មាន់ជាសត្វដែលងាយចិញ្ចឹម ហើយដែលកសិករខ្មែរគួរចិញ្ចឹ ព្រោះពេលមានពិធីបុណ្យម្តងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ ឆ្នាំចិន ឬក៏បុណ្យភ្ជុំ ដែលទើបនឹងកន្លងទៅថ្មីៗនេះជាដើម តម្រូវការសាច់មាន់ឡើងខ្ពស់ណាស់។
លោក សុខ ខេន អ្នកភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខែត្រកណ្តាល ប្រាប់ថា លោកចិញ្ចឹមមាន់នៅឆ្ងាយពីផ្ទះព្រោះក្លិនវាសែនអសោច ៖ «ចិញ្ចឹមមាន់ស្អុយជាងចិញ្ចឹមជ្រូកទៀត ចិញ្ចឹមជ្រូក យើងលាងទឹកទៅស្អាតហើយ ចិញ្ចឹមមាន់យើងលាងទឹកឯណាបាន អាចម៍នៅអង្កាមរហូត។ ...ចាក់អង្កាមថែម កាលណាមួយអាទិត្យអីថែមអង្កាម ១បាវទៅ អស់ចេះតែចាក់ថែមរហូត»។
ជាការឆ្លើយតបទៅនឹងសំណួរអំពីការចិញ្ចឹមមាន់ថា តើត្រូវធ្វើយ៉ាងណាឲ្យមាន់មានសុខភាពល្អ និងកន្លែងចិញ្ចឹមគ្មានក្លិនស្អុយ?
លោក នូវ កាស៊ី អ្នកនយោបាយជើងចាស់ដែលបានដកខ្លួនចេញពីសង្វៀននយោបាយទៅហើយ ហើយបច្ចុប្បន្នមានតួនាទីជាទីប្រឹក្សាឯករាជ នៃអង្គការអន្តរជាតិមួយចំនួន រួមមានយូ.អិន.ឌី.ភី.ផង និងជាប្រធាននៃអង្គការក្រៅរដ្ឋាភិបាលឈ្មោះវិទ្យាស្ថានសន្តិភាពនិងអភិវឌ្ឍន៍ អធិប្បាយថា លោកមានបទពិសោធន៍ចម្លែក ក្រោយដែលលោកបានទទួលអំណោយជាអ៊ី.អឹម.ពីប្រទេសជិតខាង ហើយបានយកមកចិញ្ចឹមសត្វ និងលាងសម្អាតបរិស្ថាន។
លោក នូវ កាស៊ី មានប្រសាសន៍ដូច្នេះ ៖ «ឃើញមានរឿងប្លែកមួយដែលខ្ញុំស្មានមិនដល់ គឺថា ដីក្រោយផ្ទះខ្ញុំហ្នឹងតូចទេ ប៉ុន្តែយកមកចិញ្ចឹមដោយប្រើអ៊ី.អឹមហ្នឹង។ លាយទឹកផឹកក៏អ៊ី.អឹម លាយចំណីក៏អ៊ី.អឹម លាងសម្អាតកន្លែងក៏អ៊ី.អឹម ចាក់ទៅក្នុងជ្រាំក៏អ៊ី.អឹម គឺថាដីតូចមួយហ្នឹង មាន់វាកើតដោយសារតែជាតិអ៊ី.អឹម មាន់ពងក៏ល្អ ចំណីក៏ល្អ ញាស់ក៏ល្អ កូនៗក៏សុខភាពល្អ វាកើនបានដល់ទៅ បីបួនប្រាំរយមួយពេល ហើយអត់ធុំក្លិនស្អុយ ក្លិនឆ្អេះឆ្អាបអីដូចមាន់ធម្មតាទេ។ ជារឿងប្លែកមួយដែលខ្ញុំសង្កេតឃើញអំពីការចិញ្ចឹមមាន់ក្នុងគ្រួសារដោយយកអ៊ី.អឹមទៅប្រើប្រាស់ ទាំងពីក្នុងទឹកផឹក ក្នុងចំណី និងលាងទ្រុងអីហ្នឹង»។
ស្តីពីវិធីធ្វើទ្រុងសម្រាប់ចិញ្ចឹមមាន់ លោកប្រធានវិទ្យាស្ថានសន្តិភាពនិងអភិវឌ្ឍន៍ មានប្រសាសន៍ប្រាប់ថា ៖ «ទ្រុងធ្វើសាមញ្ញបំផុត ធ្វើយ៉ាងម៉េចដើម្បីថា ឲ្យវាស្រួលលាងតែប៉ុណ្ណឹង ហើយវាជុះមកកុំឲ្យវាដក់នៅនឹងកន្លែង ពេលវាដេកយប់អីឲ្យវាធ្លាក់មកក្រោមមក ហើយយើងដុសលាងសម្អាតពីក្រោមទៅ។ មានដំបូលជ្រកភ្លៀងអីស្រួលបួល ប៉ុន្តែក៏មានឱកាសឲ្យវាចេញក្រៅទ្រុងខ្លះដែរ ពីព្រោះអីបើនៅតែក្នុងទ្រុងមិនបានដើរ វាខ្វះអ្វីមួយហើយ បើអ៊ីចឹងឲ្យវាចេញដើរ មានពេលវេលាវាចេញដើរ...»។
លោក សុខ ខេន មានប្រសាសន៍ថា ក្នុងការចិញ្ចឹមមាន់៥០០ក្បាលរបស់លោក លោកចៀសមិនរួចពីការទិញចំណីពីក្រុមហ៊ុន ៖ «នៅតែទិញគេដដែល អត់ទាន់កិនបានឲ្យស៊ីទេ ព្រោះខ្លាចកិនខ្លួនឯងអត់គុណភាព។ ខ្ញុំចិញ្ចឹមជ្រូក ទិញចំណីឲ្យស៊ីឆាប់ធំបានលក់ ដល់ពេលកិនចំណីខ្លួនឯងអត់ងាយធំ មិនដឹងយ៉ាងម៉េច ដូចខ្វះជាតិអីមិនដឹង។ គេលាយត្រូវរបស់គេ យើងលាយមិនត្រូវចេះតែដាក់អាណាថោកដាក់អាហ្នឹងទៅ ឧបមាថាកន្ទក់ថោកដាក់កន្ទក់ទៅ ពោតថោកដាក់ពោតទៅ ដល់ហើយវាអត់សូវមានគុណភាព»។
ស្តីពីចំណីមាន់ លោកទីប្រឹក្សាឯករាជយូ.អិន.ឌី.ភី. មានវិធីស្វែងរកចំណី ដែលទាំងលោក សុខ ខេន ទាំងមិត្តអ្នកស្តាប់ដែលប្រាថ្នាចង់ចិញ្ចឹមមាន់អាចយកទៅប្រើបាន ៖ «ខ្ញុំមិនចូលចិត្តទិញចំណីគេទេ ថ្វីត្បិតតែចៀសមិនផុតត្រូវទិញខ្លះ... ក៏ប៉ុន្តែខ្ញុំទិញមួយភាគតូចទេ ក្រៅពីនោះ ខ្ញុំចិញ្រ្ចាំស្មៅច្រើនមុខលាយជាមួយចំណី។ ដោយមូលហេតុគឺខ្ញុំឃើញមាន់ដែលដើរនៅតាមវាលវាចឹកស្មៅ នៅពេលរសៀលវាចឹកស្មៅ ហើយដល់មាន់ខ្ញុំចិញ្ចឹមនៅក្នុងទ្រុង ហើយឃាំងរបងថ្មជុំវិញ វាមិនអាចទៅចេញចឹកស្មៅបានដោយសារដីតូច ហើយដោយសារវាគ្មានស្មៅផង ខ្ញុំទៅច្រូតស្មៅពីក្រោយយកមកចិញ្រ្ចាំជាចំណី។ ហើយការច្រូតស្មៅនេះ វាចំណេញត្រង់ថា ចំណីយើងដាក់ ២គីឡូក្រាម ស្មៅ ៣-៤គីឡូថែមទៀតទៅ វាចំណេញមួយជាពីរ។ ហើយខ្ញុំមិនសង្ឃឹមថា មាន់ខ្ញុំធាត់ធំទេ ដោយសារចំណីបំប៉នហ្នឹងវាតិច ប៉ុន្តែផ្ទុយទៅវិញ ដល់លាយជាតិអ៊ី.អឹម មានជាតិទឹកស្ករ មានជាតិអំបិលអីខ្លះទៅ តាមសមមាត្រវាទៅ មាន់ខ្ញុំធាត់ល្អ ចំណីទិញគេតិច ប៉ុន្តែខ្ញុំច្រូតស្មៅឲ្យច្រើន ប៉ុន្តែស្មៅច្រូតច្រើនមុខផ្សេងៗគ្នា»។
លោក នូវ កាស៊ី តឿនថា ការឲ្យត្រកួនសុទ្ធជាចំណី អាចធ្វើឲ្យមាន់រាកដូច្នោះគប្បីលាយជាមួយស្មៅរឹងដែលមានជាតិសរសៃ ឬហ្វៃប័រ ៖ «ដំបូងមាន់វាមិនសូវចូលចិត្តដែរទេ ប៉ុន្តែដល់ក្រោយទៅវាស៊ាំទៅវាចឹកស៊ីអស់ហើយ ហើយហាន់ដើមចេកចិញ្ច្រាំម៉ត់ដាក់លាយចូល។ មួយទៀតដែលខ្ញុំសង្កេតឃើញដែរ គឺហាន់ដើមចេកចិញ្រ្ចាំឲ្យម៉ត់ លាយជាមួយកន្ទក់ ឬលាយជាមួយម្សៅដំឡូងមី ឬបើមានពេលខ្លះមានដល់ទៅម្សៅកាកសណ្ដែកសៀង ដែលគេធ្វើតៅហ៊ូហើយ យកមកលាយជាមួយដើមចេក ចិញ្រ្ចាំឲ្យម៉ត់ កូនមាន់ស៊ីឆាប់ធំ ឬឯមាន់ពេញវ័យ មាន់ពងក៏ពងល្អ ឯមាន់ឈ្មោលៗ ធំធាត់ ខ្លាញ់ឡើងលឿង។ ខ្ញុំសង្កេតឃើញតាមការអនុវត្តផ្ទាល់នៅកន្លែងខ្ញុំ ហើយមិនចាំបាច់ដីធំទេ ប៉ុន្តែសំខាន់ត្រង់ថាទឹកអ៊ី.អឹម លាងជម្រះវាកុំឲ្យវាស្អុយនោះ បើមិនអ៊ីចឹងទេក្លិនវាស្អុយ»។
ស្តីពីជំងឺលោកប្រធានវិទ្យាស្ថានសន្តិភាពនិងអភិវឌ្ឍន៍អធិប្បាយថា អ៊ី.អឹម.គឺជាកត្តាសំខាន់ក្នុងការទប់ស្កាត់ជំងឺតម្កាត់របស់មាន់ ៖ «ព្រោះតែខ្ញុំខ្លាចជំងឺនេះហើយ បានខ្ញុំប្រើទឹកអ៊ី.អឹមហ្នឹងឲ្យវាផឹក និងលាយចំណី ហើយខ្ញុំសង្កេតឃើញថា លាមកមាន់ដែលវាជុះមកហ្នឹងមិនសូវធុំក្លិនឈួលស្អុយដូចមាន់ដែលអត់ទទួលទឹកអ៊ី.អឹមទេ។ ទី២ លាមកវាដែលធ្លាក់មកហ្នឹង គឺថាយើងបោសសម្អាតរាល់ថ្ងៃ ហើយជះទឹកអ៊ី.អឹម.លាងវាទៀត ហើយវាទៅដក់នៅក្នុងណា ក្នុងជង្ហុកក្នុងដី១ យើងចាក់ទឹកអ៊ី.អឹម.ពីលើអាហ្នឹងទៀត អ៊ីចឹងវាស្អាតហើយ។ ប៉ុន្តែមាន់ទាំងអស់ហ្នឹង ត្រូវវ៉ាក់សាំងដែរ ចៀសមិនផុតទេ កាលណាយើងទិញគេមកដំបូង ត្រូវវ៉ាក់សាំងអីធម្មតាទេ»។
លោក សុខ ខេន ដែលតែងតែធ្វើតាមការណែនាំរបស់អាជ្ញធរ ស្តីពីការការពារកុំឲ្យឆ្លងជំងឺគ្រុនផ្ដាសាយបក្សី ចង់ជ្រាបពីវិធីការពារកុំឲ្យមានកើតជំងឺនេះ។
លោកប្រធានវិទ្យាស្ថានសន្តិភាពនិងអភិវឌ្ឍន៍ មានប្រសាសន៍ស្តីពីជំងឺនេះដូច្នេះ ៖ «កាលពីសម័យខ្ញុំចិញ្ចឹមហ្នឹងវាយូរឆ្នាំហើយ កាលណោះឈ្មោះហ្នឹងអត់ទាន់ដែលឮទេ ប៉ុន្តែខ្ញុំសង្កេតឃើញមានមាន់ហៀរសំបោរ មានមាន់ធ្លាក់ស្លេស្ម មានមាន់អី អាហ្នឹងយើងមិនដឹងថាហៅផ្ដាសាយបក្សី ដល់យើងអត់ដឹង យើងឲ្យចំណីវាធម្មតា យើងព្យាយាលសម្អាតទ្រុងធម្មតា ផុតខ្យល់ត្រជាក់ពីជើងទៅវាជាខ្លួនវា ដូចតែយើងជាអ៊ីចឹងដែរ ម្ល៉ោះហើយអត់ចាប់អារម្មណ៍កាលណោះ»។
ស្តីពីចំណីមាន់ដែលងាយរក ហើយមានប្រយោជន៍សម្រាប់ការធំធាត់របស់មាន់លោក នូវ កាស៊ី ក៏បានណែនាំឲ្យចិញ្ចឹមជន្លេនក្រហម ដាំដើមអង្គាដី និងរកឈើពុកចិញ្ចឹមកណ្តៀរជាដើម៕