រយៈពេលជាច្រើនខែមកនេះ មានស្ត្រីមួយក្រុមតែងប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃសុក្រ នៅមុខតុលាការ និងតាមទីតាំងមួយចំនួនទៀត ដោយមានកាន់រូបថតជនជាប់ឃុំនយោបាយ និងស្រែកទាមទាររកយុត្តិធម៌។ ពួកគាត់ធ្វើសកម្មភាពអហិង្សាបែបនេះជាប្រចាំ ដើម្បីរកយុត្តិធម៌ជូនគ្រួសារដែលកំពុងជាប់ឃុំដោយអយុត្តិធម៌។ ក្នុងចំណោមពួកគាត់ទាំងនោះ មានស្ត្រីម្នាក់ដែលហាក់លេចធ្លោជាងគេ ដោយសារគាត់ហ៊ាននិយាយរិះគន់អាជ្ញាធរឥតសំចៃមាត់ នោះគឺលោកស្រី ព្រុំ ចាន់ថា។ លោកស្រីក៏ហាក់រងគ្រោះជាងគេដែរ ពីព្រោះទាំងប្តី និងកូនប្រុសលោកស្រីដែលមិនទាន់គ្រប់អាយុ សុទ្ធតែត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ។

លោកស្រី ព្រុំ ចាន់ថា គឺជាប្រពន្ធរបស់លោក កាក់ កុម្ភារ ដែលជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញរបស់គណបក្សសង្គ្រោះជាតិ។
លោកស្រីជាកូនស្រីទោលនៅក្នុងគ្រួសារកសិករក្រីក្រមួយស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកលោកស្រីបានស្លាប់ចោលគ្រួសារ តាំងពីលោកស្រីមានអាយុ៧ឆ្នាំ។ ស្ត្រីមាឌធំដំបងសម្បុរស្រអែមរូបនេះ បានមករស់នៅរាជធានីភ្នំពេញជាមួយគ្រួសាររបស់គាត់ជាង១០ ឆ្នាំហើយ។ អំឡុងពេលមករស់នៅក្រុងភ្នំពេញនោះលោកស្រីធ្វើការនៅតាមភោជនីយដ្ឋានជាច្រើនកន្លែង ដើម្បីជួយរកប្រាក់ចំណូលដោះស្រាយក្នុងជីវភាពគ្រួសារ។ ស្ត្រីវ័យ ៤៤ ឆ្នាំរូបនេះ ចាប់ផ្ដើមចូលរួមតស៊ូមតិក្រោយពេលអាជ្ញាធររបបក្រុងភ្នំពេញចាប់លោក កាក់ កុម្ភារ ដាក់ពន្ធនាគារកាលពីខែឧសភា ឆ្នាំ២០២០ ដោយលោកស្រីមើលឃើញថា ការចាប់ខ្លួនប្តីលោកស្រីនេះជារឿងអយុត្តិធម៌មិនអាចទទួលយកបាន ព្រោះគាត់មិនបានប្រព្រឹត្តខុសច្បាប់អ្វីនោះឡើយ។
លោកស្រី ព្រុំ ចាន់ថា រៀបរាប់ថា លោកស្រីឈឺចាប់កាន់តែខ្លាំងនៅពេលសមត្ថកិច្ចចាប់ខ្លួនកូនប្រុស កាក់ សុវណ្ណឆ័យ ដែលជាក្មេងមានសតិមិនគ្រប់យកទៅដាក់ពន្ធនាគារ។ លោកស្រីចាត់ទុកទង្វើរបស់អាជ្ញាធរមកលើគ្រួសាររបស់លោកស្រីនេះថា ជាការធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយ ដើម្បីផ្គាប់ចិត្តលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យបានបន្តអំណាចទៅមុខទៀត៖ «ដល់ពេលអីចឹងទោះយ៉ាងណាក៏ដោយក៏ខ្ញុំត្រូវតស៊ូទៅមុខទៀតដែរ ហើយបើទោះជាខ្ញុំចុះញ៉មឬក៏ខ្ញុំទៅសារភាពកំហុស ឬក៏ឱ្យប្ដីខ្ញុំសារភាពអីទៅក៏ខ្ញុំមិនដឹងជាធ្វើបែបម៉េចទេដោយសារវាអត់មានកំហុស។ ព្រោះគោលជំហររបស់ខ្ញុំនៅលើដីខ្ញុំ ខ្ញុំមានសិទ្ធិការនិយាយស្ដីនិងតវ៉ា រួចដល់ពេលគ្រួសារខ្ញុំអត់មានកំហុសផងចាប់គាត់យកទៅអីចឹងមិនដឹងថាខ្ញុំទៅសារភាពរបៀបម៉េចទេ ព្រោះវាខុសពីឆន្ទៈនិងគោលជំហររបស់ខ្ញុំ»។
បច្ចុប្បន្នលោកស្រី ព្រុំ ចាន់ថា មិនបានទៅធ្វើការងារអ្វីនោះទេ ព្រោះត្រូវមើលថែម្ដាយអាយុ ៨៦ ឆ្នាំដែលមានជំងឺជាច្រើនមុខផង និងចិញ្ចឹមកូនប្រុសអាយុ ១២ឆ្នាំម្នាក់ផង។ លោកស្រីបានលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលបានសន្សំពីមុនមក ដើម្បីចាយវាយប្រចាំថ្ងៃផង និងបែងចែកថវិកាមួយចំនួនផ្គត់ផ្គង់ប្ដីនិងកូននៅក្នុងពន្ធនាគារផង។

ប្ដីរបស់លោកស្រី ព្រុំ ចាន់ថា គឺលោក កាក់ កុម្ភារ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ក្រោមបទចោទរួមគំនិតក្បត់ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ គិតត្រឹមថ្ងៃទី២២ ខែកក្កដា លោកបានជាប់ឃុំក្នុងពន្ធនាគារព្រៃស អស់រយៈពេលជាង ១ឆ្នាំ មកហើយ។ ចំណែកកូនប្រុសរបស់លោកស្រី គឺយុវជន កាក់ សុវណ្ណច្ឆ័យ អាយុ ១៦ឆ្នាំ ក៏ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ដោយជាប់ចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថអ្នករាជការសាធារណៈ ពាក់ព័ន្ធនឹងការនិយាយស្តីក្នុងបណ្ដាញសង្គមតេឡេក្រាម(Telegram)។
លោកស្រី ព្រុំ ចាន់ថា ឱ្យដឹងថា តាំងពីអាជ្ញាធរចាប់ប្ដីនិងកូនប្រុសមក ធ្វើឱ្យលោកស្រីលែងចង់បានអ្វី ក្រៅពីពុះកញ្ជ្រោលចង់ចូលរួមធ្វើសកម្មភាពដើម្បីប្រយោជន៍សង្គមនៅជីវិតចុងក្រោយ។
កន្លងមកលោកស្រីតែងចូលរួមតវ៉ារកយុត្តិធម៌ឱ្យគ្រួសារជាមួយក្រុមស្ត្រីដែលជាប្រពន្ធនិងកូនរបស់ជនជាប់ឃុំនយោបាយនៅមុខសាលាដំបូងក្រុងភ្នំពេញនិងតាមស្ថានទូតប្រទេសប្រជាធិបតេយ្យនានា ព្រមទាំងស្ថាប័នអន្តរជាតិនៅរាជធានីភ្នំពេញជាបន្តបន្ទាប់។ លោកស្រីតែងតែត្រូវបានកងសន្តិសុខនៅរាជធានីភ្នំពេញបង្ក្រាបដោយហិង្សាបណ្ដាលឱ្យរបួសនៅលើរាងកាយជាច្រើនលើកច្រើនសារ។
លោកស្រី ព្រុំ ចាន់ថា និយាយថា ការតវ៉ាចុងក្រោយនេះកងសន្តិសុខមិនត្រឹមតែប្រើហិង្សានោះទេ ថែមទាំងជេរប្រមាថមកលើលោកស្រីនិងក្រុមស្ត្រីថ្ងៃសុក្រទៀតផង។ ជាងនេះទៅទៀត លោកស្រីឈឺចាប់បំផុត នៅពេលដែលអាជ្ញាធររារាំងលោកស្រីមិនឱ្យចូលស្ដាប់សវនាការរឿងក្តីរបស់កូនប្រុសនាពេលថ្មីៗនេះ៖ «ខ្ញុំសុំគេចូលគេអត់ឱ្យខ្ញុំចូល មេធាវីគាត់មកជិតខ្ញុំ គាត់ថា ចាំគាត់សុំតុលាការនិងសុំចៅក្រមឱ្យ ដល់ពេលហើយទៅសុំគាត់អត់ឱ្យខ្ញុំចូលទេ។ ដល់ពេលគេដឹកកូនខ្ញុំមកចូលតុលាការ ដល់ពេលគេទយឡានចេញមកវិញ ខ្ញុំរត់តាមកូន វាអាណោចអាធម្មណាស់កូនខ្ញុំលាដៃមកខ្ញុំ ហើយក្បាលឡើងត្រងោល។ ខ្ញុំឃើញអីចឹងខ្ញុំឈឺចាប់ណាស់ ព្រោះកូនខ្ញុំទោះខ្ញុំក្រលំបាកយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនដែលឱ្យកូនខ្ញុំដើររើសអេតចាយ ឬក៏ទៅធ្វើការអីខុសច្បាប់អត់មានទេ»។

អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះទេនៅថ្ងៃទី២២ ខែកក្កដា។
ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា អាជ្ញាធរហាមឃាត់ក្រុមស្ត្រីបក្សប្រឆាំងមិនឱ្យតវ៉ានេះ គឺជារឿងត្រឹមត្រូវ ហើយការតវ៉ានេះលោកថា មិនមែនធ្វើឡើងដោយសារពួកគាត់ឈឺចាប់អ្វីនោះទេ។ លោកចោទថា ក្រុមស្ត្រីទាំងនោះស៊ីឈ្នួលតវ៉ាឱ្យបក្សប្រឆាំង ដើម្បីបង្ខូចឈ្មោះរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៖ «អីចេះតែធ្វើតាមគេទៅរហូតទៅដល់លង់ខ្លួនធ្លាក់ទៅក្នុងអន្ទាក់ច្បាប់ដែលត្រូវទទួលទោសដោយខ្លួនឯង ដោយគ្មានមេកើយមករវីរវល់។ ដោយសារគាត់ចង់បានគេហៅថា វីរភាព ជាវីរជនបានវីរជននៅក្នុងគុក ឬបានវីរជនលំបាកអីចឹងហើយ គាត់ជាមោទនភាពរបស់គាត់ហើយ អានេះតាមគាត់យល់នោះ អីចឹងមិនឥតប្រយោជន៍ទេ»។
ទោះជាយ៉ាងណា ប្រពន្ធសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ លោកស្រី សេង ចាន់ថន ថ្លែងថា ការដែលពួកលោកស្រីតវ៉ានេះ ដោយសារមិនពេញចិត្តចំពោះអាជ្ញាធរចាប់ប្ដីរបស់ពួកលោកស្រីដាក់ពន្ធនាគារដោយអយុត្តិធម៌។ ដូច្នេះលោកស្រីមិនអាចឱបដៃឈរមើលភាពអយុត្តិធម៌បែបនេះ កើតលើគ្រួសារលោកស្រីនោះទេ។ លោកស្រីចាត់ទុកសម្តីរបស់មន្ត្រីជាន់ខ្ពស់របបឯកបក្សនេះថា ជាការប្រមាថលើពួកលោកស្រី និងពលរដ្ឋដទៃទៀតដែលតវ៉ាដោយសន្តិវិធីដើម្បីរកយុត្តិធម៌សង្គម៖ «ខ្ញុំក៏គិតដូចគាត់ដែរ គឺយើងទៅតស៊ូទាំងអស់គ្នាមិនមានដូចការចោទប្រកាន់របស់គេទេ។ បើពួកអស់លោកដោះលែងប្ដីខ្ញុំមក ពួកខ្ញុំអត់មានទៅតវ៉ាអីទៀតទេ។ សុំផ្ដាំទៅរដ្ឋាភិបាលផងឱ្យដោះលែងពួកគាត់មកកុំឱ្យគាត់ឈឺចាប់កាន់តែធ្ងន់ទៅ មានតែការឈឺចាប់ទេ ដែលបង្កើតឱ្យចិត្តរបស់គាត់តស៊ូនិងរើ បម្រាស់ ដែលត្រូវពួកអាជ្ញាធរធ្វើសព្វបែបយ៉ាងជាមួយគ្នាជារៀងរាល់ថ្ងៃសុក្រនេះ»។
លោកស្រីបន្ថែមថា ក្នុងពេលតវ៉ាកន្លងមកលោកស្រី ព្រុំ ចាន់ថា ជាស្ត្រីម្នាក់ដែលក្លាហានជាងគេ ដោយហ៊ានប្រឈមមុខជាមួយកងសន្តិសុខគ្រប់ពេល។ លោកស្រីបញ្ជាក់ថា ស្ត្រីបែបនេះជាធនធានមនុស្សដ៏កម្ររបស់ជាតិ ដែលស្ត្រីដទៃទៀតគួរតែតែយកគំរូតាម។

ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)លោក នី សុខា មានប្រសាសន៍ថា ប្រជាពលរដ្ឋតវ៉ាដោយអហិង្សា ដើម្បីទាមទារឱ្យមានយុត្តិធម៌សង្គម គឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដោយស្របតាមរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា ការដែលសមត្ថកិច្ចបង្ក្រាបដោយហិង្សាមកលើប្រជាពលរដ្ឋតវ៉ាដោយសន្តិវិធី គឺជាទង្វើខុសច្បាប់ និងជាការដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ៖ «នៅក្នុងប្រទេសប្រជាធិបតេយ្យនៅពេលប្រជាពលរដ្ឋមានការតវ៉ាការកើតទុក្ខមិនសុខចិត្ត រដ្ឋត្រូវតែឆ្លើយតបឱ្យបានទាន់ពេលវេលា និងឱ្យបានត្រឹមត្រូវទៅ អ្វីដែលពលរដ្ឋចង់បាន។ ប៉ុន្តែទិដ្ឋភាពជាក់ស្ដែងវាទៅជាយើងអត់បានឆ្លើយតប ជាវិជ្ជមាន ឬក៏ឱ្យបានឱ្យគាត់អស់ចិត្តបែរជាចោទប្រកាន់ពួកគាត់ថា ជាក្រុមមានការញុះញង់អីទៅវិញ។ ដូច្នេះ យើងត្រូវមើលពីទិដ្ឋភាពពួកគាត់ដែលទៅតវ៉ាទាំងអស់ហ្នឹង តើមូលហេតុអីបានគាត់ទៅតវ៉ា»។
កន្លងមក ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ បានថ្កោលទោស និងទាមទារឱ្យអាជ្ញាធររបបលោក ហ៊ុន សែន បញ្ឈប់ការប្រើហិង្សា និងការបង្ក្រាបលើការប្រមូលផ្តុំរបស់ពលរដ្ឋតទៅទៀត។ ពួកគេទទូចដល់របបនេះឱ្យងាកមកគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋវិញ ដូចជា ការប្រមូលផ្តុំដោយសន្តិវិធី ការបញ្ចេញមតិ ការចងក្រងគ្នាជាសមាគម និងការទទួលបានព័ត៌មានជាដើម។
លោកស្រី ព្រុំ ចាន់ថា ប្រកាន់ជំហរថា ទោះបីជាលោកស្រីមានជីវភាពរស់នៅកំសត់បែបនេះក្ដី ក៏លោកស្រីនៅតែចេញតវ៉ាទៅមុខទៀតដោយមិនរាថយឡើយ។ បន្ថែមពីនេះ លោកស្រីនឹងប្រើជីវិតចុងក្រោយចូលរួមសម្ដែងមតិឱ្យបានផុសផុលជាងមុន ដើម្បីជួយរកយុត្តិធម៌ជូនប្ដីនិងកូនប្រុស ព្រមទាំងសកម្មជនទាំងឡាយដែលកំពុងជាប់ឃុំដោយអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។