ក្នុងអំឡុងពេល ១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពុទ្ធបរិស័ទពលរដ្ឋក្មេងចាស់ប្រុសស្រីតែងប្រជុំគ្នាកាន់វេនដាក់បិណ្ឌជារៀងរាល់ថ្ងៃចាប់ពីបិណ្ឌ១ រហូតដល់បិណ្ឌ១៤ លើកលែងតែថ្ងៃភ្ជុំបិណ្ឌ។
នៅឱកាសនៃពិធីកាន់បិណ្ឌទាំង ១៤ថ្ងៃនេះ នៅតាមវត្តអារាមនានា មានការរៀបចំចាត់ចែងផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាត និងគ្រឿងបរិក្ខារផ្សេងៗប្រគេនព្រះសង្ឃ ដែលគង់ចាំវស្សារយៈពេល៣ខែ។ រីឯគ្រឿងបូជានៃពិធីបុណ្យកាន់បិណ្ឌដែលជាទំនៀមប្រពៃណីពីបរមបុរាណមក មានបាយបិណ្ឌ បាយបត្តបូរ និងផ្កាបិណ្ឌ។
អ្នកនាង កេសរណ្ណីយ្យា ជូនសេចក្ដីអធិប្បាយអំពីគ្រឿងរណ្ដាប់បូជាទាំងបីមុខនេះ ដែលម្ចាស់វេនកាន់បិណ្ឌតែងវេរប្រគេនព្រះសង្ឃ ឧទ្ទិសបុណ្យកុសលដល់ក្រុមគ្រួសារញាតិមិត្តនៅឱកាសបុណ្យដ៏ធំមួយនេះ៖
តាមទំនៀម បាយបិណ្ឌ បាយបិត្តបូរ និងផ្កាបិណ្ឌ គឺជាគ្រឿងរណ្ដាប់បូជាដ៏សំខាន់ដែលតែងស្ថិតនៅជាមួយគ្នានៃពិធីវេនកាន់បិណ្ឌនីមួយៗ។
សៀវភៅ «ពិធីប្រចាំដប់ពីរខែ» ដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅព.ស. ២៥០៨ កាលពីជាង ៥០ឆ្នាំមុននោះ សរសេរថា បិណ្ឌៈ គឺជាដុំបាយដំណើបដែលគេចម្អិនដោយខ្ទិះដូងហើយលាយ ឬបុកជាមួយគ្រឿងផ្សំឯទៀតតាមទម្លាប់អ្នកស្រុក។
ពុទ្ធបរិស័ទខ្មែរមួយរូបដែលកំពុងចូលរួមពិធីកាន់បិណ្ឌនៅវត្តខ្មែរ ក្នុងក្រុងម៉ូដេសតូ (Modesto) រដ្ឋកាលីហ្វ័រនីញ៉ា (California) សហរដ្ឋអាមេរិក គឺលោក ហ៊ន ចាន់ រៀបរាប់អំពីការរៀបចំដាំបាយបិណ្ឌ តាមទំនៀមនៃអ្នកស្រុកនៅវត្តខ្មែរនៅតំបន់នេះ៖ «បាយបិណ្ឌ បាយបិត្តបូរហ្នឹង មុនដំបូងយើងលាងអង្ករដាំបាយ ដាំបាយឆ្អិនហើយ រលាក់បាយហ្នឹងដាក់ទុកឱ្យត្រជាក់ទៅ បានយើងលីងល្ង។ លីងល្ងឱ្យឡើងឈ្ងុយបុកឱ្យហ្មត់ទៅ យកល្អហ្នឹងរោយពីលើមក ហើយយើងកោសដូងទុំលាយខ្ទិះដូងដាក់ជាមួយ យើងពូតដុំៗប៉ុនៗមេជើងហ្នឹងទៅ។ ប៉ុន្តែដែលពូតដុំហ្នឹងដាក់បាយបិត្តបូរហ្នឹងផ្សេងទៅ ដាក់សម្រាប់ចង្ហាន់ព្រះសង្ឃផ្សេង ហើយបាយបិណ្ឌសម្រាប់យាយៗមកកាន់បិណ្ឌនៅវត្តហ្នឹង ពេលព្រហាមឡើងព្រឹកម៉ោង៤ គាត់ឡើងបោះបាយបិណ្ឌ នៅពេលព្រះសង្ឃសូត្របរាភវសូត្រ»។
«សំឡេងព្រះសង្ឃសូត្របរាភវសូត្រ»
តាមពុទ្ធប្រវត្តិ មុនពេលបានត្រាស់ដឹង ព្រះសម្មាសម្ពុទ្ធសមណគោតម ទ្រង់បានទទួលចង្ហាន់បិណ្ឌបាតពីនាងសុជាតា ជាភរិយាមហាសេដ្ឋីកុដុម្ពីម្នាក់ ដែលនាងបានចម្អិនយ៉ាងផ្ចិតផ្ចង់ រួចដោះដួសដាក់ក្នុងភាជន៍មាសប្រកបដោយជើងទម្រ គ្របដោយសាជី មានកំពូលយ៉ាងស្រួចរាវតូចទៅលើ ហើយបានទូលយកទៅថ្វាយព្រះអង្គ ដែលកំពុងគង់នៅក្រោមដើមជ្រៃធំ។ ចង្ហាន់បិណ្ឌបាតនេះឈ្មោះថា «មធុបាយាស» ដែលជាបាយម្យ៉ាងគេដាំរំងាស់ជាមួយទឹកដោះគោ ប្រកបដោយរសជាតិផ្អែមឈ្ងុយឆ្ងាញ់ពិសា។
តើទំនៀមចម្អិនបាយបិណ្ឌ បាយបិត្តបូរ ដែលខ្មែរនិយមនាំគ្នាធ្វើនារដូវភ្ជុំបិណ្ឌសព្វថ្ងៃនេះ មានជាប់ទាក់ទងនឹង «មធុបាយាស» នៅសម័យពុទ្ធកាលដែរឬយ៉ាងណា?
ភិក្ខុ វ៉ិត សានមុនី គង់នៅវត្ត «ប៉ូម៉ូណា» ក្នុងក្រុងប៉ូម៉ូណា (Pomona) រដ្ឋកាលីហ្វ័រនីញ៉ា (California) សហរដ្ឋអាមេរិក មានថេរដីកាបញ្ជាក់ថា ពុំមានឃើញចែងច្បាស់លាស់ក្នុងឯកសារគម្ពីរដីកាអំពីរឿងនេះឡើយ ប៉ុន្តែអាចដូនតាខ្មែរយកលំនាំតាមដំណើររឿងនេះ៖ «តាមដំណើរចាស់ៗដែលគាត់រៀបចំធ្វើហ្នឹង វាប្រហាក់ប្រហែលគ្នាដែរ តែគ្រាន់តែមិនបានគ្រប់ដូចពីសម័យពុទ្ធកាលដែលនាងសុជាតា បានធ្វើមធុបាយាស។ មធុបាយាសហ្នឹងបានន័យថា បាយដែលមានរសជាតិ ៨យ៉ាង មានទឹកឃ្មុំ ទឹកដោះគោ ទឹកអំពៅ ជាដើម។ ប៉ុន្តែដល់បាយបិត្តបូរ ឬបាយបិណ្ឌនេះ យើងធ្វើអត់គ្រប់ទាំង៨ទេ មាន ២យ៉ាងក៏មាន ៣យ៉ាង ៤-៥យ៉ាង យើងធ្វើទៅតាមតំបន់ តាមកន្លែង។ ដូចនៅវត្តអាត្មានេះ ដែលឃើញញោមៗគាត់រៀបចំធ្វើមានពិធីដាំបាយហ្នឹងហើយ មានបុកល្អប្រឡាក់ជាមួយសណ្ដែក ហើយស្ករអំពៅ និងអំបិលតិចៗទៅ»។
«សំឡេងសូត្រធម៌នមស្ការ»
«មធុបាយាស» នេះ គឺគេច្រើនប្រើនៅក្នុងប្រទេសឥណ្ឌាសម័យបុរាណ ដែលមកពីពាក្យ «មធុ» ជាភាសាបាលីមានន័យថា ទឹកឃ្មុំ និងពាក្យ «បាយាស» មានន័យថា បាយដែលចម្អិនលាយនឹងទឹកដោះគោ ព្រមទាំងគ្រឿងផ្សំដ៏មានតម្លៃផ្សេងៗ។
ចំណែក «បាយបិណ្ឌ» នៅសម័យនេះ ឯកសារខ្លះកត់ត្រាថា គេពូតជាដុំតូចៗ ហើយរៀបដាក់ជុំវិញ «បាយបិត្តបូរ» ដែលគេពូតជាពំនូតរាងធំបន្តិច គ្របដោយសាជីស្លឹកចេកមានកំពូលស្រួច ហើយនិងមានដោតទង់ជ្វាលា ទៀនធូប ផ្កាភ្ញីជាលំអផង ហើយគេរៀបដាក់លើថាស ឬតោក គឺភាជន៍ធ្វើអំពីឈើ ឬផ្តៅ។
ចុះចំណែកផ្កាបិណ្ឌវិញនោះ តើគេរៀបដាក់នៅកន្លែងណាដែរទៅ? ត្រង់ប្រការនេះ ឧបាសក ហី មាដ នៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប រៀបរាប់អំពីទំនៀម នៃការរៀបគ្រឿងរណ្ដាប់ផ្កាបិណ្ឌរបស់អ្នកស្រុកនៅតំបន់នោះ ដែលគេនិយមធ្វើពីក្រដាសពណ៌ផ្សេងៗ៖ «នៅក្នុងពិធីបិណ្ឌហ្នឹង វត្តកំពង់ឃ្លាំង គឺនៅមានធ្វើសេចក្ដីហ្នឹង។ បុរាណពីដើមគេធ្វើក្នុងផ្កាហ្នឹងគេដោតដើមផ្កាមួយដើម គេមានកន្ទោង គេដាក់បាយ បាយហ្នឹងគេធ្វើអំពីល្ងច្របាច់ជាមួយ បាយដំណើបគេដាំ ហើយមានអំពៅគេយកសំបកចេញហើយច្រៀកតូចៗ ក៏ដាក់ក្នុងកន្ទោងហ្នឹងទៅ ហើយមានគ្រឿងដូចជាបង្អែម នៅកន្លែងខ្លះទៀត គេដាក់ក្នុងកន្ទោងនៅទៅ ហ្នឹងគេហៅថា ផ្កាបិណ្ឌ»។
«ភ្លេងពិណពាទ្យ»
ឯកសារខ្លះសរសេរថា ផ្កាបិណ្ឌនេះ ជាគោលសំខាន់ ឬជាវត្ថុចាំបាច់ក្នុងការកាន់បិណ្ឌ ជាការបូជាឧទ្ទិសព្រះចូឡាមណីចេតិយ នាស្ថានត្រៃត្រឹង ជាទីតម្កល់ទុកនូវព្រះកេសា គឺសក់របស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបានកាត់មៅពេលយាងចាករាជសម្បត្តិចេញសាងផ្នួស។
ចំណែកបាយបិត្តបូរ ឬបាយបត្តបូរវិញនោះ មានន័យថា «បាយសម្រាប់បំពេញផលឱ្យប្រេត» ពោលគឺបាយដែលទាយកទាយិកាប្រគេនភិក្ខុសង្ឃ ហើយឧទ្ទិសផលបុណ្យជូនទៅបុគ្គល ដែលចែកឋានទៅកាន់បរលោកដូចគ្នានឹងការបូជាបាយបិណ្ឌដែរ។
«ភ្លេងពិណពាទ្យ»
ពិធីបុណ្យភ្ជុំបិណ្ឌតែងប្រព្រឹត្តទៅនៅថ្ងៃ ១៥រោច ខែភទ្របទ។ ឯកសារខ្លះសរសេរថា ការដែលពុទ្ធបរិស័ទខ្មែរប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ក្នុងខែភទ្របទជារៀងរាល់ឆ្នាំ គឺម្យ៉ាងជាការរំលឹកដល់កាលដែលព្រះសម្មាសម្ពុទ្ធ សមណគោតម ទ្រង់គង់ចាំវស្សាទី១០។ នៅពេលនោះ គឺព្រះអង្គគង់នៅយ៉ាងស្ងប់ស្ងាត់តែមួយអង្គឯងជាមួយសត្វស្វា ដំរី និងបក្សាបក្សីក្នុង «ព្រៃបាលិលេយ្យ» តាមដង «ព្រៃរក្ខិតវ័ន» ដែលមានន័យថាជាព្រៃរក្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។