ប្រធានរដ្ឋសភាជាតួនាទីសំខាន់ ជាអ្នកគ្រប់គ្រងអំណាចធំមួយរបស់រដ្ឋ គឺជាមេដឹកនាំក្រុមអ្នកតំណាងរាស្ត្រ ដែលទទួលបានអំណាចពីពលរដ្ឋ ដើម្បីបំពេញការងារបម្រើពលរដ្ឋ។
ជាអកុសលនៅប៉ុន្មានអាណត្តិចុងក្រោយនេះកម្ពុជាមិនធ្លាប់មានប្រធានរដ្ឋសភា ដែលអាចបំពេញការងារ ដោយឯករាជ្យពីអំណាចនីតិប្រតិបត្តិ ឬពីមេដឹកនាំរដ្ឋាភិបាល ដែលជាប្រធានគណបក្សកាន់អំណាចផងនោះទេ។
ប្រធានសភាជាស្ត្រីដំបូងបង្អស់ អ្នកស្រី ឃួន សុដារី មិនអាចធ្វើអ្វីបានតាមមុខតំណែង និងអំណាចដែលអ្នកស្រីមានទេ ក្រៅតែពីបន្តបម្រើបក្ស ដែលបានឱ្យតំណែងអ្នកស្រី។
ប្រធានរដ្ឋសភាបម្រើបក្ស ហើយមើលរំលងបញ្ហាទុក្ខលំបាករបស់ពលរដ្ឋម្ចាស់ឆ្នោតជាឃ្លា ដែលអាចពណ៌នាការងាររបស់អ្នកស្រី ឃួន សុដារី នៅក្នុងរយៈពេលជិតមួយឆ្នាំនៃការឡើងកាន់តំណែងជាប្រធានរដ្ឋសភា។
ការងារបម្រើបក្សនេះអ្នកស្រី ឃួន សុដារី មិនមែនទើបតែធ្វើនៅពេលនេះទេគឺតាំងពីអ្នកស្រីនៅជាតំណាងរាស្ត្រ និង អនុប្រធានទី២រដ្ឋសភា។ លោកស្រី ឃួន សុដារី ក៏ជាមន្ត្រីជាន់ខ្ពស់នៅកាកបាទក្រហមកម្ពុជាជាអ្នកដែលនៅកៀកដៃ ប្រធានស្ថាប័ននេះ អ្នកស្រី ប៊ុន រ៉ានី ភរិយាលោក ហ៊ុន សែន ថែមទៀត។

នេះសបញ្ជាក់ថា ប្រសិនបើអ្នកស្រីមិនបានស្ម័គ្រស្មោះជាមួយគ្រួសារលោក នាយករដ្ឋមន្ត្រី ហើយមិនឆ្អិនឆ្អៅតែបម្រើបក្សតែម្យ៉ាងក៏ទំនងថាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន មិនសូវទុកចិត្តឱ្យតំណែងជាប្រធានរដ្ឋសភាដែរ។
ប្រធានចលនាខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ដែលធ្លាប់ជាតំណាងរាស្ត្រ ជាសមាជិកនៅក្នុងគណៈកម្មការទី៨ រដ្ឋសភា ឱ្យដឹងថា តាំងពីដើមមកអ្នកស្រីកម្រឃើញអ្នកស្រី ឃួន សុដារី យកចិត្តទុកដាក់បញ្ហាពលរដ្ឋជាពិសេសបញ្ហារបស់ស្ត្រី ក្រៅពីផ្ដោតលើការងារគណបក្សជាសំខាន់។
អ្នកស្រី មូរ សុខហួរ៖ «គាត់ធ្វើមុនគេគឺគាត់ធ្វើកិច្ចការនៃគណបក្ស។ គាត់ការពារគោលនយោបាយគណបក្ស ហើយគាត់ចុះមូលដ្ឋានគាត់ទៅនិយាយតែពីរឿងគណបក្ស អត់មានចុះទៅដោះស្រាយបញ្ហាពលរដ្ឋទេ»។
ពីអ្នកសារព័ត៌មានទៅជាប្រធានសភាស្ត្រីលើកដំបូង
អ្នកស្រី ឃួន សុដារី កើតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៥២ នៅស្រុកសង្កែ ខេត្តបាត់ដំបង។ អ្នកស្រីបានបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីឆ្នាំ១៩៧០ និងបរិញ្ញាប័ត្រសារព័ត៌មានពីប្រទេសហុងគ្រី (Hungary) កាលពីឆ្នាំ១៩៨០។ អ្នកស្រីធ្លាប់ប្រកបរបរជាអ្នកសារព័ត៌មាន និងបានកាន់តំណែងជានិពន្ធនាយក កាលពីឆ្នាំ១៩៨៧ នៅសារព័ត៌មានប្រជាជន ដែលត្រូវគេបង្កើតឡើងកាលពីឆ្នាំ១៩៨៥ ជាកាសែតដែលគេស្គាល់ថា មានមេដឹកនាំជាស្ត្រី។ មកដល់វ័យ៧២ឆ្នាំនេះ អ្នកស្រីមិនធ្លាប់រៀបការ ឬមានកូនទេ។
អ្នកស្រីបានចូលជាសមាជិកគណៈកម្មាធិការកាកបាទក្រហមកម្ពុជា របស់អ្នកស្រី ប៊ុន រ៉ានី កាលពីឆ្នាំ២០០២។ អ្នកស្រីក៏ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ឬសមាជិកការិយាល័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយបានឈរឈ្មោះតំណាងរាស្ត្រមណ្ឌលកណ្ដាល បន្ទាប់មកបានធ្វើជាអនុប្រធានទី២រដ្ឋសភា នៅមុនពេលឡើងជាប្រធានរដ្ឋសភា។
អ្នកស្រីបានថ្លែងនៅថ្ងៃប្រជុំសភាលើកដំបូងនៃរដ្ឋសភានីតិកាលទី៧ថា នឹងបំពេញការងារក្នុងនាមជាតំណាងពលរដ្ឋ ដោយមិនបានរំឭកសូម្បីមួយម៉ាត់ថាបម្រើតែបក្សនោះទេ។
អ្នកស្រី ឃួន សុដារី៖ «ខ្ញុំម្ចាស់ ខ្ញុំសូមប្រកាសជាឱឡារិកនាពេលនេះថា យើងខ្ញុំនឹងខិតខំបំពេញនូវបេសកកម្មដ៏ឧដុង្គឧត្ដម ក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរ ដោយសហការឱ្យបានជាមួយគ្រប់ស្ថាប័នជាតិ ជាអាទិ៍ស្ថាប័ននីតិប្រតិបត្តិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាតិមាតុភូមិជានិច្ចនិរន្តតទៅ»។
មើលរំលងបញ្ហាស្ត្រីនៅក្បែរច្រមុះ
ក្នុងពេលបំពេញការងារជិត១ឆ្នាំមកនេះ អ្នកស្រី ឃួន សុដារី បានជួបមន្ត្រីបរទេសជាច្រើន បានចេញទៅក្រៅប្រទេសចូលរួមកិច្ចប្រជុំរាប់មិនអស់ និងចុះជួបពលរដ្ឋតាមខេត្តពង្រឹងការងារគណបក្សសម្រាប់ការបោះឆ្នោតមូលដ្ឋាន ប៉ុន្តែអ្នកស្រីបែរជាមិនដែលនិយាយអ្វីសោះការតវ៉ារបស់កូដករនៅបនល្បែងណាហ្គាវើលដ៍ ដែលនៅជាប់របងគ្នានឹងរដ្ឋសភា ទោះបីជាកូដករ ដែលភាគច្រើនជាស្ត្រីត្រូវអាជ្ញាធរវាយដំច្រំធាក់ ដោយគ្មានអាសូរមិនថាស្ត្រីខ្លួនមួយ ឬមានផ្ទៃពោះ ហើយថែមទាំងចាប់ពួកគេដាក់ពន្ធនាគារទាំងគ្មានកំហុស។ ក្រុមកូដករ ដែលបារម្ភថាប្រធានរដ្ឋសភាមិនដឹងរឿងបាននាំគ្នាដាក់ញត្តិជាច្រើនដងទៅរដ្ឋសភាឱ្យបើកភ្នែកបើកត្រចៀក ជួយដឹងឮបញ្ហាពួកគាត់ ប៉ុន្តែមិនបានលទ្ធផលទេ។
កូដករណាហ្គាវើលដ៏ម្នាក់ លោកស្រី សុខ រតនា ដែលរលូតកូនដោយសារអំពើហិង្សារបស់អាជ្ញាធររៀបរាប់ថា នាងឈឺចាប់នឹងអយុត្តិធម៌ ដែលអាជ្ញាធរពាក់ព័ន្ធផ្ដល់ឱ្យកូដករណាហ្គាវើលដ៍។ នាងចោទសួរថា ហេតុអ្វីអាជ្ញាធរប្រទេសនេះគ្រប់ជាន់ថ្នាក់មិនដោះស្រាយបញ្ហាពលរដ្ឋ បែរជាលាបពណ៌ចោទពលរដ្ឋថាបម្រើបរទេស ជាក្រុមបដិវត្តពណ៌ទៅវិញ។
លោកស្រី សុខ រតនា៖ «សង្គមនេះខ្ញុំគិតថាឱ្យតែមានបញ្ហាយើងងើបតវ៉ាអីមួយគឺគេតែងលាបពណ៌យើងថា យើងស៊ីឈ្នួលជនបរទេសខាងក្រៅអីបែបហ្នឹង។ ជាផ្នត់គំនិតមួយដែលពួកគាត់គិតថាឱ្យតែមានភាពអយុត្តិធម៌ គាត់មិនគិតថារកវិធីអីដោះស្រាយ សួរពួកខ្ញុំឱ្យដល់ៗកន្លែង កុំដើរលាបពណ៌ពួកខ្ញុំអ៊ីចឹង។ ក្នុងនាមខ្លួនឯងជាមន្ត្រី ជាអាជ្ញាធរក្នុងក្របខណ្ឌរដ្ឋ យើងអត់គួរដើរលាបពណ៌ជនរងគ្រោះអ៊ីចឹងទេ យើងត្រូវស៊ើបសួរថា មានរឿងអី ហេតុអ្វីបានមានរឿងហ្នឹងកើតឡើង។ រកខុសរកត្រូវឱ្យពលរដ្ឋ ឱ្យគាត់មានការសប្បាយចិត្ត»។
អ្នកស្រី ឃួន សុដារី ដែលមានប្រវត្តិជាអ្នកសារព័ត៌មានប្រាកដជាបានដឹងរឿងនេះ ប៉ុន្តែបើទោះជាអ្នកស្រីមានអំណាចជាប្រធានរដ្ឋសភា ដែលមានកម្រិតស្មើមុខមាត់នឹងប្រមុខរដ្ឋាភិបាលក៏ដោយ ក៏មិនដែលហ៊ានក្អកនឹងអំណាចលោក ហ៊ុន សែន ឡើយ។
កាលលោក ហ៊ុន សែន ប្រកាសផ្ដល់តំណែងប្រធានរដ្ឋសភាឱ្យអ្នកស្រី ឃួន សុដារី បុរសខ្លាំងរូបនេះក៏មិនភ្លេចបង្ហាញឥទ្ធិពលរបស់លោកដែរ ថា លោកអាចគ្រប់គ្រងបានទាំងមន្ត្រីគ្រាក់ៗផ្ទៃក្នុងបក្ស ប្រធានរដ្ឋសភាថ្មី និងការរិះគន់តាមបណ្ដាញសារព័ត៌មានផង។
លោក ហ៊ុន សែន៖ «លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី ២ នៃរដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភានាពេលខាងមុខ ដែលជាការអនុវត្តលើកកម្ពស់តួនាទីរបស់ស្ត្រី។ ឯកឧត្តម ជាម យៀប នៅជាអនុប្រធានទី១ ដដែល និងឯកឧត្តម វង សូត ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងក្លាយទៅជាអនុប្រធានទី២ នៃរដ្ឋសភា។ អស់លោកគួរតែស្វះស្វែង ដើម្បីនឹងរកការពិចារណា ជាជាងអ្វីៗសុទ្ធតែជាទំនាស់ផ្ទៃក្នុងរបស់គណបក្សប្រជាជន។ សូមវិទ្យុអាស៊ីសេរី ក៏ដូចជាវិទ្យុជនបរទេសនិយាយភាសាខ្មែរដទៃទៀតចងចាំឱ្យបានថា គណបក្សប្រជាជនគ្មានទម្លាប់ឈ្លោះដណ្ដើមអំណាចគ្នា»។
អ្នកស្រី ឃួន សុដារី ជាស្ត្រីមានសមត្ថភាព ដែលអាចបំពេញតួនាទីរបស់អ្នកស្រីបានល្អ និងមានប្រសិទ្ធភាពបម្រើពលរដ្ឋជាពិសេសស្ត្រី ប្រសិនបើអ្នកស្រីហ៊ានប្រើប្រាស់សេរីភាពពេញលេញរបស់អ្នកស្រីក្នុងនាមប្រធានរដ្ឋសភា និងឯករាជ្យចេញពីប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ លោក ហ៊ុន សែន។
អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល (COMFREL) អ្នកស្រី សឺន កេតសេរីលក្ខណ៍ មានប្រសាសន៍ថា ជាទម្លាប់ច្រើនទសវត្សរ៍មន្ត្រីក្នុងតំណែង ជាពិសេសតំណែងនយោបាយមិនអាចបំពេញតួនាទីបានដោយឯករាជ្យ ដែលធ្វើឱ្យអ្នកខាតប្រយោជន៍គឺជាតិ និងពលរដ្ឋ។
អ្នកស្រី សឺន កេតសេរីលក្ខណ៍៖ «នៅពេលដែលគាត់ដើរតួនាទីជាប្រធានរដ្ឋសភាហើយហ្នឹងគឺអនុញ្ញាតឱ្យគាត់រយៈពេល៥ឆ្នាំ នៃអាណត្តិនីតិកាលទី៧ហ្នឹងឱ្យគាត់ធ្វើការបានពេញលេញ ផ្ដាច់ខ្លួនឱ្យជ្រះស្រឡះពីគណបក្សរបស់គាត់ មិនស្ថិតនៅក្រោមគំនាប ឬក៏ការចង្អុលបង្ហាញពីមេបក្សអស់ហ្នឹងទើបគាត់អាចធ្វើការងារឯករាជ្យ ហើយមានប្រសិទ្ធភាព។ អ៊ីចឹងវាជារឿងមួយលំបាកសម្រាប់អ្នកជាប់ឆ្នោតទាំងអស់នោះដែរ និងក្នុងនាមគាត់ជាប្រធានរដ្ឋសភា»។
រយៈពេលជិតមួយឆ្នាំមកនេះក្រុមអង្គការស្ត្រីក្នុងស្រុកភាគច្រើនមិនទាន់មានឱកាសសូម្បីបានចូលជួបជជែកជាមួយប្រធានសភានៅឡើយទេ បើទោះជាពួកគេបានដាក់លិខិតស្នើក្ដី។ ពួកគេបានចម្លើយយ៉ាងខ្លីថា ប្រធានរដ្ឋសភាពុំមានពេលព្រោះជាប់រវល់ប្រជុំ និងចេញទៅក្រៅប្រទេសញឹកញាប់។ ទោះជាយ៉ាងណាក្រុមអង្គការសង្គមស៊ីវិលមិនបោះបង់ឱកាសដាក់សំណើ ដើម្បីបានចូលជួបប្រធានសភា អ្នកស្រី ឃួន សុដារី ទេ ព្រោះពួកគេនៅតែមានសង្ឃឹមថា ស្ត្រីជាប្រធានរដ្ឋសភាអាចនឹងយកចិត្តទុកដាក់បញ្ហារបស់ស្ត្រីបានគ្រាន់បើជាងបុរស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។