ប្រតិកម្ម​របស់​យុវជន និង​អ្នកវិភាគ​ទាក់ទង​នឹង​ការ​បើក​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម

0:00 / 0:00

យុវជន និង​អ្នកវិភាគ​លើកឡើង​ថា ការ​បើក​ឱ្យ​មាន​ផ្នែក​សិក្សា​ភាសា​វៀតណាម ឬ​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​កម្ពុជា កំពុង​បង្ហាញ​ភាព​មិន​ស្មើគ្នា​រវាង​ប្រទេស​ទាំងពីរ ខណៈ​ភាសា​ខ្មែរ​ហាក់​ត្រូវ​បាន​រឹតត្បិត​មិន​ឱ្យ​សិក្សា​ក្នុង​ប្រទេស​វៀតណាម​ឡើយ​។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​ស្នើ​ទៅ​ភាគី​វៀតណាម​វិញ ដើម្បី​បញ្ឈប់​ការរើសអើង ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​សិក្សា និង​ផ្សព្វផ្សាយ​វប្បធម៌ ដូច​ពលរដ្ឋ​វៀតណាម​ដែល​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ដែរ។

​ការ​បង្កើត​ឱ្យ​មាន​ផ្នែក​សិក្សា​ភាសា​វៀតណាម ឬ​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម ទៅតាម​ការ​ស្នើសុំ​របស់​ភាគី​វៀតណាម ធ្វើ​ឱ្យ​ក្រុម​យុវជន ប្រតិកម្ម​ដោយ​ការ​មិន​ពេញចិត្ត និង​ថា​គឺជា​ទង្វើ​បង្ហាញ​ពី​ភាព​មិន​ស្មើគ្នា ហើយ​រដ្ឋាភិបាល​ហាក់ ឱនលំទោន​ជ្រុល​ហួសហេតុ ជាមួយ​ប្រទេសជិតខាង ជាង​ការ​ផ្ដោត​លើ​ផលប្រយោជន៍​ពី​ការ​រៀន​ភាសា​បរទេស​មួយ​នេះ។

​យុវជន​ខ្មែរ​ថាវរៈ លោក ស្វាយ សំណាង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៨ សីហា ថា ការ​អនុញ្ញាត​ឱ្យ​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​គឺជា​ការ​ល្អ​ប្រសើរ និង​បាន​បង្ហាញថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ចិត្ត​ទូលាយ មិន​មាន​ការរើសអើង​ជាតិ​សាសន៍​ឡើយ​។ ប៉ុន្តែ​ទន្ទឹមគ្នា​នេះ លោ​កថា​ប្រទេស​វៀតណាម​ក៏​គួរ​បញ្ចូល​កម្មវិធីសិក្សា​ភាសា​ខ្មែរ​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន ជាពិសេស​គឺ​ការ​បើក​លំហ​សេរីភាព​ដល់​ពលរដ្ឋ​ខ្មែរក្រោម ឱ្យ​ពួកគេ​បាន​សិក្សា​ភាសា​ខ្មែរ​ដែរ​។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​យកចិត្តទុកដាក់ ស្នើ​ទៅកាន់​វៀតណាម​ឱ្យ​បង្កើត​ផ្នែក ឬ​ដេប៉ាតឺម៉ង់​ភាសា​ខ្មែរ និង​ត្រូវ​បញ្ឈប់​រាល់​ការ​រឹត​ត្បិត​លើ​ការសិក្សា​ភាសា​របស់​ជាតិ​សាសន៍​ដទៃ ឬ​ភាសា​កំណើត​របស់​ពលរដ្ឋ​ដែល​វៀតណាម​កំពុង​គ្រប់គ្រង៖ «អ៊ីចឹង​យើង​ចង់​​ឃើញ​រាជរដ្ឋាភិបាល​កម្ពុជា​របស់​យើង​ហ្នឹង យកចិត្តទុកដាក់​ជាមួយនឹង​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ដូចគ្នា ក្នុង​ការដែល​ពួកគាត់​ចង់​ផ្សព្វផ្សាយ​អំពី​វប្បធម៌ អរិយធម៌ អក្សរសាស្ត្រ​ខ្មែរ​នៅ​តាម​ទី​តំបន់​ដែល​ពួកគាត់​រស់នៅ ចែក​ជូន​ដល់​កូនចៅ​របស់​គាត់​ជំនាន់​ក្រោយ​ទៀត»។

​ស្រដៀង​គ្នា​នេះ​ដែរ និស្សិត​សិក្សា​ផ្នែក​ច្បាប់​នៅ​រាជធានី​ភ្នំពេញ លោក ភួង រដ្ឋា យល់ឃើញ​ថា ការបង្កើត​ផ្នែក ឬ​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម ក្នុង​កម្រិត​ឧត្តមសិក្សា​នេះ​ហាក់ជា​រឿង​មិន​ស្មើគ្នា​ភាព​ឡើយ​។ លោក​យល់​ថា ថ្នាក់​បង្រៀន​ភាសា​ខ្មែរ​នៅ​ប្រទេស​វៀតណាម​មាន​ចំនួន​តិច ថែមទាំង​មានការ​រឹតត្បិត​ខ្លាំង​ពី​អាជ្ញាធរ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​។ លោក​ថា សាលាបង្រៀន​ភាសា​ខ្មែរ​នៅក្នុង​ប្រទេស​វៀតណាម​ភាគច្រើន​មាននៅ​តាម​វត្ត​អារាម ដោយមាន​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ​ផង​ដែរ​។ លោក​បន្ត​ថា ដើម្បី​បង្ហាញ​ភាពស្មើគ្នា ក្នុងនាម​ប្រទេស​ជា​មិត្ត​ជិតខាង រដ្ឋាភិបាល គួរ​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការ​ប្រកាន់​ពូជសាសន៍ និង​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​ដូច​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា​ដែរ៖ «ការ​ដាក់​បញ្ចូល​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​នៅ​កម្ពុជា ខ្ញុំ​គិតថា វា​មិន​មាន​ភាពស្មើគ្នា​ទេ ព្រោះ​រវាង​ប្រទេស​ទាំងពីរ ដោយសារ​កម្ពុជា​ក្រោម​ជា​ទឹកដី​ខ្មែរ ដែល​បារាំង​កាត់​ឱ្យ​វៀតណាម ប៉ុន្តែ​សូម្បី​ព្រះសង្ឃ​ខ្មែរក្រោម ដែល​រៀន​ភាសា​ខ្មែរ ទៅ​កូន​ខ្មែរក្រោម ក៏​មិនបាន​ផង»។

ក្នុង​ជំនួប​រឹតចំណង​មិត្តភាព​លើ​វិស័យ​អប់រំ​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១០ ខែ​សីហា កន្លង​ទៅ អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​លោក ង្វៀន វ៉ាន់ហ្វុក (Nguyễn Văn Phúc ) បាន​ស្នើ​ទៅ​កាន់​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ពិត ចំណាន ឱ្យ​បង្កើត​ផ្នែក ឬ​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម នៅក្នុង​សកលវិទ្យា​ភូមិន្ទ​ភ្នំពេញ​។ លោក ង្វៀន វ៉ាន់ ហ្វុក ស្នើ​បែប​នេះ​ក្រោម​ហេតុផល​ថា ការ​សិក្សា​ភាសា​វៀតណាម នឹង​ជួយ​ឱ្យ​និស្សិត​របស់​កម្ពុជា​អាច​ចេះ​ភាសា​បរទេស​មួយ​បន្ថែម​ទៀត។

ក្រោយ​ការ​ស្នើសុំ​នេះ​បាន​រយៈពេល​ពីរ​ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃទី​១២ សីហា ក្រសួង​អប់រំ​បាន​ឯកភាព​បង្កើត​ឱ្យ​មាន​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​មួយ​នេះ ទៅតាម​ការ​ស្នើ​សុំ​របស់​ភាគី​វៀតណាម។

វិទ្យុ​អាស៊ីសេរី​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា ដើម្បី​សុំ​ការ​ស្រាយ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​១៨ សីហា នេះ។

ប៉ុន្តែ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «សមិទ្ធផល​សម្រេច​បាន​ក្នុង​រយៈពេល ៥​ឆ្នាំ កន្លង​មក របស់​ក្រសួង​អប់រំ យុវជន និង​កីឡា» កាលពី​ថ្ងៃទី​១៦ ខែ​សីហា លោក​បាន​បញ្ជាក់​ថា ការ​បញ្ចូល​ភាសា​វៀតណាម​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា ជា​យន្តការ​ថ្មី​មួយ និង​ជា​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ពង្រឹង​វិស័យ​អប់រំ កម្រិត​ឧត្ដមសិក្សា រវាង​កម្ពុជា​-​វៀតណាម។ នៅក្នុង​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម​នេះ ផ្ដោត​លើ​ជំនាញ​កម្រិត​បរិញ្ញាប័ត្រ​ចំនួន​៣ ដូចជា មុខជំនាញ​សិក្សា​ភាសា​វៀតណាម មុខ​ជំនាញ​បកប្រែ​ភាសា​វៀតណាម និង​មុខជំនាញ​បកប្រែ​ភាសា​វៀតណាម​សម្រាប់​ទំនាក់ទំនង​ធុរកិច្ច៖ «កម្ពុជា និង​វៀតណាម គឺ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​អប់រំ​កម្រិត​ឧត្តមសិក្សា ដូច​កិច្ច​សហប្រតិបត្តិការ​ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា មាន​ជាមួយនឹង​បណ្ដា​ប្រទេស​ជា​មិត្ត​ទាំងអស់ ដែល​បាន​និង​បន្ត​កំពុង​កើត​មាន ដើម្បី​លើកកម្ពស់​ការអប់រំ​យុវជន និង​កីឡា​តាម​ទិដ្ឋភាព​ជាក់ស្ដែង​។ ហើយ​ករណី​នេះ​ទាក់ទង​នឹង​ការអប់រំ​នៅ​កម្រិត​ឧត្ដមសិក្សា»។

ទាក់ទិន​រឿង​នេះ អ្នកឯកទេស​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា តាម​ការ​យល់ឃើញ​របស់​លោក ការ​សិក្សា​ភាសា​វៀតណាម​នៅ​កម្ពុជា​មិន​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នោះ​ទេ ព្រោះ​វា​ជា​ផ្នែក​មួយ​សម្រួល​ដល់​ការ​យល់​ដឹង និង​សិក្សា​ពី​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​លោក​បន្ត​ថា ប្រជាជន​កម្ពុជា​ភាគច្រើន​នៅ​មិនទាន់​អាច​ទទួលយក​ជនជាតិ ឬ​ភាសា​វៀតណាម​បាន​នោះ​ទេ ដោយសារ​អរិភាព​ប្រវត្តិសាស្ត្រ ដែល​បន្សល់​ទុក និង​ស្ថានភាព​រើសអើង​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ យ៉ាងណា​លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​បើក​ចិត្ត​រៀន​ភាសា​មួយ​នេះ ដើម្បី​ពង្រីក​ការយល់​ដឹង​ពី​ប្រទេស​នៅ​ក្បែរ​គ្នា និង​ជា​ប្រទេស​ក្នុង​សមាជិក​អាស៊ាន​ផង​ដែរ៖ «បើ​ពលរដ្ឋ​យើង​យល់​ពី​ភាសា​វៀតណាម​បាន​ច្រើន យើង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​វៀតណាម​ក៏បាន​ទូលាយ​ដែរ។ ប៉ុន្តែ​ធ្វើ​ម៉េច​ឱ្យ​វា​ស្មើភាព​គ្នា ឧទាហរណ៍​ថា ខ្មែរ​យើង​អាច​មាន​លទ្ធភាព​ទូលំទូលាយ​ទៅ​បើក​ភាសា​ខ្មែរ​នៅ​វៀតណាម​បាន តែ​គ្រាន់តែ​ថា​កម្ពុជា​យើង​នៅ​មិនទាន់​មាន​លទ្ធភាព រដ្ឋ​នៅ​ខ្វះ​លទ្ធភាព​ក្នុង​ការ​បើក (​ ការ​បង្រៀន​ភាសា​ខ្មែរ​នៅ​វៀតណាម )»។

វិទ្យាស្ថាន​ភាសាបរទេស​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បង្រៀន​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ មាន​៧​ដេប៉ាតឺម៉ង់ គឺ​ដេប៉ាតឺម៉ង់​សិក្សា​អន្តរជាតិ ដេប៉ាតឺម៉ង់​ភាសា​អង់គ្លេស បារាំង ជប៉ុន កូរ៉េ ចិន និង​ថៃ។

បច្ចុប្បន្ន នៅ​ប្រទេស​វៀតណាម ក៏​មាន​សាលា​បង្រៀន ដែល​មាន​កម្មវិធីសិក្សា​ភាសា​ខ្មែរ​ផង​ដែរ​នៅ​តាម​សាលា​មួយ​ចំនួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។