ADB ប្រកាសផ្ដល់ថវិកាជាង១លានដុល្លារសម្រាប់បញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជា
2016.07.03
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានប្រកាសផ្ដល់ថវិកាជាង ១លានដុល្លារសហរដ្ឋអាមេរិក ដល់អង្គការសង្គមស៊ីវិលចំនួន ១៩ ក្នុងប្រទេសកម្ពុជា។ ធនាគារអភិវឌ្ឍន៍អាស៊ី អះអាងថា ថវិកានេះដើម្បីជួយដល់សហគមន៍ឆ្លើយតបចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិនៅកម្ពុជា។
ធនាគារអភិវឌ្ឍន៍អាស៊ី អះអាងថា សង្គមស៊ីវិលចំនួន ១៩ ដែលទទួលបានថវិកា ១,៤លានដុល្លារសហរដ្ឋអាមេរិក ពីកម្មវិធីសាកល្បងសម្រាប់ភាពធន់ទៅនឹងអាកាសធាតុក្រោមមូលនិធិវិនិយោគអាកាសធាតុ នឹងត្រូវអនុវត្តក្នុងខេត្តចំនួន ១៧ នៅតំបន់ភូមិភាគឦសាន ខេត្តជាប់បឹងទន្លេសាប និងខេត្តជាប់តំបន់មាត់សមុទ្រ។
ការលើកឡើងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅពេលនេះ ធ្វើឡើងនៅក្នុងសេចក្ដីប្រកាសដែលបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកក្កដា។
សេចក្ដីប្រកាសដដែលក៏បញ្ជាក់ថា អង្គការទាំង១៩នេះ នឹងអនុវត្តគម្រោងដោយផ្ដោតសំខាន់លើការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយតាមសហគមន៍ក្នុងវិស័យជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការគ្រប់គ្រងធនធានទឹក ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ អប់រំ និងសុខភាព ក៏ដូចជាលើកកម្ពស់ការការពារបរិស្ថានក្នុងខេត្តចំនួន ១៧ នេះ។
ធនាគារអភិវឌ្ឍន៍អាស៊ី ឲ្យដឹងថា ការអនុវត្តគម្រោងគាំទ្រដល់សង្គមស៊ីវិលត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០១៧។
អ្នកឯកទេសខាងការប្រែប្រួលអាកាសធាតុនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី លោក អែនចា ស៊្រីនីវ៉ាសាន (Ancha Srinivasan) បានឲ្យដឹងតាមរយៈសេចក្ដីប្រកាសថា គម្រោងគាំទ្រដល់សង្គមស៊ីវិលនេះ នឹងជួយដល់អង្គការសង្គមស៊ីវិលទាំងនេះឲ្យបំពេញតួនាទីកាន់តែធំជាងមុន ដើម្បីលើកកម្ពស់សហគមន៍នានាក្នុងប្រទេសកម្ពុជា ឆ្លើយតបចំពោះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
ជាងនេះទៀត លោកបន្តថា ការចូលរួមយ៉ាងសកម្មពីសហគមន៍ក្នុងការរៀបចំយុទ្ធសាស្ត្រធ្វើឲ្យស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ធ្វើឲ្យសហគមន៍កាន់តែចូលរួមអនុវត្តសកម្មភាពទាំងនេះ និងធានាឲ្យមាននិរន្តរភាពដោយសារតែវាផ្ដល់ឲ្យសហគមន៍នូវភាពជាម្ចាស់ការកាន់តែខ្លាំង ដើម្បីបញ្ជ្រាបភាពធន់ទៅនឹងអាកាសធាតុក្នុងប្រតិបត្តិការការងាររបស់ពួកគេ។
អង្គការសង្គមស៊ីវិលទាំងនេះនឹងសិក្សាអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជួយសហគមន៍ឲ្យយល់ពីប្រភពសំខាន់ៗដែលនាំឲ្យមានភាពងាយរងគ្រោះ និងឱកាសដើម្បីឲ្យមានស៊ាំប្រកបដោយប្រសិទ្ធភាពទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើតចំណេះដឹងអំពីវិធីសាស្ត្រដែលគេអាចយកមកប្រើប្រាស់សម្រាប់ធ្វើឲ្យស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។
តាមរយៈថវិកា ១,៤លានដុល្លារសហរដ្ឋអាមេរិកនេះ ធនាគារអភិវឌ្ឍន៍អាស៊ីរំពឹងថា នឹងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ (១១២.០០០) មកពីជាង ២ម៉ឺនគ្រួសារ (២១.០០០) រួមនឹងក្រុមងាយរងគ្រោះផ្សេងៗ ដូចជា កសិករ ប្រជាពលរដ្ឋក្រីក្រដែលងាយរងគ្រោះក្នុងទីក្រុង ស្ត្រី កុមារ ក្រុមបាត់បង់ឱកាស និងជនជាតិដើមភាគតិចមកពីខេត្តទាំង១៧។
គម្រោងនេះនឹងចាត់ចែងអនុវត្តដោយអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ គឺអង្គការ ភ្លែន អន្តរជាតិកម្ពុជា (Plan International Cambodia) ក្រោមការណែនាំពីក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍អាស៊ី។
ទាក់ទិននឹងការអនុវត្តគម្រោងដែលទទួលបានថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី អ្នកឯកទេសផ្នែកបណ្ដុះបណ្ដាល និងកសាងសមត្ថភាពថ្នាក់ជាតិនៃអង្គការ ភ្លែន អន្តរជាតិ កម្ពុជា លោក យ៉ុន ស៊ីណា មានមោទនភាពដែលធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ថវិកាគាំទ្រដល់សង្គមស៊ីវិលនៅកម្ពុជា ដើម្បីជួយដល់សហគមន៍ឆ្លើយតបចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
លោកឲ្យដឹងថា កម្ពុជាជាប្រទេសដែលងាយរងគ្រោះដោយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុខ្លាំងជាងគេនៅតំបន់អាស៊ី។ ជាក់ស្ដែង កន្លងមកបញ្ហាគ្រោះរាំងស្ងួតបានក្លាយជាឧបសគ្គរាំងស្ទះដល់ដំណើរការផលិតកម្ម ពិសេសជំរុញឲ្យគ្រួសារកសិករខ្នាតតូចនៅកម្ពុជា មួយចំនួនកាន់តែក្រីក្រទៅៗ និងបន្តប៉ះពាល់ខ្លាំងទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៖ «បើយើងមើលទៅរឿងដែលសំខាន់ គឺសមត្ថភាពនៃការស៊ាំនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា យើងនៅទាបជាងគេ ហើយប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា សព្វថ្ងៃនេះមិនអាចផ្គត់ផ្គង់សម្រាប់កសិករទេ ប្រព័ន្ធធារាសាស្ត្រដែលមានសព្វថ្ងៃនេះ ក៏នៅតែពឹងផ្អែកតែទៅលើទឹកភ្លៀងដដែល ហើយខ្ញុំគិតថា ប្រព័ន្ធធារាសាស្ត្រដែលយកល្អមែន គួរតែយើងមានប្រព័ន្ធប្រឡាយមេ ដែលយើងអាចភ្ជាប់ទៅនឹងបឹង និងទន្លេ ដែលអាចរក្សាទឹកជាប់ជាប្រចាំ ទើបអាចបម្រើវិស័យកសិកម្មបាន»។
ជាងនេះទៀត លោកអះអាងថា អង្គការសង្គមស៊ីវិលនឹងធ្វើការពាក់ព័ន្ធជាមួយបណ្តាដៃគូពាក់ព័ន្ធទាំងវិស័យឯកជន និងរដ្ឋាភិបាល ដើម្បីឲ្យការអភិវឌ្ឍគម្រោងក្រោមថវិកាជាង ១លានដុល្លារ ដែលទទួលបានពីធនាគារអភិវឌ្ឍន៍អាស៊ី ទទួលបានជោគជ័យ និងជួយដល់ប្រជាពលរដ្ឋកម្ពុជា មានភាពស៊ាំនឹងបញ្ហាប្រែប្រួលអាកាសធាតុ។
ធនាគារអភិវឌ្ឍន៍អាស៊ី ឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសនៅតំបន់មេគង្គតែមួយគត់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីសាកល្បងសម្រាប់ភាពធន់ទៅនឹងអាកាសធាតុដែលមានថវិកា ១,២ពាន់លានដុល្លារ ក្នុងគោលបំណងធ្វើការបញ្ជ្រាបភាពធន់ទៅនឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍ។
កាលពីឆ្នាំ២០១១ ធនាគារអភិវឌ្ឍន៍អាស៊ី បានជួយរដ្ឋាភិបាលកម្ពុជា រៀបចំកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់ទៅនឹងអាកាសធាតុដោយមានថវិកា ៥៨៥លានដុល្លារ ដែលមានគម្រោងវិនិយោគចំនួន ៨ និងគម្រោងជំនួយបច្ចេកទេសចំនួន ១ ដោយផ្ដោតការយកចិត្តទុកដាក់លើបង្កើនឱកាសដើម្បីបញ្ជ្រាបភាពធន់ទៅនឹងអាកាសធាតុទៅក្នុងវិស័យកសិកម្ម គ្រប់គ្រងធនធានទឹក ផ្គត់ផ្គង់ទឹកនិងអនាម័យ និងដឹកជញ្ជូនគមនាគមន៍។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្កើតឡើងក្នុងឆ្នាំ១៩៦៦ ក្នុងខែធ្នូ ឆ្នាំ២០១៦ នេះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងប្រារព្ធខួបទី៥០ នៃភាពជាដៃគូអភិវឌ្ឍន៍ក្នុងតំបន់នេះ។ ធនាគារនេះជាកម្មសិទ្ធិរបស់សមាជិកចំនួន ៦៧ប្រទេស ដែលក្នុងនោះ ៤៨ប្រទេស មកពីតំបន់នេះ។ ក្នុងឆ្នាំ២០១៥ ជំនួយសរុបរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានទឹកប្រាក់សរុបចំនួន ២៧,២ពាន់លានដុល្លារ ក្នុងនោះមានសហហិរញ្ញប្បទានចំនួន ១០,៧ពាន់លានដុល្លារ៕