របរ​ដាំ​ជីរ​រណារ​ឬ​ជី​បន្លា​របស់​ប្រជា​កសិករ​នៅ​ខេត្ត​បាត់ដំបង

0:00 / 0:00

ប្រជា​កសិករ​ប្រមាណ ៥០​គ្រួសារ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ចាប់​យក​របរ​ដាំ​ជីរ​រណារ ឬ​ជីរ​បន្លា​ធ្វើ​ជា​របរ​បន្ថែម ក្រៅ​ពី​ការ​ធ្វើ​ស្រែ​ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។ ប្រជា​កសិករ​និយម​ដាំ​ដំណាំ​ប្រភេទ​នេះ​នៅ​លើ​ដី​លំនៅឋាន និង​ដី​ស្រែ​ក្បែរ​ផ្ទះ​របស់​ពួក​គាត់។

ជីរ​រណារ ឬ​ហៅ​ថា​ជីរ​បន្លា គឺ​ជា​ប្រភេទ​បន្លែ​គ្រឿង​ផ្សំ​មួយ​ប្រភេទ​ដែល​មាន​ក្លិន​ឆ្ងុយ​ប្រហើរ និង​មាន​រសជាតិ​ឆ្ងាញ់​ពិសា។ ប្រជា​កសិករ​ពន្យល់​ថា ជីរ​រណារ​ងាយ​ស្រួល​ដាំ និង​ងាយ​ថែទាំ ហើយ​ឆាប់​បាន​ផល ដោយ​ប្រើ​រយៈពេល​ប្រមាណ ៤​ខែ​កន្លះ។

កសិករ​ម្នាក់​រស់នៅ​ភូមិ​ចុងព្រែក សង្កាត់​ក្ដុលដូនទាវ ក្រុង​បាត់ដំបង លោកស្រី ហួត សុត ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី​ថា លោកស្រី​ប្រកប​របរ​ដាំ​ជីរ​រណារ​នេះ​តាំង​ពី​ឆ្នាំ​១៩៩៨ ហើយ​អាច​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​លោកស្រី ធ្វើ​ឲ្យ​រស់នៅ​ជួបជុំ​គ្នា​ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ពី​ផ្ទះ​នោះ​ទេ។

លោកស្រី​បន្ត​ថា ដំបូង​ឡើយ គ្រួសារ​លោកស្រី​ដាំ​ជីរ​រណារ​នៅ​លើ​ផ្ទៃដី​ប្រមាណ ១​ពាន់​ម៉ែត្រ​ការ៉េ តែ​ក្រោយ​មក លោកស្រី​បាន​ពង្រីក​ផ្ទៃដី​រហូត​ជាង ៣​ពាន់​ម៉ែត្រ​ការ៉េ ឬ​ប្រមាណ ៦​អា។ លោកស្រី​បន្ថែម​ថា ផ្ទៃដី​ទាំងអស់​នេះ​ចំណាយ​អស់​ដើមទុន​ច្រើន​នៅ​ពេល​ដាំ​វា​លើក​ដំបូង​ប្រមាណ ១.៥០០​ដុល្លារ​អាមេរិក ប៉ុន្តែ​ឆ្នាំ​ក្រោយ​ទៀត​អស់​ប្រមាណ​ពី ៣០០​ដុល្លារ​ទៅ ៤០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ៖ « យើង​ដាំ​ជីរ​អ៊ីចឹង ជីវភាព​ធូរធារ​ជាង​មុន ព្រោះ​នៅ​ពេល​ហុច​ផល​យើង​លក់​បាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​គ្រាន់​ដោះស្រាយ​ជីវភាព។ តាម​ធម្មតា ខែ​ណេះ​យើង​មិន​បាន​ធ្វើ​ស្រែ គឺ​គ្មាន​ប្រាក់​ចំណូល​ទេ តែ​នៅ​ពេល​ខ្ញុំ​ដាំ​ជីរ​ទៅ បាន​ប្រាក់​ចំណូល​រាល់​ថ្ងៃ »

លោកស្រី​បន្ថែម​ថា ផ្ទៃដី​ជាង ៣​ពាន់​ម៉ែត្រ​ការ៉េ លោកស្រី​អាច​រក​ប្រាក់​ចំណូល​ពី​របរ​កសិកម្ម​មួយ​នេះ​បាន​ប្រមាណ​ពី ២​ពាន់​ដុល្លារ​ទៅ ៣​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ គឺ​បាន​តិច ឬ​បាន​ច្រើន​ទៅ​តាម​តម្លៃ​ជីរ​មាន​ហាងឆេង​ខ្ពស់ ឬ​ទាប។

លោកស្រី ហួត សុត ពន្យល់​ពី​របៀប​ដាំ​ជីរ​រណារ​ថា ជីរ​ប្រភេទ​នេះ​អាច​ដាំ​បាន​ពីរ​របៀប គឺ​ដាំ​ដោយ​សាប​គ្រាប់​នៅ​លើ​ថ្នាល និង​សាប​កូន​យក​ទៅ​ដាំ។ លោកស្រី​ថា មុន​នឹង​សាប​កូន ត្រូវ​ភ្ជួរ​ដី​ហាល​វា​ឲ្យ​បាន ៣​ដង​ទៅ ៤​ដង​ក្នុង​មួយ​ខែ រួច​យក​ជីគីមី​ឈ្មោះ ជី ១៨-៤៦ រោយ​ពី​លើ​រង ឬ​ដាក់​ជី​លាមក​សត្វ​ក៏​បាន។ លោកស្រី​ថា បន្ទាប់​មក​យក​គ្រាប់​ជីរ​រណារ​សាប​លើ​រង​ទទឹង​ប្រមាណ​មួយ​ម៉ែត្រ ហើយ​ចាក់​ទឹក​ពី​លើ​ឲ្យ​សើម​ល្មម រួច​យក​ធាង​ដូង ឬ​ស្បៃ​អ៊ុយ គ្រប​ពី​លើ​ប្រមាណ ១៥​ថ្ងៃ ចាំ​បើក​វា​ចេញ។

លោកស្រី​ថា នៅ​ពេល​បើក​វា​ចេញ ត្រូវ​យក​ស្បៃ​អ៊ុយ​ចង​បាំង​ពី​លើ​ជីរ​ដែល​សាប​កម្ពស់ ១​ម៉ែត្រ​កន្លះ ដើម្បី​ឲ្យ​វា​ត្រជាក់ និង​មាន​ខ្យល់​ចេញ​ចូល​បាន​គ្រប់គ្រាន់ ហើយ​ចាក់​ទឹក​ឲ្យ​បាន​រៀង​រាល់​ថ្ងៃ៖ « ក្រោយ​ពី​យើង​ដាំ​ជីរ​បាន​រយៈពេល ៣​ខែ ទើប​វា​ហុច​ផល​ឲ្យ​យើង។ ការ​ថែទាំ​វា ត្រូវ​ជីរ​ស ឬ​ជី​អ៊ុយរ៉េ​បន្តិចបន្តួច ហើយ​ដក​ស្មៅ​វា​ឲ្យ​ស្អាត ហើយ​ក្ដិច​ផ្កា​វា​ចោល​ខ្លះ ដោយ​ទុក​ឲ្យ​ផ្កា​មួយៗ​បាន​ហើយ ទើប​វា​ផ្ដល់​ផល​បាន​ច្រើន »

ចម្ការ​ដំណាំ​ជីរ​រណារ​របស់​ប្រជា​កសិករ​នៅ​ភូមិ​ចុងព្រែក សង្កាត់​ក្ដុលដូនទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧។
ចម្ការ​ដំណាំ​ជីរ​រណារ​របស់​ប្រជា​កសិករ​នៅ​ភូមិ​ចុងព្រែក សង្កាត់​ក្ដុលដូនទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧។ (RFA/Hum Chamroeun)

វិធី​ទី​២ ត្រូវ​សាប​កូន​រយៈពេល ១​ខែ​កន្លះ ចាំ​ដក​វា​យក​ទៅ​ដាំ​នៅ​លើ​ថ្នាល រួច​គ្រប​ស្បែ​អ៊ុយ​កម្ពស់​មួយ​ម៉ែត្រ​កន្លះ ហើយ​ចាក់​ទឹក​ឲ្យ​បាន​រៀង​រាល់​ថ្ងៃ​ដូច​គ្នា។ លោកស្រី​បន្ថែម​ថា វិធី​ទី​២ ចំណាយ​ដើមទុន​តិច ហើយ​បាន​ផល​ជាង​វិធី​ទី​១ ប៉ុន្តែ​វា​លំបាក​ជាង​វិធី​ទី​១ ព្រោះ​ត្រូវ​ចំណាយ​ពេល​ដក​កូន​យក​ទៅ​ដាំ៖ « ការ​គ្រប​ដើម្បី​ចាំបាច់ គឺ​ថា​ពេល​វា​ត្រូវ​ក្ដៅ​ទៅ​ជីរ​មិន​ល្អ​ទេ ដល់​យើង​គ្រប​ស្បៃ​វា​បាន​ល្អ។ ការ​ដាក់​ស្បៃ យើង​ដាក់​បង្គោល​ធ្វើ​ចន្ទល់​បង់បាញ់​ចង​ខ្សែ​វា បាន​ខ្យល់​មក​មិន​រលំ ហើយ​ប្រើ​វា​បាន​យូរ​ឆ្នាំ »

កសិករ​រូប​នេះ​បន្ថែម​ថា ការ​ថែទាំ​ជីរ​រណារ មិន​ពិបាក​ដូច​ដំណាំ​ផ្សេងៗ​ទេ សំខាន់​គឺ​ត្រូវ​គ្រប​ស្បៃ​ឲ្យ​មាន​ពន្លឺ​ចូល​តិចតួច ហើយ​ត្រូវ​ចាក់​ទឹក​វា​ឲ្យ​បាន​សើម​ជា​ប្រចាំ ហើយ​ដាក់​ជី​អ៊ុយរ៉េ​ជំនួយ​បន្តិចបន្តួច ដើម្បី​ឲ្យ​ដើម​ជីរ​រណារ​លូតលាស់​បាន​ល្អ។

ទាក់ទង​នឹង​បញ្ហា​នេះ ចៅ​សង្កាត់​ក្ដុលដូនទាវ លោក យិន សាខន មាន​ប្រសាសន៍​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​ប្រកប​របរ​ដាំ​ជីរ​រណារ​មាន​ប្រមាណ ៥០​គ្រួសារ នៅ​ភូមិ​ចុងព្រែក និង​ភូមិ​អូរតានប់។ លោក​បន្ថែម​ថា គ្រួសារ​ដែល​ប្រកប​របរ​មួយ​នេះ ភាគច្រើន​មិន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ៖ « គាត់​ធ្វើ​យូរ​ទៅ​គាត់​មាន​បទពិសោធន៍​ចេះ​ខ្លួន​ឯង​តែ​ម្ដង គឺ​គាត់​ប្រើ​ជី​អី​ដែល​អាច​ដំណាំ​គាត់​ល្អ គឺ​គាត់​ប្រើ​វា​ជា​ប្រចាំ​តែ​ម្ដង។ កន្លង​មក មន្ត្រី​កសិកម្ម​គាត់​ចុះ​ជួយ​ណែនាំ​ប្រជា​កសិករ​ជា​ប្រចាំ ក្រៅ​ពី​នោះ​អង្គការ​នានា​ក៏​តែង​ចុះ​ទៅ​ជួយ​ណែនាំ​ពួក​គាត់​ដែរ »

លោក​បន្ត​ថា ដំណាំ​របស់​ប្រជា​កសិករ​នៅ​ក្នុង​សង្កាត់​មួយ​នេះ​ប្រើប្រាស់​ជីគីមី​តិចតួច​បំផុត គឺ​ពួក​គាត់​ប្រើ​នៅ​ពេល​ដែល​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ម្ដងម្កាល ដោយ​ប្រមាណ ៣​ដង​ទៅ ៤​ដង​ក្នុង​មួយ​រដូវ៖ « ប៉ុន្តែ​គ្រាន់​តែ​ថា ហាងឆេង​វា​ចុះ​ឡើង​បន្តិច ដោយសារ​អ្នក​ដែល​ធ្លាប់​មក​ទិញ​មិន​សូវ​បាន​មក ហើយ​ដល់​តែ​ឈ្មួញ​មក​គាត់​លក់​បាន​ធូរ។ ម្យ៉ាង​ទៀត​យើង​មើល​ឃើញ​ថា គាត់​លក់​នៅ​ទីផ្សារ គឺ​គាត់​មិន​ពិបាក​អង្គុយ​ចាំ​គេ​យូរ​ទេ ទៅ​ដល់​ផ្សារ​បោះ​ឲ្យ​គេ​តែ​ម្ដង »

លោក យិន សាខន បន្ថែម​ថា ដំណាំ​ប្រភេទ​នេះ​សម្បូរ​ទីផ្សារ ហើយ​មាន​អតិថិជន​ទាំង​ក្នុង​ខេត្ត​បាត់ដំបង និង​មក​ពី​តាម​បណ្ដា​ខេត្ត​នានា​មក​ទិញ​ដល់​ផ្ទះ​របស់​កសិករ​តែ​ម្ដង។ ទោះ​ជា​យ៉ាង​ណា កសិករ​អះអាង​ថា សព្វថ្ងៃ​ហាងឆេង​ជីរ​រណារ​បាន​ធ្លាក់​ថ្លៃ​បន្តិច ដោយ​តម្លៃ​បោះ​ដុំ ១.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ កសិករ​អាច​ប្រមូល​ផល​ជីរ​រណារ​បាន​ទាំង​ស្លឹក និង​គ្រាប់​របស់​វា។

លោកស្រី ហួត សុត ឲ្យ​ដឹង​ថា ផ្ទៃដី​ដែល​លោកស្រី​ដាំ​ជីរ​រណារ​ប្រមាណ ៣​ពាន់​ម៉ែត្រ​ការ៉េ​នោះ បាន​គ្រាប់​របស់​វា​ប្រមាណ ៣០​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ។ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​គ្រាប់​ជីរ​រណារ​តម្លៃ​ចន្លោះ​ពី ១០​ម៉ឺន​រៀល​ទៅ ១២​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។