បច្ចេកទេស​ដាំ​ឆៃថាវ​ផ្អែម

0:00 / 0:00

ឆៃថាវ ឬ​ស្ពៃ​មើម ជា​ដំណាំ​បន្លែ​មួយ​ប្រភេទ​ក្នុង​ចំណោម​បន្លែ​មើម​ជាច្រើន ដែល​កសិករ​កម្ពុជា និយម​ដាំ។ ឆៃថាវ ក៏​ជា​ប្រភេទ​បន្លែ​មិន​អាច​ខ្វះ​បាន​ក្នុង​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ដោយសារ​ឆៃថាវ គេ​អាច​ច្នៃ​ជា​ម្ហូប​ដោយ​ការ​ចម្អិន​ក៏​បាន និង​ហូប​ឆៅ​ក៏​បាន ដូចជា ជ្រក់ ឬ​ធ្វើ​ឆៃប៉ូវ ជាដើម។ ទន្ទឹម​គ្នា​នេះ អ្នក​ដាំ​ឆៃថាវ រស់នៅ​ទីក្រុង​ភ្នំពេញ អះអាង​ថា ឆៃថាវ ដែល​គ្រួសារ​គាត់​ដាំ​មាន​លក្ខណៈ​ពិសេស​ជាង​ឆៃថាវ​ដែល​លក់​នៅ​ទីផ្សារ​បច្ចុប្បន្ន ត្រង់​ថា​មាន​រសជាតិ​ផ្អែម។

តើ​ហេតុ​អ្វី​បាន​ជា​អ្នក​ដាំ​ឆៃថាវ​ម្នាក់​នេះ​អះអាង​ថា ឆៃថាវ​ដែល​លោក​ដាំ មាន​រសជាតិ​ផ្អែម​ជាង​ឆៃថាវ​នៅ​លើ​ទីផ្សារ?

ទីផ្សារ​ក្នុង​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​នេះ ត្រូវ​ការ​ឆៃថាវ នៅ​ពេល​ដែល​ពលរដ្ឋ​កាន់​តែ​ច្រើន ត្រូវ​ការ​ឆៃថាវ​នេះ​ដើម្បី​ធ្វើ​ជា​បន្លែ​ផ្សំ​ក្នុង​អាហារ។

ដំណាំ​ឆៃថាវ ងាយ​ដាំ ដ្បិត​ជា​បន្លែ​មើម​ដែល​ចូល​ចិត្ត​អាកាសធាតុ​ត្រជាក់​បន្តិច មិន​ក្តៅ​ហែង។ បើ​បាន​ដី​ធូរ​លាយ​ខ្សាច់ ឆៃថាវ​នឹង​រហ័ស​ធំ ពិសេស​ឆៃថាវ ជា​ដំណាំ​ដែល​ត្រូវ​ការ​ទឹក​ច្រើន។ ហេតុ​នេះ បាន​ជំរុញ​ឲ្យ​ក្រុម​គ្រួសារ លោក ថាច ធី នៅ​ក្នុង​ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ចាប់​អារម្មណ៍​ដាំ​ដំណាំ​ប្រភេទ​នេះ។

លោក ថាច ធី ឲ្យ​ដឹង​ថា ឆៃថាវ​ដែល​គ្រួសារ​លោក​ដាំ ក៏​មិន​ខុស​ពី​ឆៃថាវ​ដែល​គេ​លក់​នៅ​លើ​ទីផ្សារ​ដែរ គ្រាន់​តែ​ឆៃថាវ​ដែល​លោក​ដាំ​មាន​លក្ខណៈ​ពិសេស​ជាង​ឆៃថាវ​នៅ​ទីផ្សារ​បន្តិច ត្រង់​ថា​វា​មាន​រសជាតិ​ផ្អែម ស្រួយ​ឆ្ងាញ់ មើម​ស្រស់ សម្បក​តឹង​ណែន​មាន​ទឹក ដែល​ធ្វើ​ឲ្យ​អតិថិជន​ជាប់​ចិត្ត​ច្រើន។ លោក ថាច ធី បាន​ឲ្យ​ដឹង​ដែរ​ថា ឆៃថាវ​មាន​ពីរ​ប្រភេទ គឺ​ពូជ​មាន​រយៈពេល ៦០​ថ្ងៃ និង ៤៥​ថ្ងៃ។ សម្រាប់​លោក តែង​ដាំ​ប្រភេទ​ពូជ​ទាំង​ពីរ​នេះ​ជានិច្ច គ្រាន់​តែ​ពូជ ៦០​ថ្ងៃ លោក​ដាំ​នៅ​រដូវ​ប្រាំង និង​ពូជ ៤៥​ថ្ងៃ លោក​ដាំ​នៅ​រដូវ​វស្សា ប៉ុន្តែ​លោក​ថា ពូជ​ទាំង​ពីរ​នេះ កំពុង​ពេញ​និយម​លើ​ទីផ្សារ​ប្រចាំ​ថ្ងៃ​ដូច​គ្នា៖ «បើ​ឆៃថាវ​មាន​អាយុ ៤០​ថ្ងៃ មាន​អាយុ ៦០​ថ្ងៃ អាយុ ៤០​ថ្ងៃ ស្លឹក​វា​ល្អ​វែង តែ​មើម​តូច បើ​ខែ​វស្សា យើង​ដាំ​អាយុ ៤៥​ថ្ងៃ ចំណែក​ឯ​អាយុ ៦០​ថ្ងៃ យើង​ដាំ​ខែ​ប្រាំង ព្រោះ​វា​ចាញ់​ទឹក»

ចំណែក​ឯ​វិធី​ដាំ​គ្មាន​អ្វី​ស្មុគស្មាញ​នោះ​ទេ លោក ថាច ធី ថា មុន​ដាំ​ត្រូវ​ត្រៀម​ដី​ដោយ​រាស់​បំបែក​ឲ្យ​ល្អិត​លាយ​ជី​លាមក​សត្វ ផេះ ឬ​ជីកំប៉ុស ហើយ​ហាល​សំដិល​ដី​នោះ​មួយ​សប្ដាហ៍ រួច​ហើយ​ជីក​រណ្តៅ​ទទឹង​ប្រមាណ​មួយ​ចំអាម​រាក់ៗ បន្តក់​គ្រាប់​ពូជ​ដែល​អាច​រក​ទិញ​បាន​តាម​ទីផ្សារ​មួយ​រណ្ដៅ ២ ឬ ៣​គ្រាប់ ឬ​មិន​បាច់​ជីក​រណ្តៅ​ក៏​បាន គឺ​ព្រោះ​គ្រាប់​យក​តែ​ម្តង តែ​ត្រូវ​យក​ដី​លាយ​ជី​លាមក​សត្វ បាច​ពី​លើ​ឲ្យ​លុប​គ្រាប់​ពូជ​ប្រមាណ​ជា​មួយ​ថ្នាំង​ម្រាម​ដៃ រួច​ស្រោច​ទឹក​ឲ្យ​ជោក ទើប​យក​ចំបើង ឬ​ស្មៅ​ស្ងួត ក្រាល​គ្រប​ពី​លើ​ស្តើងៗ​មួយ​ស្រទាប់។

លើស​ពី​នេះ បើ​ចង់​ឲ្យ​ដំណាំ​ឆៃថាវ​កាន់​តែ​ឆាប់​លូតលាស់​ល្អ លោក​ថា ត្រូវ​ភ្ជួរ​រាស់​ដី​យ៉ាង​ហោច​ណាស់ ៣ ទៅ ៤​លើក ដើម្បី​ឲ្យ​ដី​ធូរ​មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់ ងាយ​ជ្រាប​ទឹក​បាន​ល្អ ហើយ​ក៏​ត្រូវ​លើក​រង​ឲ្យ​មាន​កម្ពស់ ១​តឹក និង​ទទឹង ១​ម៉ែត្រ ៨​តឹក អាស្រ័យ​លើ​ទំហំ​ដី៖ «អា​ឆៃថាវ​នេះ​ខ្ញុំ​ដាំ​តាម​បែប​ធម្មជាតិ ហើយ​ឆៃថាវ​វា​ដាំ​ត្រូវ​តែ​លើក​រង បើ​ដាំ​លើ​ដី​ទំនាប​អត់​លើក​រង វា​ដាំ​មិន​ល្អ​នោះ​ទេ វា​តែង​តែ​រលួយ​អស់ ត្រូវ​តែ​ដាំ​ដោយ​លើក​ធ្វើ​ជា​រង ព្រោះ​ធ្វើ​ឲ្យ​ឆៃថាវ​មាន​មើម​ល្អ»

មក​ដល់​ត្រង់​ចំណុច​នេះ លោក​បញ្ជាក់​ថា កាល​ណា​ដុះ​ស្លឹក​មួយ​ដើម ៥​ស្លឹក​ហើយ ទើប​ដក​ដើម​ណា​ដែល​មិន​ស្អាត​ចោល ទុក​តែ​ដើម​ដែល​រឹងប៉ឹង​ជាង​គេ​ឲ្យ​ឃ្លាត​ពី​ដើម​មួយ​ទៅ​ដើម​មួយ​ប្រមាណ​ជាង ១​ចំអាម ឬ​ប្រមាណ ៣​តឹក។

ការ​ថែទាំ​ក្រោយ​ដាំ​ឆៃថាវ

អ្នក​ដាំ​ឆៃថាវ​រូប​នេះ​ឲ្យ​ដឹង​ដែរ​ថា ទោះ​បី​ដំណាំ​ឆៃថាវ​ងាយ​ស្រួល​ដាំ ប៉ុន្តែ​ដំណាំ​ប្រភេទ​នេះ​ក៏​សម្បូរ​សត្វ​ចង្រៃ​បំផ្លាញ​ខ្លះ​ដែរ ដូចជា រួញ​ស្លឹក សត្វ​ដង្កូវ​ចោះ​ផ្លែ និង​សត្វ​កណ្ដៀរ ជាដើម។ លោក​ថា ហេតុ​នេះ ដើម្បី​ថែទាំ​ដំណាំ​ឆៃថាវ​ឲ្យ​បាន​ទាន់​តម្រូវ​ការ​ទីផ្សារ ចាំបាច់​ត្រូវ​តែ​ស្រោច​ទឹក ១​ថ្ងៃ ១​ដង គឺ​ពេល​ថ្ងៃ បោច​ស្មៅ ជ្រួយ​ដី​ឲ្យ​ធូរ ដើម្បី​ឲ្យ​ទឹក​ងាយ​ជ្រាប​ចូល​ក្នុង​ដី​រក្សា​សំណើម​បាន​យូរ ធ្វើ​ឲ្យ​មើម​ឆៃថាវ​អាច​ស្រូប​យក​ជីជាតិ​ស្រួល៖ «វា​ដុះ​ហើយ ត្រូវ​ស្រោច​វា តែ​ឆៃថាវ​នេះ​វា​មិន​ត្រូវ​ការ​ទឹក​ពេក​ទេ គ្រាន់​តែ​ស្រោច​វា​ឲ្យ​ល្មម ឲ្យ​សើម​បាន​ហើយ តែ​បើ​ខែ​ប្រាំង​វិញ យើង​ដាំ​ត្រូវ​តែ​ស្រោច​ទឹក​តែ​ពេល​ថ្ងៃ​បាន​ហើយ»

ចំណែក​ការ​ប្រមូល​ផល​វិញ លោក ថាច ធី ឲ្យ​ដឹង​ដែរ​ថា ឆៃថាវ​អាយុ​បាន ៤៥ ឬ ៦០​ថ្ងៃ អាស្រ័យ​លើ​ពូជ​ដែល​ដាំ គឺ​ចាប់​ផ្ដើម​ប្រមូល​ផល​ម្តង​ទាំងអស់ មិន​ទុក​ដូច​ដំណាំ​ដទៃ​នោះ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ឆៃថាវ​ស្ពោត។

មក​ដល់​ត្រង់​ចំណុច​នេះ លោក ថាច ធី និយាយ​ទាំង​ទឹក​មុខ​ញញឹម​ថា ដោយសារ​លោក​អនុវត្ត​ដាំ​ឆៃថាវ​តាម​វិធី​ធម្មជាតិ មិន​ប្រើ​ជី​គីមី ពលរដ្ឋ​ជាច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​និយម​មក​ទិញ​ឆៃថាវ​ដែល​គ្រួសារ​លោក​ដាំ យក​ទៅ​ទទួល​ទាន ច្រើន​លើក​ឡើង​ថា មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​វា​មាន​រសជាតិ​ផ្អែម​ជាង​ឆៃថាវ​ដែល​លក់​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន។ ហេតុ​នេះ ទើប​គ្រួសារ​លោក និង​អ្នក​ទិញ​ទាំង​នោះ ដាក់​ឈ្មោះ​ថា​ឆៃថាវ​ផ្អែម។

ឯកសារ​ស្រាវជ្រាវ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ដីពី​ដំណាំ​ឆៃថាវ ឬ​ស្ពៃ​មើម ឲ្យ​ដឹង​ថា ឆៃថាវ​មាន​ប្រភព​កំណើត​មក​ពី​ប្រទេស​ចិន។ ឯកសារ​ដដែល​បង្ហាញ​ថា ឆៃថាវ​ជា​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ច្រើន​មុខ ក្នុង​នោះ​រួម​មាន ជាតិ​ប្រូតេអ៊ីន ខ្លាញ់ ជាតិ​ទឹក កាបូអ៊ីដ្រាត ជាតិ​សរសៃ និង​ផេះ។ លើស​ពី​នេះ ឆៃថាវ​ក៏​ជា​បន្លែ​មើម​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម ដូចជា វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន​ទៀត ដែល​អាច​ជួយ​រក្សា​តុល្យភាព​របប​អាហារ​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ។

ដោយសារ​ឆៃថាវ​មាន​អត្ថប្រយោជន៍​ច្រើន​នេះ​ហើយ បាន​ក្លាយ​ជា​ទិសដៅ​សំខាន់​របស់​ក្រុម​គ្រួសារ លោក ថាច ធី ដើម្បី​លើក​ស្ទួយ​កម្រិត​ជីវភាព​ប្រចាំ​ថ្ងៃ។ ម្យ៉ាង ឆៃថាវ​ដែល​លោក​ដាំ​បែប​ធម្មជាតិ​នេះ ដែល​ធ្វើ​ឲ្យ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ជាង​ឆៃថាវ​នៅ​លើ​ទីផ្សារ​នេះ​ដែរ លក់​បាន​តម្លៃ​ក្នុង ១​គីឡូក្រាម​ជិត ៥.០០០​រៀល។

លោក ថាច ធី អះអាង​ថា បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ​កម្ពុជា ឆៃថាវ​កំពុង​នាំ​ចូល​ខ្លាំង​ពី​បណ្ដា​ប្រទេស​ជិត​ខាង ហើយ​ភាគ​ច្រើន​ប្រើ​ថ្នាំ​គីមី​ស្ទើរ​តែ​ទាំង​ស្រុង។ ហេតុ​នេះ​លោក​ថា បើ​កសិករ​ចង់​ដាំ​ឆៃថាវ​ឲ្យ​មាន​រសជាតិ​ផ្អែម លក់​បាន​ថ្លៃ កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​សុខភាព លោក​ជំរុញ​ឲ្យ​កសិករ​គួរ​ងាក​មក​ដាំ​តាម​វិធី​ធម្មជាតិ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។