យុវជនអង្គការនាវាសន្តិភាព ប្រមាណ ៣០នាក់ ជួបជុំនៅមជ្ឈមណ្ឌលសង្គមកូរ៉េ សម្រាប់សេវាកម្មអាស៊ី ក្នុងរាជធានីភ្នំពេញ ដើម្បីពិភាក្សាពីទស្សនទាននៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ និងតួនាទីរបស់យុវជន។
នៅក្នុងការពិភាក្សារវាងយុវជនកម្ពុជា និងយុវជនមកពីប្រទេសអាស៊ី នោះ ពួកគេបាននិយាយអំពីការអភិវឌ្ឍជាតិ និងពិភពលោក អំពីផលវិបាកនៃការមិនអាចចូលរួមជួយអភិវឌ្ឍជាតិបាន ដោយសារសំឡេងយុវជន មិនត្រូវបានរដ្ឋាភិបាលប្រទេសនីមួយៗយកចិត្តទុកដាក់ ជាដើម។
ក្រុមយុវជនកម្ពុជា ជាមួយក្រុមយុវជនមកពីប្រទេសអាស៊ីផ្សេងទៀត បានជួបជុំគ្នានៅថ្ងៃទី១៣ ខែតុលា ពិភាក្សាអំពីលទ្ធភាពសហប្រតិបត្តិការអភិវឌ្ឍក្រោយឆ្នាំ២០១៥ និងតួនាទីរបស់យុវជន ក្នុងការចូលរួមធ្វើឲ្យសង្គមមានការរីកចម្រើន។
ការត្រៀមរបស់ក្រុមយុវជនអាស៊ាននេះ បានធ្វើឡើងនៅគ្រាដែលតំបន់អាស៊ី នៅឆ្នាំ២០១៥ ខាងមុខ មានការបង្កើតសហគមន៍អាស៊ាន។ ដូច្នេះ ពួកគេនឹងសហការគ្នាផ្តល់ព័ត៌មានអំពីការងារ អំពីប្រទេសណាមួយខ្វះធនធានមនុស្សខាងជំនាញណាមួយ ដែលយុវជនអាចចល័ត មិនប្រកាន់ព្រំដែនក្នុងការស្វែងរកការងារធ្វើក្នុងតំបន់អាស៊ី។
នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) លោក សឿង សារឿន ថ្លែងថា យុវជននៃអង្គការនាវាសន្តិភាព មានទីតាំងនៅប្រទេសជប៉ុន មកទស្សនកិច្ចសិក្សាជាលើកដំបូងនៅកម្ពុជា ដើម្បីបង្កើនកិច្ចសហការរវាងយុវជនកម្ពុជា និងយុវជនអាស៊ី អំពីតួនាទីរបស់យុវជនក្រោយឆ្នាំ២០១៥ សម្រាប់អនាគត ដើម្បីឲ្យយុវជនអាចចូលរួមបានច្រើន ក្នុងការអភិវឌ្ឍប្រទេស និងតំបន់អាស៊ាន៖ «គឺខ្វះការចូលរួមរបស់យុវជនក្នុងការកសាងគោលនយោបាយ ក្នុងការអភិវឌ្ឍជាតិអីជាដើម។ល។ ហើយទី២ ដែលយើងបារម្ភសំខាន់នោះ ថាតើនៅក្រោយឆ្នាំ២០១៥ មតិយោបល់នៅក្នុងការចូលរួមរបស់យុវជនហ្នឹង ត្រូវបានធានាដែរឬក៏អត់ បើយើងមើលនៅក្នុងបរិបទនៅស្រុកខ្មែរយើង គឺច្បាប់ស្តីអំពីការគ្រប់គ្រងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹង កំពុងតែដាក់ជាសេចក្តីព្រាង ហើយបើយើងមើលនៅក្នុងសេចក្តីព្រាងនេះ ដែលយើងទទួលបានក្រៅផ្លូវការ គឺថាសេចក្តីព្រាងនឹងមានផលប៉ះពាល់អវិជ្ជមានមែនទែនទៅដល់ការចូលរួមរបស់យុវជន ជាពិសេសយុវជនដែលគាត់កំពុងប្រើហ្វេសប៊ុក (facebook) ឬក៏ការទំនាក់ទំនងតាមប្រព័ន្ធផ្សព្វផ្សាយ ជាដើម»។
នាយកប្រតិបត្តិអង្គការនាវាសន្តិភាព លោក កាវ៉ាសាគី អាគីរ៉ា (KAWASAKI Akira) ថ្លែងថា យុវជន ១១នាក់មកពីប្រទេសជប៉ុន ភូមា ហ្វីលីពីន និងសិរីលង្កា ពិភាក្សាជាមួយយុវជនកម្ពុជា ស្ដីពីការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព។ លោកបន្តថា ក្រុមយុវជនមកពីអង្គការនាវាសន្តិភាពនេះ កំពុងតែសិក្សាអំពីភាពសុខដុមនៃសង្គម និងការកសាងសន្តិភាពដែលការពិភាក្សានេះ នឹងផ្តល់គំនិតទៅយុវជន ឲ្យពួកគេបង្កើតសន្តិភាពក្នុងការអភិវឌ្ឍជាតិ ដែលគ្មានហិង្សាទៅអនាគត៖ «Youth vision ដោយសារថាសំឡេងរបស់យុវជនហ្នឹង មិនត្រូវបានគេទទួលច្រើនទេ ហើយយុវជនហ្នឹងក៏មិនមានតំណាងច្រើនដែរ។ ដូច្នេះ ប្រការសំខាន់ គឺថាត្រូវធ្វើម៉េចឲ្យសំឡេងយុវជន និងសង្គម ឮសំឡេងរបស់ពួកគាត់»។
យុវជនមកពីសមាគមយុវជនខ្មែរ ឈ្មោះ ទីន សុខលីម ឲ្យដឹងថា យុវជនកម្ពុជា មានកង្វល់ពីវិបត្តិគ្មានការងារធ្វើក្រោយបញ្ចប់ការសិក្សា ហើយក៏ចង់ស្វែងរកការងារ ឬចង់បន្តការសិក្សានៅបរទេស ប៉ុន្តែបើសិនជាមានការរឹតត្បិត ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត នោះយុវជនក្នុងតំបន់អាស៊ីក៏ដូចនៅលើពិភពលោក នឹងគ្មានទំនាក់ទំនងគ្នាល្អបានទេ៖ «អ្វីដែលសំខាន់ គឺចាប់ផ្ដើមពីយុវជនម្នាក់ៗបង្កើនសមត្ថភាពខ្លួនឯង ហើយអ្វីដែលខ្លួនបានចេះ ត្រូវចែករំលែកទៅកាន់យុវជនដទៃទៀតតាមសមត្ថភាព លទ្ធភាពនឹងអាចធ្វើបាន ដូចជាប្រើប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុក និងយុវជន ដែលនៅជុំវិញខ្លួន ជាដើម»។
នាយករងនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក រៀម រដ្ឋាមុន្នី ថ្លែងថា យុវជនជាអ្នកផ្លាស់ប្ដូរសង្គមរបបនយោបាយ ហើយចូលរួមជួយសង្គម និងលើកតម្កើងលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីពួកគេបានចងក្រងគ្នាជាក្រុម ប្រាប់គ្នាអំពីហេតុការណ៍បានកើតឡើងតាមហ្វេសប៊ុក។ លោកថា តាមរយៈហ្វេសប៊ុក យុវជនបានមើលឃើញហេតុការណ៍កើតឡើងនៅបរទេស ចំណែកនៅប្រទេសកម្ពុជា ហ្វេសប៊ុកក៏មានការផ្លាស់ប្ដូរទស្សនៈយុវជន ក្នុងការសម្រេចបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំកន្លងទៅដែរ៖ «ក៏ប៉ុន្តែយុវជនខ្លួនឯង ត្រូវតែបង្ហាញថា តើយើងខ្លួនឯងនឹងមានសមត្ថភាព ឬក៏មានលទ្ធភាពយ៉ាងណាខ្លះ ក្នុងការចូលរួមដោះស្រាយបញ្ហាពិភពលោក»។
លោកបន្តថា យុវជនជាង ៣,៥កោដិនៅលើពិភពលោក ក្នុងនោះជាង ៥០% ពួកគេទទួលស្គាល់ថា គេមានតួនាទីក្នុងការអភិវឌ្ឍពិភពលោក។ យុវជនខ្លួនឯង ត្រូវមានសមត្ថភាព និងលទ្ធភាពប៉ុណ្ណា ក្នុងការចូលរួមដោះស្រាយបញ្ហាកើតឡើងលើពិភពលោក។ លោកថា នេះជាការពិភាក្សាបន្តទៀតរវាងយុវជនកម្ពុជា និងយុវជនអាស៊ាន សម្រាប់ការសហការគ្នានៅក្រោយឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។