សហរដ្ឋអាមេរិកផ្ដល់អាហារូបករណ៍ដល់យោធិនវ័យក្មេងកម្ពុជាមួយរូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាលាបណ្ឌិតសភាយោធា (West Point ) ។ មន្ត្រីយោធាវ័យក្មេងរូបនេះអះអាងថា រូបគេចង់ជួយអភិវឌ្ឍវិស័យការពារជាតិរបស់កម្ពុជា ក្រោយបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក។ អ្នកឃ្លាំមើលជឿថា ទោះជានិស្សិតខ្មែរបានរៀននៅសាលាយោធាល្បីៗក៏ដោយ ក៏ពួកគេនឹងមិនអាចជួយឱ្យកម្ពុជាផ្លាស់ប្ដូរទៅរកភាពប្រសើរឡើងប៉ុន្មាននោះដែរ ព្រោះពួកគេខ្លះជាកូនចៅមេដឹកនាំបច្ចុប្បន្នដែលត្រូវការពារអំណាចរបស់ឪពុក។ ជាពិសេស គោលនយោបាយគ្រប់បែបយ៉ាងទាំងគោលនយោបាយជាតិ និងអន្តរជាតិ គឺរដ្ឋាភិបាលលោក ហ៊ុន សែន ជាអ្នករៀបចំ និងដាក់ឱ្យអនុវត្ត។
និស្សិតយោធាដែលជាប់អាហារូបករណ៍ទៅរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិកនៅ West Point នេះ ឈ្មោះ អ៊ុន វុឌ្ឍិ មានឪពុកជាមន្ត្រីយោធា និងស្ថិតក្នុងគ្រួសារមានជីវភាពស្ដុកស្ដម្ភ នៅរាជធានីភ្នំពេញ។ យុវជនរូបនេះមានអាយុ១៨ ឆ្នាំ និងរៀននៅសាលាឯកជនកម្រិតអន្តរជាតិ មុននឹងប្រឡងជាប់ចូលរៀននៅវិទ្យាស្ថានទ័ពជើងគោក វគ្គបន្តវេនជំនាន់ទី១៣។ យុវជនរូបនេះសិក្សានៅវិទ្យាស្ថានទ័ពជើងគោកបាន៣ ខែ រួចក៏ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្ដល់អាហារូបករណ៍ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនៅសាលា West Point ក្នុងបូរីញូវយ៉ក (New York)។
យុវជន អ៊ុន វុឌ្ឍិ ឱ្យអាស៊ីសេរីដឹងថា រូបគេបានចំណាយពេលវេលាជាច្រើននៃការសិក្សាក្នុងបណ្ណាល័យ ការហ្វឹកហាត់ពង្រឹងកាយសម្បទា ការរត់ម៉ារ៉ាតុងលើចម្ងាយផ្លូវរាប់គីឡូម៉ែត្រ និងការធ្វើតេស្តសមត្ថភាពភាសាអង់គ្លេស។ យុវជនរូបនេះអះអាងថា រូបគេទទួលបានអាហារូបករណ៍ទៅរៀននៅសាលា West Point នេះ មិនជាប់ពាក់ព័ន្ធជានឹងឪពុកដែលជាមន្ត្រីយោធានោះឡើយ តែបានទទួលពីរដ្ឋាភិបាលអាមេរិកតាមរយៈស្ថានទូតនៅភ្នំពេញ។
យុវជន អ៊ុន វុឌ្ឍិ ថ្លែងក្នុងវីដេអូដែលស្ថានទូតអាមេរិកបានបង្ហោះកាលពីពេលថ្មីៗនេះថា ការសិក្សានៅសាលា West Point លោកចង់ពង្រឹងជំនាញភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង ជាពិសេសជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ដែលលោកចូលចិត្តតាំងពីដើមមក៖ «ចំណេះដឹងក្នុងមុខវិជ្ជា Computer Science ( វិទ្យាសាស្ត្រកុំព្យូទ័រ ) ក៏ខ្ញុំចង់បានចេះពី West Point ហើយរៀនពី Teamwork ( ការងារក្រុម ) ។ ពេលខ្ញុំមកប្រទេសកម្ពុជាវិញ ខ្ញុំចង់អភិវឌ្ឍប្រទេសជាតិក្នុងវិស័យអប់រំ ឬក៏វិស័យយោធា អ្វីក៏ដោយដែលយោធាត្រូវការពីខ្ញុំ»។
យុវជន អ៊ុន វុឌ្ឍិ បានទៅដល់សហរដ្ឋអាមេរិកហើយ ហើយនឹងចាប់ផ្ដើមលំហាត់យោធា និងកាយសម្បទា ព្រមទាំងចូលសិក្សានៅចុងខែសីហា ខាងមុខនេះ។
ទាក់ទងនឹងការផ្តល់អាហារូបករណ៍ដល់យុវជន អ៊ុន វុឌ្ឍិ ដែលជាកូនមន្ត្រីយោធាកម្ពុជានេះ ស្ថានទូតសហរដ្ឋអាមេរិកអះអាងថា ដំណើរការជ្រើសរើសនេះ គឺផ្អែកទាំងស្រុងលើសមត្ថភាព។អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អ្នកស្រី អេមេលី ហ្ស៊ីបឺគ (Emily Zeeberg) ប្រាប់អាស៊ីសេរីតាមអ៊ីមែល (E-mail) ថា សិស្សនាយទាហាន អ៊ុន វុឌ្ឍិ បានឆ្លងកាត់កម្មវិធីប្រកួតប្រជែងដែលបើកទូលាយសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថាស្រី ឬប្រុស ស្របតាមលក្ខខណ្ឌអប្បបរមា រួមមានអាយុ ការអប់រំ និងកាយសម្បទា ជាដើម។ អ្នកស្រីបញ្ជាក់ថា សិស្សនាយទាហានទាំងអស់ទទួលបានការបណ្ដុះបណ្ដាលឱ្យក្លាយជាអ្នកដឹកនាំដែលលះបង់សម្រាប់វិស័យយោធាកម្ពុជាពេញមួយជីវិតរបស់ពួកគេ ទាំងនៅក្នុងពេលស្លៀកពាក់ឯកសណ្ឋាន និងមិនស្លៀកពាក់ឯកសណ្ឋាន។ អ្នកស្រីគូសបញ្ជាក់ថា ពួកគេមិនមានកាតព្វកិច្ចណាមួយចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះឡើយ។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅសហរដ្ឋអាមេរិក លោក អ៊ុំ សំអាន អះអាងថា លោកធ្លាប់ដាក់ពាក្យប្រឡងទៅសាលា West Point កាលពីឆ្នាំ១៩៩៤ តែការប្រឡងនោះត្រូវបានលុបចោលវិញ ដោយលោក ហ៊ុន ម៉ាណែត បានជាប់ដោយស្វ័យប្រវត្តិ។ លោកបន្តថា សហរដ្ឋអាមេរិកច្រើនផ្តល់ឱកាសដល់កូនអ្នកដឹកនាំ ឬមន្ត្រីធំៗបានទៅរៀននៅសាលាយោធាល្បីៗ គឺដើម្បីឱ្យពួកគេត្រឡប់មកវិញជួយតម្រង់ទិសឪពុករបស់ខ្លួនដែលជាជនកុម្មុយនិស្ត ឱ្យងាកទៅដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យវិញ៖ «តាំងពីដើមមក គេច្រើនរើសយកកូនអ្នកធំ ឬក៏កូនឧត្តមសេនីយ៍មករៀននៅសាលាបណ្ឌិតសភា West Point ហ្នឹងឯង ហើយថាអាមេរិកពុករលួយ ឬបក្ខពួកនិយម មិនមែនអ៊ីចឹងទេ។ គឺសាលាហ្នឹងគេមានគោលនយោបាយមួយ គេចង់បណ្ដុះបណ្ដាលកូនអ្នកធំ ជ្រាបពីប្រជាធិបតេយ្យនៅអាមេរិកហ្នឹង។ ថ្ងៃក្រោយទៅវិញ អាចគាត់ប្រែ គាត់អាចយកប្រជាធិបតេយ្យទៅសាបព្រោះនៅប្រទេសដែលផ្ដាច់ការហ្នឹង។ តែយើងឃើញថា កន្លងមកនេះលោក ហ៊ុន ម៉ាណែត បណ្ឌិតយោធានៅអាមេរិកមែន ប៉ុន្តែទៅវិញគាត់នៅតែគំនិតកុម្មុយនិស្តដូចឪពុករបស់គាត់ដដែល»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាឱ្យដឹងថា គិតមកដល់ពេលនេះ មានពលរដ្ឋខ្មែរចំនួន១២ នាក់ហើយ ដែលបានបញ្ចប់ការសិក្សា និងខ្លះទៀតកំពុងសិក្សានៅសាលាយោធាសហរដ្ឋអាមេរិក។
និយាយដោយឡែក ចំពោះសាលា West Point វិញ យុវជន អ៊ុន វុឌ្ឍិ គឺជានិស្សិតទី៥ ហើយដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅទីនោះ។ និស្សិតខ្មែរដំបូងគេដែលបានរៀននៅសាលាយោធាដ៏ល្បីល្បាញមួយនេះ គឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោក ហ៊ុន សែន។ បន្តមកទៀត គឺអ្នកស្រី មៀច សិទ្ធិការ្យ និងប្អូនប្រុសឈ្មោះ មៀច សុវិសាល ដែលអ្នកទាំងពីរជាកូនរបស់លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានឋានន្តរសក្ដិជានាយឧត្តមសេនីយ៍ផ្កាយ៤។ លោក ហ៊ុន ម៉ាណែត អ្នកស្រី មៀច សិទ្ធិការ្យ និងលោក មៀច សុវិសាល បានបញ្ចប់ការសិក្សាហើយ។ ចំណែក និស្សិតខ្មែរទី៤ ដែលកំពុងសិក្សានៅសាលា West Point តាំងពីឆ្នាំ២០១៨ នោះវិញ មានឈ្មោះ ទ្រី លាង ជាកូនអាជីវករនៅផ្សារអូឡាំពិក។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែងថា ទោះបីជានិស្សិតខ្មែរមួយចំនួនបានទៅរៀនដល់សាលាបណ្ឌិតសភាយោធាល្បីៗ ដូចជា នៅ West Point ក៏ដោយ ក៏មិនមែនមានន័យថា ពួកគេអាចផ្លាស់ប្ដូរគោលនយោបាយ ឬជួយស្តារទំនាក់ទំនងល្អក់កកររវាងរដ្ឋាភិបាលសព្វថ្ងៃ និងសហរដ្ឋអាមេរិកបានដែរ។ ជាឧទាហរណ៍ លោក ហ៊ុន ម៉ាណែត ដែលបានឡើងតំណែងជាបន្តបន្ទាប់រហូតដល់ក្លាយជាមេទ័ពជើងគោក មិនបានធ្វើឱ្យទំនាក់ទំនងវិស័យយោធាប្រទេសទាំងពីរបានល្អប្រសើរជាងមុននោះឡើយ៖ «ខ្ញុំគិតថា មកពី West Point អ្វីក៏ដោយ អាស្រ័យទៅលើនិន្នាការអ្នកដឹកនាំចង់ងាកទៅរកខាងណាទេ ? ប្រសិនបើគាត់មកពី West Point តែគាត់ងាកទៅរកចិនហ្នឹង ក៏មិនអាចជួយការអភិវឌ្ឍ ឬការស្តារទំនាក់ទំនងកម្ពុជា - អាមេរិក ឱ្យមានភាពល្អប្រសើរទេ។ អាហ្នឹងខ្ញុំលើកឧទាហរណ៍មួយជាក់ស្ដែង កូននាយករដ្ឋមន្ត្រី គាត់មកពី West Point ឯកឧត្ដម ហ៊ុន ម៉ាណែត ប៉ុន្តែយើងមើលកន្លងមក កិច្ចស្ដារទំនាក់ទំនងកម្ពុជា ( ជាមួយអាមេរិក ) ដូចជាមិនទាន់រីកចម្រើនដល់កម្រិតជាមួយចិនទេ។ លុបសមយុទ្ធពីអតីតកាលជាមួយអាមេរិករឿងឆ្មាំអង្គរចោល យើងទុកតែនាគមាសជាមួយចិន។ អ៊ីចឹងគោលនយោបាយ ឬក៏ការកសាងទំនាក់ទំនងហ្នឹង អាស្រ័យទៅលើឆន្ទៈនយោបាយ ឬក៏ហៅថា អាកប្បកិរិយានយោបាយរបស់ថ្នាក់ដឹកនាំនីមួយៗទេ»។
លោក ហ៊ុន ម៉ាណែត តែងចេញមុខប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ កងទ័ពត្រូវការពារសមិទ្ធផលឪពុករបស់លោក ក្រោមពាក្យថា ការពារសុខសន្តិភាព និងការអភិវឌ្ឍ។ ជាមួយគ្នានេះ លោកបានហៅក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិនៅក្រៅប្រទេសថា ជាក្រុមជនអគតិ ជនក្បត់ជាតិ និងជាក្រុមវង្វេងជាតិបម្រើបរទេស ជាដើម។ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងយល់ថា លោក ហ៊ុន ម៉ាណែត អាចនឹងផ្ដាច់ការជាងលោក ហ៊ុន សែន ទៅទៀត ព្រោះលោកមានគុណសម្បត្តិតិចតួចទាំងនៅក្នុងជួររដ្ឋាភិបាល និងក្នុងបក្ស ដូច្នេះលោកត្រូវបង្ក្រាបអ្នកប្រឆាំងនឹងមតិរបស់លោក ដើម្បីក្តាប់អំណាចបានតពីឪពុក។ ចំណែក លោក ហ៊ុន សែន វិញ ក៏កំពុងត្រួសត្រាយផ្លូវឱ្យកូនប្រុសច្បងរបស់លោកដែរ តាមរយៈការដំឡើងឋានៈជាបន្តបន្ទាប់ឱ្យលោក ហ៊ុន ម៉ាណែត ការដាក់មនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត ឱ្យក្លាយជាអ្នកដឹកនាំអមលោក ហ៊ុន ម៉ាណែត និងការបង្កើតច្បាប់ដើម្បីទុកបង្ក្រាបសំឡេងប្រឆាំង និងអ្នករិះគន់ ជាដើម។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ប្រទេសមហាអំណាចមិនគួរជ្រើសរើសនិស្សិតឱ្យទៅរៀននៅសាលាល្បីៗរបស់ខ្លួន ដោយសម្រេចចិត្តផ្នែកណាមួយផ្អែកលើសាវតាជាកូនអ្នកដឹកនាំ ឬមន្ត្រីធំៗក្នុងជួររដ្ឋាភិបាលឡើយ ព្រោះការជ្រើសរើសបែបនេះអាចមិនទទួលបានផលដូចការគិត។ ផ្ទុយទៅវិញ លោកថា ប្រទេសមហាអំណាចគួរផ្តល់ឱកាសបើកចំហ និងស្មើភាពគ្នាជាងនេះដល់កូនចៅពលរដ្ឋសាមញ្ញ ពីព្រោះពួកគាត់ក៏មានសមត្ថភាព ហើយអាចជួយអភិវឌ្ឍជាតិខ្មែរបានដោយពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។