហ៊ុន សែន បែរជា​ងាក​ទៅ​យក​ចិត្ត​កម្មករ​ដោយ​ឯកឯង ដូចជា​បើក​យុទ្ធនា​ការ​ចុះ​ជួប​កម្មករ​រោងចក្រ មុន​រដូវ​កាល​ឃោសនាបោះឆ្នោត​ដោយ​ចាយ​ថវិកាជាតិ អស់​ជាង ៣​លាន ៤​សែន​ដុល្លារ និង​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។