ឧទាហរណ៍​ក្នុង​ការ​អនុវត្ត​កសិកម្ម​លាយ​ផ្សំ​ក្នុង​កសិដ្ឋាន​គ្រួសារ (ភាគ២)

កសិករ​ខ្មែរ​ភាគ​ច្រើន ច្រើន​មាន​ទម្លាប់​ធ្វើ​កសិកម្ម​ដោយ​ដាំ​ដំណាំ​ទោល គឺ​បើ​ធ្វើ​ស្រែ​ដាំ​តែ​ស្រូវ បើ​ធ្វើ​ចម្ការ​ក៏​ដាំ​ដំណាំ​តែ​មួយ​មុខ ដូច​ជា​កៅស៊ូ ទុរេន ស្វាយចន្ទី ជាដើម។

0:00 / 0:00

អ្នក​ឯកទេស​ខាង​កសិកម្ម​នានា​តែង​ជំរុញ​ឲ្យ​កសិករ​ងាក​មក​ដាំ​ដំណាំ​ចម្រុះ​នៅ​លើ​ដី​របស់​ខ្លួន​វិញ ព្រោះ​អាច​ចិញ្ចឹម​ជីវិត​រស់​នៅ​បាន​ដោយ​មិន​បាច់​ពឹង​អ្នក​ដទៃ។

លោក សុំប៊ូន ស៊ីស៊ុបាត់ កសិករ​ថៃ នៅ​ភូមិ​ថៈណម ឃុំ​ឆង់ម៉ៃកែវ ស្រុក​ធុងតាកូ ធ្លាប់​ក្ស័យ​ធន ជំពាក់​ប្រាក់​គេ​វ័ណ្ឌក ព្រោះ​តែ​ដាំ​ដំណាំ​តែ​មួយ​មុខ គឺ​ទុរេន​នៅ​ខេត្ត​ឈុមផន របស់​ប្រទេស​ថៃ។

សព្វថ្ងៃ​លោក សុំប៊ូន បាន​ក្លាយ​ជា​អ្នក​មាន​ធូរធារ និង​ជា​កសិករ​គំរូ ដែល​បាន​ទទួល​ការ​ស្ងើច​សរសើរ​ពី​អ្នក​ភូមិ​ផង​របង​ជាមួយ ក៏​ដូច​ជា​ប្រជាកសិករ​ថៃ​ទូទៅ ព្រោះ​លោក​បាន​អនុវត្ត​គោល​ការណ៍​សេដ្ឋកិច្ច​គ្រប់គ្រាន់ គឺ​គ្រប់គ្រាន់​សម្រាប់​ប្រើ​ប្រាស់​ក្នុង​គ្រួសារ មាន​សល់​ចែក​ចាយ​ដល់​ញាតិ​ព្រៀង​លាន ហើយ​ក៏​នៅ​សល់​សម្រាប់​យក​ទៅ​លក់​ដូរ​បាន​ចំណូល​ឥត​ដាច់​ថែម​ទៀត។

ក្រោយ​បាន​យល់​ដឹង​អំពី​នយោបាយ​សេដ្ឋកិច្ច​គ្រប់គ្រាន់​របស់​ព្រះមហាក្សត្រ​របស់​ខ្លួន​ហើយ លោក សុំប៊ូន ក៏​ងាក​ពី​ការ​ដាំ​តែ​ទុរេន​មួយ​មុខ​ក្នុង​ចម្ការ​មក​ជា​ដាំ​ដំណាំ​ចម្រុះ មាន​ទាំង​ពី​បន្លែ​បង្ការ​រហូត​ដល់​ឈើ​ហូប​ផ្លែ និង​ឈើ​ព្រៃ​ធំៗ ដូចជា​ឈើទាល ត្រាច ធ្នង់ គ្រញូង ជាដើម ព្រមទាំង​ចិញ្ចឹម​ត្រី ចិញ្ចឹម​ជ្រូក​ថែម​ទៀត លើ​ផ្ទៃ​ដី​ចម្ការ​ដែល​មាន​ទំហំ​តែ ១៧​រ៉ៃ ឬ​ប្រមាណ​ជា ២​ហិកតារ ៧​អារ នោះ​ប៉ុណ្ណោះ។

តើ​លោក សុំប៊ូន ធ្វើ​វិធី​ណា​ទើប​អាច​ប្តូរ​ចម្ការ​ទុរេន​ឲ្យ​ក្លាយ​ជា​ឧទ្យាន​រុក្ខជាតិ ដែល​មាន​ដំណាំ​ដាំ​ញឹក​ដូច​ព្រៃ​ក្រាស់​ដូច្នេះ​បាន? លោក​មាន​ប្រសាសន៍​ថា លោក​ធ្លាប់​ទៅ​ទីក្រុង ហើយ​ឃើញ​មាន​មនុស្ស​ម្នា​កក​កុញ លោក​សួរ​គេ​ឯង​ថា តើ​គេ​រស់​នៅ​បាន​ដោយ​វិធីណា​បើ​មនុស្ស​ច្រើន​ម្ល៉ឹងៗ? គេ​ប្រាប់​ថា គេ​នៅ Condominium គឺ​ផ្ទះ​ច្រើន​ជាន់​នៅ​បន្តុប​លើ​គ្នា ធ្វើ​ឲ្យ​កើត​ជា​គំនិត​ដាំ​ដំណាំ​ជា​ផ្ទះ​ខនដូ ៩​ជាន់​នេះ​ឡើង។

លោក សុំប៊ូន ឲ្យ​ដឹង​ដូច្នេះ ៖ «បើ​និយាយ​ពី​ធ្វើ​ចម្ការ​វិញ យើង​មាន​ដី​តូច​មួយ​ទើប​យើង​មាន​គំនិត​ថា ប្រសិន​បើ​យើង​យក​ដើម​ឈើ​ច្រើន​ប្រភេទ​មក​ដាំ​ក្នុង​ចម្ការ​នេះ ដើម្បី​ឲ្យ​យើង​រស់​នៅ​បាន មាន​គ្រប់គ្រាន់​សម្រាប់​បរិភោគ មាន​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់ បើ​ដាំ​តែ​មួយ​មុខ​មិន​គ្រាន់​ទេ តែ​យើង​ត្រូវ​មើល​ថា តើ​ដើម​អី​អាច​ដាំ​ជាមួយ​ដើម​អី​បាន? ឧទាហរណ៍​ក្នុង​ទឹក យើង​ជីក​ស្រះ​ដើម្បី​យក​ទឹក​ទៅ​ស្រោច​ទុរេន កាល​បើ​ជីក​ស្រះ​ហើយ​យើង​មិន​យក​តែ​ទឹក​ប៉ុណ្ណោះ​ទេ ត្រូវ​សួរ​ថា​តើ​អាច​ចិញ្ចឹម​ត្រី​បាន​ទេ? ដូច្នេះ​យើង​ចិញ្ចឹម​ត្រី ហើយ​ដាំ​ផ្កា​ឈូក​ទុក​ថ្វាយ​ព្រះមហាក្សត្រិយានី​ផង។ នេះ​គឺ​ជា​ខនដូ (condo) ជាន់​ទី​មួយ»

នៅ​ជាន់​ទី​មួយ ឬ​ក្នុង​ស្រះ​ទឹក លោក សុំប៊ូន ចិញ្ចឹម​ត្រី​ត្រសក់ ត្រី​រមាស និង​ត្រី​ទីឡាព្យ៉ា​ក្រហម។ ជាន់​ទី​២ លោក សុំប៊ូន ដាំ​ដំណាំ​ដែល​នៅ​ក្រោម​ដី គឺ​ប្រភេទ​មើម​ដំឡូង មាន​ដំឡូង​ក្រអូប ដំឡូង​ជ្រូក​ជាដើម ៖ «នេះ​ជា​ដំណាំ​ក្រោម​ដី​ប្រភេទ​មើម ដែល​ខ្ញុំ​ដាំ​នៅ​ពាស​ពេញ​ចម្ការ។ អ្នក​ខ្លះ​នឹក​ស្មាន​ថា​ជា​ដុំ​ថ្ម តែ​ដោយ​ពិត​វា​គឺ​ជា​មើម​ដំឡូង»

ក្រៅ​ពី​នេះ​ក៏​មាន​ខ្ជាយ រំដេង និង​ខ្ញី នៅ​ជាន់​ទី​២ នេះ​ផង​ដែរ។ លោក សុំប៊ូន ប្រាប់​ឲ្យ​ដឹង​ថា គ្រាន់​តែ​ខ្ជាយ​និង​រំដេង គាស់​លក់​មួយ​សប្តាហ៍ៗ​បាន​ចំណូល​មិន​តិច​ជាង ២.០០០​បាត​ឡើយ។ នៅ​ក្នុង​ចម្ការ​របស់​លោក នៅ​គ្រប់​ចង្អាម​ដី​សុទ្ធ​តែ​មាន​ភោគ​ផល​ជីក​យក​មក​ដូរ​ជា​ប្រាក់​បាន​ទាំង​អស់។

នៅ​ជាន់​ទី​៣ លោក សុំប៊ូន ដាំ​រុក្ខជាតិ​ឱសថ ត្រួយ​រយោង​សម្រាប់​ស្ល ឬ​ធ្វើ​ជា​របោយ ព្រមទាំង​ម្ទេស និង​ស្លឹក​គ្រៃ។ នៅ​ជាន់​ទី​៤ លោក​ដាំ​ក្រូច​ជូរ ដែល​ចិន​ហៅ​ថា​ក្រូច​មាស លើ​ផ្ទៃ​ដី ៩​រ៉ៃ ឬ​ប្រមាណ​១.០០០​ដើម ដែល​ផ្តល់​ចំណូល​សរុប ២.០០០​បាត​ក្នុង​មួយ​ថ្ងៃ ៖ «ក្រូច​មាស​នេះ កាល​ពី​ឆ្នាំ​ទៅ​យើង​មិន​បាន​បេះ​លក់​រាល់​ថ្ងៃ​ទេ ថ្ងៃ​ខ្លះ​បេះ​បន្តិចបន្តួច ថ្ងៃ​ខ្លះ​បេះ​ច្រើន ទូទាត់​ទៅ​ចំណូល​បាន​មួយ​ថ្ងៃ​ប្រមាណ ២.០០០​បាត»

ជាន់​ទី​៥ លោក​ដាំ​ចេក​ដែល​ផ្តល់​ចំណូល ៥ ទៅ ៦​ពាន់​បាត​ក្នុង​មួយ​សប្តាហ៍ គឺ​រៀង​រាល់​សប្តាហ៍​លោក​កាប់​ចេក​លក់​ម្តង។ នៅ​ពេល​មាន​គេ​ប្រាប់​លោក​ថា ការ​ដាំ​ដំណាំ​ច្រើន​មុខ​ញឹក​ស្អេក​ពេក​មិន​ល្អ​ឡើយ ព្រោះ​វា​នឹង​ដណ្តើម​អាហារ​គ្នា លោក សុំប៊ូន មាន​ប្រសាសន៍​ថា ៖ «មិន​ពិត​ទេ! មើល​ចុះ​វា​ជា​ជី​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទេតើ! គឺ​វា​ជួយ​ជ្រោម​ជ្រែង​គ្នា​ទៅ​វិញ​ទៅ​មក»

ជាន់​ទី​៦ គឺ​ជា​ទុរេន​នៅ​ក្នុង​ចម្ការ​ទាំង​អស់ ដែល​លោក សុំប៊ូន ដាំ​បាន​ជាង ៧០០​ដើម លាយ​ឡំ​ពូជ​គ្នា តែ​ភាគ​ច្រើន​គឺ​ជា​ពូជ​ម៉នថង។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ជាន់​ទី​៧ ដែល​លោក​ដាំ​ម្រេច​ដោយ​បំពាក់​ទៅ​លើ​ដើម​ទុរេន គឺ​យក​ដើម​ទុរេន​ធ្វើ​ជា​ជន្លង់ ៖ «នៅ​លើ​ដើម​ទុរេន​នីមួយៗ ពី​ដើម​យើង​ដាំ​ម្រេច​ជា​ដំណាំ​អនុផល តែ​ឥឡូវ​នេះ​ម្រេច​ក្នុង​ចម្ការ​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ដំណាំ​គោល​ទៅ​ហើយ ព្រោះ​ថា​ចំណូល​កាល​ពី​ឆ្នាំ​ទៅ​បាន​ដល់​ទៅ​ជាង ៣០​ម៉ឺន​បាត គឺ​ជិត​ស្មើ​នឹង​ចំណូល​ពី​ទុរេន​តែម្តង»

លោក សុំប៊ូន មាន​ប្រសាសន៍​ថា នៅ​ពេល​លោក​ផ្តើម​ដាំ​ម្រេច​ឲ្យ​តោង​ដើម​ទុរេន មាន​តែ​មនុស្ស​គេ​រិះគន់​លោក រួមទាំង​ឪពុក​របស់​លោក​ផង។ ម្នាក់ៗ ថា​ប្រើ​ដើម​ទុរេន​ជំនួស​ជន្លង់​ម្រេច មិន​ដែល​មាន​នរណា​គេ​ធ្វើ​ទេ ៖ «លោក​ឪពុក​ខ្ញុំ​គាត់​ថែម​ទាំង​ជេរ​ផង ថា​កុំ​ដាំ​អ៊ីចឹង ប្រយ័ត្ន​ម្រេច​ងាប់​អស់។ ខ្ញុំ​ក៏​សាក​ល្បង​ដាំ​មួយ​ដើម​សិន ព្រោះ​មិន​ដឹង​ជា​យក​ទៅ​ដាំ​ត្រង់​ណា ខណៈ​ដែល​មាន​ម្រេច​ពូជ​ល្អ​ឲ្យ​ដាំ​ទៅ​ហើយ​នោះ នេះ​ម្យ៉ាង ហើយ​ម្យ៉ាង​ទៀត​ជន្លង់​នោះ​ក៏​ថ្លៃ​ណាស់​ផង។ ជន្លង់​មួយ​ដើម​ថ្លៃ​រាប់​រយ​បាត។ អ៊ីចឹង​ខ្ញុំ​ក៏​ដាំ​សាក​មើល​មួយ​ដើម​សិន។ ក្នុង​រយៈពេល ៤​ឆ្នាំ គឺ​នៅ​ឆ្នាំ​ទី​៤ ខ្ញុំ​ប្រមូល​ផល​បាន​ដល់​ទៅ​ជាង ៨០​គីឡូក្រាម ឃើញ​ថា​បាន​ផល​ល្អ​ទើប​ដាំ​ពេញ​មួយ​ចម្ការ​តែ​ម្តង​ទៅ»

ចំពោះ​ដំណាំ​ម្រេច លោក សុំប៊ូន ប្រមូល​ផល​រៀង​រាល់​ថ្ងៃ​ជា​ម្រេច​ស្រស់ ហើយ​នៅ​ចុង​ឆ្នាំ​លោក​ប្រមូល​ផល​ម្រេច​ចាស់​យក​ទៅ​ហាល លក់​បាន​មួយ​សា​ទៀត។ ក្នុង​មួយ​ថ្ងៃៗ គ្រាន់​តែ​បេះ​ម្រេច​ស្រស់​ទៅ​លក់​នៅ​ទីផ្សារ​ក៏​មាន​ចំណូល​ពី ១​ពាន់ ទៅ ២​ពាន់​បាត​ប្រាក់​ថៃ​ដែរ ហើយ​នៅ​ចុង​ឆ្នាំ​លក់​ម្រេច​ស្ងួត​បាន​ចំណូល ២០-​៣០​ម៉ឺន​បាត​ថែម​ទៀត។ ដូច្នេះ​ហើយ​ទើប​នៅ​ក្នុង​ចម្ការ​របស់​លោក​សុំប៊ូន គេ​ឃើញ​ម្រេច​ដុះ​តោង​ដើម​ទុរេន ទាំង​ជាង ៧០០​ដើម​នោះ​ឡើង​ទ្រុប។

ភាពច្នៃ​ប្រឌិត​និង​ឧស្សាហ៍​ព្យាយាម​របស់​កសិករ​ថៃ​រូប​នេះ ក្នុង​ការ​ធ្វើ​ចម្ការ​របស់​ខ្លួន​តាម​គម្រោង​ព្រះរាជ​តម្រិះ​សេដ្ឋកិច្ច​គ្រប់គ្រាន់​របស់​ព្រះមហាក្សត្រ ដោយ​ធ្វើ​តាម​បែប​ផ្ទះ​ខនដូ ៩​ជាន់​នេះ នៅ​មាន​ជាន់​ច្រើន​ជាន់​ទៀត ដែល​ខ្ញុំ​បាទ​មិន​ទាន់​បាន​លើក​យក​មក​ជម្រាប ដោយ​នាទី​កសិកម្ម​អស់​ត្រឹម​នេះ៕