ខ្ទឹម គឺជាដំណាំមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថា មានប្រយោជន៍ច្រើន និងជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។ ដោយឡែកស្លឹកខ្ទឹមវិញ ប្រជាជនខ្មែរនិយមប្រើដើម្បីបន្ថែមក្លិន និងសម្រស់ក្នុងអាហារផ្សេងៗឲ្យមានសោភណភាពគួរជាទីគយគន់។
តើការដាំខ្ទឹមយកស្លឹកលំបាក ឬងាយស្រួលយ៉ាងណា?
អ្នកបច្ចេកទេសខាងបន្លែសរីរាង្គម្នាក់លើកឡើងថា ស្លឹកខ្ទឹម គឺជាគ្រឿងទេសដ៏សំខាន់មួយប្រភេទ មិនត្រឹមតែប្រើដើម្បីបន្ថែមសម្រស់ និងក្លិនក្នុងអាហារប៉ុណ្ណោះទេ។ ស្លឹកខ្ទឹម គេក៏អាចបរិភោគដើមស្រស់ និងស្លឹកស្រស់ ដើម្បីនាំមកនូវជីវជាតិផ្សេងៗ ដូចជា វីតាមីន និងកាល់ស្យូម ដែលអាចឲ្យមនុស្សមានសុខភាពមាំមួន។
អ្នកបច្ចេកទេសខាងបន្លែសរីរាង្គមកពីកសិដ្ឋានហ្គ្រែនភ្នំពេញ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ អ្នកស្រី វឿន ឆេងគ្រី អះអាងប្រាប់វិទ្យុអាស៊ីសេរី ថា ដោយសម្លឹងឃើញផលប្រយោជន៍ច្រើននៃស្លឹកខ្ទឹម កសិដ្ឋាននេះបានបង្កើនការដាំខ្ទឹមដើម្បីយកស្លឹកជាច្រើនរយគុម្ព៖ «ខ្ទឹមវាមិនមែនប្រយោជន៍តែសម្រាប់មនុស្សទេ ដូចនៅក្នុងកសិដ្ឋានខ្ញុំចឹង ខ្ញុំយកវាទៅធ្វើជាចំណីឲ្យមាន់ទា និងលក់ទៅឲ្យទីផ្សារផង»។
អ្នកស្រី វឿន ឆេងគ្រី បានឲ្យដឹងដែរថា ខ្ទឹមមានពីរប្រភេទ គឺពូជស្លឹកមូលតូចៗល្មម និងពូជមានស្លឹកសំប៉ែតធំហើយវែង។ អ្នកស្រីថា សម្រាប់អ្នកស្រី គឺដាំប្រភេទពូជខ្ទឹមស្លឹកមូល និងតូចៗល្មម ដែលគេច្រើននិយមហៅថាខ្ទឹមខ្យល់ ព្រោះពូជនេះពេញនិយមលើទីផ្សារប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ អ្នកស្រីបញ្ជាក់ទៀតថា ដើម្បីដាំខ្ទឹមយកស្លឹក គេអាចដាំវាបានច្រើនរបៀប អាចដាំក្នុងផើង ក្នុងកេះស្នោ និងក្នុងឧបករណ៍ជ័រជាច្រើនទៀត ដាំចម្រុះជាមួយរុក្ខជាតិផ្សេងទៀតក៏បាន ពិសេសអាចដាំលើកជារង។ អ្នកស្រីអះអាងថា ដើម្បីទាន់តម្រូវការទីផ្សារ និងចំណេញថវិកាច្រើន កសិដ្ឋានអ្នកស្រីដាំខ្ទឹមលើដី និងលើកជារង។
តើត្រូវការរើសដីប្រភេទអ្វី ដើម្បីដាំខ្ទឹមយកស្លឹកឆាប់បានផល?
អ្នកបច្ចេកទេសឲ្យដឹងថា ត្រូវរើសដីដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ ទើបស្លឹកវាលូតល្អ។ ដីដែលអាចដាំខ្ទឹមសបានល្អ គឺមានជីជាតិច្រើន ជាដីល្បាប់ក៏បាន ដីល្បាយខ្សាច់ក៏បាន ហើយនៅជិតប្រភពទឹក ពិសេសរកដីដែលសម្បូរជីជាតិល្អ ដើម្បីងាយស្រួលថែទាំ និងខ្ទឹមឆាប់លូតលាស់លឿន។ បន្ទាប់ពីជ្រើសរើសដីដែលត្រូវដាំខ្ទឹមយកស្លឹកបានហើយ អ្នកស្រី វឿន ឆេងគ្រី បន្ថែមថា ត្រូវរៀបចំដី និងធ្វើថ្នាល ឬរង។ ភ្ជួរ ឬកាប់ដីឲ្យបាន ២ដងទៅ ៣ដង ហើយឲ្យបានជម្រៅពី ១៥ ទៅ ២០សង់ទីម៉ែត្រ។ ក្រោយមក ត្រូវវាយដីបំបែកឲ្យម៉ត់ល្អ ធ្វើឲ្យដីធូរ និងរក្សាសំណើមបានយូរ ដើម្បីឲ្យឫសខ្ទឹមចាក់ចូលជ្រៅក្នុងដី ស្រូបយកជីជាតិនៅក្នុងដីបានល្អ ងាយដុះលូតលាស់។

អ្នកស្រីបញ្ជាក់ថា រៀបចំដីរួច ត្រូវហាលដីនោះឲ្យបាន ៣ ទៅ ៤ថ្ងៃ ដើម្បីសម្លាប់មេរោគដែលមានក្នុងដី ហើយអាចបន្ថែមជីលាមកសត្វជាការស្រេច៖ «ទីមួយ គឺយើងកាប់ដីវា ហើយហាលដីឲ្យស្ងួត ៣ ទៅ ៤ថ្ងៃ រួចជ្រោយដីត្រឡប់ចុះឡើង រួចហើយយើងដាក់ជី ដូចជាកសិដ្ឋានត្រូវដាំដាក់ជីអង្កាម លាមកទា លាយចូលគ្នាទាំងដីទាំងជី ស្រោចទឹក ទុក ៣ថ្ងៃចាំដាំ»។
មកដល់ត្រង់ចំណុចនេះ អ្នកស្រី វឿន ឆេងគ្រី បានឲ្យដឹងទៀតថា វិធីដាំខ្ទឹមយកស្លឹក អ្នកស្រីថា គឺអាចដាំដោយសាបគ្រាប់ ឬព្រោះគ្រាប់ ឬត្រូវយកគ្រាប់ខ្ទឹមទៅព្រោះស្តើងៗលើថ្នាល ឬរងក៏បាន ប៉ុន្តែអ្នកស្រីឲ្យដឹងថា កសិដ្ឋានអ្នកស្រី គឺយកដើមខ្ទឹមមកដាំតែម្តង ព្រោះធ្វើបែបនេះចំណេញពេលវេលាថែទាំ និងឆាប់បានផលយកទៅលក់។ ក្រោយមកទៀត អ្នកស្រីថា យកដើមខ្ទឹមដែលជ្រើសរើសរួចមកដាំលើដីដែលរៀបចំរួច ដោយដាំក្នុងគម្លាតគុម្ពមួយទៅគុម្ពមួយទៀត ២៥សង់ទីម៉ែត្រ៖ «ដាំខ្ញុំដាំដើមវាហ្មង ខ្ញុំយកដើមខ្ទឹមដែលល្អ មិនមានស្នាមជាំ យកទៅដាំលើរងដែលបានរៀបដីរួច ដោយដាំដាក់ចន្លោះគុម្ពពីគ្នាពី ២៥សង់ទីម៉ែត្រ ហើយបើដើមល្អធំ យើងដាំតែមួយដើមបានហើយ តែបើដើមតូចយើងអាចដាក់ ២កូនក្នុងមួយចន្លោះ»។
ការថែទាំក្រោយដាំខ្ទឹម
អ្នកបច្ចេកទេសរូបនេះបានឲ្យដឹងដែរថា សម្រាប់ការដាំខ្ទឹមយកមើម គេត្រូវការជីជាតិប៉ូតាស្យូមដែលមានច្រើននៅក្នុងផេះដុតពីសម្បកផ្លែគ ដើម្បីឲ្យមើមវារីកធំ ប៉ុន្តែអ្នកស្រីថា សម្រាប់យកស្លឹកវិញ មិនត្រូវការជីបំប៉ន ឬការថែទាំច្រើន បើធៀបនឹងដំណាំប្រភេទស្លឹកដទៃ។
បន្ថែមពីនេះ អ្នកបច្ចេកទេសរូបនេះឲ្យដឹងថា ដើម្បីថែទាំដំណាំខ្ទឹមស្លឹកទាន់តម្រូវការទីផ្សារ គ្រាន់តែស្រោចទឹក ១ថ្ងៃ ២ដង គឺព្រឹកល្ងាច បោចស្មៅ ជ្រួយដីឲ្យធូរ ដើម្បីឲ្យទឹកងាយជ្រាបចូលក្នុងដី រក្សាសំណើមបានយូរ ធ្វើឲ្យឫសខ្ទឹមអាចស្រូបយកជីជាតិស្រួល ទាំងដើម និងស្លឹកខ្ទឹម៖ «បើស្រោចទឹកខ្ញុំស្រោចមួយថ្ងៃ ២ដង ពេលព្រឹកបើមានរះថ្ងៃខ្ញុំស្រោច ហើយដល់ម៉ោង៤ ខ្ញុំស្រោចម្តងទៀត ព្រោះអីពេលយើងស្រោចពេលវានៅមានថ្ងៃ ដើមខ្ទឹមឆាប់លាស់ស្លឹក និងទទួលបានរស្មីសំយោគ»។
អ្នកបច្ចេកទេសបញ្ជាក់បន្ថែមថា ទោះបីដំណាំខ្ទឹមយកស្លឹកងាយស្រួលដាំ មិនសូវសម្បូរសត្វចង្រៃបំផ្លាញ ព្រោះខ្ទឹមមានសារធាតុហិល ជួយបណ្ដេញសត្វចង្រៃ ប៉ុន្តែដំណាំខ្ទឹមជាដំណាំចាញ់ទឹកភ្លៀងធ្លាក់ជោកជាំ។ ដូច្នេះ អ្នកបច្ចេកទេសណែនាំឲ្យដាំខ្ទឹមបានល្អ គឺដាំនៅចុងរដូវភ្លៀង។
ឯកសារស្រាវជ្រាវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីដំណាំខ្ទឹមសបង្ហាញថា គេអាចប្រមូលផលខ្ទឹម និងស្លឹកខ្ទឹមបាន ក្រោយពីដាំរយៈពេលពី ៩០ ទៅ ១២០ថ្ងៃ។ លើសពីនេះ ខ្ទឹមមានសារធាតុចិញ្ចឹមសំខាន់ រួមមាន ប្រូតេអ៊ីន ជាតិផេះ សារធាតុរ៉ែ ជាតិសរសៃ កាល់ស្យូម ប៉ូតាស្យូម ជាតិដែក រួមនឹងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀត ដែលអាចឲ្យមនុស្សមានសុខភាពមាំមួន។
គុណតម្លៃដំណាំខ្ទឹមច្រើននេះហើយ ទើបស្លឹកខ្ទឹមដែលដាំតាមបែបធម្មជាតិក្នុងកសិដ្ឋានហ្គ្រែនភ្នំពេញ លក់ទៅឲ្យទីផ្សារសេដាក (CEDAC) ក្នុងទីក្រុងភ្នំពេញ បានតម្លៃក្នុង ១គីឡូក្រាមជាង ៣.៥០០រៀល។ អ្នកស្រីអះអាងថា ជាតម្លៃខ្ពស់ជាងស្លឹកខ្ទឹមដែលលក់លើទីផ្សារជាងពាក់កណ្ដាល។
អ្នកបច្ចេកទេសខាងបន្លែសរីរាង្គរូបនេះ បានណែនាំដល់កសិករដែលចាប់អារម្មណ៍ការដាំដំណាំណាមួយ ត្រូវតែចាប់ផ្ដើមពីអ្វីដែលសាមញ្ញ និងងាយស្រួលដាំទៅមុន ដូចជាដំណាំខ្ទឹមយកស្លឹកជាដើម ព្រោះងាយស្រួលដាំ ចំណេញថវិកាថែទាំច្រើន មិនចាំបាច់ទិញថ្នាំ ឬជីគីមីនោះឡើយ។ ជាងនេះ អ្នកបច្ចេកទេស អំពាវនាវឲ្យរដ្ឋាភិបាលលើកទឹកចិត្តការដាំខ្ទឹមបែបធម្មជាតិ និងស្វែងរកទីផ្សារនៅពេលដែលកសិករដាំបានជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។