ច្បាប់ធម្មនុញ្ញសម្រាប់ដកសញ្ជាតិខ្មែរ ត្រូវបានព្រះមហាក្សត្រយល់ព្រមដាក់ឱ្យអនុវត្ត បន្ទាប់ពីរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាបានប្រើពេលមិនដល់មួយខែក្នុងការធ្វើវិសោធកម្ម តាមបញ្ជារបស់ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន។
អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែកក្កដាថា ច្បាប់ដកសញ្ជាតិខ្មែរនេះ នឹងត្រូវបានប្រើប្រាស់ជាឧបករណ៍រឹតត្បិតសិទ្ធិសេរីភាពបន្ថែមទៀត លើពលរដ្ឋ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកនយោបាយប្រឆាំង កុំឱ្យរិះគន់ដល់ការដឹកនាំបែបជិះជាន់របស់ត្រកូល «ហ៊ុន»។
ខ្ញុំយល់ថា ច្បាប់នេះគឺជាការធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង ពលរដ្ឋខ្មែរ សង្គមស៊ីវិល យុវជនបរិស្ថានជាដើម។ យើងដឹងហើយកន្លងមក មានការចោទមកលើយុវជនបរិស្ថាន៥នាក់ ថាជាជនក្បត់ជាតិ ហើយលោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ថាជាជនក្បត់ជាតិ ដូច្នេះ ជនក្បត់ជាតិពិតប្រាកដដូចជាលោក ហ៊ុន សែន កាត់ទឹកដីឱ្យវៀតណាមតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ នឹងមិនត្រូវបានគេដកហូតសញ្ជាតិខ្មែរពីកំណើតនោះទេ។
— លោក អ៊ុំ សំអាន
ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានឡាយព្រះហស្ដលេខាលើព្រះរាជក្រមចុះថ្ងៃទី១៥ ខែកក្កដា ប្រកាសឱ្យប្រើមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញ មានខ្លឹមសារថា «ពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវកំណត់ក្នុងច្បាប់»។
ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ សិក្សាធ្វើវិសោធនកម្មច្បាប់នេះ នៅថ្ងៃទី២៧ ខែមិថុនា និង២សប្ដាហ៍ក្រោយមក រដ្ឋសភាបានបើកកិច្ចប្រជុំនិងអនុម័តនៅថ្ងៃទី១១ ខែកក្កដា និងត្រូវបានព្រឹទ្ធសភាអនុម័តយល់ព្រមនៅថ្ងៃទី១៤ ខែកក្កដា។
លោក ហ៊ុន សែន បានប្រកាសថា ការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ ដើម្បីដកសញ្ជាតិលើពលរដ្ឋខ្មែរណា ដែលគប់គិតជាមួយបរទេសបំផ្លាញខ្មែរ ដែលទំនងលោក ហ៊ុន សែន ចង់សំដៅទៅដល់ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី។
ក្រុមប្រឹក្សាជាតិតស៊ូបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២០ ខែកក្កដា ស្នើព្រះមហាក្សត្រកោះប្រជុំសមាជប្រជាពលរដ្ឋពិសេសមួយ ដើម្បីសួរយោបល់ពលរដ្ឋ ជុំវិញការកែរដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរ ពីព្រោះរដ្ឋសភា និងព្រឹទ្ធសភាកើតចេញពីគណបក្សប្រជាជនកម្ពុជា លែងជាអ្នកតំណាងស្របច្បាប់ឱ្យឆន្ទៈពលរដ្ឋទៀតហើយ។
មន្ត្រីបក្សប្រឆាំង និងពលរដ្ឋនៅក្រៅប្រទេសបានអះអាងថា បើទោះជាលោក ហ៊ុន សែន ចង់ដកសញ្ជាតិខ្មែរពីកំណើតក្ដី ក៏ពួកគេមិនចុះញ៉មឡើយ ហើយនៅតែធ្វើសកម្មភាពរឹតតែខ្លាំងបន្ថែមទៀត ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនិងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ ជាមួយគ្នានេះ ពលរដ្ឋរស់នៅប្រទេសកូរ៉េខាងត្បូង គ្រោងលើកគ្នាធ្វើបាតុកម្មជាថ្មីនៅចុងខែកក្កដានេះ ដើម្បីប្រឆាំងនឹងច្បាប់ដកសញ្ជាតិរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។