វិធី​ចិញ្ចឹម​ជន្លេន​ក្រហម​សម្រាប់​ចិញ្ចឹម​មាន់

ជន្លេន​ជា​ធនធាន​សំខាន់​មួយ​ប្រភេទ​សម្រាប់​កសិករ ព្រោះ​ជា​សត្វ​អត់​ឆ្អឹង​ដែល​អាច​យក​ធ្វើ​ជា​ចំណី​បាន​យ៉ាង​ល្អ​ក្នុង​ការ​ចិញ្ចឹម​សត្វ ដូច​ជា​មាន់ ទា ត្រី ជ្រូក ជាដើម។

0:00 / 0:00

កម្មវិធី​កសិកម្ម​វិទ្យុ​អាស៊ីសេរី​បាន​លើក​យក​ការ​ចិញ្ចឹម​មាន់​មក​ជម្រាប​ជា​ញឹកញាប់ ជាពិសេស​ការ​ស្វែង​រក​ចំណី​មក​បំប៉ន​ដើម្បី​ចៀស​វាង​ការ​ចំណាយ​ទៅ​លើ​ចំណី​ផ្សំ​ស្រេច​ដែល​មាន​តម្លៃ​ខ្ពស់​ធ្វើ​ឲ្យ​ការ​ចិញ្ចឹម​មាន់​មិន​បាន​ចំណេញ។

ថ្ងៃ​នេះ​សូម​លើក​យក​អាហា​រូបត្ថម្ភ​មាន់​មក​ជា​ប្រធានបទ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ចិញ្ចឹម​ជន្លេន​យក​មក​បំប៉នមាន់។

ដំបូង​សូម​រំឭក​ថា ទឹក​ជា​អាហារ​ចាំបាច់​បំផុត​សម្រាប់​ការ​លូត​លាស់​របស់​មាន់។ យោង​តាម​វិធី​ចិញ្ចឹម​មាន់​ដោយ​ជីវសន្តិសុខ​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ការ​ចិញ្ចឹម​សត្វ និង​កសិកម្ម ឬ​សិលអាហ្រ្គិដ បើ​ផ្តល់​ទឹក​មិន​គ្រប់គ្រាន់ មាន់​ធំ​ធាត់​យឺត​ណាស់ ស៊ី​ចំណី​តិច​ហើយ​អាច​ងាប់បាន។

តាម​ការពិសោធន៍​របស់​ជប៉ុន​និង​របស់​កសិករ​ខ្មែរ​ខ្លះ ការ​យក​​អ៊ី.អឹម ដែល​ជា​កម្រង​អតិ​សុខុម​ប្រាណ​មាន​ប្រយោជន៍​មក​លាយ​ក្នុង​ទឹក​ឲ្យ​មាន់​ផឹក ធ្វើ​ឲ្យ​មាន់​និង​សត្វចិញ្ចឹម​ដទៃ​ទៀត​មាន​សុខភាព​ល្អ ឆាប់​ធំ​លូត​លាស់ អាចម៍​គ្មាន​ក្លិន​ស្អុយ។

លោក នូវ កាស៊ី អ្នក​នយោបាយ​ដែល​ក្លាយ​ជា​កសិករ​ពេញទី​មាន​ប្រសាសន៍​ថា ៖ «ទឹក​ផឹក​ត្រូវ​លាយ​ជាមួយ​អ៊ី.អឹម ចាំបាច់ ព្រោះ​អាហ្នឹង​វា​ជួយ​ជម្រះ សម្អាត​គ្រឿង​ក្នុង​មាន់ អាច​ទប់ទល់​នឹង​ជំងឺ​បាន។ ខ្ញុំ​ពិសោធ​រឿង​អ៊ី.អឹម មាន់​ខ្ញុំ​សុខភាព​ល្អៗ​ណាស់ មិន​ងាយ​ងាប់​ទេ ធាត់​ល្អ ហើយ​ឆ្ងាញ់​ទៀត»

ក្រៅ​ពី​នេះ មាន់​ត្រូវការ​ជា​ចាំបាច់​គឺ​ជាតិ​សាច់​ដែល​មាន​តួនាទី​ផលិត​សាច់​ឆ្អឹង​និង​រោម បង្កើន​ការ​លូតលាស់​ជា​ទូទៅ​នៃ​សារពាង្គកាយ​របស់​មាន់។

ក្នុង​ចំណោម​វត្ថុ​ធាតុ​ដើម​ដែល​ជា​ចំណី​មាន់​នេះ យើង​ឃើញ​មាន​សត្វជន្លេន​នៅក្នុង​នោះផង។ លោក​នូវ កាស៊ី ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ដូច្នេះ ៖ «មាន់​យើង​កាន់​តែ​ច្រើន ខ្លាច​ចំណី​យើង​វា​មិន​គ្រប់ យើង​ត្រូវ​រៀន​ចិញ្ចឹម​ជន្លេន​ក្រហម ព្រោះ​ជន្លេន​ក្រហម​នេះ បើ​យើង​ទិញ​គេ ១​គីឡូក្រម ៤​ពាន់​រៀល យក​មក​ដាក់​ក្នុង​រយៈពេល​២​ខែ វា​ឡើង ១០​គីឡូក្រាម ដូច្នេះ​វា​ចំណេញ​ចំណី​មាន់ ១​ជា១០ អស់​តែ​ពីរ​បី​បួន​ពាន់​រៀល​ទេ»

ជន្លេន​នេះ​កសិករ​ខ្មែរ​អាច​ទំនាក់​ទំនង​ទិញ​ពូជ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​អង្គការ​សេដាក និង​អង្គការ​សិលអាហ្រ្គិដ។
លោក​បណ្ឌិត ខៀវ បូរិន្ទ នាយក​សិលអាហ្រ្គិដ មានប្រសាសន៍ថា ៖ «ពូជ​បាន​មក​ពី​មជ្ឍមណ្ឌល​ខ្ញុំ ច្រើន​ណាស់ ខ្ញុំ​បង្ក​បង្កើត​បាន​ច្រើន ហើយ​អាច​ចែក​បន្ត។ មិន​និយាយ​ដល់​គីឡូ​ទេ យើង​យក​ទៅ​តែ​ខាំ​ក៏បាន​ដែរ ហើយ​យើង​យក​ទៅ​ថែ​ខ្លួន​ឯង ដាក់​លាមក ខាង​ខ្ញុំ​អាច​ប្រាប់​បច្ចេកទេស តើ​ធ្វើ​ម៉េច​វា​ល្អ»

មាន​វិធី​ចិញ្ចឹម​ជន្លេន​ក្រហម​ពី​កាលីហ្វ័រនីញ៉ា ២-៣​វិធី។ វិធី​ទី​១ យោងតាម​អង្គការ​សិលអាហ្រ្គិដ គឺ​ចិញ្ចឹម​ផ្ទាល់​ដី។ ដំបូង​រៀបចំ​ដី​នៅ​ទីទួល​ខ្ពស់ ចៀសវាង​ការ​ដក់​ទឹក។ យក​ដី​លាយ​លាមក​គោ និង​ចំបើង​ពាស​ជុំវិញ​រណ្តៅ​កម្ពស់​៣-៤​តឹក​ពី​បាត​រណ្តៅ ដែល​មាន​ទំហំ ២ម៉ែត្រ គុណ​២ម៉ែត្រ ឬ​អាច​ប្រើ​ថង់ប្លាស្ទិក​ក្រាល​ក៏បាន។ ហាល​រណ្តៅ ដោយ​កម្ដៅ​ថ្ងៃ​រយៈពេល​៣-៤​ថ្ងៃ មុន​ចាប់​ផ្តើម​ផលិត​ជន្លេន។ ក្នុង​ការ​ផលិត​ត្រូវ​លាយ​លាមក​គោ​១៥-២០​គីឡូ​ជាមួយ​កំប្លោក​១៥-២០​គីឡូ បញ្ចូល​ទៅ​ក្នុង​រណ្តៅ​រួច​ទើបដាក់​លាមក​ដែល​មាន​ជន្លេន​កន្លះ​គីឡូ​នៅ​ចំ​កណ្តាល​ល្បាយ​នោះ។
ជម្រើស​ទី​២ គឺ​ចិញ្ចឹម​ក្នុង​កញ្ច្រែង បង្គី ពាង បែក ឬ​លូ។

លោក​បណ្ឌិត ខៀវ បូរិន្ទ អធិប្បាយ​វិធី​ធ្វើ​ដោយ​ប្រើ​ពូជ​ជន្លេន​១​ខាំ ៖ «បើ​សិន​ជា​មួយ​ខាំ យើង​ត្រូវ​ការ​លាមក ១០​គីឡូក្រាម។ ១០​គីឡូ​យើង​ចិញ្ចឹម​ស្រណុក​ទេ យើង​ចិញ្ចឹម​ធ្វើ​ម៉េច​កន្លែង​មួយ​ដែល​កុំ​ឲ្យ​លិច​ទឹក ព្រោះ​លិច​ទឹក​ជន្លេន​ហ្នឹង​នៅ​អត់​បាន​ទេ មិន​មែន​ជន្លេន​ក្នុង​ទឹក​ទេ។ ដំបូង​យើង​រៀប​នៅ​កន្លែង​ណា​ខ្ពស់ យើង​អាច​ចាក់​ជា​កូន​អាង ឬ​ក៏​ពាង​បែក ឬ​ក៏​លូ លូ​បែក​បាក់​ហ្នឹង យក​មក​ដាក់​លាមក ១០​គីឡូ​ទៅ ហើយ​យើង​យក​កំប្លោក​ពាក់​កណ្ដាល។ បាន​ន័យ​ថា លាមក ១០​គីឡូ យើង​ត្រូវ​ការ​កំប្លោក ១០​គីឡូ យក​មក​ចិញ្រ្ចាំ​កំប្លោក​ហ្នឹង​ខ្លីៗ​ទៅ ហើយ​ច្របល់​ជាមួយ​អាចម៍​គោ ហើយ​បាន​យើង​យក​ជន្លេន​មួយ​ខាំ​ហ្នឹង យក​មក​បំបែក​វា អាច​ជា ៣ ឬ​ក៏​អាច​ជា ៤ ក៏បាន ហើយ​យើង​ដាក់​តាម​កន្លែង​ផ្សេងៗ នៅ​ក្នុង​លាមក​គោ​ហ្នឹង ពង្រាយ​វា​ដើម្បី​ឲ្យ​មាន យើង​បើក​រន្ធ​តូច​មក កាយ​អាចម៍​ហ្នឹង​មក កប់​វា​ចូល​ក្នុង​ហ្នឹង​ទៅ អត់​ងាប់​ទេ នៅ​ក្នុង​ហ្នឹង ហើយ​រយៈពេល​ដែល​យើង​ដាក់​ហ្នឹង​គឺ ៤៥​ថ្ងៃ»

រណ្តៅ​ឬ​កញ្ច្រែង​គួរ​ស្រោច​ទឹក​រៀងរាល់​៣-៤​ថ្ងៃ ជាពិសេស​នៅ​រដូវ​ក្តៅ។

លោក ខៀវ បូរិន្ទ ណែនាំ​ថា៖ «យើង​មិន​បាច់​គ្រប​ក៏​បាន​ដែរ បើ​យើង​ចង់​គ្រប​ក៏​អត់​មាន​បញ្ហា ប៉ុន្តែ​ចៀសវាង​តែមួយ​ទេ កុំ​ឲ្យ​ដាក់​ទៅ​ហាល​ថ្ងៃ ហើយ​និង​កុំ​ឲ្យ​ត្រូវ​ទឹក​ភ្លៀង ដែល​វា​ចូល​ទៅ​ដក់​នៅ​ក្នុង​ហ្នឹង ដក់​ចូល​ក្នុង​ហ្នឹង គឺ​ជន្លេន​វារ​ចេញ ឬ​ក៏​ងាប់​អស់ ដូច្នេះ​យើង​ត្រូវ​ការពារ​តែប៉ុណ្ណឹង។ ហើយ​ក្នុង​រយៈពេល ៤៥​ថ្ងៃ ៥០​ថ្ងៃ​ហ្នឹង គឺ​យើង​អាច​ចាប់​ផ្ដើម​ប្រមូល​ផល​ហើយ»

លាមក​គោ​ស្រស់​១​គីឡូ​កន្លះ​ទៅ​២​គីឡូ​អាច​ផលិត​ជន្លេន​បាន​ពី ២០-៥០​ក្រាម និង​បាន​ជី​កំប៉ុស្ត​ឬ​មមោក​១​គីឡូ​ក្នុង​រយៈពេល​៤៥​ថ្ងៃ ៖ «លាមក​ដែល​យើង​យក​ចេញ​មក ជា​ជី​មួយ​ល្អ​មែន​ទែន អាហ្នឹង​មមោក គេ​យក​ទៅ​ដាំ​បន្លែ ហើយ​បើសិន​នេះ​អ្នក​នៅ​ជិត​ភ្នំពេញ ឥឡូវ​គេ​ត្រូវ​ការ​ដាំ​ផ្កា​អី​ល្អ​មែន​ទែន​ជី​មមោក»

មាន​ការ​រក​ឃើញ​ថ្មី​មួយ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ជន្លេន​នេះ គឺ​គេ​ធ្វើ​រណ្តៅ​ជន្លេន​ដូច​ពោល​ខាង​លើ ហើយ​ក្រាល​លាមក​គោ​ស្រស់​កម្រាស់​ប្រមាណ​មួយ​តឹក​នៅ​បាត​រណ្តៅ រួច​ដាក់​កំប្លោក​ដែល​បាន​ចិញ្ច្រាំ​រួច​ប្រមាណ​២​តឹក​ពី​លើ​អាចម៍​គោ។ ដាក់​ជន្លេន​ពី ២​ខាំ​កន្លះ-៥​ខាំ​ទៅ​ក្នុង​រណ្តៅ ដែល​មាន​លាមក​និង​កំប្លោក​ចិញ្ច្រាំ​នោះ។ បន្ទាប់​មក​ស្រោច​ល្បាយ​លាមក​ជ្រូក​និង​គោ​ក្នុង​អត្រា​អាចម៍​ជ្រូក​២៥% អាចម៍​គោ ៧៥% រៀងរាល់​២-៣​ថ្ងៃម្តង។

វិធី​ប្រមូល​ផល​ជន្លេន​ម្យ៉ាង គឺ​ក្រាល​ប្លាស្ទិក​លើ​ដី​ក្រោម​កម្ដៅ​ថ្ងៃ ចាក់​ល្បាយ​លាមក​គោ និង​ជន្លេន​ដែល​កើប​ចេញ​ពី​រណ្តៅ រាយ​លើ​ផ្ទៃ​កម្រាល​ប្លាស្ទិក​ឲ្យ​ស្តើង​ទុក​វា​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​រយៈពេល​៥​នាទី។ រួច​ហើយ​កាយ​មមោក​នៅ​ផ្នែក​ខាង​លើ​ចេញ រួច​ប្រមូល​ជន្លេន​ដែល​ពូន​ជា​គំនរ​នៅ​ផ្នែក​ខាង​ក្រោម​នោះ។

ចំពោះ​ការ​ផ្តល់​ចំណី​ឲ្យ​មាន់ លោក​បណ្ឌិត ខៀវ បូរិន្ទ បញ្ជាក់​ដូច្នេះ ៖ «មេ​មាន់​វា​អាច​ចុង​អង្ករ យើង​អាច​ឲ្យ​ត្រកួន​លាយ​ជាមួយ​កន្ទក់​ទៅ ច្របល់​វា បើសិន​យើង​មាន​ចំណី​អី​ថែម​យើង​ថែម​ទៅ ពិសេស​កូន​មាន់។ កូន​មាន់​ដែល​កើត​មក​មួយ​ថ្ងៃ ពីរ​ថ្ងៃ​ហ្នឹង បើសិន​យើង​យក​ជន្លេន​ទៅ​ចិញ្រ្ចាំ​តូចៗ យើង​យក​មក​លាយ​ជាមួយ​កន្ទក់ ដាក់​ឲ្យ​ស៊ី​ជា​ចំណី​មួយ​ពិសេស ល្អ ហើយ​ធ្វើ​ឲ្យ​មាន់​យើង​មាន​លទ្ធភាព​ឆាប់​ធំ ព្រោះ​វា​ជា​សាច់​សុទ្ធ»