បក្ស​សមរង្ស៊ី​ស្នើ​គ.ជ.ប.​ឲ្យ​ទទួល​ស្គាល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ថ្មី

គណបក្ស សម រង្ស៊ី បាន​ចោទ​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) និង​ក្រសួង​មហាផ្ទៃ ថា មិន​បាន​ចាត់​វិធានការ​លើ​សំណើ​របស់​ខ្លួន​ដែល​​ស្នើ​ឲ្យ​ទទួល​ស្គាល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ថ្មី ដែល​បក្ស​ខ្លួន​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។

គណបក្ស សម រង្ស៊ី បាន​ស្នើ​ទៅ​ស្ថាប័ន គ.ជ.ប. ឲ្យ​ជួយ​ជំរុញ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ពន្លឿន​ការ​ចេញ​ប្រកាស​ទទួល​ស្គាល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ថ្មី ដែល​ថ្នាក់​ដឹកនាំ​​បក្ស​នេះ​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា គណបក្ស​នេះ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​​កក្កដា បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​ស្ថាប័ន គ.ជ.ប. ស្ដីពី​ការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ស្នើ​សុំ​តែងតាំង​បេក្ខជន​​បម្រុង​​​បន្ថែម​សម្រាប់​ឃុំ-​សង្កាត់​​មួយ​ចំនួន ស្រប​តាម​​​នីតិវិធី​ដែល​កំណត់​ដោយ​ក្រសួង​មហាផ្ទៃ។

លោក​បន្ត​ថា មូលហេតុ​ដែល​គណបក្ស សម រង្ស៊ី ស្នើ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន គ.ជ.ប. ដោយសារ​តែ​កន្លង​មក​​សំណើ​ភាគ​ច្រើន​របស់​បក្ស​ខ្លួន​មិន​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។

តាម​លោក យឹម សុវណ្ណ មាន​ឃុំ-​សង្កាត់​​​ចំនួន ៣៤ ដែល​គណបក្ស សម រង្ស៊ី បាន​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មាន​ដូចជា នៅ​ខេត្ត​កំពង់ធំ កំពត កណ្តាល ពោធិ៍សាត់ រតនគិរី បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង ក្រចេះ សៀមរាប ព្រះសីហនុ តាកែវ ព្រៃវែង និង​ខេត្ត​ឧត្តរមានជ័យ។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បន្ថែម ៖ «នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​យក​ស្ថាប័ន​ជាតិ​ទៅ​ធ្វើ​ជា​ស្ថាប័ន​បក្ស។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ទំនាស់​មិន​ចេះ​ចប់ និង​មាន​អំពើ​អយុត្តិធម៌​មិន​ចេះ​ចប់​នៅ​ក្នុង​សង្គម​ខ្មែរ។ ឲ្យ​តែ​មាន​បោះ​ឆ្នោត​ម្តងៗ គឺ​មាន​ទំនាស់​ដោយសារ​តែ​គេ​មើល​ឃើញ​ថា ស្ថាប័ន​ជាតិ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ស្ថាប័ន​បក្ស»

ចំពោះ​បញ្ហា​នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បាន​ថ្លែង​ថា សំណើ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ របស់​គណបក្ស សម រង្ស៊ី មិន​មែន​ស្ថាប័ន គ.ជ.ប. និង​ក្រសួង​មហាផ្ទៃ មិន​ធ្វើ​សកម្មភាព​ដូច​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​នោះ​ទេ។

លោក ទេព នីថា បន្ត ៖ «គ.ជ.ប. បាន​ទទួល​លិខិត​នេះ​ហើយ ហើយ​យើង​ខ្ញុំ​កំពុង​រៀបចំ​ធ្វើ​លិខិត​បន្ត​ដើម្បី​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ជំរុញ​នីតិវិធី ឬ​ការ​ចេញ​សេចក្ដី​ប្រកាស​ទទួល​ស្គាល់​សមាជិក​ថ្មី​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នេះ»

ចំណែក​​លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា គ្រប់​សំណើ​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ដែល​ស្នើ​មក​ក្រសួង​មហាផ្ទៃ ក្រសួង​មិន​ដែល​ផ្អឹប​ទុក​ចោល​មិន​ចាត់ការ​នោះ​ទេ គ្រាន់​តែ​ប្រើ​រយៈពេល​ខ្លី និង​វែង​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​របស់​បក្ស​នីមួយៗ​នោះ​ទេ។

លោក ខៀវ សុភ័គ មាន​ប្រសាសន៍ ៖ «កន្លង​មក​ឲ្យ​តែ​គាត់​ស្នើ​មក​យើង​ខ្ញុំ​តែងតែ​រៀបចំ​ជូន​គាត់​ហ្នឹង។ ប៉ុន្តែ​មិន​មែន​គាត់​ស្នើ​មក​ម្សិលមិញ ថ្ងៃ​នេះ​ចេញ​ឲ្យ​គាត់​បាន​ឯ​ណា យើង​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ពី​តាម​មូលដ្ឋាន ហើយ​ធម្មតា​បែបបទ​រដ្ឋបាល​យើង​មិន​មែន​ធ្វើ​យើង​ដាក់​ថ្ងៃ​នេះ​ចេញ​ស្អែក​ទេ។ និយាយ​រួម​មិន​បាន​បំពេញ​បំណង​បន្ទាន់​របស់​គាត់ ក៏​ប៉ុន្តែ​យើង​បាន​បំពេញ​តាម​តួនាទី និង​ភារកិច្ច​របស់​យើង»

មន្ត្រី​បក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​នាំ​ឲ្យ​បក្ស សម រង្ស៊ី ធ្វើ​ការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ថ្មី ជំនួស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ចាស់ ដោយសារ​តែ​សមាជិក​ក្រុមប្រឹក្សា​ចាស់​ភាគ​ច្រើន​បាន​ចាក​ចេញ​ពី​គណបក្ស សម រង្ស៊ី ​​ទៅ​ចូល​រួម​នយោបាយ​ថ្នាក់​មូលដ្ឋាន​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ទាក់ទង​បញ្ហា​នេះ​ដែរ កញ្ញា ចក់ សុភាព ជំនួយ​ការ​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា សមាជិក​ក្រុម​ប្រឹក្សា​​ឃុំ​-​សង្កាត់ គឺ​ជា​តួអង្គ​សំខាន់​ដែល​ត្រូវ​ចូល​រួម​ជាមួយ​សមាជិក​រដ្ឋ​សភា ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​អាណត្តិ​​ទី​៣ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២។ដូច្នេះ​ក្រសួង​មហាផ្ទៃ​គ្មាន​ហេតុផល​ណា​មួយ​ធ្វើ​ឲ្យ​យឺតយ៉ាវ​ក្នុង​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ស្នើ​ដោយ​គណបក្ស សម រង្ស៊ី នោះ​ទេ។

កញ្ញា ចក់ សុភាព បន្ថែម ៖ «នេះ​គឺ​ជា​ការ​បង្ហាញ​នូវ​ការ​ប៉ុនប៉ង​មួយ​ក្នុង​ការ​ពន្យារ​ពេល ឬ​ក៏​ធ្វើ​ឲ្យ​បង្អាក់​ការងារ​គណបក្ស​ដែល​គាត់​ស្នើ​សុំ​នោះ»

មន្ត្រី គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​ប្រចាំ​ឆ្នាំ​សម្រាប់​ការ​បោះ​ឆ្នោត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ត​ទៅ។ រី​ឯ​ការ​បោះ​ឆ្នោត​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។ ចំណែក​​​ការ​បោះឆ្នោត​រើស​សមាជិក​ព្រឹទ្ធសភា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

មន្ត្រី​គណបក្ស សម រង្ស៊ី មាន​ជំនឿ​ថា ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា អាច​ទទួល​បាន ១១​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សមាជិក​ព្រឹទ្ធ​សភា​ចំនួន ៥៧ ដែល​ត្រូវ​ធ្វើការ​បោះ​ឆ្នោត​តាម​បែប​អសកល។

សមាជិក​ព្រឹទ្ធ​សភា​ទាំង​អស់​សរុប​មាន​ចំនួន ៦១​រូប ក្នុង​នោះ​​សមាជិក ២​រូប ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ និង ២​រូប​ទៀត ​តែងតាំង​ដោយ​រដ្ឋសភា។ ចំណែក ៥៧​រូប ត្រូវ​បាន​​ជ្រើសតាំង​ដោយ​ការ​បោះឆ្នោត​អសកល តាម​រយៈ​សមាជិក​រដ្ឋ​សភា និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជា​អ្នក​បោះ​ឆ្នោត​ជ្រើសរើស៕