លោក ប៉ាល ពៅ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបវេល បានថ្លែងថា ស្ត្រីឈ្មោះ លឹម សុខនី អាយុ២៣ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារបវេល រស់នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានចាប់ខ្លួនពីបទឃាតកម្មគិតទុកជាមុន ក្រោយពីជនសង្ស័យបានឆ្លើយសារភាពទាក់ទិនករណីប្លន់សម្លាប់។
លោក ប៉ាល់ ពៅ មានប្រសាសន៍ដូច្នេះ ៖ «អំពើទាំងអស់នេះគេបានប្រព្រឹត្តតែម្នាក់ឯងគត់។ យើងបានកំណត់ថា ករណីនេះឃាតកម្មគិតទុកជាមុន»។
កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែធ្នូ ក្មេងស្រីឈ្មោះ ចៅ យិក អាយុ១៤ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាម។ នៅលើខ្លួននាងមានមុខរបួសកាប់នឹងកាំបិតចំក្បាល ថ្ពាល់សងខាង ខ្នងដៃ និងជើងជាច្រើនកាំបិត។
នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកបវេល ជនសង្ស័យឈ្មោះ លឹម សុខនី បានឆ្លើយសារភាពថា ខ្លួនបានខឹងកុមារីជាជនរងគ្រោះជេរប្រមាថ។ លុះដល់ថ្ងៃកើតហេតុខ្លួនបានយកកាំបិតប៉័ងតោ ដែលបានទិញពីផ្សារបវេល ជិះម៉ូតូទៅផ្ទះកុមារីរងគ្រោះ ចូលតាមទ្វារមុខកាប់សម្លាប់ក្មេងស្រីនោះ រួចយកលុយដែលប្លន់បានទៅដាក់ផ្ញើនៅធនាគារអេស៊ីលីដា ៖ «ខឹងវា វាមកជេរខ្ញុំ ហើយមើលងាយខ្ញុំ»។
លោក ហុក វិត និងលោកស្រី ចៅ ឈីញ មានមុខរបរលក់នៅផ្សារបវេល ជាម្តាយឪពុកក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុលោកនិងប្រពន្ធបាននាំគ្នាទៅលក់នៅផ្សារ ទុកកូនឲ្យនៅផ្ទះម្នាក់ឯង លុះពេលត្រឡប់ទៅផ្ទះវិញក៏ប្រទះឃើញកូនត្រូវគេកាប់ស្លាប់ក្នុងថ្លុកឈាម ហើយឃាតករបានគាស់តុទូយកលុយខ្មែរ២២លានរៀល លុយដុល្លារ២.១០០ ប្រាក់ថៃ ៤.៦០០បាត និងមាសគ្រឿងជាង២តម្លឹង។
សាក្សីនៅក្នុងភូមិបានថ្លែងថា នៅថ្ងៃកើតហេតុគេឮសំឡេងក្មេងយំ ប៉ុន្តែមិនមានអ្នកចាប់អារម្មណ៍ថា ជាអំពើប្លន់ទេ ៖ «បិតទ្វារហើយឮយំ ខ្ញុំក៏ដើរហួសទៅ ថាម្តាយគេវាយកូនគេ»។
អ្នកភូមិជាច្រើននាក់បាននាំគ្នាឈរចាំមើលមុខជនសង្ស័យឈ្មោះ លឹម សុខនី នៅខាងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកបវេល លាយឡំនឹងកំហឹងថា ៖ «ស្អប់ ខឹង ចង់តែគប់ កាប់វិញ»។
លោក ទឹម ដារ៉េត អភិបាលស្រុកបវេល បានសម្តែងការសោកស្តាយ ដោយចាត់ទុកថា ជាអំពើដ៏ឃោរឃៅអមនុស្សធម៌មិនគួរកើតមាន ៖ «អ៊ីចឹងទេ យើងមានតែការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរបស់យើង គឺឲ្យទាំងអស់គ្នាព្យាយាមគោរពច្បាប់ អនុវត្តច្បាប់»។
នៅក្រោយការចាប់ខ្លួនជនសង្ស័យ កម្លាំងកងរាជអាវុធហត្តបានឆែកឆេររកឃើញលុយចំនួន១៩លានរៀល ប្រាក់ដុល្លារ២.១០០ដុល្លារ ដែលឈ្មោះ លឹម សុខនី ប្លន់បានយកទៅផ្ញើនៅឯធនាគារអេស៊ីលីដា ស្នាក់ការស្រុកបវេល។ ចំណែកការឆែកឆេរនៅផ្ទះជនសង្ស័យ ប៉េអឹមបានរកឃើញប្រាក់៤.៦០០បាត លុយអូស្ត្រាលីចំនួន២.២៥០ មាសនិងគ្រឿងផ្លាកទីនមួយចំនួនទៀត៕