សិក្ខា​សាលា​លើក​កម្ពស់​ប្រសិទ្ធភាព​អភិបាល​កិច្ច​ល្អ​សង្គម​ស៊ីវិល​នៅ​កម្ពុជា

0:00 / 0:00

អង្គការ​ធំៗ​ចំនួន​៥​ដែល​ជា​អង្គការ​សមាជិក​ភាព និង​អង្គការ​ម្ចាស់​ជំនួយ បាន​ជួប​ជុំ​គ្នា​ជាមួយ​បណ្ដាញ​អង្គការ​សមាគម​ជា​ដៃគូ​ចំនួន​៧០ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​អភិបាល​កិច្ច​ល្អ​របស់​ខ្លួន។

ការ​ជួប​ប្រជុំ​គ្នា​ក្នុង​សិក្ខា​សាលា​លើក​កម្ពស់​ប្រសិទ្ធភាព​អភិបាល​កិច្ច​ល្អ​សង្គម​ស៊ីវិល​នៅ​កម្ពុជា នេះ បាន​ធ្វើ​ឡើង​ជា​លើក​ទី​១​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា។

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​ពុំ​ទាន់​មាន​ភាព​រឹងមាំ​ផ្នែក​អភិបាល​កិច្ច​ល្អ នាំ​ឲ្យ​ខកខាន​ក្នុង​ការ​គ្រប់គ្រង នាំ​ឲ្យ​មាន​អំពើ​ពុក​រលួយ ហើយ​មិន​បាន​បង្ហាញ​ពី​តម្លាភាព និង​គណនេយ្យ​ភាព​ពេញ​លេញ ដើម្បី​ឆ្លើយ​តប​នូវ​តម្រូវ​ការ​របស់​ម្ចាស់​ជំនួយ និង​អ្នក​ទទួល​ផល​នៅ​ថ្នាក់​មូលដ្ឋាន។

ប្រធាន​ផ្នែក​សិក្សា​ស្រាវជ្រាវ និង​រៀន​សូត្រ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា ហៅ​កាត់​ថា ស៊ីស៊ីស៊ី (CCC) លោក ស៊ឹង ទីប៉ូ មាន​ប្រសាសន៍​ថា យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ និង​រក​ឃើញ​ហេតុផល​ជាច្រើន​ថា ការ​ប្រតិបត្តិ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន ពុំ​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ ការ​ប្រតិបត្តិ​ដែល​ពុំ​មាន​ប្រសិទ្ធភាព​នោះ អាច​នាំ​ឲ្យ​បាត់​បង់​តម្លាភាព​ក្នុង​ការ​អនុវត្ត​សកម្មភាព​ការងារ​របស់​ខ្លួន។

លោក ស៊ឹង ទីប៉ូ៖ «អង្គការ​សង្គម​ស៊ីវិល​តែង​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ធ្វើ​ការ​កែលំអ ឬ​ក៏​ពង្រឹង​អភិបាល​កិច្ច​ល្អ​អ៊ីចឹង​ទៅ។ ក៏ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល ក៏​ត្រូវ​តែ​មើល​លើ​ខ្លួន​ឯង​ថា អភិបាល​កិច្ច​ល្អ​របស់​ខ្លួន​ឯង​យ៉ាង​ម៉េច​ផង​ដែរ។ ថ្ងៃ​នេះ គឺ​យើង​មាន​គោល​បំណង ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ ឬ​ក៏​ឲ្យ​ក្រុមប្រឹក្សាភិបាល និង​ថ្នាក់​ដឹក​នាំ​របស់​អង្គការ អ៊ិនជីអូ (NGOs) ហ្នឹង គាត់​បាន​យល់​ដឹង​រួម​គ្នា​អំពី​ថា​អ្វី​ទៅ​ជា​អភិបាល​កិច្ច​ល្អ អ្វី​ទៅ​ជា​ការ​គ្រប់គ្រង និង​អ្វី​ទៅ​ជា​អភិបាល​កិច្ច​រួម។ មួយ​ទៀត​នោះ អាច​ឲ្យ​គាត់​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​គាត់​បាន​ប្រតិបត្តិ​រាល់​ថ្ងៃ ថា​តើ​មាន​ចំណុច​ខ្វះខាត​អី មាន​ចំណុច​ត្រូវ​កែលំអ​អី ហើយ​និង​ចំណុច​ល្អ​អ្វី​ខ្លះ ដើម្បី​ចែក​រំលែក​គ្នា យក​ចំណុច​ទាំងអស់​ហ្នឹង​ទៅ​ប្រើប្រាស់​ក្នុង​ស្ថាប័ន​របស់​ខ្លួន ដើម្បី​ពង្រឹង​ស្ថាប័ន​របស់​ខ្លួន​ហ្នឹង»

លោក ស៊ឹង ទីប៉ូ ថ្លែង​បែប​នេះ​នៅ​ក្នុង​សិក្ខា​សាលា​ស្ដីពី​ការ​លើក​កម្ពស់​ប្រសិទ្ធភាព​អភិបាល​កិច្ច​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ទំនាក់ទំនង​ល្អ​រវាង​ក្រុមប្រឹក្សាភិបាល និង​នាយក​ប្រតិបត្តិ នៅ​ថ្ងៃ​ទី​១៦ តុលា នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ។ សិក្ខា​សាលា​នេះ រៀបចំ​ដោយ​អង្គការ​ម្ចាស់​ជំនួយ​ចំនួន​៥ គឺ​អង្គការ ស៊ីស៊ីស៊ី (CCC) អង្គការ អែសអេឌីភី (SADP) អង្គការ ខត (CORD) អង្គការ ឌេនមិសសិន (DENMISSION) និង​អង្គការ​អាកសិនអេត (ACTIONAID)។

អ្នក​សម្រប​សម្រួល និង​ជា​តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អែសអេឌីភី (SADP) លោក ហ្គ្រេម ប្រោន (Graeme Brown) បាន​ថ្លែង​ថា អង្គការ​លោក គឺ​ជា​អង្គការ​មួយ​ជា​អ្នក​ផ្ទេរ​មូលនិធិ​ទៅ​អង្គការ​ក្នុង​ស្រុក​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ការ​លើ​ផ្នែក​ធនធាន​ធម្មជាតិ ព្រៃ​ឈើ ជលផល និង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ លោក​ថា មាន​អង្គការ​ជា​ច្រើន​បាន​ប្រតិបត្តិ​ត្រឹមត្រូវ ក៏ប៉ុន្តែ​មួយ​ចំនួន​មិន​ទាន់​បាន​អនុវត្ត​ត្រឹមត្រូវ​នៅ​ឡើយ។ លោក​បន្ត​ថា អង្គការ​ម្ចាស់​ជំនួយ​ពេញ​ចិត្ត​ចំពោះ​ការ​ជួប​ប្រជុំ​គ្នា​បែប​នេះ ក្នុង​គោលដៅ​ពង្រឹង​អភិបាល​កិច្ច​ខ្លួន​ឯង។ លោក ហ្គ្រេម ប្រោន បាន​អះអាង​ថា ប្រធាន​អង្គការ​មួយ​ចំនួន​មាន​ប្រពន្ធ​ជា​អ្នក​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ដាក់​សាច់ញាតិ​ជា​អ្នក​គ្រប់គ្រង​ហិរញ្ញវត្ថុ។ ចំណែក​ប្រធាន​អង្គការ​ខ្លះ បាន​កិបកេង​លុយ​ជំនួយ ដោយសារ​ពុំ​មាន​ប្រព័ន្ធ​គ្រប់គ្រង​រឹងមាំ។

លោក ហ្គ្រេម ប្រោន៖ «ធ្លាប់​មាន​ករណី​មួយ​ចំនួន​ថា​នាយក​របស់​អង្គការ​គេ ឆ្លៀត​ឱកាស​ដូច​គេ​អត់​មាន​ប្រព័ន្ធ​រឹងមាំ ដូច្នេះ​គេ​មាន​ឱកាស​ធ្វើ​មិន​សូវ​ត្រឹមត្រូវ ស្ដីពី​ការ​គ្រប់គ្រង ជាពិសេស​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ពេល​ខ្លះ គេ​ទៅ​ឆ្ងាយ​ពី​ទស្សនៈ ឬ​គោល​បំណង​របស់​ប្រជាជន។ សំខាន់​មាន​ក្រុម​ឯករាជ្យ​ថា​ក្រុម​អភិបាល​កិច្ច​ណែនាំ​អង្គការ ដើម្បី​បំពេញ​តួនាទី​របស់​អង្គការ និង​អត់​បើក​ចំហ​សម្រាប់​បញ្ហា​កើត​ឡើង។ ម្ចាស់​ជំនួយ​យើង​មើល​មុន យើង​ឲ្យ​លុយ​យើង​ចង់​មើល​ឃើញ​ទៅ​អង្គការ​នោះ​មាន​ប្រព័ន្ធ អង់គ្លេស​ថា Check and balance មាន​អ្នក​ឯករាជ្យ​មើល​ទេ ដើម្បី​អាច​ធានា​អត់​មាន​បញ្ហា​អី​ទេ»

ទោះ​ជា​យ៉ាង​ណា លោក ហ្គ្រេម ប្រោន បញ្ជាក់​ថា ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា មួយ​ចំនួន គ្រាន់​ជា​ក្រុម​ប្រឹក្សា​យោបល់។ ពួក​គេ​ពុំ​មាន​សិទ្ធិ​ពេញ​លេញ ដែល​ផ្ទុយ​ត្រង់​ថា ក្រុមប្រឹក្សាភិបាល គឺ​ក្រុម​ឯករាជ្យ​មាន​ឥទ្ធិពល​ទៅ​លើ​នាយក​អង្គការ មាន​សិទ្ធិ​ដក​នាយក​ប្រតិបត្តិ ឬ​ប្រធាន​អង្គការ​ដែល​មាន​កំហុស​ចេញ​ពី​តួនាទី រួច​ដាក់​ជំនួស​អ្នក​ថ្មី​នោះ។

នៅ​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​នោះ បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល​ដែល​ចូលរួម​ប្រមាណ​៧០ បាន​ពិភាក្សា​គ្នា​យ៉ាង​ផុលផុស ពង្រឹង​ការ​យល់​ដឹង​ពី​អភិបាល​កិច្ច​ក្នុង​អង្គការ​សង្គម​ស៊ីវិល តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមប្រឹក្សាភិបាល។ ក្នុង​ពេល​នោះ​ដែរ គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា ក៏​ជំរុញ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល បន្ត​ដាក់​ពាក្យ​មក​ប្រព័ន្ធ ជីភីភី (GPP) ហៅ​ជា​ភាសា​អង់គ្លេស​ថា Good Governance Professional Practice គឺ​មាន​ន័យ​ថា អង្គការ​ដែល​មាន​ការ​ប្រតិបត្តិ​ប្រកប​ដោយ​វិជ្ជាជីវៈ ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល ដែល​អនុវត្ត​ល្អ​ត្រឹមត្រូវ។

នៅ​ប្រទេស​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​មហាផ្ទៃ មាន​ជាង ៤​ពាន់​អង្គការ ប៉ុន្តែ​មាន​អង្គការ​ជាង ១.៣០០​អង្គការ​ប៉ុណ្ណោះ ដែល​កំពុង​ធ្វើ​សកម្មភាព។ ចំណែក​អង្គការ​ដែល​បាន​ដាក់​ពាក្យ​ចូល​ប្រព័ន្ធ​អង្គការ​ប្រតិបត្តិ​ប្រកប​ដោយ​វិជ្ជាជីវៈ មាន​ចំនួន ១២៨​អង្គការ ប៉ុន្តែ​អ្នក​ដែល​បាន​ជាប់ និង​ទទួល​វិញ្ញាបនបត្រ​មាន​ចំនួន ៤៧​អង្គការ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។