តំបន់ខេត្តភាគនិរតី កំពុងខ្វះទឹកធ្វើស្រែនៅក្នុងរដូវវស្សានៅឆ្នាំនេះ។ បញ្ហានេះនាំឲ្យមានកង្វល់ដល់កសិករជាច្រើនដែលមិនអាចឲ្យពួកគាត់ដាំដុះដំណាំស្រូវទាន់ដើមរដូវដូចរាល់ឆ្នាំបាន ដើម្បីដោះស្រាយបញ្ហា កសិករខ្លះបានសម្រេចចិត្តមិនស្ទូងស្រូវដូចសព្វដងទេ ដោយពួកគាត់ងាកមកធ្វើស្រែពង្រោះគ្រាប់ស្រូវវិញ ប៉ុន្តែជំនាញកសិកម្មមិនលើកទឹកចិត្តឲ្យកសិករជ្រើសរើសវិធីសាស្ត្រនេះឡើយ ព្រោះវានាំឲ្យខាតគ្រាប់ពូជច្រើន។ ទន្ទឹមគ្នានេះដែរអ្នកជំនាញបានបង្ហាញគន្លឹះខ្លះៗក្នុងស្ទូងសំណាបចាស់ខែដែលមានស្រាប់ ហើយអាចទទួលផលស្រូវបានច្រើនដដែល។
អាកាសធាតុរាំងស្ងួត អូសបន្លាយជិតដល់រដូវភ្ជុំបិណ្ឌ ទឹកភ្លៀងនៅតែធ្លាក់តិចតួចបណ្តាលឲ្យកសិករនៅខេត្តតាកែវ កំពត កំពង់ស្ពឺ ជាដើម ដកស្ទូងមិនត្រូវដំណាក់កាលសំខាន់នៃការលូតលាស់របស់ដំណាំស្រូវវស្សាដែលប្រកាន់រដូវ។
បញ្ហានេះ ប្រធានអង្គការសេដាក បណ្ឌិត យ៉ង សាំងកុមារ ណែនាំកសិករកុំឲ្យបាក់ទឹកចិត្តត្រូវតស៊ូដាំស្រូវ បើទោះបីជាការដាំស្រូវនៅចុងរដូវវស្សាក៏ដោយ ហើយសំណាបដែលសាបនោះ វាចាស់ខែក៏ត្រូវតែដកយកទៅដាំ។ លោកថា ការស្ទូងសំណាបចាស់ខែ ត្រូវទុកគម្លាតគុម្ពមួយទៅមួយថយចុះពីជាង ២តឹក មកនៅត្រឹម ១តឹកក្នុងមួយគុម្ពវិញ។ ដើមសំណាប តែចាំបាច់ត្រូវតែរើសយកដើមថ្លោសចំនួនមួយដើមយកទៅដាំក្នុងមួយដំណោត។ ការដាំបែបនេះ គុម្ពស្រូវនៅតែបែកកូនបានច្រើនដើម ហើយផលស្រូវនៅតែទទួលបានប្រហាក់ប្រហែលការស្ទូងនៅក្នុងដំណាក់កាលដើមរដូវវស្សាដែរ។
បណ្ឌិត យ៉ង សាំងកុមារ៖ «ព្រោះនៅពេលចុងរដូវហ្នឹងស្រូវវាអត់មានពេលគ្រប់គ្រាន់ដើម្បីបែកគុម្ព អ៊ីចឹងត្រូវស្ទូងឲ្យវារាងកៀកជាងកាលពីដើមរដូវ។ យកល្អឲ្យវាតិចជាង ២តឹក ឬក៏មក ១,៥០តឹក។ តែបើយើងស្ទូងរហូតដល់ខែភ្ជុំតែម្ដង គឺស្ទូងតែ ១តឹកអីបានហើយ។ អាហ្នឹងជាចំណុចសំខាន់បំផុតដែលយើងត្រូវយកចិត្តទុកដាក់។ ហើយមួយទៀត ទោះបីជាយើងស្ទូងទៅ វានៅចុងរដូវ ហើយសំណាបរាងចាស់បន្តិចក៏ដោយក៏កុំបាច់ស្ទូងច្រើនដើមដែរ យកល្អចាប់តែដើមថ្លោសៗ មួយដើមៗស្ទូងរាងកៀកទៅ ក៏យើងនៅបានផលច្រើន ប្រហាក់ប្រហែលយើងស្ទូងដើមដៃដែរ»។
លោក យ៉ង សាំងកុមារ ច្រាលចោលការធ្វើស្រែវស្សានៅចុងរដូវ ដោយជ្រើសរើសវិធីព្រោះស្រូវ។ លោកថា អ្នកធ្វើស្រែពង្រោះ គឺស្ថិតក្នុងភាពប្រថុយប្រថានដែលនាំឲ្យកសិករខាតច្រើន ប្រសិនបើទឹកភ្លៀងមិនបន្តធ្លាក់ធ្វើឲ្យខាតគ្រាប់ពូជច្រើនជាងស្ទូងដែលប្រើដើមសំណាបអស់តិចជាងស្រូវពង្រោះ៖ «ព្រោះកាលណាវាព្រោះទៅទី១ វាចុងរដូវហើយ អ៊ីចឹងទឹកស្រូវវាមិនសូវមានពេលបែកគុម្ព លូតលាស់អីពេញលេញគ្រប់គ្រាន់ទេ អ៊ីចឹងការធ្វើព្រោះហ្នឹងវាទាមទារពេលយូរ សម្រាប់ស្រូវក្នុងពេលលូតលាស់ស្រូវ អ៊ីចឹងស្រូវនឹងមិនសូវបានផល ណាមួយវាប្រថុយប្រថាន ហើយនិងធ្វើឲ្យយើងអស់គ្រាប់ពូជច្រើនផង អ៊ីចឹងយើងជំរុញឲ្យកសិករយើងហ្នឹងធ្វើបែបស្ទូង។ ហើយនៅពេលស្ទូងហ្នឹង គឺចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់គឺចន្លោះគុម្ព»។
ការណែនាំទាក់ទងរបៀបដក ស្ទូង ស្រូវវស្សា ដើម្បីទទួលបានផលស្រូវច្រើនរបស់មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក (CEDAC) ផ្សព្វផ្សាយកាលពីថ្ងៃ២៩ ខែសីហា ណែនាំម្ចាស់ស្រែដែលមានសន្ទូង តែមិនសូវមានទឹកដក់ច្រើនក្នុងស្រែបានប្រាប់កសិករឲ្យប្រមូលសារធាតុសរីរាង្គ ដូចជាស្លឹក និងមែករុក្ខជាតិ រួមមានទន្ទ្រានខែត្រ ស្នោ សណ្ដែក ល្ហុង ខ្នុរ អង្កាញ់ អង្គាដី ស្ដៅ អង្កាម ជាដើម ចាក់ចូលក្នុងស្រែ ដែលមានសន្ទូងដើម្បីជួយឲ្យដីមានជីជាតិ និងជួយគ្របដីឲ្យមានសំណើមយូរ បន្ថយការរំហួតនៃខ្យល់និងពន្លឺថ្ងៃ ហើយវាធ្វើឲ្យដើមស្រូវលូតលាស់ល្អ។
ប្រធានអង្គការសេដាក បណ្ឌិត យ៉ង សាំងកុមារ បន្តថា ចំពោះដីស្រែដែលមានទឹកដក់ច្រើនក្នុងស្រែគួរបង្ហូរទឹកចេញខ្លះ បើសិនជាអាចធ្វើបាន ដើម្បីឲ្យស្រូវបែកគុម្ពច្រើន។ ក៏ប៉ុន្តែបើស្រូវកំពុងតែរៀបចេញផ្កា មិនគួរបង្ហូរទឹកចេញពីស្រែទេ ព្រោះជាពេលវេលាដែលដើមស្រូវត្រូវការទឹកច្រើនសម្រាប់ចិញ្ចឹមគ្រាប់ឲ្យពេញទឹក មិនឲ្យគ្រាប់ស្រូវស្កក៖ «ហើយយើងកុំភ័យ នៅពេលចុងរដូវ ទឹកភ្លៀងវាអាចគ្រប់គ្រាន់ហើយ ជាពិសេសនៅពេលភ្ជុំអ៊ីចឹង ទឹកវានឹងមកគ្រប់គ្រាន់។ បើតាមប្រតិទិនខ្មែរយើង ជាទូទៅខែភ្ជុំអីហ្នឹង តែងតែមានភ្លៀងច្រើនហើយ ពេលហ្នឹងយើងធ្វើការបន្ថែមជីធម្មជាតិអី ថែមក៏ថែមទៅ»។
ទន្ទឹមនោះលោកបានណែនាំឲ្យកសិករចេះសន្សំទឹកដោយការជីកស្រះក្នុងដីស្រែ ដើម្បីត្រងទឹកជំនន់និងទឹកភ្លៀងទុកប្រើប្រាស់ការដាំដុះបន្តទៀត។ លោកបានអំពាវនាវសុំឲ្យក្រសួងពាក់ព័ន្ធពង្រឹងកសិករ ក្នុងការបែងចែកដីស្រែដើម្បីជីកស្រះ ដែលវាបានជួយរដ្ឋាភិបាលក្នុងការកាត់បន្ថយថវិកាចំណាយទៅលើគម្រោងប្រព័ន្ធធារាសាស្ត្រ។
លោក យ៉ង សាំងកុមារ៖ «ក្រៅពីជីធម្មជាតិអីហ្នឹង ដូចជាលាមកសត្វអី យើងអាចប្រើប្រាស់មានជាស្លឹកឈើ មានជាចំបើង កាកសំណល់រុក្ខជាតិអីផ្សេងៗ យកទៅព្រាចនៅលើដីស្រែហ្នឹងទៅ អ៊ីចឹងវាអាចជួយថែរក្សាសំណើមបានយូរផង ហើយវាជួយបង្កើនជីជាតិដល់ដី ហើយជាជម្រកដល់សត្វ មានជីវិតផ្សេងៗជាដើម ពីព្រោះពេលស្រូវធ្វើខ្លួន ជាពេលដែលស្រូវត្រូវការទឹកច្រើនបំផុត ហ្នឹងហើយដែលយើងត្រូវគិតគូរឲ្យច្រើនបំផុត អ៊ីចឹងហើយបានយើងចេះតែជំរុញឲ្យមានការជីកស្រះជីកអី គឺថាបម្លែងដីមួយផ្នែកនៃស្រែហ្នឹង ឲ្យទៅជាស្រះទឹករាងធំល្មមទៅដើម្បីត្រងយកទឹក ពេលភ្លៀងធ្លាក់មកយើងអាចប្រមូលទឹកទុក ដើម្បីស្រោចស្រពបន្ថែមនៅពេលខ្វះខាត»។
រដូវវស្សាឆ្នាំ២០១៤នេះ កសិករមួយចំនួននៅខេត្តប៉ែកនិរតី មានខេត្តតាកែវ កំពត ខេត្តកំពង់ស្ពឺ ជាដើម គឺដីស្រែភាគច្រើនគោកខ្សោះទឹក មិនទាន់បានដាំស្រូវវស្សានៅឡើយ។
កសិករភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ដាំស្រូវ ប្រពលវប្បកម្មស្រូវ តាមគោលធម្មជាតិ (បវស) ធ្លាប់ទទួលបានជ័យលាភី លេខមួយ កាលពីឆ្នាំ២០១៣ ទទួលបានមេគោ ៣ក្បាល កំពុងតែបារម្ភពីភាគរាំងស្ងួតអូសបន្លាយ ដីស្រែមិនមានទឹក ហើយគាត់បូមទឹកដាំស្រូវ។ មិនតែប៉ុណ្ណោះ និងដាំស្រូវមួយដើមបណ្ដើរ យកទឹកកំសៀវស្រោចគុម្ពស្រូវបណ្ដើរ ថ្លែងថា ការធ្វើស្រែ បវស បើប្រើសំណាបចាស់ខែ មិនសូវសង្ឃឹមថា បែកគុម្ពច្រើនទេ។ គាត់រំពឹងតែទឹកក្នុងស្រះ បូមដាក់ស្រូវ ប៉ុន្តែបើមេឃមិនភ្លៀងធ្លាក់មកទេ ដើមស្រូវហ្នឹងមិនចេញផ្កា បានច្រើនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។