ក្រសួងព័ត៌មានបានបង្ហោះលើហ្វេសប៊ុកថា អាជ្ញាធរកម្ពុជានៅតាមព្រំដែនជាប់ជាមួយប្រទេសថៃ បានចាប់ផ្ដើមទាញរបងព្រំដែនបិទមិនឱ្យមានការនាំចូលបន្លែនិងផ្លែឈើពីប្រទេសថៃ ចាប់ពីម៉ោង០៩ព្រឹកថ្ងៃទី១៧ខែមិថុនាទៅ ក្រោយការដាក់ឱសានវាទរយៈពេល២៤ម៉ោងត្រូវបានបញ្ចប់។
វិធានការនេះក្រោយពីយោធាថៃបានសម្រេចបិទព្រំដែនដោយឯកតោភាគី និងបន្ថយម៉ោងចេញចូលច្រកទ្វារខ្លះ។
នៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជានៅថ្ងៃទី១៧ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជានឹងបើកព្រំដែនឱ្យនាំចូលបន្លែនិងផ្លែពីថៃវិញ ប្រសិនបើក្រុមយោធាថៃបើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ឱ្យដំណើរការធម្មតាវិញ ដូចនៅមុនថ្ងៃទី៧ខែមិថុនា គឺពីម៉ោង៦ព្រឹករហូតទៅដល់ម៉ោង១០យប់។ លោកបានបញ្ជាក់ទៀតថា ទាល់តែក្រុមយោធាថៃបើកដំណើរការព្រំដែនដូចដើម ទើបអាចមកចរចាជាមួយកម្ពុជារឿងកែសម្រួលកងទ័ពតាមក្រោយ ហើយកម្ពុជាក៏មិនទទួលយកការចរចាពីភាគីថៃដើម្បីបើកព្រំដែននោះដែរ។
អ៊ីចឹង បើសិនភាគីថៃមានសុឆន្ទៈពិតប្រាកដ ចង់ (ចរចា) កែសម្រួលកងទ័ពទាំងសងខាង កម្ពុជាអត់ស្រលាញ់សង្គ្រាមទេ។ (ថៃ) ត្រូវបង្ហាញសុឆន្ទៈមុនសិន បង្ហាញនូវភាពបុរេលក្ខខណ្ឌរបស់យើង គឺព្រំដែនត្រូវបើកទាំងសងខាងទៅលក្ខខណ្ឌដូចដើមវិញ ចាំយើងនិយាយពីរឿងកងទ័ព នេះគឺជាគោលការណ៍ជាក់ស្ដែង។ ហើយដើម្បីឱ្យព្រំដែនបើកធម្មតាវិញ មិនបាច់ចរចាគ្នា គឺសុំឱ្យកងទ័ពថៃបើកទៅ ព្រោះបិទ បិទតែខ្លួនឯង បើកតែខ្លួនឯងទៅ កម្ពុជានឹងឆ្លើយតបទៅវិញ។
— លោក ហ៊ុន ម៉ាណែត
កាលពីថ្ងៃទី១៦ខែមិថុនា ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ក៏បានព្រមានថា កម្ពុជាអាចនឹងហាមឃាត់ការនាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃបន្ថែមទៀត ខណៈលោកបានអំពាវនាវឱ្យក្រុមឧកញ៉ានិងអ្នកមានទ្រព្យសម្បត្តិច្រើន ជួយនាំគ្នាទិញបន្លែនិងផ្លែឈើពីកសិករខ្មែរ ដែលមិនអាចនាំចេញទៅលក់ក្នុងប្រទេសថៃ ដើម្បីយកទៅចែកឱ្យក្រុមកងទ័ពប្រចាំការនៅតាមព្រំដែន ឧបត្ថម្ភទៅមន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រាជាដើម។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឃឹម ហ្វីណង់ បានបង្ហោះលើទំព័រហ្វេសប៊ុកដែរថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់នូវបន្លែ និងផ្លែឈើ ដើម្បីជំនួសការនាំចូលពីប្រទេសខាងក្រៅ។
ក្រោយពីភាគីខ្មែរបិទការនាំចូលបន្លែនិងផ្លែឈើពីប្រទេសថៃ ក្រុមយោធាថៃ ក៏បានសេចក្ដីសម្រេចហាមឃាត់មិនឱ្យជនជាតិថៃចូលមកធ្វើការនៅកាស៊ីណូនៅក្នុងខេត្តប៉ោយប៉ែតឡើយ។
ចំណែកមេបញ្ជាការកងទ័ពថៃនៅភូមិភាគទី២បានលើកឡើងថា ថៃនឹងដាក់សំណើសុំកាត់បន្ថយចំនួនកងទ័ពដែលដាក់ពង្រាយតាមព្រំដែន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ ដែល គ្រោងធ្វើឡើងនៅថ្ងៃទី២៧ដល់ថ្ងៃទី២៨ខែមិថុនា។
ទោះជាយ៉ាងណា ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានជាថ្មីនៅថ្ងៃទី១៧ខែមិថុនា បង្ហាញការសោកស្ដាយដែលភាគីថៃមិនគោរពកិច្ចព្រមព្រៀង និងបានបង្កើនការធ្វើសកម្មភាពរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០។
ក្រសួងការពារជាតិបានបញ្ជាក់ថា កងទ័ពថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើននិងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
អាជ្ញាធរខេត្តនៅតាមព្រំដែនកម្ពុជានិងថៃ ដូចជានៅខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារ បានប្រកាសនៅលើហ្វេសប៊ុកថា មានពលរដ្ឋរាប់រយគ្រួសារ ត្រូវបានជម្លៀសចេញពីតំបន់ប្រឈមសមរភូមិមុខ ទៅកាន់កន្លែងសុវត្ថិភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្រមានថា ប្រសិនបើយោធាថៃបង្កឱ្យមានការផ្ទុះអាវុធជាថ្មី នៅតំបន់ព្រំដែនផ្សេងទៀត គឺតំបន់នោះ នឹងត្រូវដាក់បញ្ជូនបន្ថែម ដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។