បច្ចេកទេស​ដាំ​ម្រះ​តាម​វិធី​គ្រប​ប្លាស្ទិក​លើ​រង

0:00 / 0:00

ម្រះ ជា​បន្លែ​ដែល​មាន​ឱជារស​ល្វីង​គួរ​សម។ ម្រះ គេ​អាច​យក​ទៅ​កែច្នៃ​ជា​ម្ហូប​បាន​ច្រើន​ប្រភេទ។ បច្ចុប្បន្ន​តម្លៃ​ជួញ​ដូរ​ម្រះ ពី ៣​ពាន់​រៀល ទៅ ៤​ពាន់​រៀល​ក្នុង ១​គីឡូ​ក្រាម។ ម្រះ ក៏​ជា​ឱសថ​ព្យាបាល​ជំងឺ​គ្រុន​ដែរ។

តើ​ការ​ដាំ​ម្រះ​យ៉ាង​ដូចម្ដេច​ដុះ​លូត​ល្អ?

ម្រះ អាច​ដាំ​បាន​ច្រើន​បច្ចេកទេស ដូចជា​ដាំ​តាម​បែប​បុរាណ ដាំ​គ្រប​ប្លាស្ទិក ដាំ​គ្រប​ដំបូល ជាដើម។ ចំណែក​ការ​ដាំ​ម្រះ​របស់ លោកស្រី ភោគ ឡា រស់នៅ​ភូមិ​ព្រហូត ឃុំ​ក្រាំងលាវ ស្រុក​បាទី ខេត្ត​តាកែវ អះអាង​ថា គាត់​ដាំ​ម្រះ​តាម​បែប​បុរាណ។ ទីតាំង​ដាំ​ម្រះ គឺ​នៅ​កន្លែង​ស្រឡះ ដី​ទួល​មិន​លិច​ទឹក និង​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​សម្រាប់​លើក​រង​ដាំ​ម្រះ។ ភ្ជួរ​ដី​នោះ​ឲ្យ​ជ្រៅ​ដល់ ២​តឹក ហើយ​ហាល​ដី​កន្លះ​ខែ ទុក​ឲ្យ​ដី​នោះ​វា​ស្ងួត ដើម្បី​សម្លាប់​មេ​រោគ​នៅ​ក្នុង​ដី។ បន្ទាប់​មក រាស់​បំបែក​ដី​ឲ្យ​ម៉ដ្ឋ យក​ជីកំប៉ុស ៣០​គីឡូ​ក្រាម​លាយ​ជាមួយ​ធ្យូង​អង្កាម និង​បន្ថែម​ជី​កាក​ឡ​ជីវឧស្ម័ន ១​ធុង ច្របល់​ចូល​គ្នា​ឲ្យ​សព្វ ដាក់​ទ្រាប់​បាត​រង។ រង​ត្រូវ​លើក​យក​ទទឹង ៧​តឹក និង​បណ្តោយ​តាម​ទំហំ​ដី៖ «ប្រហាក់​ប្រហែល ៧​តឹក​ទទឹង ហើយ​បណ្តោយ​តាម​ស្ថានភាព​ដី។ ហើយ​អ៊ីចឹង​ក្នុង ១​គុម្ព ខ្ញុំ​ដាក់​ជីកំប៉ុស ៣​ខាំ​ក្នុង ១​គុម្ព ដាក់​នៅ​បាត​រណ្ដៅ​ហ្នឹង​ពេល​ដាំ។ ហើយ​នៅ​ពេល​ដែល​យើង​ធ្វើ​គល់ យើង​រាយ​ក្រឡឹងៗ​វា​ទៅ អា​ហ្នឹង​ដាក់ ១​ដៃៗ​ទេ នៅ​ពេល​យើង​ធ្វើ​វគ្គ​ទី​២»

លោកស្រី ភោគ ឡា ឲ្យ​ដឹង​ថា គាត់​ដាំ​ម្រះ​តាម​ទម្លាប់​ដូនតា។ នៅ​ពេល​ថ្ងៃ​ក្តៅ គាត់​ហាល​គ្រាប់​ពូជ ១៥​នាទី ដើម្បី​ដាស់​ដំណេក ទើប​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ល្មម​ចំនួន ២០​នាទី។ ស្រង់​វា​ពី​ទឹក​ក្តៅ រួច​យក​ទៅ​ខ្ចប់​នឹង​ក្រណាត់ ហើយ​យក​វា​ទៅ​កប់​ក្នុង​ដី​សើម ផ្អាប់​ឲ្យ​គ្រាប់​ពូជ​នោះ​បែក​មាត់​ចាប ទើប​យក​គ្រាប់​ពូជ​នោះ​ទៅ​កប់​ដាំ។ ក្នុង ១​រណ្ដៅ គាត់​កប់ ៣​គ្រាប់ បង្ការ​សត្វ​ស៊ី ឬ​ដាច់​ឫស​នៅ​ពេល​វា​ដុះ​ជាដើម។ កប់​គ្រាប់​ពូជ​ក្នុង​រង ត្រូវ​ទុក​គម្លាត​ពី​គុម្ព​មួយ​ទៅ​មួយ​កន្លះ​ម៉ែត្រ។ នៅ​ពេល​កូន​ម្រះ​ដុះ​បាន​កម្ពស់ ២​តឹក​ផុត​ពី​ដី វា​ដុះ​ដៃ។ គាត់​ជ្រំ​គល់ រួច​យក​ចំណារ ឬ​ឈើ​ធំ​ទៅ​ដោត​ធ្វើ​ជា​ទ្រើង ដោយ​យក​មង​ក្រឡា​ធំ​ពាក់​លើ​ឈើ​ឲ្យ​វា​ព្យួរ​ក្បែរ​ដៃ​កូន​ម្រះ ដើម្បី​ឲ្យ​ដៃ​ម្រះ​តោង​ឡើង​តាម​ខ្សែ​មង​នោះ៖ «បង្គោល ៤ ទៅ ៥ ហើយ​បាន​រាយ​មង ហើយ​ចង​ទៅ​ឲ្យ​វា​វារ​តាម​មង​ហ្នឹង មិន​មែន​ដាក់​ទ្រើង​ឫស្សី​ទេ ដាក់​ទ្រើង​មង។ ទ្រើង​មង​ហ្នឹង​ងាយ​រក​ជាង​ទ្រើង​ឫស្សី យើង​ជីក​តែ​បង្គោល​ក្នុង ១​រង​ដាក់​តែ​បង្គោល ៤ អី​ទៅ ហើយ​តែ​ម្តង»

ឯកសារ​ផ្សព្វផ្សាយ​កសិកម្ម​ឆ្នាំ​២០១៤ ណែនាំ​ពី​បច្ចេកទេស​ដាំ​ម្រះ ដោយ​គ្រប​ប្លាស្ទិក​លើ​រង។ មុន​គ្រប​ប្លាស្ទិក​លើ​រង ត្រូវ​យក​ជីកំប៉ុស ២​គីឡូ​ក្រាម​លាយ​ជាមួយ​ជី​អិន.ប៉េ.កា (NPK) ជាង ៧​គីឡូ​ក្រាម សម្រាប់​ដាំ​ម្រះ ៥០០​ម៉ែត្រ​ការ៉េ រួច​ស្រោច​ទឹក​ក្នុង​រង​ឲ្យ​ជោក ទើប​គ្រប​ប្លាស្ទិក​ពី​លើ​រង។ ប្លាស្ទិក​គ្រប​លើ​រង​មាន ២​បែប ម្ខាង​ស និង​ម្ខាង​ខ្មៅ គឺ​យក​ខាង​ខ្មៅ​ដាក់​ក្រោម ទុក​ខាង​ស ដាក់​មក​ខាង​លើ។ ទាញ​ប្លាស្ទិក​តាម​បណ្តោយ​រង ហើយ​ខ្ទាស់​ចម្រៀក​ឫស្សី​នៅ​ខាង​គល់​ប្លាស្ទិក​ឲ្យ​ញឹក​ទាំង​សង​ខាង។ ចំហៀង​រង ត្រូវ​កាយ​ដី​កប់​ពី​លើ​ប្លាស្ទិក​នោះ មិន​ត្រូវ​គ្រប​ប្លាស្ទិក​លើ​រង​ធូរ​ពេក​ទេ វា​ធ្វើ​ឲ្យ​ខ្យល់​ក្តៅ​ចេញ​ចូល​ក្នុង​រង​ក្រោម​ប្លាស្ទិក បង្ក​ឲ្យ​កូន​ដំណាំ​ឆាប់​ងាប់ ហើយ​ប្លាស្ទិក​ងាយ​រហែក។ គ្រប​ប្លាស្ទិក​រួច ចាប់​ផ្ដើម​ចោះ​រណ្ដៅ​សម្រាប់​ដាំ​កូន​ម្រះ។ យក​កំប៉ុង​ទឹក​ដោះ​គោ ដាក់​រងើក​ភ្លើង​ឲ្យ​ក្តៅ យក​ទៅ​សង្កត់​ពី​លើ​ប្លាស្ទិក​ឲ្យ​ត្រង់​ជួរ ដើម្បី​ចោះ​រន្ធ​សម្រាប់​ដាំ។ ទុក​គម្លាត​ចោះ​ពី​រន្ធ​មួយ​ទៅ​មួយ​កន្លះ​ម៉ែត្រ។ រណ្ដៅ​ចោះ​នោះ គួរ​ឲ្យ​វា​ធំ​ជាង ១​តឹក ដើម្បី​កុំ​ឲ្យ​កម្ដៅ​ពី​ដី​រង​ឆួល​ខ្លាំង នៅ​ពេល​រន្ធ​ចោះ​ដាំ​វា​តូច អាច​ឲ្យ​កូន​ម្រះ​ឆាប់​សន្លប់ ឬ​ងាប់។

ឯកសារ​ដដែល​ប្រាប់​ពី​អត្ថប្រយោជន៍​នៃ​ការ​គ្រប​ប្លាស្ទិក​លើ​រង​បន្លែ គឺ​កាត់​បន្ថយ​ដំណាំ​ពី​ជាំ​ទឹក កាត់​បន្ថយ​ការ​ហូរ​ច្រោះ​ដី និង​ជី។ ដី​រង​មិន​ហាប់​ពេក ធ្វើ​ឲ្យ​ឫស​ដំណាំ​ងាយ​ចាក់​បាន​ស្រួល និង​ជ្រៅ កាត់​បន្ថយ​ការ​ដុះ​ស្មៅ កាត់​បន្ថយ​ជំងឺ និង​សត្វ​ល្អិត​យាយី។ រៀបចំ​រង​សម្រាប់​ដាំ​រួច ត្រូវ​បណ្ដុះ​កូន​ម្រះ យក​ជី​គីមី ១​ភាគ លាយ​ជីកំប៉ុស ២​ភាគ និង​ផេះ​អង្កាម ៣​ភាគ​ច្របល់​ឲ្យ​សព្វ ទើប​យក​ទៅ​លីង ឬ​ចំហុយ​ឲ្យ​ក្តៅ ទុក​ឲ្យ​ដី​នោះ​សើម​តិចៗ វា​មិន​ខូច​គុណភាព​ដី។ យក​ដី​នោះ​ទៅ​ដាក់​ក្នុង​កន្ទោង ឬ​ថាស​បណ្ដុះ តែ​កុំ​សង្កត់​ដី​នោះ​ឲ្យ​ណែន។ យក​គ្រាប់​ម្រះ ១​គ្រាប់​កប់​បន្ថើរ​ក្នុង ១​កន្ទោង ឬ​មួយ​ប្រលោះ​នៃ​ថាស​បណ្ដុះ រួច​យក​ដី​រោយ​ពី​លើ​គ្រាប់​នោះ​ឲ្យ​ស្តើង។

ឯកសារ​ដដែល​ប្រាប់​ថា គ្រាប់​ពូជ​បណ្ដុះ​ដែល​មិន​ដុះ មក​ពី​កត្តា​មួយ​ចំនួន ដូចជា​ដី​បណ្ដុះ​មិន​ម៉ដ្ឋ ហើយ​សម្បូរ​ដី​ឥដ្ឋ ស្រោច​ទឹក​លើ​ដី​ក្នុង​កន្ទោង​បណ្ដុះ​មិន​បាន​ជោក​គ្រប់គ្រាន់ ឬ​ស្រោច​ទឹក​ច្រើន​ពេក នាំ​ឲ្យ​ពន្លក​វា​រលួយ មិន​ធ្វើ​ដំបូល​ការពារ​កម្ដៅ​ថ្ងៃ​ពេល​បណ្ដុះ​គ្រាប់ ធ្វើ​ឲ្យ​ស្វិត​ពន្លក​ខ្ចី​ទើប​នឹង​ដុះ ជាដើម។

ការ​ថែទាំ​ម្រះ​ក្រោយ​ដាំ គឺ​ដាក់​ជី​បំប៉ន​ក្នុង​រង​គ្រប​ប្លាស្ទិក ត្រូវ​យក​ឈើ​បុក​ជា​រណ្ដៅ​នៅ​សង​ខាង​គុម្ព​ម្រះ​ពី​លើ​ប្លាស្ទិក​ឲ្យ​បាន​ជម្រៅ​កន្លះ​តឹក។ ជម្រៅ​នេះ​ត្រូវ​រាក់​ល្មម​សម្រាប់​ដាក់​ជី​បន្ថែម ទើប​ឫស​ដំណាំ​ស្រូប​យក​ជី​បាន​ច្រើន។ ស្រោច​ទឹក​ត្រូវ​ធ្វើ​នៅ​ពេល​ព្រឹក​តាម​វិធី​បញ្ចូល​ទឹក​ចន្លោះ​រង។ ចៀសវាង​ស្រោច ឬ​បញ្ចូល​ទឹក​នៅ​ពេល​ល្ងាច ដែល​វា​អាច​ឲ្យ​ម្រះ​មាន​បញ្ហា​រលួយ ឬ​រលាក​ដើម ដោយសារ​ទឹក​នៅ​សល់​ក្នុង​ដី​ញឹកញាប់​នៅ​ពេល​យប់។ ទឹក​ត្រូវ​ស្រោច​ឲ្យ​បាន​ទៀងទាត់ បន្ទាប់​ពី​ដាំ​កូន​ហើយ។ ដំណាំ​ម្រះ ត្រូវ​ការ​ទឹក និង​ជី ដើម្បី​ការ​លូតលាស់​នៃ​ឫស ដើម ស្លឹក ផ្កា ផ្លែ។ កាត់​ស្លឹក​ម្រះ ត្រូវ​ធ្វើ​ក្រោយ​ពី​ដាំ​កូន​ម្រះ​បាន ១៥ ទៅ ២០​ថ្ងៃ អាច​កាត់​ខ្នែង​បែក​ចេញ​ពី​ក្រោម​ដើម​ទៅ​ដល់​វា​លូត​បាន​កម្ពស់ ៧​តឹក ទើប​ទុក​ខ្នែង​ខាង​ក្រោម។ ជា​ការ​ប្រសើរ ខ្នែង​ម្រះ​អាច​កាត់​ចោល​ក្នុង​រយៈពេល ៧​ថ្ងៃ​ម្តង។ ផល​ប្រយោជន៍​នៃ​ការ​កាត់​ខ្នែង​ពី​ដើម​ម្រះ គឺ​ធ្វើ​ឲ្យ​ដើម​មេ​ដុះ​លូតលាស់​បាន​លឿន ផ្តល់​ផ្លែ​បាន​ធំ​ស្មើ​គ្នា និង​កាត់​បន្ថយ​ជំងឺ និង​សត្វ​ល្អិត​យាយី​នៅ​ជិត​ដី​រង។ ការ​ជម្រះ​ស្មៅ​ក្នុង​ចម្ការ ត្រូវ​តែ​ជម្រះ​ស្មៅ​ឲ្យ​ស្អាត ទោះ​បី​រង​គ្រប​ប្លាស្ទិក​ក៏ដោយ ព្រោះ​ស្មៅ​នោះ​ជា​ជម្រក​សត្វ​ល្អិត​ដែល​យាយី​ម្រះ និង​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​មក​ដើម​ម្រះ។

កសិករ​ដាំ​ម្រះ​នៅ​ភូមិ​ព្រហូត លោកស្រី ភោគ ឡា ឲ្យ​ដឹង​ថា គាត់​ថែទាំ​ដំណាំ​ម្រះ​ក្រោយ​ដាំ​ដោយ​ការ​បាញ់​ជី​ទឹក កាក​សំណល់​ឡ​ជីវឧស្ម័ន និង​ជី​បំប៉ន ដែល​ផ្សំ​ពី​ផ្លែ​ឈើ៖ «ដែល​ម្រះ​ចាប់​ឲ្យ​ទង​ត្រូវ​ថែម​ជី​ម្តង​ទៀត ហើយ​ក្រោយ​ពី​ម្រះ​ចាប់​ផ្ដើម​ក្ដឹប នោះ​យើង​ថែម​ជី​ទឹក​បាញ់​បំប៉ន​នៅ​ពេល​ល្ងាច។ តាំង​ពី​នៅ​តូច យើង​បាញ់​បញ្ឆិត​វា​ពី​លើ​មក​គល់​តែ​ម្តង។ តែ​ដល់​ពេល​ធំ យើង​បាញ់​រះ​ទៅ​លើ​ស្លឹក បាញ់​នៅ​ពេល​ល្ងាច ក្នុង​ចន្លោះ ៥​ថ្ងៃ​ម្តង ឬ ១​អាទិត្យ​បាញ់ ២​ដង​ក៏​មាន​ដែរ»

លោកស្រី ភោគ ឡា បន្ត​ថា ជី​បំប៉ន​ដំណាំ​ម្រះ​ដែល​គាត់​ផ្សំ គឺ​យក​ផ្លែ​ម្នាស់​ទុំ ៣​គីឡូ​ក្រាម ចិត​សម្បក​ឲ្យ​ស្អាត​លាយ​ស្ករ​ល្ង ១​គីឡូ​ក្រាម និង​ទឹក​ដូង ១​លីត្រ ច្របាច់​ចូល​គ្នា​ឲ្យ​ម៉ដ្ឋ ទើប​ច្រក​ក្នុង​កែវ។ ផ្អាប់​វា​ទុក​កន្លែង​ងងឹត តែ​ឧស្សាហ៍​បង្ហើប​វា កុំ​ឲ្យ​ហ្គាស៍​វា​ផ្ទុះ។ ទុក​វា​ដល់ ១៨​ថ្ងៃ ស្រង់​វា​ច្រោះ​យក​កាក​ចេញ។ វាល់​ទឹក​ច្រោះ​បាន​នោះ ១​ស្លាបព្រា​បាយ លាយ​ទឹក ១​លីត្រ យក​ទៅ​បាញ់​លើ​ដើម​ម្រះ ១០​គុម្ព៖ «បាញ់​បង្ហើរ​លើ​ស្លឹក​តែ​ម្តង។ បើ​ប៉ះ​ស្លឹក ក៏​វា​ចូល​ដល់​គល់ ស្រោច​គល់​ក៏​វា​ជួយ​ឲ្យ​ដើម​ល្អ ស្លឹក​ល្អ វា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»

ឯកសារ​ផ្សព្វផ្សាយ​កសិកម្ម​បង្រៀន​ពី​ការ​ប្រមូល​ផល​ម្រះ គឺ​ធ្វើ​នៅ​ពេល​ព្រលឹម ឬ​ពេល​ល្ងាច​ជា​ពេល​ដែល​ពន្លឺ​ថ្ងៃ​មិន​សូវ​ក្តៅ​ខ្លាំង។ យក​កន្ត្រៃ​កាត់​ទង​ដែល​ជាប់​នឹង​ផ្លែ​ម្រះ​ទុក​ប្រវែង ១​ថ្នាំង​ដៃ​ពី​ផ្លែ។ ការ​ទុក​ឲ្យ​ផ្លែ​ម្រះ​នៅ​ជាប់​ទង​ខ្លះ​នេះ ដើម្បី​រក្សា​ទម្ងន់ និង​រសជាតិ​ម្រះ។ យក​ផ្លែ​កាត់​នោះ​ដាក់​ក្នុង​កញ្ឆេរ​ដែល​ក្រាល​ផ្ទៃ​រលោង ដើម្បី​កុំ​ឲ្យ​ផ្លែ​វា​កកិត​ក្រឡា និង​ជាំ។ ច្រក​ផ្លែ​ម្រះ​ក្នុង​ថង់​ដែល​ចោះ​រន្ធ​តូចៗ ដើម្បី​ឲ្យ​ខ្យល់​ចេញ​ចូល​ល្អ កុំ​ឲ្យ​ស្លោក​ផ្លែ​ម្រះ។ ចៀសវាង​ច្រក​ផ្លែ​ម្រះ​ក្នុង​ថង់ ឬ​កុំ​រៀប​ផ្លែ​ម្រះ​គរ​លើ​គ្នា​ច្រើន​ហួស​បរិមាណ នាំ​ឲ្យ​ផ្លែ​វា​ស្លោក ឬ​ជាំ។ កសិករ​ដាំ​ម្រះ​នៅ​ភូមិ​ព្រហូត លោកស្រី ភោគ ឡា ឲ្យ​ដឹង​ថា គាត់​ដាំ​ម្រះ​លក់​ឲ្យ​ផ្សារ​សេដាក (CEDAC) បាន​តម្លៃ ៣​ពាន់​រៀល​ក្នុង ១​គីឡូ​ក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។