ឆ្នាំថ្មី ឆ្នាំមមែនេះ ដែលសង្ក្រាន្តចូលចំថ្ងៃអង្គារ តាមក្បួនតម្រាមហាសង្ក្រាន្ត គឺត្រូវវេនទេពធីតាព្រះនាម រាគ្យសៈទេវី យាងមកទទួលតំណែងរក្សាលោកបន្តពីទេពធីតាឆ្នាំចាស់ គឺព្រះនាង គោរាគៈទេវី។
ពិធីប្តូរតំណែងនៅឱកាសថ្ងៃសង្ក្រានឆ្នាំថ្មី គឺជាទំនៀមទម្លាប់ និងជំនឿរបស់ខ្មែរដើម ជាប់ទាក់ទងទៅនឹងរឿងព្រេងនិទាន «កបិលមហាព្រហ្ម» ជាបិតានៃទេពធីតាទាំង ៧អង្គ ដែលតែងផ្លាស់ប្ដូរវេនគ្នាមករក្សាលោក។
តើហេតុអ្វីបានជាមានតែទេពធីតាមកផ្ទេរតំណែងគ្នាបំពេញភារៈជាអ្នករក្សាលោក ដោយមិនឃើញមានទេវបុត្រមកចូលរួមជួយគាំពារផង?
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺជាប់ទាក់ទងជាសំខាន់នឹងតួអង្គទេពធីតាទាំង ៧អង្គ ជាបុត្រីរបស់កបិលមហាព្រហ្ម ដែលយាងមកប្ដូរវេនគ្នា ដើម្បីថែរក្សាមនុស្សសត្វលើភពផែនដីយើងនេះ ទៅតាមជំនឿរបស់ខ្មែរ តាំងពីសម័យបរមបុរាណរហូតដល់សព្វថ្ងៃ។
ចំណែកឯប្រការដែលគេឃើញនៅក្នុងសៀវភៅមហាសង្ក្រាន្តសូត្រ ចែងអំពីទេពធីតាទាំង ៧អង្គ តែងប្ដូរវេនគ្នាដង្ហែសិរសា ឬក្បាល កបិលមហាព្រហ្ម ឬមកថែរក្សាមនុស្សលោកពីមួយឆ្នាំទៅមួយឆ្នាំនោះ គឺជាន័យប្រៀបធៀបមួយដែលអ្នកនិពន្ធអក្សរសិល្ប៍បុរាណ លោកឲ្យសារសំខាន់ទៅលើស្ត្រីភេទ។
អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជាពុទ្ធសាសនា លោកបណ្ឌិតសាស្ត្រាចារ្យ សួន ឱសថ គូសបញ្ជាក់ត្រង់ប្រការនេះថា គឺអ្នកនិពន្ធដៅត្រង់អន្លើទេពធីតាទាំង ៧អង្គ ដែលព្រមទទួលបន្ទុកទ្រទ្រង់ថែរក្សាព្រះសិរសារបស់កបិលមហាព្រហ្ម ក្នុងន័យធៀបថា ស្ត្រីជាមាតាបានទទួលភារៈទ្រទ្រង់ទុកនូវធម៌ ៤ប្រការ សម្រាប់មនុស្សលោកជារៀងរហូតមក។
លោកបណ្ឌិតសាស្ត្រាចារ្យ សួន ឱសថ៖ «...គឺចង់បញ្ជាក់ថា ទេពធីតាហ្នឹងហើយជាមាតា ជាអ្នកបីបាច់ដ៏ប្រសើរនៃមនុស្សជាតិទាំងអស់ហ្នឹង។ ដូច្នេះ បុត្រីទាំង ៧អង្គ ដែលទ្រនូវព្រះកេសាកបិលមហាព្រហ្ម មិនទម្លាក់ទៅសមុទ្រ មិនទម្លាក់ទៅផែនដី គឺសុខចិត្តថាយកព្រះកេសាហ្នឹងទៅដង្ហែជុំភ្នំព្រះសុមេរុ ហើយទៅតម្កល់ទីមួយដ៏សមគួរនោះ មានន័យថា ទេពធីតាជាមាតាព្រមទទួលយកព្រះកេសរបស់ព្រះព្រហ្ម គឺតំណាងឱ្យព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។ កាលណាបើសិនជាមនុស្សបោះបង់ចោល មិនអនុវត្តនូវធម៌ទាំងឡាយ ៤ប្រការទេនោះ នឹងទទួលនូវសេចក្តីវិនាសភាពអន្តរាយ...»។
បុត្រីទាំង ៧អង្គ របស់កបិលមហាព្រហ្ម រួមមានព្រះនាង ទុង្សាទេវី ឬធង្សៈទេវី ជាបុត្រីច្បង បន្ទាប់មកគឺព្រះនាង គោរាគៈទេវី ព្រះនាង រាគ្យសៈទេវី ព្រះនាង មណ្ឌាទេវី ព្រះនាងកិរិណីទេវី ព្រះនាងកិមិរាទេវី និងព្រះនាងមហោទរាទេវី ដែលជាប្អូនៗទៅតាមលំដាប់។
សេចក្ដីក្នុងឯកសារស្ដីពីពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរកត់ត្រាថា ទេពធីតាទាំង ៧អង្គនេះ តែងប្ដូរវេនគ្នាមកដង្ហែព្រះសិរសាកបិលមហាព្រហ្មជាបិតា ប្រទក្សិណភ្នំព្រះសុមេរុរាជ ជារៀងរាល់ឆ្នាំ ព្រមដោយការរក្សាសីល និងព្រហ្មវិហារធម៌ទាំងបួនប្រការ ជាប់ជាប្រចាំក្នុងជីវិតដើម្បីសេចក្ដីសុខចម្រើនដល់មនុស្សទេវតា និងសព្វសត្វផងទាំងពួង។ នៅត្រង់អន្លើនេះហើយ ដែលប្រពៃណីខ្មែរចាត់ទុកពិធីផ្ទេរតំណែងរវាងទេវតាឆ្នាំចាស់ និងទេវតាឆ្នាំថ្មី គឺជាការនាំមកនូវសេចក្ដីសុខ និងសិរីសួស្ដី។
សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាជំនួយការស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសាស្ត្រាចារ្យ សួន ឱសថ គូសបញ្ជាក់ត្រង់ប្រការនេះថា គឺជាគំនិតរបស់ដូនតាខ្មែរក្នុងការដាក់បញ្ចូលគោលការណ៍សីលធម៌របស់ព្រះពុទ្ធសាសនាទៅក្នុងជំនឿព្រហ្មញ្ញសាសនា ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរជាយូរណាស់មកហើយនោះ៖ «ខ្មែរយើងដែលទាញភ្ជាប់មកនឹងព្រះពុទ្ធសាសនាហ្នឹង រឿងពិធីសាងនូវវាលុកចេតិយ គឺពិធីសាងភ្នំខ្សាច់ឧទ្ទិសចំពោះព្រះចូឡាមណីចេតិយ ការរក្សាសីល៥ សីល៨ ក៏ចូលក្នុងព្រះពុទ្ធសាសនាដែរ។ ពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលដល់បុព្វការីជន ពិធីសំដែងធម៌ទេសនា ស្រង់ព្រះ ឬក៏ផ្ងូតទឹកជូនមាតាបិតា អ្នកមានគុណ បុព្វការីជន ក៏ចូលទៅក្នុងប្រពៃណីព្រះពុទ្ធសាសនាហើយ។ អ្នកប្រាជ្ញខ្មែរយើង លោកមានការឈ្លាសវៃ បានផ្តើមប្រពៃណីព្រះពុទ្ធសាសនាបញ្ចូលទៅក្នុងសង្ក្រាន្តហ្នឹង ដើម្បីឱ្យខ្មែរយើងមានទម្លាប់បានបុណ្យបានកុសលនៅក្នុងពិធីហ្នឹងផង...»។
នៅពេលដែលត្រូវវេនយាងមកដង្ហែព្រះសិរសាកបិលមហាព្រហ្ម និងផ្ទេរតំណែងគ្នា នាឱកាសដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីម្ដងៗ គឺទេពធីតាទាំង ៧អង្គ តែងទ្រង់ព្រះពស្ត្រ គឺអម្ពរ ឬគ្រឿងស្លៀកដណ្ដប់ជិះយានជំនិះ ឬព្រះទីន័ង ជាសត្វពាហនៈ និងកាន់គ្រឿងសស្ត្រាវុធ ព្រមទាំងសោយអាហារខុសៗគ្នា ទៅតាមតួអង្គនីមួយៗ។
ទាក់ទងនឹងយានជំនិះរបស់ទេពធីតាទាំង ៧អង្គ អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរ លោក សឹង្ហ គា បកស្រាយថា គឺអ្នកនិពន្ធអក្សរសិល្ប៍ទេវកថាសម័យបុរាណ បានយកតាមឈ្មោះពពួកដួងតារា ឬផ្កាយ ដែលក្រុមហោរាសាស្ត្រនាសម័យនោះ បានព្យាករឃើញ ដោយយកលំនាំតាមឈ្មោះយានជំនិះរបស់ព្រះអាទិទេពធំៗ នៃលទ្ធិព្រាហ្មណ៍ រួមមានព្រះនារាយណ៍ ឬព្រះវិស្ណុ និងព្រះឥសូរ ឬព្រះសិវៈជាដើម៖ «ទេវតាកូនកបិលមហាព្រហ្មហ្នឹង អាចមានទំនាក់ទំនងអ្វីទៅនឹងពពួកអាទិទេពធំៗ ដូចជា ព្រះនារាយណ៍ ព្រះវិស្ណុ។ ប៉ុន្តែទេវតា ឬអាទិទេពនានា លោកមានយានជំនិះផ្ទាល់ខ្លួន ប្រចាំខ្លួនរបស់លោក ដូចជាព្រះនារាយណ៍លោកជិះសេះអ៊ីចឹងដែរ ព្រះពិរុណលោកជិះក្ងោក ព្រះយមរាជលោកជិះក្របី មានពាហនៈ យានជំនិះផ្ទាល់ខ្លួនរបស់លោកដែរ គ្រប់តែទេវតា [ទេពធីតាទាំង៧អង្គ] ទាំងអស់ លោកក៏មានមួយៗ មួយអង្គៗអ៊ីចឹងទៅ»។
ម្យ៉ាងវិញទៀត សត្វពាហនៈទាំងនោះ គឺជាយានជំនិះផ្ទាល់របស់តួអង្គទេពធីតានីមួយៗ មិនមានផ្លាស់ប្ដូរទេ ដោយហេតុថា ទេវមួយអង្គៗតែងមានមហិទ្ធិឫទ្ធិ ពណ៌សម្បុរ គ្រឿងតុបតែង និងគ្របដណ្ដប់ប្រចាំកាយ ដែលកើតពីបុណ្យកុសលផ្សេងៗពីគ្នា។
ចំពោះព្រះនាង រាគ្យសៈទេវី ដែលត្រូវវេនយាងមករក្សាលោកនៅក្នុងឆ្នាំថ្មី ឆ្នាំមមែនេះ គឺព្រះនាងទ្រង់គង់លើសត្វអស្សតរ ឬសេះ ជាព្រះទីន័ង ។ ព្រះនាងទ្រង់ព្រះពស្ត្រពណ៌ខ្មៅ លម្អព្រះកាណ៌សៀតត្រចៀកដោយផ្កាឈូក ទ្រង់កាន់ធ្នូ និងត្រីសូល៍ គឺជាគ្រឿងសព្វាវុធរបស់ព្រះឥសូរ ដែលមានមុខ៣ ហើយព្រះនាងទ្រង់សោយលោហិតជាអាហារ។
ទាក់ទងនឹងភត្តាហារ និងគ្រឿងសាស្ត្រាវុធរបស់ទេពធីតាទាំង ៧អង្គវិញ អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរ និងវិជ្ជាហោរាសាស្ត្រឲ្យដឹងថា គឺជាការព្យាករ ឬជាគំនិតច្នៃប្រឌិតរបស់បុព្វបុរសអ្នកនិពន្ធអក្សរសិល្ប៍ នាសម័យបុរាណ ដោយលោកប្រៀបប្រដូចវត្ថុទាំងអស់នោះទៅនឹងបាតុភូតធម្មជាតិដែលតែងប្រែប្រួល ឬអាចនឹងកើតមានហេតុអ្វីមួយនៅក្នុងឆ្នាំថ្មី។
នេះគឺជាការអធិប្បាយរបស់អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរ លោក សឹង្ហ គា និងជាប្រធានអង្គការ «ចតុទិសសង្គ»៖ «ឆ្នាំនេះ ទេវតាសោយលោហិត មានន័យថា មិនល្អ គឺថាកើតគ្រោះកាច កើតចោរ កើតកាប់សម្លាប់ កើតភ្លើងឆេះ ក្តៅក្រហល់ក្រហាយ អ្នកធំអ្នកតូច ចង់និយាយអ៊ីចឹង។ ប៉ុន្តែបូរាណលោកមិនសរសេរចំទេ លោកឱ្យយើងជាប្រស្នាជាចំណោទ ដើម្បីឱ្យយើងគិតពិចារណា...»។
សៀវភៅពិធី «ទ្វារទសមាស» ស្ដីពីពិធីសង្ក្រាន្តឆ្នាំថ្មី កត់ត្រាថា ចំពោះវេនដែលទេវតាថ្មីត្រូវមកទទួលភារៈរក្សាលោក គឺបើចូលឆ្នាំថ្មីប៉ះចំថ្ងៃអាទិត្យ គឺជាវេនព្រះនាង ធង្សៈ ឬទុង្សៈទេវី ថ្ងៃច័ន្ទ ជាវេនព្រះនាង គោរាគៈទេវី។ រីឯព្រះនាង រាគ្យសៈទេវី គឺវេនប៉ះចំថ្ងៃអង្គារ ព្រះនាង មណ្ឌាទេវី គឺថ្ងៃពុធ។ ចំពោះថ្ងៃព្រហស្បតិ៍ គឺជាវេនព្រះនាង កិរិណីទេវី ថ្ងៃសុក្រ គឺវេនព្រះនាង កិមិរាទេវី ហើយព្រះនាង មហោទរាទេវី គឺត្រូវវេនចុះមកថែរក្សាលោក បើសង្ក្រាន្តឆ្នាំថ្មីចូលចំថ្ងៃសៅរ៍។
ចំណែកឯអម្ពរដែលជាគ្រឿងស្លៀកដណ្ដប់វិញនោះ ក៏ដូចជាយានជំនិះដែរ គឺទេពធីតាមួយអង្គៗ ទ្រង់ព្រះពស្ត្រពណ៌ផ្សេងៗគ្នា ដែលជាពណ៌ប្រចាំកាយ។ ដូចជាព្រះនាង រាគ្យសៈទេវី ដែលយាងមករក្សាលោកក្នុងឆ្នាំថ្មី ឆ្នាំមមែនេះ ព្រះនាងទ្រង់អម្ពរពណ៌ខ្មៅជាប្រចាំ។ ចំណែកព្រះនាង ធុង្សៈទេវី ប្រើអម្ពរពណ៌ក្រហម។ ព្រះនាង គោរាគៈទេវី ទ្រង់ពណ៌លឿង។ ព្រះនាង មណ្ឌាទេវី មានអម្ពរពណ៌អន គឺពណ៌ស្រទន់ ស្រដៀងគ្នានឹងពណ៌ស៊ីលៀប។ ព្រះនាម កិរិណីទេវី ប្រើអម្ពរពណ៌បៃតង។ ព្រះនាង កិមិរាទេវី ទ្រង់អម្ពរពណ៌សេត គឺពណ៌ស។ រីឯព្រះនាងមហោទរាទេវី ប្រើអម្ពរពណ៌ខៀវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។