កម្មករជាង២ពាន់នាក់ធ្វើកូដកម្មនៅរោងចក្រមួយនាជាយក្រុងភ្នំពេញ
2009.08.28
កម្មករឈ្មោះ ចាន់ ណារី អាយុ ២៩ឆ្នាំ មកពីខេត្តកំពង់ចាម ជាកម្មករនៅរោងចក្រតម្បាញ Sky High តាំងពីឆ្នាំ២០០៣មក នៅក្នុងចំណោមកម្មករនានាចំនួនជាង ២.០០០នាក់ កំពុងតែធ្វើកូដកម្មនោះ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទពីទីកន្លែងប្រមូលផ្តុំធ្វើកូដកម្មនោះថា ៖ «ខ្ញុំធ្វើនៅមុខរោងចក្រមួយព្រឹកៗ អត់មាននរណាជួយដោះស្រាយឲ្យទេ។ ម្សិលមិញ ទៅដោះស្រាយនៅក្រសួង ប៉ុន្តែខាងក្រុមហ៊ុនអត់មានលិខិតផ្ទេរសិទ្ធិពីនាយកទេ គេទៅដោយខ្លួនគេ»។
កម្មករម្នាក់ទៀត ឈ្មោះ គង់ អូន អាយុ ២៣ឆ្នាំ បានថែ្លងថា ៖ «សំណូមពរឲ្យអង្គការជាតិ អង្គការអន្តរជាតិ ជួយអន្តរាគមន៍ ទាមទារឲ្យក្រុមហ៊ុនអនុវត្តលក្ខខណ្ឌការងារ»។
ប្រភពពីកម្មករធ្វើកូដកម្មបានឲ្យដឹងថា លក្ខណ្ឌការងារចំនួន ៥ចំណុចនោះ មានដូចជា ម៉ូតូឬកង់របស់កម្មករបាត់នៅក្នុងក្រុមហ៊ុនត្រូវក្រុមហ៊ុនទទួលខុសត្រូវ។
ការបណ្តេញកម្មករពីការងារត្រូវអនុវត្តតាមច្បាប់ការងារអំពីប្រាក់បំណាច់ការងារនោះ។ កម្មករដែលមានជំងឺនិងមានការបញ្ជាក់ពីគ្រូពេទ្យមិនត្រូវកាត់ប្រាក់ខែទេ។ ក្រុមហ៊ុនត្រូវមានបន្ទប់សង្រ្គោះឬកន្លែងបំបៅដោះកូន និងបំបាត់ការរើសអើងសហជីពនៅក្នុងរោងចក្រនោះ។
លោក កាន់ ឆេងកើត តំណាងឲ្យរោងចក្រ Sky High បានមានប្រសាសន៍ខ្លីថា លោកកំពុងតែព្យាយាមដោះស្រាយបញ្ហាខាងលើនេះ ៖ «មិនទាន់ដឹងថាត្រូវដោះស្រាយយ៉ាងម៉េចផង ព្រោះយើងអត់ទាន់បានដោះស្រាយអីចេញផង»។
ប្រភពបានឲ្យដឹងថា តំណាងកម្មករនិងតំណាងរោងចក្រ Sky High នោះ បានជួបដោះស្រាយកាលពីថៃ្ងពុធ ទី២៦ ខែសីហាថ្មីៗនេះ នៅឯក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ុន្តែតំណាងរោងចក្របានបដិសេធចំពោះការទាមទាររបស់កម្មករទាំងនោះ។
មិនអាចទាក់ទងលោក អ៊ុំ មាន ជារដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទេ នៅថៃ្ងព្រហស្បតិ៍ ទី២៧ ខែសីហា ដើម្បីសុំការបញ្ជាក់ជុំវិញការដោះសា្រយវិវាទការងារខាងលើនេះ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា លោកសុំឲ្យតំណាងរោងចក្រនិងតំណាងកម្មករយោគយល់គ្នានៅគ្រាដែលស្ថានការណ៍សេដ្ឋកិច្ចកំពុងតែលំបាក ៖ «អ្វីដែលការស្នើសុំរបស់កម្មករហ្នឹង មាននៅក្នុងច្បាប់ទាំងអស់ គ្រាន់តែឲ្យក្រុមហ៊ុននោះអនុវត្តឡើងវិញទៅបានហើយ»។
កាលពីខែមិថុនាកន្លងទៅ មានការបង្រ្កាបដោយអំពើហិង្សាលើកម្មកររោងចក្រ Sky High នោះរួចម្តងទៅហើយ បណ្តាលឲ្យកម្មករជាច្រើនបានរងរបួសនិងកម្មករ ១៩នាក់ ត្រូវបានឃាត់ខ្លួនរយៈពេលខ្លី ដោយសារតែមានការប្រឈមមុខគ្នារវាងកម្មករនិងសមត្ថកិច្ចនគរបាលនាពេលនោះ។
ប្រភពបានអះអាងថា រហូតមកដល់ពេលនេះ កម្មកររោងចក្រកាត់ដេរចំនួនប្រមាណ ៦៣.០០០នាក់ហើយដែលបាត់បង់ការងារ នៅក្រោយពេលរោងចក្រនានាចំនួន ៧៨ បានបិទទ្វារនិងព្យួរការងារកម្មករដោយសារតែវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោក បើប្រៀបធៀបកាលពីពេលមុន ប្រទេសកម្ពុជាមានកម្លាំងកម្មករសរុបជាង ៣៤០.០០០នាក់ និងរោងចក្រសរុបចំនួន ៥១៩រោងចក្រនៅទូទាំងប្រទេសកម្ពុជានោះ៕