លោក ចំរើន នៅភូមិព្រៃល្វា ស្រុកព្រៃកប្បាស បានអះអាងថា គាត់ធ្លាប់ឃ្វាលទាច្រើនឆ្នាំមកហើយតាមព្រំដែនកម្ពុជា-វៀតណាម មិនដែលមានការហាមឃាត់ទេ ប៉ុន្តែ២ខែមកនេះ មន្ត្រីការពារព្រំដែនបានហាមឃាត់ ៖ «ឃ្វាលនៅ០៥ ខាងត្បូងភ្នំដា ជាប់ព្រំប្រទល់វៀតណាម ហើយឥឡូវអា ៣ហ្នឹងគេអត់ឲ្យយើងចូលទេ គេថា គេទិញពីចៅហ្វាយស្រុក ពីមេឃុំគោកធ្លក»។
បុរសឈ្មោះ ស៊ុយ នៅឃុំអង្គរបុរី បានអះអាងថា ឃាត់តែអ្នកឃ្វាលទាជនជាតិខ្មែរ តែអនុញ្ញាតអ្នកឃ្វាលទាបរទេសមកឃ្វាលឲ្យស៊ីចំណីក្នុងទឹកដីខ្មែរ ហាក់ដូចសម្លាប់សេដ្ឋកិច្ចគ្រួសារពលរដ្ឋខ្មែរ បង្កើនចំណូលគ្រួសារជនជាតិបរទេសទៅវិញ ៖ «បណ្ដោយឲ្យយៀកណាមចូល ហើយយើងជាខ្មែរដេញចេញ មិនឲ្យឃ្វាល ហើយដីខ្មែរសោះ ធ្វើអ៊ីចឹងដូចវាមិនទំនង បើអ៊ីចឹងខ្មែរមានតែងាប់»។
បុរសម្នាក់ទៀតឈ្មោះ សាក់ រេន ទៅពីស្រុកសំរោង ទៅឃ្វាលទានៅឃុំគោកធ្លក ស្រុកអង្គរបុរីដែរ បានអះអាងថា អាជ្ញាធរព្រំដែនឃាត់មិនឲ្យឃ្វាលទានៅទីនោះ បានធ្វើឲ្យទាគាត់អាក់ពង ព្រោះគ្មានចំណីស៊ីគ្រប់គ្រាន់ ៖ «គេមិនឲ្យទាខ្មែរចូលទៅម្តុំប៉ែកចាប់ពី ០៦ ទៅត្បូង។ អាជ្ញាធរមានកាំភ្លើងមានអីដេញគំរាមឲ្យផ្ដិតមេដៃកុំឲ្យខាងទាខ្មែរមិនឲ្យទៅចូលស៊ី ទុកឲ្យទាវៀតណាមស៊ីវិញ»។
បុរសឈ្មោះ ហាន នៅឃុំទ្រា ស្រុកសំរោង ដែលចូលទៅឃ្វាលទា ៤.០០០ក្បាលនៅឃុំគោកធ្លក ស្រុកអង្គរបុរី បានអះអាងថា គាត់គ្មានដីធ្វើស្រែ និងមិនសូវសំបូរប្រាក់ទិញចំណីឲ្យទាស៊ីទេ។ គាត់បានទៅឃ្វាលទាឆ្លងស្រុកផ្សេងនោះ បានជួយបន្ថយប្រាក់ចំណាយច្រើន។ ប៉ុន្តែអាជ្ញាធរឃុំគោកធ្លក ហាមឃ្វាលទាក្នុងទឹកដីខ្មែរដែលគាត់ធ្លាប់ឃ្វាល បញ្ហាហាមឃាត់នេះគាត់ប្រឈមនឹងការជំពាក់ប្រាក់ដើមទុនទិញទាច្រើន។ គាត់បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខេត្ត មេត្តាជួយពលរដ្ឋខ្មែរឲ្យមានរបរអាចរស់បានផង ៩២២។
លោក ហាន បន្ថែមថា ៖ «ជួនចំណេញជួនខាត ហើយវាអត់អាជីពអីត្រូវរកផងមានតែអាហ្នឹងហើយ ស្រែក៏អត់មានអត់អី។ គេហាមឃាត់មិនឲ្យចូលខ្មែរ ហើយគេឲ្យវៀតណាម ចូលស៊ី។ ឲ្យទាខ្មែរស៊ីតែមួយកំណាត់ៗ ឥឡូវមានអី ស្រូវឯណា អស់រលីងហើយ!»។
ឆ្លើយតបនឹងការចោទឡើងខាងលើ មេឃុំគោកធ្លក លោក ហឹម សុស បានបដិសេធថា គាត់មិនបានទទួលចំណូលអ្វីពីខាងប្រជាជនវៀតណាមទេ ហើយការឃាត់មិនឲ្យពលរដ្ឋខ្មែរកៀងទាទៅឃ្វាលនៅព្រំដែន ព្រោះប៉ូលិសព្រំដែនចង់បង្ការការកៀងទាច្រឡំទៅវិញទៅមក ៖ «គេខ្លាចច្រឡំអារឿងហ្វូងទាជាមួយគេ ដល់អ៊ីចឹងគេឲ្យវាស៊ីឲ្យវាដឹងកន្លែង កុំដើរស៊ីលើគេលើឯងអ៊ីចឹង វាពិបាកអ្នកគេគ្រប់គ្រងនៅខាងហ្នឹង។ អ៊ីចឹងប៉ូលិសអ្នកគេនៅព្រំដែន គេការពារគេ គ្រប់គ្រងត្រង់ហ្នឹងគេមិនឲ្យយើងដើរវាស៊ីលើហ្វូងគេហ្វូងឯង វាច្រឡំទា ព្រោះទាវាច្រើនម្ចាស់»។
មេឃុំគោកធ្លក លោក ហឹម សុស បានឲ្យដឹងថា ពលរដ្ឋខ្មែរច្រើនជាង ២០គ្រួសារ មកពីច្រើនស្រុក មានទាក្នុងមួយគ្រួសារក្បែរ ១ពាន់ក្បាល ទៅឃ្វាលតែក្នុងស្រែប្រាំងរបស់ពលរដ្ឋក្នុងឃុំនោះដែលស្ថិតនៅជិតព្រំដែនកម្ពុជា-វៀតណាម។ គាត់បានទៅពិនិត្យបញ្ហាព្រំដែនដែលមានពលរដ្ឋខេត្តតាកែវ បានប្ដឹងពីការឃាត់ឃ្វាលទានោះ គាត់បានដោះស្រាយជាមួយសមត្ថកិច្ចព្រំដែនរួចហើយ ដើម្បីឲ្យទាខ្មែរបានចូលស៊ីដូចធម្មតា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីប៉ូលិស និងយោធាការពារព្រំដែនជម្រាបសួរបានទេនៅថ្ងៃ១៣ ឧសភា ឆ្នាំ២០១១នេះ៕