លោក រ៉ុង ឈុន៖ បើសាលាឧទ្ធរណ៍ឈរលើស្មារតីយុត្តិធម៌ លោកនឹងអាចធ្វើនយោបាយឡើងវិញ

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថា ប្រសិនបើសាលាឧទ្ធរណ៍ឈរលើស្មារតីឯករាជ្យ និងវិជ្ជាជីវៈ លោកនឹងទទួលបាននីតិសម្បទា ឬធ្វើនយោបាយឡើងវិញ។ មន្ត្រីសង្គមស៊ីវិលថា ការផ្ដល់យុត្តិធម៌ជូនលោក រ៉ុង ឈុន នឹងផ្ដល់ប្រយោជន៍ច្រើនដល់កម្ពុជា។

លោក រ៉ុង ឈុន ប្រកាន់​ជំហរ​ថា នឹង​ចូលរួម​សវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា​ខាង​មុខ ស្តីពី​សំណុំ​រឿង «​ផ្តល់​នីតិសម្បទា​ឡើង​វិញ​» ក្រោយ​ពី​លោក​បាន​ចេញ​ពី​ពន្ធនាគារ​ជាង​៣​ឆ្នាំ​កន្លង​មក​នេះ។

លោក​ រ៉ុង ឈុន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ថា ប្រសិន​បើ​តុលាការ​ផ្ដល់​នីតិសម្បទា​ឡើង​វិញ លោក​នឹង​មាន​ឱកាស​ធ្វើ​នយោបាយ ឬ​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ។ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​តុលាការ​មិន​បាន​ផ្ដល់​យុត្តិធម៌​ឱ្យ​លោក​ទេ គឺ​លោក​ត្រូវ​រង់ចាំ​ទៅ​ដល់​ចុង​ឆ្នាំ​២០២៦ ទើប​ទទួល​បាន​នីតិសម្បទា ឬ​មាន​សិទ្ធិ​ពេញលេញ​ដូច​ពលរដ្ឋ​ទូទៅ​ដោយ​ស្វ័យប្រវត្តិ។

ប៉ុន្តែ​បើសិនជា​តុលាការ​មិន​ឈរ​លើ​វិជ្ជាជីវៈ​ មិន​ឈរ​លើ​ភាព​ឯករាជ្យ​ទទួល​​ឥទ្ធិពល​នយោបាយ​យើង​មើលឃើញ​ថា មាន​សង្ឃឹម​តិចទូច​បំផុត។

—  លោក រ៉ុង ឈុន

សវនាការ​ផ្តល់​នីតិសម្បទា​ជូន​លោក រ៉ុង ឈុន នៅ​ពេល​ខាង​មុខ​នេះ ទាក់ទង​សំណុំ​រឿង «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​សេចក្ដី​ថ្លែងការណ៍​អំពី​បញ្ហា​កសិករ​ខ្មែរ ដែល​បាត់​បង់​ដីធ្លី​នៅ​ក្បែរ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ទៅ​​ឱ្យប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​២០២១។ តាម​នីតិវិធី​ នៅ​ពេល​ជន​ណា​ម្នាក់​ចេញ​ពី​ពន្ធនាគារ គឺ​មិន​ទាន់​អាច​ មានសិទ្ធិគ្រប់គ្រាន់​ដើម្បី​ធ្វើ​នយោបាយ​ឡើយ។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា បាន​សង្កេត​ឃើញ​ថា លោក រ៉ុង ឈុន ទំនង​មិន​ទទួល​ផល​ជា​វិជ្ជមាន​ឡើយ ខណៈ​វិបត្តិ​នយោបាយ​មិន​ទាន់​មាន​ដំណោះស្រាយ។ ទោះយ៉ាងណា មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ចង់​ឃើញ​តុលាការ​សម្រេច​ក្ដី​ឈរ​លើ​គោលការណ៍​យុត្តិធម៌ ផ្អែក​លើ​ទង្វើ​របស់​លោក រ៉ុង ឈុន ដែល​លោក​បាន​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍ជាតិ។

និយាយ​ទៅ​លំបាក ស្ថានភាព​ហ្នឹងតែ​ម្ដង មិន​ទាន់​មាន​ដំណោះស្រាយ​រួម​សម្រាប់​កម្ពុជា​ទេ ការ​អនុវត្ត​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តែងតែ​មាន​ការ​លំបាក​។

—  លោក រស់ សុដ្ឋា

កាល​ពី​សប្ដាហ៍​មុន សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំរឿង​របស់​លោក រ៉ុង ឈុន ពីបទ​មិន​រាងចាលនៅ​ក្នុង​សំណុំ​រឿង​ញុះញង់​ដែល​តុលាការ​គ្រោង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា ខាង​មុខ។ តុលាការ​ក៏​ទើប​ចេញ​ដីកា​បង្ខំ​ឱ្យលោក រ៉ុង ឈុន ​លក់​ផ្ទះ ដើម្បី​សង​ជំងឺ​ចិត្ត​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចំនួន​១០​ម៉ឺន​ដុល្លារ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។