មន្ត្រីប៉េអិមខេត្តស្ទឹងត្រែងត្រូវបានចោទថាប្រើអាវុធគំរាមអ្នកភូមិ
2011.02.01
ប្រជាពលរដ្ឋចំនួនពីរនាក់រស់នៅភូមិឫទ្ធិសែន ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចោទប្រកាន់មន្ត្រីអាវុធហត្ថចំនួនពីររូប និងបក្ខពួកថាបានប្រព្រឹត្តអំពើកំរោលយកខ្សែក្រវាត់វាយមកលើអ្នកភូមិ ហើយជេរប្រមាថ និងយកអាវុធមកគំរាមអ្នកភូមិក្នុងជម្លោះពាក្យសំដីគ្នា។
ការចោទប្រកាន់នេះធ្វើឡើងតាមរយៈពាក្យបណ្ដឹងរបស់អ្នកភូមិឈ្មោះ ម៉ែន ចន្ធូ និង ដែង ឆាំង ដាក់ជូនស្ថាប័នអយ្យកាតុលាការ និងសមាគមសិទ្ធិមនុស្សអាដហុកខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១។
មន្ត្រីអាវុធហត្ថដែលរងការចោទប្រកាន់មានឈ្មោះ ចាន់ វាសនា និង ម៉ូ ប៊ុនណារ៉ុង និងបក្ខពួកចំនួនបីនាក់ទៀត ជាកងរាជអាវុធហត្ថស្នាក់ការ៦០៧ មានទីតាំងនៅផ្លូវបំបែកដុងក្រឡ ទៅស្រុកសៀមប៉ាង។
អ្នកភូមិឈ្មោះ ម៉ែន ចន្ធូ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ២០១១ ថា ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១១ មកម្ល៉េះ។ ដោយសារមន្ត្រីអាវុធហត្ថខាងលើ មានជម្លោះពាក្យសំដីក្នុងពិធីផឹកស៊ីបុណ្យឡើងផ្ទះមួយនៅមូលដ្ឋាន ហើយក៏កើតការរករឿងបន្តពីផ្ទះបុណ្យ មកដល់ផ្ទះអ្នកភូមិម្នាក់ទៀត ដែលលក់ដូរនៅជិតនោះ។ ចំណែកគាត់បានទៅឃាត់ និងសម្របសម្រួលជម្លោះ ក៏ប៉ុន្តែមន្ត្រីអាវុធហត្ថខាងលើបានវាយគាត់ និងឈ្មោះ ដែង ឆាំង ដោយក្បាលខ្សែក្រវាត់ ហើយរត់ទៅហៅកងអាវុធហត្ថមកជាថ្មី ប្រដាប់ដោយអាវុធប្រភេទអាកា៤៧ (AK47) ស្វ័យបត់ចំនួនពីរដើម មកភ្ជង់ជេរប្រមាថអ្នកភូមិ ៖ "ទៅហាមឃាត់គេបានតែពីរបីម៉ាត់ ខ្សែក្រវាត់មកប្រាវៗ ខ្ញុំបីខ្សែក្រវាត់។ គេនាំគ្នាត្រឡប់ទៅមូលដ្ឋានគេវិញហើយ ម៉ាសន្ទុះឃើញមកៗ ម៉ាសារទៀត ប្រដាប់ដោយអាវុធសុទ្ធតែប៉េអិម កាំភ្លើងច្រោកច្រាក រើសបានគ្រាប់កាំភ្លើងម៉ាគ្រាប់ទៀត"។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបញ្ជាក់ពីមន្ត្រីអាវុធហត្ថទាំងពីរនាក់ ដែលរងការចោទប្រកាន់ពីអ្នកភូមិបានទេ។ ក៏ប៉ុន្តែប្រធានស្នាក់ការកងរាជអាវុធហត្ថ៦០៧ លោក ឈីវ មានប្រសាសន៍បញ្ជាក់ថា វាជាជម្លោះដែលបណ្ដាលពីភាគីអ្នកភូមិប៉ុនប៉ងវាយមកលើកងរាជអាវុធហត្ថលោកមុន។ លោកបន្តថា បានទៅកាន់ទីកើតហេតុនោះភ្លាម បន្ទាប់ពីកើតហេតុការណ៍នោះហើយ បានធ្វើការសម្រុះសម្រួលឯកភាពគ្នាបញ្ចប់បញ្ហានេះរួចហើយ មិនដឹងហេតុអ្វីបានជាអ្នកភូមិប្ដឹងពីករណីនេះទៀត ៖ "ប្រជាជនស្ទាក់ចាំវ៉ៃសមត្ថកិច្ច។ គ្មានទេកាំភ្លើង ខ្ញុំយកទៅក្រោយ ខ្ញុំទៅមើលកូនចៅហ្នឹង។ គ្មានអ្នកណាអាងមេ អាងអី។ ហើយខ្ញុំក៏សម្រុះសម្រួលគ្នាត្រូវហើយ អស់ហើយហ្នឹង ធ្វើក្រដាសស្នាមសងខាងព្រមព្រៀងគ្នាឈប់បង្ករឿង"។
សាក្សីនៅទីកើតហេតុឈ្មោះ ហ៊ឹម សុជាតិ មានប្រសាសន៍បញ្ជាក់ថា ក្រុមអាវុធហត្ថពិតជាបានវាយអ្នកភូមិឲ្យរបួស ក៏ប៉ុន្តែមូលហេតុដែលធ្វើឲ្យអ្នកភូមិបន្តការប្ដឹង ដោយសារខាងកងរាជអាវុធហត្ថមិនគោរពកិច្ចព្រមព្រៀងសម្រុះសម្រួលគ្នា ព្រមសងជំងឺចិត្តអ្នកភូមិចំនួន ៨០ម៉ឺនរៀល។
អ្នកស៊ើបអង្កេតសមាគមអាដហុកខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍ថា លោកនឹងធ្វើការស៊ើបអង្កេតករណីនេះតាមលិខិតសុំកិច្ចអន្តរាគមន៍របស់អ្នកភូមិទាំងពីរមុននឹងធ្វើកិច្ចអន្តរាគមន៍ស្ដីពីការចោទប្រកាន់នេះ ៖ "ពីម្សិលហ្នឹង ខ្ញុំក៏មិនទាន់បានអន្តរាគមន៍ភ្លាមដែរ ព្រោះយើងរង់ចាំមើលការអង្កេតឲ្យដឹងជាក់ស្តែង។ គាត់ដាក់មកកន្លែងខ្ញុំគឺបង្ករបួសស្នាម និងប៉ុនប៉ងមនុស្សឃាត"។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបញ្ជាក់ពីមន្ត្រីអយ្យការតុលាការខេត្តស្ទឹងត្រែងបានទេ ជុំវិញការប្ដឹងមន្ត្រីអាវុធហត្ថទាំងពីរនោះ នៅថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ២០១១។
យ៉ាងនេះក្តី អ្នកភូមិទាំងពីរ ដែលជាអ្នកប្ដឹងករណីនេះឲ្យដឹងថា ពួកគាត់ទាមទារឲ្យមានការទទួលខុសត្រូវពីអង្គភាពអាវុធហត្ថ ពីព្រោះវាជាការរំលោភសិទ្ធិប្រជាពលរដ្ឋ ប្រព្រឹត្តឡើងដោយបុគ្គល ដែលប្រើអំណាចជាកងកម្លាំងមានសមត្ថកិច្ច។
របាយការណ៍អង្កេតរបស់សមាគមអាដហុកខេត្តស្ទឹងត្រែងឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០១១ នេះ សមាគមនេះទទួលបានពាក្យបណ្ដឹងស្ដីពីការរំលោភសិទ្ធិមនុស្សប្រមាណ ១០ករណី ទាក់ទិនអំពើរំលោភសេពសន្ថវៈ អំពើហិង្សា និងការបង្ករបួសស្នាម៕