វិធី​កែ​ច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ដោយ​​ប្រើ​គ្រឿង​ឧបករណ៍​បក​សំបក

ការ​ផលិត​គ្រាប់​ស្វាយ​ចន្ទី​អាច​ជា​រឿង​ស្មុគស្មាញ ទើប​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ដែល​ដាំ​ស្វាយ​ចន្ទី ពឹង​ផ្អែក​លើ​ឈ្មួញ​កណ្តាល​មក​ម៉ៅ​ទិញ​គ្រាប់​ស្វាយ​ចន្ទី​របស់​ខ្លួន។

0:00 / 0:00

លោក ព្រំ សៅរ៍នរ៉ា វិស្វករ​ខ្មែរ​អាមេរិកាំង​បាន​ច្នៃ​ប្រឌិត​កាំបិត​ប្រលេះ​គ្រាប់​ស្វាយ​ចន្ទី​លក់​ក្នុង​តម្លៃ​ថោក​ជាង​របស់​ឥណ្ឌា និង​យៀកណាម ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជួយ​ឲ្យ​កសិករ​ដាំ​ស្វាយ​ចន្ទី​អាច​ចំហុយ​និង​ប្រលេះ​គ្រាប់​បាន​ដោយ​ខ្លួន​ឯង។

មាន​មិត្ត​អ្នក​ស្តាប់​ខ្លះ​ចាប់​អារម្មណ៍​អំពី​មុខ​របរ​ផលិត​គ្រាប់​ស្វាយ​ចន្ទី​លក់​ដូច​ដែល​នាទី​កសិកម្ម​វិទ្យុ​អាស៊ីសេរី បាន​ស្នើ​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ ដោយ​ពិត​ទៅ​សាច់​គ្រាប់​ស្វាយ​ចន្ទី​លីង​លក់​បាន​តម្លៃ​ល្អ​ណាស់​តាម​ហាង ភោជនីយដ្ឋាន ឬ​រង្គសាល ឬ​បា​នានា ដែល​អតិថិជន​និយម​ទទួល​ទាន​គ្រាប់​ស្វាយ​ចន្ទី​ក្លែម​ជាមួយ​ស្រាបៀរ និង​ភេសជ្ជៈ​ផ្សេងៗ​ទៀត។

ដូច​ធ្លាប់​ជម្រាប​ហើយ​ថា កសិករ​ម្ចាស់​ចម្ការ​ស្វាយ​ចន្ទី​នៅ​កម្ពុជា មិន​តិច​នាក់​ទេ​ដែល​នាំ​គ្នា​កាប់​ដើម​ស្វាយ​ចន្ទី​ចោល​ដើម្បី​យក​ដី​ទៅ​ដាំ​ដំណាំ​ផ្សេង​ទៀត ព្រោះ​រក​ទីផ្សារ​លក់​​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​មិន​បាន​ ត្រូវ​បង្ខំ​ចិត្ត​លក់​ឲ្យ​ឈ្មួញ​កណ្តាល​ជាពិសេស​ឈ្មួញ​យៀកណាម ដែល​សង្កត់​ក​ទិញ​ក្នុង​តម្លៃ​ថោក​សែន​ថោក។

ឧទាហរណ៍​លោក​គ្រូ អូន ស៊ីឡឹប នៃ​វិទ្យាល័យ​ហ៊ុនសែន-​បល្ល័ង្ក ខេត្ត​កំពង់ធំ ធ្លាប់​សួរ​វិទ្យុ​អាស៊ីសេរី​ដូច្នេះ «ខ្ញុំ​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ដាំ​ដំឡូង​មី ខ្ញុំ​ចង់​ឲ្យ​ខាង​បង (វិទ្យុ​អាស៊ីសេរី) ជួយ​រក​របៀប​ដាំ​ដំឡូង​មី។ ខ្ញុំ​កំពុង​តែ​កាប់​ចម្ការ​ចោល ចម្ការ​ស្វាយ​ចន្ទី»

លោក ព្រំ សៅរ៍នរ៉ា វិស្វករ​ខ្មែរ-​អាមេរិកាំង និង​ជា​ប្រធាន​ក្រុមហ៊ុន​សិប្បកម្ម​ធម្មជាតិ​ខ្មែរ​នៅ​ផ្សារ​ដើម​ថ្កូវ ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា ក្រៅ​ពី​បង​ប្អូន​ដែល​មាន​ដើម​ទុន​អាច​បណ្តាក់​ទុន​ប្រមូល​ទិញ​គ្រាប់​ស្វាយ​ចន្ទី​ពី​កសិករ​យក​មក​បក​សំបក​ហើយ អ្នក​ដាំ​ស្វាយ​ចន្ទី​គួរ​ណាស់​តែ​ធ្វើ​ដោយ​ខ្លួន​ឯង។

លោក ព្រំ សៅរ៍នរ៉ា មាន​ប្រសាសន៍​ដូច្នេះ ៖ «នេះ​គឺ​ត្រឹម​ត្រូវ​ល្អ​ជាង​គេ​បំផុត ប៉ុន្តែ​មធ្យោបាយ​មួយ​សំខាន់​ត្រូវ​តែ​ដឹង​គឺ​ថា គ្រាប់​ហ្នឹង​ត្រូវ​តែ​ហាល​ថ្ងៃ​យ៉ាង​តិច ២​ថ្ងៃ បាន​យក​ទៅ​ទុក​ហើយ​វា​មិន​ដុះ រួច​ហើយ​យើង​យក​ទៅ​ច្រក​បាវ បាវ​ធម្មតា​ស្រុក​យើង​វា​មាន​បាវ​ក្រចៅ​ហ្នឹង​ក៏​បាន ឬ​ក៏​បាន​ប្លាស្ទីក​សរសៃៗ​ដែរ ធ្វើ​ដូច​ជា​បាវ គឺ​ថា​វា​មាន​ខ្យល់​ចេញ​ចូល។ ប៉ុន្តែ​រឿង​សំខាន់​គឺ​ថា​យើង​ត្រូវ​ទុក​វា​នៅ​ក្នុង​កន្លែង​ដែល​យើង​ទុក​វា​ហ្នឹង​ធ្វើ​ដំបូល​យក​ស័ង្កសី ហើយ​កុំ​ឲ្យ​ទុក​ផ្ទាល់​ដី​ដើម្បី​កុំ​ឲ្យ​វា​មាន​ជាតិ​ទឹក​ហ្នឹង​ឡើង​មក​ប៉ះ​អាហ្នឹង។ បើ​ថា​យើង​ទុក​ដំបូល​ធម្មតា ដំបូល​ស្លឹក​អី​ហ្នឹង​វា​អាច​ធ្វើ​ឲ្យ​មាន​សើម កន្លែង​ហ្នឹង​មួយ​សំខាន់ គឺ​ថា​យើង​ត្រូវ​ហាល​ឲ្យ​ស្ងួត​២​ថ្ងៃ​យ៉ាង​តិច»

តើ​ត្រូវ​មាន​ទុន​ប៉ុន្មាន​ដើម្បី​ធ្វើ​ការ​បក​គ្រាប់​ស្វាយ​ចន្ទី​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​លក់​គ្រាប់​ឆៅ​ឲ្យ​ឈ្មួញ​កណ្តាល? លោក ព្រំ សៅរ៍នរ៉ា មាន​ប្រសាសន៍​ថា ៥០០​ដុល្លារ​អាច​ទិញ​បាន​គ្រឿង​ឧបករណ៍​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រលេះ​គ្រាប់ រួម​មាន​ឆ្នាំង​ចំហុយ កាំបិត​កាត់​គ្រាប់ ​ទូ​សម្ងួត និង​ម៉ាស៊ីន​ខ្ចប់។

លោក ព្រំ សៅរ៍នរ៉ា ឲ្យ​ដឹង​ដូច្នេះ ៖ «មាន​ម៉ាស៊ីន​ចំហុយ​មួយ មាន​ប្រដាប់​កាត់​២ ហ្នឹង​តាម​ដែល​យើង​ចង់​បាន មួយ​ប្រហែល ៦៥​ដុល្លារ​ទេ កាំបិត​កាត់​ហ្នឹង។ យើង​អាច​ធ្វើ​ទូ​សម្ងួត​ហ្នឹង គឺ​ថា​យើង​អាច​ប្រើ​កម្ដៅ​ព្រះអាទិត្យ ឬ​ក៏​យើង​ប្រើ​គ្រឿង​ដុត​កម្ដៅ​យក​ដូច​ថា​មែក​ឧស ឬ​ក៏​សំបក​ស្វាយ​ចន្ទី​ហ្នឹង​ក្រោយ​ពី​យើង​កិន​យក​ប្រេង​ហ្នឹង​ចេញ​ហើយ យើង​នៅ​សល់​អាហ្នឹង​យើង​យក​មក​ធ្វើ​ឥន្ធនៈ​ដុត​វា។ គឺ​ថា​យើង​អាច​ទិញ​ម៉ាស៊ីន​កាត់ បើ​ថា​យើង​ចង់​ថែម​តុ​ទៀត គ្រឿង​ថែម​តុ គឺ​ថា​ត្រូវ​ការ​ជាន់​ជើង ដើម្បី​កុំ​ឲ្យ​វា​ហត់​ដៃ​យក​សង្កត់។ តុ​ហ្នឹង​ប្រហែល​ជា... ព្រោះ​វា​ត្រូវ​ធ្វើ Frame (ស៊ុម) ដែក​ដាក់​ពី​លើ ឬ​មួយ​ក៏​ស័ង្កសី ឬ​មួយ​ក៏​ត្រូវ​ដាក់​ក្ដារ រួច​ហើយ​បាន​យើង​ត្រូវ​ដាក់​ស័ង្កសី​ពី​លើ...»

ប្រាកដ​ណាស់​ត្រូវ​មាន​ទុន​ច្រើន​ជាង​នេះ​ព្រោះ​ត្រូវ​ប្រើ​ពលកម្ម​បន្ថែម។

លោក ព្រំ សៅរ៍នរ៉ា អធិប្បាយ​ថា ក្នុង​សិប្បកម្ម​ប្រលេះ​គ្រាប់​ស្វាយ​ចន្ទី​មួយ ចាំ​បាច់​ត្រូវ​ប្រើ​កម្មករ​ពី​៣​ទៅ ៤​នាក់ ក្នុង​ម៉ាស៊ីន​នីមួយៗ ៖ «អ្នក​ដាំ​ចំហុយ​ហ្នឹង ហើយ​និង​អ្នក​បក​សំបក ព្រោះ​គ្រាប់​យើង​កាត់​មក​វា​ធ្លាក់​មក​ទាំង​អស់​ហើយ ធ្លាក់​ទាំង​សំបក ធ្លាក់​ទាំង​សាច់​វា​មក​ជាមួយ​គ្នា។ មនុស្ស​ម្នាក់​ត្រូវ​រើស​អាហ្នឹង​បំបែក​វា​ចេញ ដល់​បំបែក​វា​ចេញ​ហើយ​បាន​យក​ទៅ​ហាល​វា យើង​សម្ងួត​ដើម្បី​ឲ្យ​វា​ស្ងួត បាន​យើង​ឆ្កឹះ​យក​សំបក​ស្ដើងៗ​ចេញ។ ដល់​ឆ្កឹះ​អាហ្នឹង​ចោល​ហើយ​បាន​យើង​ទៅ​ខ្ចប់ ដូច្នេះ​ហើយ​មនុស្ស​អាច​ត្រូវ​ការ​អ្នក​កាត់​មួយ​ហ្នឹង​គឺ​ជា​មនុស្ស​សំខាន់​ហើយ អ្នក​រើស​បំបែក​គ្រាប់​និង​សំបក​ចេញ​ពី​គ្នា​ហ្នឹង ហើយ​និង​មនុស្ស​ចំហុយ​អាច​នឹង​ប្រើ​មនុស្ស​ម្នាក់​ហើយ ហើយ​មនុស្ស​ម្នាក់​ទៀត​សម្រាប់​សម្ងួត និង​ឆ្កឹះ​ចេញ ហើយ​និង​ធ្វើ​ខ្ចប់​អាច​ម្នាក់​ទៀត​ហើយ។ ដូច្នេះ​ម៉ាស៊ីន​កាត់​មួយ​អាច​ត្រូវ​ការ​មនុស្ស ៣​នាក់ ឬ ៤​នាក់​តាម​សមត្ថភាព តាម​ជំនាញ តាម​បច្ចេកទេស​ប៉ិន​ប្រសប់​របស់​អ្នក​ធ្វើ​ហ្នឹង»

ចំពោះ​កាំបិត ឬ​ម៉ាស៊ីន​កាត់​ប្រើ​ដៃ​មាន​តម្លៃ ៦៥​ដុល្លារ តែ​បើ​មាន​ទូ​ផង​ដើម្បី​អាច​ប្រើ​ជើង​ធាក់​បាន​ផង​កុំ​ឲ្យ​រួយ​ដៃ​ពេក​នោះ​មាន​តម្លៃ ២៦៥​ដុល្លារ។ ចំពោះ​ឆ្នាំង​ចំហុយ​មាន​ធុន​តូច​ធុន​ធំ​​តែ​ធុន​មធ្យម​មាន​ចំណុះ ២០​លីត្រ ៖ «វា​មាន​មួយ​ទៅ​យើង​អាច​ចំហុយ​ម្ដង ព្រោះ​វា​ត្រូវ​ការ​ប្រហែល​តែ​កន្លះ​ម៉ោង​អី​ទេ កាល​ណា​យើង​ដាក់​សម្ពាធ​វា​ទៅ​វា​ឆាប់​ឆ្អិន​ទេ កន្លះ​ម៉ោង ៤៥​នាទី​យ៉ាង​យូរ»

រី​ឯ​ម៉ាស៊ីន​វេច​ខ្ចប់​ដែល​ក្រុមហ៊ុន​សិប្បកម្ម​ធម្មជាតិ​នាំ​ចូល​ពី​ប្រទេស​ចិន អាច​ប្រើ​បាន​នឹង​ថង់​ប្លាស្ទីក​ធម្មតា ឬ​ស្បោង​ប្លាស្ទីក ពិសេស​សម្រាប់​បឺត​យក​ខ្យល់​ចេញ​អស់​អាច​ទុក​គ្រាប់​បាន​ក្នុង​រយៈ​ពេល​យូរ ៖ «ស្បោង​សម្រាប់​បឺត​ហ្នឹង គឺ​ថា​ស្បោង​ហ្នឹង​យើង​អាច​ដាក់​បោះ​ពុម្ព​ម៉ាក​អីពី​ក្រៅ​ឲ្យ​ហើយ​អស់​អ៊ីចឹង យើង​ចង់​ដាក់​ប៉ុន្មាន​គីឡូ​ស្បោង​ហ្នឹង យើង​គិត​ឲ្យ​អស់​អ៊ីចឹង​ហើយ ហើយ​យើង​យក​ស្បោង​ហ្នឹង​ឲ្យ​គេ​បោះ​ពុម្ព​ម៉ាក​អី​ឲ្យ​ហើយ​អស់​ទៅ យើង​ដាក់​មក​ថ្លឹង​ហើយ​ចាក់​ទៅ​បាន​យើង​បឺត​មក ស្បោង​ហ្នឹង​វា​ជិត​ល្អ​វា​អត់​មាន​ខ្យល់​នៅ​ក្នុង​ហ្នឹង យើង​ទុក​បាន​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​អ៊ីចឹង​ទៅ។ ប៉ុន្តែ​បើ​យើង​ថា​ឥឡូវ​យើង​គ្រាន់​តែ​ដាក់​ស្បោង​ទទេ​មិន​បាច់​បឺត យើង​អាច​យក​ស្បោង​ប្លាស្ទីក​ធម្មតា ហើយ​យើង​បិទ​មាត់​ពី​ក្រៅ​ទៅ គ្រាន់​តែ​ថា​វា​មិន​បាន​យូរ​វា​មាន​ជាតិ​ទឹក​នៅ​ក្នុង​ហ្នឹង។ ប៉ុន្តែ​បើ​ថា​យើង​គ្រាន់​តែ​លក់​តាម​បា​តាម​ស្អី ការ៉ាស​ឡាន ឬ​ដើរ​លក់​ដូច​ពួក​អ្នក​គេ​លក់​ធម្មតា​អ៊ីចឹង យើង​យក​តែ​ស្បោង​ប្លាស្ទីក​ធម្មតា​យើង​បិទ​ធម្មតា​ទៅ​មិន​ជា​ខុស​អី​ទេ ១​ខែ ២​ខែ ៣​ខែ​អី»