ក្រុមអ្នកភូមិទាំងនោះបានបង្ហាញជំហរថា ពួកគេនឹងមិនរុះរើលំនៅឋានចាកចេញទៅតាមការសន្យារបស់មន្ត្រីរដ្ឋបាលព្រៃនោះទេ ពីព្រោះតែដីដែលពួកគេចូលតាំងទីលំនៅនោះគឺជាដីចម្ការពនេចររបស់ពួកគេជាយូរមកហើយ។
លោក ធួន នឿម តំណាងឱ្យក្រុមប្រជាពលរដ្ឋទាំងនោះបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២១ ខែឧសភា ថា ក្រុមអ្នកភូមិរបស់លោកបានប្រមូលផ្ដុំគ្នានៅក្នុងភូមិមិនហ៊ានចេញទៅណាទេចាប់តាំងពីថ្ងៃទី១៩ ខែឧសភាមក ដើម្បីនឹងត្រៀមតវ៉ាជាមួយមន្ត្រីរដ្ឋបាលព្រៃឈើដែលចូលទៅបណ្ដេញពួកគេឱ្យរុះរើលំនៅចាកចេញនោះ។
លោក ធួន នឿម បន្តថា ៖ «អ្ហូ! ដីនោះនៅយូរហើយ នៅ ៥-៦ឆ្នាំ បើដេញទៀតយើងចុះទៅណា បើវារួមរស់នឹងនេះហើយ ទៅនៅឯណា? ដូចខ្ញុំអីនេះអស់ដីស្រែចម្ការនេះហើយធ្វើតាំងពីដើម។ សូមសំណូមពរថា កុំឱ្យរឿងរ៉ាវទៀតធ្វើម៉េចឱ្យបានប្រជាជនគ្នារស់នៅស្រួលបួលទៅណាកុំឱ្យគ្នាងាប់នឹងដាច់បាយ»។
ក្រុមអ្នកភូមិបានអះអាងថា កាលពីថ្ងៃទី១៩ ខែឧសភា កន្លងមក មន្ត្រីរដ្ឋបាលព្រៃឈើជាច្រើនបាននាំគ្នាទៅរុះរើនឹងដុតបំផ្លាញខ្ទមមួយចំនួនរបស់ប្រជាពលរដ្ឋដែលសង់នៅតាមដីនៃតំបន់ជើងភ្នំគូលែននោះ ហើយកាលពីថ្ងៃទី២០ ខែឧសភា មន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជូនគ្រឿងចក្រទៅក្នុងបំណងឈូសរំលំខ្ទមប្រជាពលរដ្ឋមួយចំនួនទៀតផង។
លោក សួ ហៃ នាយកផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានមានប្រសាសន៍ថា រដ្ឋបាលព្រៃឈើពិតជាមានបំណងឱ្យប្រជាពលរដ្ឋទាំងនោះរុះរើលំនៅឋានចាកចេញមែន ដោយសារតំបន់ដែលអ្នកភូមិនាំគ្នាចូលទៅសង់ខ្ទមរស់នៅនោះ គឺជាដីដែលសាលាខេត្តសៀមរាប បានចេញដីកាលេខ១០២ កាលពីឆ្នាំ២០០៦ ដើម្បីដកហូតដីតាំងអស់ចំនួន ១.២៤៧ហិកតារសម្រាប់ដាំដើមឈើឡើងវិញជាទ្រនាប់នៃឧទ្យានជាតិភ្នំគូលែន។
លោក សួ ហៃ មានប្រសាសន៍បន្ថែមដូច្នេះ ៖ «កន្លែងហ្នឹងវាជាតំបន់មួយដែលថា ប្រភពទឹកភ្នំគូលែនដែលធ្លាក់មកស្ទឹងសៀមរាបហ្នឹង គឺចេញពីប្រភពទឹកជួរអស់ហ្នឹងណា។ អ៊ីចឹងមានត្រូវការគម្របព្រៃទីនោះឡើងវិញ គោលការណ៍ហ្នឹងចង់ឱ្យដាំឈើទៅតាមកន្លែងហ្នឹងឡើងវិញទាំងអស់ បន្ទាប់ពីសាលាខេត្តបានធ្វើការដកហូតមកហើយយើងបានយកបង្គោលព្រំបោះកំណត់រួចហើយ បន្ទាប់មកគេចេញប្រកាសបង្កើតជាស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើឡើងវិញដោយក្រសួងកសិកម្ម»។
មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា ក្រុមអ្នកភូមិទាំងនោះទើបតែចូលទៅតាំងទីលំនៅតំបន់ទ្រនាប់ឧទ្យានជាតិភ្នំគូលែន ក្រោយពេលដែលរដ្ឋបាលព្រៃឈើបានទៅបោះបង្គោលកំណត់ទីតាំងដីដកហូតប៉ុណ្ណោះ។
លោក សួស ណារិន អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តសៀមរាប ដែលបានចុះទៅស៊ើបអង្កេតបញ្ហានោះបានមានប្រសាសន៍ថា តាមលោកពិនិត្យមើលទៅដីតំបន់នោះ គឺជារបស់ឧទ្យានជាតិដែលមានការដកហូតមែន ប៉ុន្តែប្រជាពលរដ្ឋដែលខ្វះដីចេះតែនាំគ្នាចូលទៅសង់លំនៅឋានទីនោះ គឺភាគច្រើនសុទ្ធតែជាខ្ទមតូចៗមិនមានផ្ទះធំដុំទេ។
អង្គការសិទ្ធិមនុស្សបានរកឃើញថា ក្នុងចំណោមអ្នកភូមិដែលចូលទៅតាំងទីលំនៅលើដីទ្រនាប់ឧទ្យានជាតិនោះមួយចំនួនគឺជាអ្នកដែលទើបតែចូលទៅរស់នៅថ្មី៕