ក្រុម​យុវជន និង​សង្គម​ស៊ីវិល​ប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​បណ្ឌិត កែម ឡី

ដោយ ជីវិតា
2023.07.10
ក្រុម​យុវជន និង​សង្គម​ស៊ីវិល​ប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​បណ្ឌិត កែម ឡី ​យុវជនចូលរួម​លេង​កីឡាបាល់ទាត់ ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​ពាន់​រង្វាន់​បណ្ឌិត កែម ឡី ក្នុង​ឱកាស​គម្រប់​ខួប ៧ឆ្នាំ​ នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កាលពីថ្ងៃទី៩ កក្កដា ២០២៣។
រូប៖ ហ្វេសប៊ុកលោក កើត សារ៉ាយ

ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល បាន​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់ ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​ពាន់​រង្វាន់​បណ្ឌិត កែម ឡី ក្នុង​ឱកាស​គម្រប់​ខួប ៧ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត។ ពួកគាត់​លើកឡើង​ថា ការ​បង្កើត​ប្រព្រឹត្ត​ការណ៍​កីឡា​នេះ​ឡើង​គឺ ដើម្បី​ដាស់តឿន​ដល់​ក្រុម​យុវជន​ឱ្យ​មាន​ស្មារតី​ដូច​បណ្ឌិត កែម ឡី និង​គោរព​នូវ​វីរភាព​នៃ​ការ​លះបង់​របស់​លោក​បណ្ឌិត ដើម្បី​បុព្វហេតុ​ជាតិ។

កម្មវិធី​ប្រកួត​បាល់ទាត់​ពាន់​រង្វាន់​បណ្ឌិត កែម ឡី នេះ​រៀបចំ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣ គឺ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា (IDEA) សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ហៅ​កាត់​ថា (KSILA) និង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ហៅ​កាត់​ថា (CYN) ដើម្បី​ជំរុញ​ឱ្យ​ក្រុម​យុវជន​ឱ្យ​ចេះ​រួបរួមសាមគ្គី​គ្នា​ដូច​ក្រុម​កីឡាករ ក្នុង​ការ​ចូលរួម​កិច្ច​ការងារ​សង្គម បញ្ហា​នយោបាយ និង​ចូលរួម​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ ។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី៩ កក្កដា ថា ការ​ប្រកួត​កីឡា​បាល់ទាត់​កាល​ពី​ថ្ងៃ​ទី៩ កក្កដា គឺជា​ការ​ផ្សព្វផ្សាយ​ពី​ការ​លះបង់​របស់​លោក​បណ្ឌិត ទៅ​កាន់​យុវជន​ជំនាន់​ក្រោយ​ដែល​មិន​ទាន់​ស្គាល់​លោក​បណ្ឌិត។ លោក​បន្ត​ថា យុវជន​គួរតែ​ចងចាំ​វីរជន​ដែល​ហ៊ាន​និយាយ​កែលំអ​សង្គម និង​បង្ហាញ​វិធី​ដោះស្រាយ​បញ្ហា​ដោយ ​អហិង្សា​ដូច​បណ្ឌិត​កែម ឡី តែងតែ​លើកឡើង​ថា អ្នក​នយោបាយ​មិន​គួរ​ធ្វើ​នយោបាយ​បែប «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី» នោះ​ទេ។

លោក កើត សារ៉ាយ៖ «ខ្ញុំ​គិត​ថា ការ​ដោះស្រាយ​គឺជា​វិធាន​មួយ​ដ៏​សំខាន់​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​សព្វថ្ងៃ​គឺ​លោក​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​ដោះស្រាយ​ព្រោះ​អា​ហ្នឹង​វា​​ជា​ប្រព័ន្ធ​សុវត្ថិភាព នៃ​សង្គម​ពន្លឺ​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​រង​ភាព​អយុត្តិធម៌ ឬ​ក៏​អ្នក​រំលោភ​បំពាន​គេ​ត្រូវ​រង​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ពេញលេញ វា​នឹង​ធ្វើ​ឱ្យ​សង្គម​មួយ វា​មនុស្ស​ចាប់​ផ្ដើម​រស់នៅ​ជាមួយ​សេចក្ដី​សង្ឃឹម រស់នៅ​ជាមួយ​នឹង​ភាព​ជឿជាក់​មួយ»

ស្រដៀង​គ្នា​នេះ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ថ្លែង​ថា ការ​ប្រកួត​កីឡា​នេះ​គឺ​ចង់​បង្ហាញ​ដល់​សាធារណជន​ឱ្យ​ដឹង​ថា​កីឡា​ផ្សារ​ភ្ជាប់​ជាមួយ​សង្គម​ដែល​ត្រូវ​តែ​រួបរួម​គ្នា​ដើម្បី​ជាតិ​រស់​ដូច​ការ​ផ្ដាំផ្ញើ​របស់​បណ្ឌិត កែម ឡី។

លោក វន់ ពៅ៖ «ជា​សារ​មួយ​ប្រាប់​ទៅ​អ្នក​នយោបាយ​ផង​ដែរ​ថា ធ្វើ​នយោបាយ​ក៏​ដូចជា​កីឡាករ​មិន​ត្រូវ​គុំកួន​គ្នា​មិន​ត្រូវ​ប្រើ​ហិង្សា គ្នា​ទេ គឺជា​ការ​ប្រកួត​ប្រកប​ដោយ​យុត្តិធម៌​ប្រកប​ទៅ​ដោយ​មិត្តភាព ប្រកប​ទៅ​ដោយ​សេចក្ដី​ថ្លៃថ្នូរ​នេះ​ជា​សារ​ដាស់​តឿន​ដ៏​សំខាន់ ហើយ​សារ​ដាស់​តឿន​ក្រើន​រម្លឹក​ទៅ​ដល់​ខ្មែរ​ទាំងអស់​ថា យើង​នៅ​តែ​ចងចាំ​ជា​នូវ​បណ្ឌិត កែម ឡី កុំ​ឱ្យ​ខ្មែរ​ចេះ​តែ​ឈូឆរ​បាន​តែ​ដំបង​ទាល់​យូរ​ទៅ​ស្ងាត់​ទៅៗ​គឺ​មិន​ដូច្នេះ​ទេ គឺ​ត្រូវ​តែ​នឹក​មិន​ភ្លេច​នូវ​បណ្ឌិត កែម ឡី នៅ​តែ​ចងចាំ​ស្មារតី​កូន​ខ្មែរ​ទាំងអស់»

ការប្រកួតប្រជែង​កីឡាបាល់ទាត់​ដណ្ដើម​ពាន់​រង្វាន់​បណ្ឌិត កែម ឡី នេះ ប្រព្រឹត្តទៅ​នៅ​ក្នុង​កីឡដ្ឋាន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ចែកចេញជា​ពីរ​ក្រុម​ធំៗ​ដើម្បី​ប្រកួត​យក​ជ័យ​លាភីក្រុម​កីឡាករ​មក​ពី​ស្ថាប័ន​ចំនួន​៦ក្រុមៗផ្សេងៗគ្នាក្នុង​នោះ​រួមមាន ក្រុម​បាល់​ទាល់​សកម្មជន ក្រុម​បាល់ទាត់CYN និង​ក្រុម​បាល់ទាត់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជាដើម។

ជាមួយ​គ្នា​នេះ ក៏​មាន​ក្រុម​យុវជន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស ប្រមាណ ១​រយ​នាក់ (១០០) ចូលរួម​គាំទ្រ និង​បង្ហាញ​ការ​នឹក​រម្លឹក​ពី​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ផង​ដែរ។ ពាន​រង្វាន់​សម្រាប់​អ្នកឈ្នះ​ក្នុង​ការ​ប្រកួត​កីឡា​ទាត់​បាល់​នេះ គឺ​មាន​រូប​បណ្ឌិត​កែម ឡី ដោយ​ភ្ជាប់​អត្ថន័យ​ដែល​សរសេរ​ថា៖ ពានរង្វាន់​បណ្ឌិត កែម ឡី «ពួក​យើង​ហ៊ាន​និយាយ​ការ​ពិត​ដើម្បី​ផល​ប្រយោជន៍​ជាតិ»។ លើស​ពី​នេះ​ក្រុម​យុវជន សហជីព អង្គការ​សមាគម ព្រមទាំង​ព្រះសង្ឃ​នឹង​ជួបជុំគ្នា​នៅ​កន្លែង​ឃាតក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី​១០ កក្កដា ដើម្បី​ដាក់​កម្រងផ្កា និង​សម្ដែង​មតិ​ជា​សាធារណៈ។

ដោយ​ឡែក​សមាជិក​ក្រុម​ពន្លក​នៅ​ខេត្ត​បាត់ដំបង កញ្ញា សុខ លិតា ថ្លែង​ថា នៅ​ក្នុងទី៩ កក្កដា នេះ​ក្រុម​ពន្លក​បាន​ធ្វើ​កម្មវិធី​រម្លឹក​ខួប​៧ឆ្នាំរបស់ លោក​បណ្ឌិត ដោយ​មាន​ការ​ចូលរួម​ពី​យុវជន​ប្រមាណ​១០០នាក់ ដើម្បី​បង្ហាញ​ពី​កម្រង​មរតក​គំនិត​របស់ លោក​បណ្ឌិត ឡើងវិញ។ កញ្ញា​បន្ថែម​ថា ពាក្យ​ពេចន៍​ទូន្មាន​របស់​លោក​បណ្ឌិត​ពិត​ជា​បណ្ដុះ​ឆន្ទៈ​មនសិការ​ដែល​ធ្វើ​ឱ្យ​កញ្ញា​ក្លាយ​ជា​ធនធាន​មនុស្ស​ម្នាក់​ចូលរួម​កិច្ច​ការងារ​សង្គម។

កញ្ញា សុខ លិតា៖ «ជា​ការ​ស្នើ​របស់​ខ្ញុំ​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ ជាពិសេស​នោះ​គឺ​ទាក់ទង​នឹង​ការ​ស្វែង​រក​យុត្តិធម៌​ជូន លោក​បណ្ឌិត ដោយសារ​តែ​តាំង​ពី​ការ​បាញ់​សម្លាប់​មក​ដល់​បច្ចុប្បន្ន នៅ​មិន​ទាន់​មាន​យុត្តិធម៌​សម្រាប់ លោក​បណ្ឌិត​ទេ អ៊ីចឹង​ស្នើ​ដល់​ភាគី​ទាក់ទង​នឹង​ក្រសួង​យុត្តិធម៌​អី​ផ្សេងៗ​ជួយ​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត»

ក្នុង​ខួប៧ឆ្នាំ​នេះ​ដែរ ម្ដាយ និង​សាច់ញាតិ​របស់ បណ្ឌិត កែម ឡី ក៏​បាន​ធ្វើ​ពិធី​ឆ្លង​ចេតិយ​ដែល​ទើប​បាន​សាងសង់​រួច និង​ធ្វើ​បុណ្យ​ចម្រើន​ព្រះជន្ម​ជូន​ម្ដាយ​លោក​បណ្ឌិត កែម ឡី ដែល​មាន​យុវជន​ចូលរួម​ជាង១០០នាក់។ ចំណែក​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក រ៉ុង ឈុន និង​យុវជន​មួយ​ចំនួន​ទៀត​ក៏ គ្រោង​ទៅ​ដាក់​កម្រងផ្កា​ដើម្បី​គោរពវិញ្ញាណក្ខន្ធ​លោក បណ្ឌិត កែម ឡី នៅ​កន្លែង​ឃាតក​បាញ់​សម្លាប់ ហើយ​លោក រ៉ុង ឈុន ក៏​នឹង​ធ្វើ​ដំណើរ​​ទៅ​គោរពវិញ្ញាណក្ខន្ធ​លោក បណ្ឌិត កែម ឡី ទី​តម្កល់​សព​បណ្ឌិត កែម ឡី នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​នៅ​ថ្ងៃ​ទី​១០ កក្កដា ខាងមុខ​នេះ។ រីឯ​យុវជន​ខ្លះ​ទៀត​នៅ​ថ្ងៃ​ដដែល​នេះ​ក៏​បាន​ធ្វើពិធី កោរសក់ ដើម្បី​បង្ហាញ​ការ​គោរព និង​ដឹង​គុណ​ចំពោះ​ការ​លះបង់​របស់​បណ្ឌិត កែម ឡី ។

កាលពី​ថ្ងៃទី៦កក្កដា​សិស្ស​និស្សិត​ប្រជាពលរដ្ឋ​តំណាង​មន្ត្រី​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ និង​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជិត១០០នាក់​ក៏​បាន​ធ្វើ​ពិធី​បុណ្យ​គោរពវិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ការិយាល័យ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR) ដោយ​មាន​របៀបវារៈ​អាន​កំណាព្យ និង​អត្ថបទ​ខ្លី រួម​ទាំង​ការ​ចាក់​បញ្ចាំង​វីដេអូ​របស់​បណ្ឌិត កែម ឡី ផង​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និង អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី០៩ កក្កដា ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅ​ហាង​កាហ្វេ​ស្ដារម៉ាត (Star Mart) នៅ​ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ទី​ក្រុង​ភ្នំពេញ។ រយៈពេល៧ឆ្នាំ​មក​នេះ​តុលាការ​មិន​ទាន់​ស៊ើបអង្កេត​រក​ឃាតក​ពិត និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់​ទោស តាម​ការ​ស្នើសុំ​របស់​គ្រួសារ​បណ្ឌិត​កែម ឡី និង​អ្នក​គោរព​ស្រលាញ់​លោក​បណ្ឌិត​នៅ​ឡើយ​ទេ។

ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​វែក​ពាក់​មុខ​ឃាតក​ពិត​ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ និង​រក​ផ្ដល់​យុត្តិធម៌​ជូន​គ្រួសារ លោក​បណ្ឌិត កែម ឡី និង​សង្គម ព្រោះ​ពួកគាត់​មិន​ជឿ​ថា ទណ្ឌិត អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ គឺជា​ឃាតក​សម្លាប់ លោក​បណ្ឌិត​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។