តាមទម្លាប់កន្លងមក ការចិញ្ចឹមមាន់ខ្មែរកសិករច្រើនចិញ្ចឹមដោយការលែងឲ្យដើររកស៊ីចំណីដោយសេរី មិនមានការថែទាំច្រើនទេ។ ចំពោះចំណីវិញ គេច្រើនបាចស្រូវឲ្យស៊ីក្នុងមួយថ្ងៃម្តង ឬពីរដងប៉ុណ្ណោះជាការស្រេច។ នៅរដូវខ្លះមាន់ចាប់ផ្តើមឈឺងាប់ជាបន្តបន្ទាប់ ជួនកាលមាន់ងាប់រហូតដល់អស់ក៏មាន។
កសិករចិញ្ចឹមមាន់អាយុ៣៩ឆ្នាំមួយរូប ឈ្មោះ ឡាយ ផល្លាង នៅភូមិពេជ្រឥន្រ្ទា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ដែលធ្លាប់បរាជ័យក្នុងការចិញ្ចឹមមាន់កន្លងមក បាននិយាយថា ៖ «ពីមុនមកខ្ញុំចិញ្ចឹមច្រើនតែបរាជ័យ ងាប់។ យើងចាប់ផ្តើមងាប់អស់អ៊ីចឹងទៅ ដល់ពេលថាចង់ចិញ្ចឹមវិញ ក៏ទិញមេគេមកចិញ្ចឹម។ ទម្រាំបានពង បានកូនច្រើនហ្នឹង ដល់ខែងាប់ទៀតហើយ គឺអត់មានវិធីសាស្ត្រការពារ»។
ក៏ប៉ុន្តែបន្ទាប់ពីបានដកពិសោធន៍ពីការបរាជ័យ គួបផ្សំនឹងការណែនាំថ្មីពីមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្ម ហៅកាត់ថាសេដាក កសិករ ឡាយ ផល្លាង នៅក្នុងពេលបច្ចុប្បន្ននេះនិយាយថា ការចិញ្ចឹមមាន់របស់គាត់មិនបរាជ័យទៀតទេ។
លោក ឡាយ ផល្លាង បានប្រាប់ដូច្នេះ ៖ «ត្រឹមខ្ញុំសហការជាមួយអង្គការសេដាកមក មានបទពិសោធន៍ ចេះដឹងផ្សំចំណី ចេះដឹងឲ្យទឹក ឲ្យថ្នាំធម្មជាតិអីទៅ ឃើញបានជោគជ័យតាំងពីឆ្នាំ២០០៤ រហូតមកទល់ឥឡូវហ្នឹងមាន់ខ្ញុំអត់មានបរាជ័យទេ។ បានលក់រហូត»។
តើត្រូវចិញ្ចឹមមាន់ដោយវិធីណាទើបបានជោគជ័យ?
កសិករចិញ្ចឹមមាន់ ឡាយ ផល្លាង នៅភូមិពេជ្រឥន្រ្ទា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ បានប្រាប់ពីបទពិសោធន៍នៃការចិញ្ចឹមមាន់របស់គាត់ថា ដំបូងគាត់លើកដីឲ្យខ្ពស់ដើម្បីកុំឲ្យលិចទឹកនៅរដូវវស្សា ឬបើមានដីទួលស្រាប់រឹតតែប្រសើរ ពីព្រោះមាន់ខ្មែរត្រូវការចុះប៉ប៉ុកដី។
កសិករ ឡាយ ផល្លាង បានឲ្យដឹងដូច្នេះថា ៖ «មានទ្រុងហើយ បើដីហ្នឹងនៅតែលិចទឹកក៏អត់ល្អ ព្រោះមាន់ធម្មជាតិអ៊ីចឹង ពេលថ្ងៃមានដីស្ងួតដើរលេងនៅខាងក្រោមខ្លះ មិនមែននៅតែនឹងទ្រុងជាប់ដូចមាន់កសិកម្មឯណា។ ត្រូវមានម្លប់ឲ្យវាជ្រក ពេលដែលលែងវាទៅជ្រកកាយអម្ពុជ ចឹក គឺថាមាន់វាប៉ប៉ុកដីនោះ»។
ការចិញ្ចឹមមាន់របស់កសិករ ឡាយ ផល្លាង គឺជាការចិញ្ចឹមតាមបែបធម្មជាតិ ដែលលែងឲ្យដើរហាលវាលដូចទម្លាប់កសិករទូទៅធ្លាប់ចិញ្ចឹមកន្លងមកដែរ ក៏ប៉ុន្តែកសិករ ឡាយ ផល្លាង បានផ្តោតការយកចិត្តទុកដាក់មួយចំនួន ដូចជាការធ្វើទ្រុង ការផ្តល់ចំណីនិងការថែទាំជាដើម។
កសិករ ឡាយ ផល្លាង បានឲ្យដឹងថា បន្ទាប់ពីមានដីទួលខ្ពស់មិនដក់ទឹកហើយ គាត់ត្រូវធ្វើទ្រុងឲ្យបានសមរម្យសម្រាប់ឲ្យមាន់ដេកនិងពង។ ទ្រុងមាន់គាត់ធ្វើក្នុងទំហំទទឹង៣ម៉ែត្របណ្តោយប្រវែង១០ម៉ែត្រ វែងឬខ្លីអាស្រ័យតាមចំនួនមាន់។ ដំបូលគេច្រើនប្រក់ស្បូវ ឬស្លឹកត្នោត។ គាត់មិនប្រក់ស័ង្កសីទេ ព្រោះក្តៅ។ រីឯកម្ពស់ទ្រុងវិញ គឺមានកម្ពស់១ម៉ែត្រពីដី ឬខ្ពស់ជាងនេះក៏ល្អដើម្បីកុំឲ្យឆួលអាចម៍វា ឬឆួលចំហាយពីដី មាន់ងាយឈឺ។ ម្យ៉ាងទៀតការធ្វើទ្រុងខ្ពស់នាំឲ្យងាយស្រួលក្នុងការសម្អាតអាចម៍មាន់។
ក្រៅពីដីទួលនិងមានទ្រុងហើយ ចាំបាច់ត្រូវមានម្លប់សម្រាប់ឲ្យមាន់ជ្រកដែរ។ ប្រសិនបើដីថ្មី កសិករ ឡាយ ផល្លាង ណែនាំថា គួរដាំដើមអ្វីដែលឆាប់ផ្តល់ម្លប់ ៖ «គួរដាំដូចជាដំឡូងមី អង្គាដី ដើមតូចៗល្មមសិនបើដីយើងចាក់ដំបូង។ ហើយដើមស្វាយនៅចន្លោះហ្នឹងវាម្លប់ធំ ប៉ុន្តែដំបូងបង្អស់យើងដាំដំឡូងមី ស្លឹកគ្រៃ សាគូ ចេកអីហ្នឹងជាម្លប់តូចៗសិន អាហ្នឹងឆាប់បានម្លប់»។
អំពីការជ្រើសរើសមាន់ដើម្បីចិញ្ចឹម ៖ តាមពិសោធន៍គេត្រូវជ្រើសរើសមាន់ណាដែលមានប្រវត្តិសុខភាពល្អ គឺមិនមានជំងឺ រាងកាយមាំទាំ ពូកែស៊ីចំណីនិងឆាប់ធំជាងគេ។
ចំណែកមាន់ឈ្មោលសម្រាប់ធ្វើបាវិញ គេជ្រើសរើសយកលក្ខណៈស្រដៀងគ្នានឹងមាន់មេដែរ ក៏ប៉ុន្តែគេមិនសូវយកបាដែលមានពូជជាមួយគ្នាទេ ព្រោះច្រើននាំឲ្យមានជំងឺ។
កសិករ ឡាយ ផល្លាង ផ្តល់បទពិសោធន៍ថា ៖ «ខ្ញុំចូលរៀនជាមួយអង្គការសេដាកហ្នឹង ដូចចាប់អារម្មណ៍នឹងគម្រោងចិញ្ចឹមមាន់ ខ្ញុំចាប់ផ្តើមដើររកទិញពីញាតិជិតខាង ប៉ុន្តែខ្ញុំជ្រើសរើសថា មាន់ផ្ទះហ្នឹងវាអត់ធ្លាប់កើតជំងឺទេ។ អ៊ីចឹងខ្ញុំទិញមេពីផ្ទះហ្នឹង ទិញបាពីផ្ទះជិតខាង។ សំខាន់គាត់ថា កុំឲ្យឈាមជាន់ឈាមគ្នា»។
អំពីការផ្តល់ចំណីនិងការធ្វើចំណី ៖ កសិករ ឡាយ ផល្លាង នៅភូមិពេជ្រឥន្រ្ទា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ប្រាប់ថា គាត់ផ្តល់ចំណីឲ្យមាន់របស់គាត់ក្នុងមួយថ្ងៃបីដងចំពោះមាន់ធំ ហើយកូនមាន់ឲ្យចំណីមួយថ្ងៃ៥ដង។ ដោយសារតែគាត់ចិញ្ចឹមមាន់ខ្មែរតាមបែបធម្មជាតិ គាត់មិនបានទិញចំណីដែលមានជាតិអ័រម៉ូនឲ្យមាន់គាត់ទេ។ គាត់ប្រើតែចំណីដែលធ្វើដោយខ្លួនឯង ហើយចំណីទាំងនោះផ្សំឡើងពីធម្មជាតិដែលអាចរកបាននៅនឹងកន្លែង ដូចជាស្រូវ ឬកន្ទក់ ស្លឹកបន្លែ ត្រកួន ព្រលឹត ចក ស្ពៃនិងស្លឹកបាស់ជាដើម។
កសិករ ឡាយ ផល្លាង ឲ្យដឹងដូច្នេះ ៖ «ស្រូវក៏របស់យើង កន្ទក់របស់យើងខ្លះទិញគេខ្លះ ហើយតួលេខយើងអាចដាំបាន។ ព្រលឹត ចក នាយអាយយើងរកខ្លួនយើងបាន។ មុននឹងយើងឲ្យស៊ី យើងចូកស្រូវត្រាំដុះពន្លកហ្នឹងយកមកលាយកន្ទក់ ដាក់ចុងអង្ករ។ លាយហើយដាក់រាយតាមស្នូក។ និយាយរួមឲ្យតែបន្លែយើងមានពណ៌បៃតង ដូចថា ស្ពៃ ស្លឹកបាស់ស្លឹកអីហ្នឹង ចេះតែហាន់លាយទៅ។ មួយថ្ងៃឲ្យស៊ីបីដង»។
កសិករ ឡាយ ផល្លាង ប្រាប់ថា នៅខែប្រាំង ពេលដែលចំណីមិនសូវសំបូរ គាត់អាចផ្សំមេចំណីដើម្បីសម្រាប់លាយជាមួយមុខចំណីមួយចំនួនទៀត ៖ «ខ្ញុំធ្វើជាមេចំណី ដូចជាកូនត្រីល្អិតៗហ្នឹងខ្ញុំយកមកផ្សំ។ ដូចថា ត្រី៣គីឡូក្រាម ស្ករត្នោត១គីឡូក្រាម ខ្ញុំដាក់លាយចូលគ្នាហើយញាត់ក្នុងកែវ។ បាន១៥ថ្ងៃ ខ្ញុំអាចដួស១ស្លាបព្រាបាយយើងហ្នឹងយកមកលាយជាមួយចំណីខ្ញុំចំនួន១គីឡូ ដូចថា កន្ទក់ ស្រូវ ត្រកួន ប្រហែល១គីឡូ ខ្ញុំដួសមេចំណីហ្នឹង១ស្លាបព្រាយកមកលាយ យកមកច្របល់ចំណីហ្នឹង ដាក់ទឹកសើមៗ។ ស្រូវត្រាំឲ្យដុះពន្លកឭ»៕