កត្តា​ដែល​កសិករ​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​សត្វ​ចិញ្ចឹម​នា​ចុង​រដូវ​ក្ដៅ

នៅ​ចុង​រដូវ​ក្តៅ​ដែល​មាន​ភ្លៀង​ធ្លាក់​បណ្តើរៗ​នេះ តើ​កសិករ​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​សត្វ​ចិញ្ចឹម​យ៉ាង​ណា​ខ្លះ?

0:00 / 0:00

ខណៈ​នេះ​ថ្វី​បើ​មាន​ភ្លៀង​ធ្លាក់​មក​ខ្លះ តែ​ក៏​គ្រាន់​តែ​ធ្វើ​ឲ្យ​អាកាសធាតុ​កាន់​តែ​ក្តៅ​ប៉ុណ្ណោះ។ នៅ​ពេល​អាកាស​ក្តៅ​ខ្លាំង​ដូច្នេះ​សត្វ​ចិញ្ចឹម​អាច​មាន​ជំងឺ​តម្កាត់​ហើយ​ងាប់​បាន។

ចំពោះ​បង​ប្អូន​កសិករ​ដែល​ចិញ្ចឹម​គោ ពេល​នេះ​ចាំ​បាច់​ប្រញាប់​ប្រញាល់​ចាក់​ថ្នាំ​ឲ្យ​សត្វ​គោ​ដែល​លោក​អ្នក​ចិញ្ចឹម ការពារ​ជំងឺ​ពីរ​មុខ​គឺ សារទឹក​និង​អុតក្តាម។ ដោយ​ពិត​ទៅ​ការ​ចាក់​ថ្នាំ​ការពារ​នេះ គួរ​ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ខែ​មីនា មក​ម៉្លេះ ដើម្បី​ទុក​ពេល​ឲ្យ​ថ្នាំ​ជ្រួត​ជ្រាប​មាន​ប្រសិទ្ធភាព​ពេញ​ទី។

លោក នូវ កាស៊ី អតីត​អ្នក​នយោបាយ ដែល​ខណៈ​នេះ​ងាក​មក​យក​ល្អ​ខាង​កសិកម្ម តឿន​មិត្ត​កសិករ​ថា​សូម​កុំ​ភ្លេច ចាក់​ថ្នាំ​ការពារ​ជំងឺ​អុតក្តាម ដែល​អង់​គ្លេស​ហៅ​ថា Foot and Mouth Disease និង​ជំងឺ​មួយ​ទៀត​គឺ​ជំងឺ​សារទឹកដែល​កើត​ពី​មេរោគ Pasteurella ៖ «ដើម​ឆ្នាំ​ហ្នឹង​វា​ត្រូវ Pasteurella ហើយ​និង​អុតក្ដាម ចាក់​ថ្នាំ។ ដើម​រដូវ​វស្សា​និង​ចុង​រដូវ​វស្សា​ត្រូវ​ចាក់​ថ្នាំ ៦​ខែ​ម្ដង។ តាម​ពិត​ត្រូវ​ចាក់​តាំង​ពី​ខែ​មីនា»

សូម​រំឭក​ថា​ជំងឺ​សារទឹក​ដែល​បង្ក​ដោយ​បាក់តេរី​ឈ្មោះ Pasteurella នេះ​ជា​ជំងឺ​ឆ្លង​ធ្ងន់ធ្ងរ អាច​កើត​នឹង​គោ ក្របី ចៀម ពពែ ជ្រូក ទន្សាយ និង​បក្សី ហើយ​ច្រើន​កើត​នៅ​ដើម​រដូវ​ភ្លៀង​និង​ក្នុង​រដូវ​ភ្លៀង។

យោង​តាម​សៀវភៅ​ពេទ្យ​សត្វ​ជនបទ ជំងឺ​នេះ​អាច​វិវត្ត​បាន​ពីរ​វិធី គឺ វិវត្ត​ឆាប់​រហ័ស​សត្វ​នឹង​គ្រុន​ក្តៅ​ភ្លាមៗ កម្ដៅ​ខ្ពស់​៤១​អង្សា សត្វ​ចុះខ្សោយ​កម្លាំង​ដក​ដង្ហើម​ញាប់​រួច​ងាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក។ មួយ​ទៀត​គឺ​ការ​វិវត្ត​មិន​សូវ​រហ័ស គឺ​ក្នុង​រយៈពេល ២-​៣​ម៉ោង​ដំបូង សត្វ​គ្រុន​ក្តៅ ៤០-៤១​អង្សាសេ មិន​ឃ្លាន​ចំណី​និង​មិន​ទំពារ​អៀង។ ក្រោយ​២-​៣​ម៉ោង​មក សត្វ​ចាប់​ផ្តើម​ក្អក​ដក​ដង្ហើម​ញាប់​ហូរ​ទឹក​សម្បោរ​ខាប់ៗ​ពី​រន្ធ​ច្រមុះ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើងៗ បណ្តាល​ឲ្យ​សត្វ​ងាប់​ក្រោយ​ឈឺ​បាន​ប្រមាណ ៨​ថ្ងៃ។

រីឯ​ជំងឺ​អុតក្តាម​វិញ​ជា​ជំងឺ​ដែល​ឆ្លង​យ៉ាង​ខ្លាំង​ជា​ទី​បំផុត។ ច្រើន​កើត​លើសត្វគោ​ក្របី និង​ពពួក​សត្វ​ដែល​ក្រចក​មាន​ចង្វែក និង​មនុស្ស​ក៏​អាច​កើត​ជំងឺ​នេះ​ផង​ដែរ។ ជំងឺ​នេះ​មាន​លក្ខណៈ​សម្គាល់​ត្រង់​វា​ធ្វើ​ឲ្យ​សត្វ​គ្រុន​ក្តៅ​និង​មាន​ពង​ដោរ​នៅ​លើ​ភ្នាស​ស្តើង​នៃ​មាត់ និង​ពង​ដោរ​នៅ​ច្រវែក​ជើង​និង​ដោះ។

ជា​ទូទៅ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​សត្វ​ងាប់​ទេ តែ​វា​បណ្តាល​ឲ្យ​ខូច​ខាត​ជា​ដំណំ​ដល់​ផ្នែក​សេដ្ឋកិច្ច ព្រោះ​វា​ធ្វើ​ឲ្យ​សត្វ​ដែល​ឈឺ​ស្គម និង​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ភ្ជួរ​រាស់ ឬ​ដឹក​ជញ្ជូន​បាន។ ដូច្នេះ​ត្រូវ​ចាប់​ផ្តើម​ចាក់​ថ្នាំ​បង្ការ​ពី​ខែ​៣ ដល់​ចុង​ខែ​៤។ លោក នូវ កាស៊ី មាន​ប្រសាសន៍​ថា បើ​បណ្តែត​បណ្តោយ​ឲ្យ​កើត​ជំងឺ​ហើយ​ចាក់​ថ្នាំ​មិន​មាន​ប្រយោជន៍​ទេ។

ក្រៅ​ពី​សត្វ​គោ​ហើយ រដូវ​ក្តៅ​ដើម​រដូវ​ភ្លៀង​នេះ ក៏​ជា​ពេល​ដែល​បង​ប្អូន​កសិករ​ដែល​មាន​ចិញ្ចឹម​មាន់​គប្បី​ប្រុង​ប្រយ័ត្ន ការពារ​កុំ​ឲ្យ​សត្វ​ចិញ្ចឹម​ទទួល​រង​នឹង​ចំហាយ​ក្តៅ​ខ្លាំង​ពេក​នេះ​ដែរ។

មាន​វិធី​ច្រើន​វិធី​សម្រាប់​ការពារ​ទប់​ស្កាត់​មិន​ឲ្យ​ចំហាយ​ក្តៅ​ប៉ះ​ពាល់​ដល់​សុខភាព​របស់​សត្វ​ចិញ្ចឹម​ជាពិសេស​មាន់​និង​ជ្រូក។ ឧទាហរណ៍​ទ្រុង​មាន់​ដែល​ធ្វើ​ជា​រោង​ជា​អគារ​ធំៗ​វែងៗ​ប្រក់​ដោយ​ស័ង្កសី គឺ​អាច​យក​ស្បូវ ឬ​ស្លឹក​ទៅ​ក្រាល​គ្រប​ពី​លើ ឬ បាញ់​ទឹក​ស្រោច​ពី​លើ​ឲ្យ​ត្រជាក់។

លោក នូវ កាស៊ី បានឲ្យដឹងដូច្នេះ ៖ «កន្លែង​ខ្លះ​គេ​សុខ​ចិត្ត​បូម​ទឹក​ទៅ​បង្ហូរ​ពី​លើ​ស័ង្កសី​ដើម្បី​បន្ថយ​កម្ដៅ បាញ់​ទឹក​ទៅ​លើ​ស័ង្កសី​ដើម្បី​បន្ថយ​កម្ដៅ ហើយ​កន្លែង​មួយ​នោះ​ខ្ញុំ​ឃើញ​គេ​បិទ​ជិត​ទាំង​អស់ បិទ​ប្លាស្ទីក​ឲ្យ​ជិត​ទាំង​អស់ ហើយ​ពី​ខាង​ម្ខាង​គេ​បង្ហូរ​ទឹក​របៀប​ដូច​ជា​ធុង​ទឹក​ឡាន ហើយ​បាន​ម្ខាង​ទៀត​គេ​បញ្ឆេះ​ម៉ាស៊ីន ពាក់​ខ្សែ​ពាន ទាញ​កង្ហារ​បក់​ឲ្យ​ទឹក​រត់​កាត់ ឲ្យ​ខ្យល់​រត់​កាត់ ថា​ខាង​ជើង​ទៅ​ចុះ រត់​កាត់​ពី​ចុង​ខាង​ជើង កាត់​ទឹក​ត្រជាក់​ហ្នឹង​ទៅ បាន​ខ្យល់​រត់​កាត់​ទៅ​កន្លែង​មេ​ជ្រូក​គាត់​សម្រាក​ហ្នឹង​ចេញ​តាម​កង្ហារ​ទៅ​ចុង​ខាង​ត្បូង។ អ៊ីចឹង​ទេ​ក្នុង​រោង​ហ្នឹង​គឺ​ថា​ធាតុអាកាស​ល្មម មេ​ជ្រូក​គាត់​សម្រាក​នៅ​ហ្នឹង​ស្រួល ម្យ៉ាង​របស់​គេ​ដែរ»

ចំពោះ​វិធី​ដោះស្រាយ​នេះ​អាច​មាន​អ្នក​ខ្លះ​គិត​ថា​ជា​ការ​បណ្តាក់​ទុន​ច្រើន តែ​លោក នូវ កាស៊ី មាន​ប្រសាសន៍​ថា​កសិដ្ឋាន​ដែល​ប្រើ​ទឹក​ដើម្បី​ទប់​ទល់​នឹង​កម្ដៅ​នោះ​បណ្តាក់​ទុន​ច្រើន​តែ​ម្តង​ប៉ុណ្ណោះ ដូច​ជា​ម៉ាស៊ីន​បូម​ទឹក និង​កង្ហារ​ជាដើម ព្រោះ​មាន​លទ្ធភាព​ប្រើ​ឡ​ជីវឧស្ម័ន​ផលិត​ថាមពល​ជំនួស​អគ្គិសនី ឬ ប្រេង​ឥន្ធនៈ។

លោក នូវ កាស៊ី មាន​ប្រសាសន៍​ដូច្នេះ ៖ «ដាក់​តែ​ម្ដង​ទេ ព្រោះ​អី​កន្លែង​គាត់​ហ្នឹង​ខ្ញុំ​មើល​ឃើញ​សក្ដានុពល ត្រង់​ថា​គាត់​ចិញ្ចឹម​ជ្រូក​យក​កូន​នៅ​កំពង់ស្ពឺ ហ្នឹង ហើយ​គាត់​បញ្ឆេះ​ម៉ាស៊ីន​ទាញ​កង្ហារ បញ្ឆេះ​ម៉ាស៊ីន​បូម​ទឹក។ បន្តិច​ទៀត​ទៅ​បើ​គាត់​បន្ថែម​តែ​ឡ​ជីវឧស្ម័ន​បញ្ជូល​លាមក​ជ្រូក​ទៅ​ក្នុង​ឡ​ក្រោម​ដី​ហ្នឹង​ទៅ យក​ឧស្ម័ន​មេតាន​ហ្នឹង យក​មក​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​មួយ​ទៅ រួច​ទៅ​ម៉ាស៊ីន​ភ្លើង​ហ្នឹង​ទាញ​ទឹក​ផង ទាញ​កង្លារ​ផង អត់​មាន​បាច់​អស់​លុយ​ទេ ព្រោះ​ធន​ធាន​ជ្រូក​គាត់​មាន​មេតាន​ច្រើន​ជាង​លាមក​គោ​ផង»

នៅ​មាន​ការ​កត់​សម្គាល់​មួយ​ទៀត​ដែល​លោក​ប្រធាន​វិទ្យាស្ថាន​សន្តិភាព​និង​អភិវឌ្ឍន៍ នូវ កាស៊ី ប្រាថ្នា​ទាញ​អារម្មណ៍​កសិករ​អំពី​គ្រោះ​ថ្នាក់​មួយ​ទៀត​នៅ​ចុង​រដូវ​ក្តៅ​នេះ គឺ​ប្រមាត់​គីង្គក់ ៖ «ភ្លៀង​ម្ដង​ពីរ​ដង​អ៊ីចឹង​មាន​ខូច​ខាត​បន្តិច​នៅ​តាម​ថ្លុក​តាម​អី ពេល​ហ្នឹង​គឺ​គីង្គក់​ចាប់​ផ្ដើម​បង្ក​ញី​ឈ្មោល បាន​ន័យ​ថា​វា​ចាប់​ដោយ​ញី​ឈ្មោល​ហើយ​ពេល​ហ្នឹង វា​ជិត​ពង​ហើយ ឈ្មោល​គ្រាន់​តែ​ទម្លាក់​ស្ពែម​ដើម្បី​ពង​ញាស់​ហើយ ហើយ​រួច​ទៅ​កម្ដៅ​សព្វ​ថ្ងៃ​ហ្នឹង​ធ្វើ​ឲ្យ​ទឹក​រាង​ឧណ្ហៗ​ល្មម ពង​ញាស់​តែ​ម្ដង។ ដល់​វា​ញាស់​មក​នៅ​ក្នុង​ទឹក​ហ្នឹង​បាន​តែ​បន្តិច ដុះ​កន្ទុយ​លោត​ចេញ​ក្រៅ លោត​មក​មាន់​ទា​អី​ឃើញ​ចឹក បញ្ហា​ហើយ​អាហ្នឹង»

លោក នូវ កាស៊ី អធិប្បាយ​អំពី​ភាព​ពុល​ដ៏​ខ្លាំង​ក្លា​របស់​ប្រមាត់​គីង្គក់​ដូច្នេះ ៖ «ស៊ី​ភ្លាម​មិន​មែន​ងាប់​ភ្លាម​ទេ ៣-​៤​ថ្ងៃ សំកុក​បន្តិច​ទៅៗ ៥​ថ្ងៃ​ទៅ​បាន​ធ្លាក់​ពី​ទ្រនំ ពីព្រោះ​អី​ជាតិ​ប្រមាត់​គីង្គក់​នេះ​គឺ​ពុល​ខ្លាំង​ណាស់។ ពី​សម័យ​ប្រល័យ​ពូជ​សាសន៍ អ្នក​ដែល​ឃ្លាន​ខ្លាំង​មែន​ទែន​យក​គីង្គក់​មក​ទទួល​ទាន​ហើយ​ស្ដាយ​មិន​ហ៊ាន​បោះ​ចោល​អាំង​ទាំង​ពង​ទាំង​អី​ស្លាប់​ទាំង​អស់ៗ ធ្ងន់​ណាស់​ប្រមាត់​គីង្គក់ ពង​គីង្គក់​ហ្នឹង​ខ្លាំង​មែន​ទែន។ អ៊ីចឹង​អត់​ដឹង​បាន​វិធី​ទៅ​ការពារ​ទេ មាន់​លេប​កូន​គីង្គក់​ទៅ ទៅ​ប្រមាត់​ទាំង​មូល​ហើយ ដល់​ពេល ២-​៣​ថ្ងៃ​គែ​វា​ចាប់​ផ្ដើម​ធ្វើ​ការ រលួយ​ជាតិ​ប្រមាត់​ជ្រាប​ចូល​ក្នុង​សាច់​ស្លាប់​ដូច​គ្នា»

ដូច្នេះ​កសិករ​គប្បី​ក្រុង​មាន់​កុំ​ឲ្យ​ទៅ​ជិត​មាត់​ទឹក ឬ​ដាក់​លើ​ធ្នើរ​ឲ្យ​ខ្ពស់​ផុត​ពី​ដី៕