មានមិត្តអ្នកស្តាប់ចង់បានព័ត៌មានបន្ថែម ស្តីពីការបណ្តុះគ្រាប់ពូជក្នុងស្បោង ឬថង់ប្លាស្ទិក ។ ខ្ញុំសូមរំឭកថា លោក ម៉ឺត ម៉ឹល នៃក្រុមប្រឹក្សាឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ថា គ្រាប់ស្វាយហូបរួចភ្លាមហើយយកទៅលាងទឹក វះបកសំបកក្រៅរឹងៗចេញឲ្យអស់ ទុកតែបណ្តូលយកទៅដាក់ក្នុងស្បោង ។
លោក ម៉ឺត ម៉ឹល បានឲ្យដឹងដូច្នេះ ៖ «បណ្ដូលហ្នឹងយកមកដាក់ ឧទាហរណ៍ដូចយើងធ្វើកន្ទោងយើង ស្បោងប្លាស្ទិកយើង ញាត់ដីឲ្យពេញហើយអ៊ីចឹងទៅ យើងយកគ្រាប់ហ្នឹងដែលយើងបកហើយដាក់ពីលើអ៊ីចឹងទៅ ហើយរោយដីពីលើថែមបន្តិចទៀតទៅ ស្រោចទឹកទុកវាម្ដុំ» ។
ស្បោងប្លាស្ទិក ឬថង់ប្លាស្ទិកគួរមានខ្នាត ១៥ គុណ ២១ ឬ ១២ គុណ ១៩ ស.ម. ចោះរន្ធនៅបាតស្បោងពី ៣-៥ រន្ធ ហើយព្រលាត់មាត់ស្បោងបត់ចុះក្រោមប្រមាណ ២ថ្នាំងដៃ ដើម្បីឲ្យមាត់ស្បោងក្រាស់រឹងមិនបត់ចុះកាលណាស្រោចទឹក ។ វត្ថុដែលលោក ម៉ឺត ម៉ឹល ប្រើក្នុងការបណ្តុះគ្រាប់ ក្នុងស្បោងគឺដីល្បាប់ ។
លោក ម៉ឺត ម៉ឹល បានបន្តដូច្នេះ ៖ «អានេះបើកាលណាយើងចង់ល្អ ដូចស្រុកខ្ញុំមិនបាច់ដាក់ជីទេ ដាក់តែដីល្បាប់ហ្នឹងល្អពេកហើយ ហើយបើថាដីយើងអន់ យើងដាក់លាយជាមួយអាចម៍គោអីអ៊ីចឹងទៅ ប្រហែលជា ១០ថ្ងៃដុះហើយ» ។
សម្រាប់បងប្អូនដែលគ្មានដីល្បាប់ដូចលោក ម៉ឺត ម៉ឹល គួរប្រើដីបូកនឹងខ្សាច់ បូកនឹងជីផេះអង្កាមនិងជីអាចម៍គោ ក្នុងអត្រាស្មើៗគ្នាក៏បាន ឬប្រើដីលាយនឹងកម្ទេចស្រកីដូង លាយនឹងជីអាចម៍គោម៉្យាង ១ឯកតាស្មើៗគ្នាក៏បាន ។ កាលណាបានវត្ថុទាំងអស់នេះមកហើយ គួរលាយច្របូកចូលគ្នាឲ្យសព្វ ។ដីគួរជាដីកណ្តេង ឬដីល្បាយខ្សាច់ដើម្បីងាយស្រួលក្នុងការរលាយ និងច្រកទៅក្នុងស្បោង ។ កន្លែងបណ្តុះកូនស្វាយ ឬថ្នាលបណ្តុះ គួររើសកន្លែងដែលនៅជិតប្រភពទឹក ដើម្បីងាយស្រួលក្នុងការស្រោចទឹកនៅរដូវប្រាំង ឬពេលគ្មានភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃ ដែលអាចធ្វើឲ្យកូនស្វាយដែលកំពុងបណ្តុះស្លោកស្វិតបាន ។
សូមជម្រាបថា អ្នកចម្ការស្វាយថៃមិននិយមដាំស្វាយដោយវិធីប្រើគ្រាប់ពូជល្អយកទៅបណ្តុះរួចទើបយកទៅដាំទេ ព្រោះភាគច្រើនពេលស្វាយចេញផ្កាវានឹងផ្សំកេសរគ្នា ច្របូកច្របល់តាមរយៈសត្វភូមរាមានឃ្មុំ កន្លង់ ម្រោមព្រួត ជាដើម ។ ដូច្នេះគ្រាប់ដែលបានពីពូជល្អតែងតែក្លាយជាកូនកាត់ មិនសុទ្ធដូចការដាំដោយវិធីសាកមែក បំបៅមែក តមែក តដើម តភ្នែក ឬតត្រួយនោះឡើយ ។
ស្តីពីជំងឺរបស់ដើមស្វាយ លោក ម៉ឺត ម៉ឹល កសិករម្ចាស់ចម្ការស្វាយ ភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ប្រាប់ថា ស្វាយមានជំងឺ និងសត្វល្អិតរំខានជាធម្មតា ៖ «ជំងឺវាមានឌួងស៊ី ប៉ុន្តែដល់ពេលបច្ចេកទេសគេចុះមកថា ស្វាយហ្នឹងវាមានជំងឺ វាអន់ដើម ចេញជ័រចេញអីគេមានថ្នាំគេចាក់ដែរ» ។
នៅពេលស្វាយចេញផ្កាលោកថា ត្រូវបាញ់ថ្នាំការពារក្រាមូរស្លឹក និងសត្វល្អិតដទៃទៀត ៖ «កាលណាវាចាប់ផ្កាអ៊ីចឹងទៅ អាហ្នឹងត្រូវបាញ់ថ្នាំការពារជំងឺក្រា ដង្កូវ ហូរហែរហូតអ៊ីចឹង ទម្រាំបានបេះ» ។
យោងតាមវិធីដាំស្វាយរបស់ថៃ ជំងឺស្វាយភាគច្រើន កើតពីពពួកផ្សិតដែលរាតត្បាតក្នុងរដូវវស្សា និងក្នុងពេលដែលធាតុអាកាសមានភាពត្រជាក់ខ្លាំង ។ ចំណែកសត្វល្អិតមានក្រា មានដួងជាដើមនោះវាស៊ីបំផ្លាញស្លឹក កាលណាស្វាយចេញស្លឹកខ្ចីៗ ។ ត្រូវបាញ់ថ្នាំជាប់ៗគ្នា ក្នុង១អាទិត្យម្តងដោយលាយថ្នាំកម្ចាត់ជំងឺ និងសត្វល្អិតលាយផ្សំគ្នា ។ ថ្នាំសម្លាប់សត្វល្អិត គេច្រើនប្រើថ្នាំគីមី ដូចជាថ្នាំប្រភេទ ខាបារិល (Carbaryl) ក្រោមឈ្មោះពាណិជ្ជកម្មថា សេវិន៨៥ (Sevin 85) និងថ្នាំប្រភេទ ម៉ណូខ្រូតោហ្វូស (Monochrotophos) រួមមាន អាសូឌ្រិន៦០ និង ឌិយ៉ាឌ្រិន រីឯថ្នាំកម្ចាត់ផ្សិតមានបេនលេត (Benlate) និង ដៃថេន អិម៤៥ (Dithane M45) ។ល។ ដែលថ្នាំទាំងនេះសុទ្ធតែជាថ្នាំពុលមានគ្រោះថ្នាក់ ។
កសិករអាចប្រើថ្នាំពុលផលិតអាយពីរុក្ខជាតិធម្មជាតិ ដែលមានជាតិល្វីងខ្លាំង និងពុលអាចរកបានហើយក្នុងស្រុក រួមមានស្លឹកស្តៅ ស្លឹកស្លែងធំ ស្លឹកស្លែងតូច ស្លឹកដងដឹង វល្លិបណ្តូលពេជ្រ ។ល។ យកមកត្រាំទឹកក្នុងពាង រួចយកមកបាញ់ក៏បាន តែកុំភ្លេចពាក់ម៉ាស់ និងឈរនៅពីលើខ្យល់ពេលបាញ់ថ្នាំទាំងនេះ ៕