សេចក្ដីប្រកាសព័ត៌មានស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិតស៊ូ (NRC) លើកឡើងថា សមាសភាពដឹកនាំក្រុមប្រឹក្សានេះមានចំនួន៣រូប រួមមានលោក សម រង្ស៊ី ជាប្រធាន មានអ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ ជាអ្នកនាំពាក្យ និងលោក ឆាំ ឆានី អគ្គលេខាធិការសាខាសង្គ្រោះជាតិប្រចាំទ្វីបអឺរ៉ុប ជាប្រធានក្រុមជំនួយការ។
សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា ក្រុមប្រឹក្សានេះ មានគោលដៅនាំយកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស យុត្តិធម៌ និងការពារបូរណភាពទឹកដី ហើយក្រុមប្រឹក្សានេះ នឹងអនុវត្តតាមរដ្ឋធម្មនុញ្ញ និងស្មារតីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស។
អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូលោក គឹម សុខ ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៣មីនាថា ការងារស្នូលរបស់ក្រុមប្រឹក្សាជាតិតស៊ូនៅពេលនេះ គឺការប្រមូលផ្ដុំកម្លាំងអ្នកនយោបាយគ្រប់គណបក្ស និងពលរដ្ឋខ្មែរទូទៅ ដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ ឱ្យងើបទាំងអស់គ្នាតស៊ូរួមគ្នាទាមទារយុត្តិធម៌ និងសេរីភាពមកវិញ។
ដូច្នេះ ក្រុមប្រឹក្សាជាតិតស៊ូ នឹងក្លាយទៅជាកម្លាំងនៃការប្រមូលផ្ដុំអ្នកប្រជាធិបតេយ្យ ដើម្បីសង្គ្រោះជាតិកម្ពុជា ពីជនផ្ដាច់ការ។
— លោក គឹម សុខ
វិទ្យុអាស៊ីសេរីនៅមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសាកសួរជុំវិញរឿងនេះបានទេនៅថ្ងៃទី២៣ ខែមីនា។
លោក សម រង្ស៊ី បានប្រកាសបង្កើតក្រុមប្រឹក្សាជាតិតស៊ូនៅក្នុងសមាជមហាជនសង្គ្រោះជាតិ ដែលរៀបចំនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២២ ខែមីនា។ មេបក្សប្រឆាំងរូបនេះលើកឡើងថា ការបង្កើតក្រុមប្រឹក្សាជាតិនេះ គឺជាយុត្តិសាស្ដ្រថ្មីបន្ថែមទៀត ក្នុងបេសកកម្មសង្គ្រោះកម្ពុជា ចេញពីរបបដឹកនាំត្រកូល «ហ៊ុន»។
លោក សម រង្ស៊ី បន្ថែមថា លោកមិនអាចអត់ទ្រាំនៅស្ងៀមបានឡើយ នៅពេលឃើញពលរដ្ឋភាគច្រើនរស់នៅជួបតែការឈឺចាប់ វេទនា និងក្លាយជាជនរងគ្រោះ ដោយសាររបបដឹកនាំបែបជិះជាន់ និងគាបសង្កត់ ហើយឃើញតែក្រុមបក្ខពួក និងក្រុមអ្នកអែបអបត្រកូលលោក ហ៊ុន សែន ដែលអាចរស់នៅសុខស្រួល ហើយនាំគ្នាអួតសម្ញែងទ្រព្យសម្បត្តិមាសប្រាក់ហូរហែ ដែលបានមកពីអំពើពុករលួយ។
ហ៊ុន សែន ថា ងើបមួយវ៉ៃមួយ ងើបមួយវ៉ៃមួយ គាត់អំណាចពេញដៃ បញ្ជាកងកម្លាំងប្រដាប់អាវុធ ធ្វើបាបរាស្រ្ដតាមចិត្ត។ ដូច្នេះ រាស្ដ្រក្នុងប្រទេស មិនអាចនិយាយអីបាន មិនអាចធ្វើអីបាន។ អ៊ីចឹង ជាកាតព្វកិច្ចរបស់ជនជាតិខ្មែរ ដែលរស់នៅក្រៅប្រទេស ដែលយើងមានសេរីភាព ហ៊ាននិយាយ ហ៊ានតវ៉ា ហ៊ានរៀបចំការតស៊ូ យើងត្រូវតែចេញមុខជំនួសប្រជារាស្ដ្រខ្មែរ ដែលគ្នាមិនអាចធ្វើអីបាន។
— លោក សម រង្ស៊ី
លោក សម រង្ស៊ី បញ្ជាក់ថា ក្រុមប្រឹក្សាជាតិតស៊ូ នឹងមានសមាជិកសមាជិកា ទាំងនៅក្នុងប្រទេសកម្ពុជា រួមទាំងក្នុងជួរគណបក្សកាន់អំណាច និងពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសនៅទូទាំងពិភពលោក។ លោកជឿជាក់ថា នៅពេលណាមួយ ពលរដ្ឋខ្មែរងើបឡើងតស៊ូទាំងអស់គ្នា ដើម្បីដណ្ដើមយកប្រទេសកម្ពុជាមកដាក់ជាសម្បត្តិរួមវិញ ខណៈបច្ចុប្បន្នកំពុងក្លាយជារបស់កម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមគ្រួសារត្រកូល «ហ៊ុន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
