ខណៈរដូវច្រូតកាត់របស់កសិករទើបតែបានបញ្ចប់ អ្នកជំនាញកសិកម្ម និងកសិករដែលមានបទពិសោធន៍ជោគជ័យក្នុងការដាំដំណាំ បានអំពាវនាវឲ្យប្រជាកសិករទាំងអស់ គួរនាំគ្នាដាំដំណាំ ឬបន្លែខ្លះនារដូវប្រាំងលើដីស្រែ តាមកម្លាំង ឬធនធានដែលមាន។
ហេតុអ្វីបានជាអ្នកជំនាញផ្នែកកសិកម្ម ចង់ឲ្យកសិករដាំដំណាំលើដីស្រែ? តើមានគន្លឹះសំខាន់ៗយ៉ាងណាខ្លះ ដើម្បីដាំដំណាំនារដូវប្រាំងបានជោគជ័យ?
អ្នកជំនាញកសិកម្ម និងកសិករដែលមានបទពិសោធន៍ជោគជ័យក្នុងវិស័យកសិកម្ម ចាត់ទុកការដាំដុះដំណាំ ឬបន្លែនៅក្នុងស្រែនារដូវប្រាំង មិនត្រឹមតែជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករប៉ុណ្ណោះទេ លើសពីនេះ វាគឺជាវិធីដ៏ល្អជួយបង្កើនជីធម្មជាតិ ដើម្បីជួយបង្កើនជីជាតិដីកាន់តែល្អជាងមុនផងដែរ។
ដោយសម្លឹងឃើញពីសារសំខាន់នៃការដាំដំណាំនារដូវប្រាំង អ្នកសម្របសម្រួលផ្នែកដំណាំបន្លែប្រចាំខេត្តកំពង់ស្ពឺ របស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) លោក វង្ស សាវឿន បានប្រាប់វិទ្យុអាស៊ីសេរី ថា កន្លងមកមានកសិករមួយចំនួន នៅមានភាពខ្វះចន្លោះមិនទាន់បានគិតគូរយកចិត្តទុកដាក់ដាំដំណាំនៅរដូវប្រាំង ក្រោយពេលច្រូតកាត់នោះឡើយ។ លោកថា នៅពេលកសិករខ្លះទុកដីស្រែចោល មិនឆ្លៀតដាំដំណាំ ឬបន្លែខ្លះ វានឹងនាំឲ្យប្រឈមនឹងបាត់បង់សារធាតុសរីរាង្គសម្រាប់ប្រើជាជីជំនួយដល់ដី បាត់បង់នូវគម្របការពារដីពីកម្តៅថ្ងៃ ដែលវានឹងអាចប៉ះពាល់ដល់សត្វល្អិតមានប្រយោជន៍ក្នុងដី ប៉ះពាល់ដល់បរិស្ថាន ពិសេសមិនអាចឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃផងដែរ។
លោកថា បញ្ហាប្រឈមទាំងនេះ នឹងជំរុញឲ្យទិន្នផលស្រូវរបស់ប្រជាកសិករថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ករណីនេះ លោកជំរុញឲ្យកសិករ ត្រូវតែឆ្លៀតដាំដំណាំនៅលើដីស្រែ ដើម្បីចំណេញទិន្នផលស្រូវកើនឡើងជាងមុន៖ «យើងជំរុញកសិករគាត់ដាំដំណាំលើដីស្រែ ប្រសើរជាងដីចម្ការ ព្រោះដើម្បីឲ្យដីស្រែវាទទួលបានជីជាតិ វាបានរក្សានូវគម្របដីល្អ ស្រែរបស់កសិករល្អ»។
អ្នកជំនាញកសិកម្មរូបនេះ ណែនាំទៅកសិករថា ប្រភេទដំណាំដែលកសិករត្រូវដាំនារដូវប្រាំង ហើយឆាប់បានទទួលផល និងបានចំណូលត្រឡប់មកវិញ ដូចជា ត្រសក់ ត្រឡាច ឪឡឹក ឆៃថាវ ឬដំណាំអូក្រា និងល្ពៅ ជាដើម។ លោកថា ប្រភេទបន្លែទាំងនេះមានអាយុខ្លី និងជាបន្លែដែលសម្បូរជីវជាតិខ្ពស់ ដែលអាចជំរុញឲ្យដីស្រែផុសល្អ ពិសេសវាក៏កំពុងពេញនិយមដល់តម្រូវការទីផ្សារបច្ចុប្បន្នទៀតផង៖ «បន្លែទាំងអស់ហ្នឹងវាជាបន្លែពពួកវល្លិ ដ៏ចឹងទៅវាជួយរក្សាគម្របជីជាតិដី ដើម្បីកាត់បន្ថយនូវជីជាតិដីសំខាន់ៗ ពិសេសពួកអិន.តេ.កា (NTK) ពីដីស្រែនោះ។ ចឹងវាជួយច្រើន ហើយទម្រាំតែគាត់ប្រមូលផលបន្លែរួច វាជួយដីស្រែសម្រាប់ដំណើរការផលិតផលស្រូវនារដូវក្រោយ។ វាងាយស្រួយភ្ជួររាស់ដី»។
ឯកសារណែនាំរបស់អង្គការសេដាក ស្ដីពី «ចំណុចសំខាន់ៗក្នុងការដាំដំណាំនៅរដូវប្រាំង» ក៏បានបង្ហាញថា ការដាំដំណាំលើដីស្រែនារដូវប្រាំង នាំមកនូវផលប្រយោជន៍ច្រើនដល់កសិករ និងសង្គមជាតិ ទាំងផលប្រយោជន៍សេដ្ឋកិច្ច និងបរិស្ថាន។ ឯកសារដដែលបានណែនាំទៅកាន់កសិករថា ដើម្បីជាជំនួយដល់កសិករដែលមានគម្រោងធ្វើការដាំដុះនៅដើមរដូវប្រាំងបានជោគជ័យ កសិករគួរគិតពីគំនិតមួយចំនួនដូចខាងក្រោម៖
- កសិករគួរដាំដុះទៅតាមទំហំធនធាន ដោយកសិករត្រូវគិតទៅលើជីធម្មជាតិ កម្លាំងពលកម្ម និងទឹកស្រោចស្រព ពិសេសកសិករអាចចាប់ផ្ដើមធ្វើលើដីស្រែតូចជាមុនសិន ជាជាងធ្វើលើផ្ទៃដីស្រែធំ តែបានផលតិច។
- ត្រូវចេះសន្សំ និងប្រើប្រាស់ជីធម្មជាតិ ដើម្បីផ្តល់ជីជាតិដល់ដំណាំ ព្រោះនៅពេលដីមានជីជាតិល្អ វានឹងជួយរក្សាសំណើមបានល្អនៅក្នុងដីស្រែ ដើម្បីបន្សល់ទុកនូវជីជាតិដល់ស្រូវនារដូវក្រោយ។
- កសិករគួរគ្របដីដោយប្រើចំបើង ឬស្លឹកឈើផ្សេងៗ ព្រោះសារធាតុទាំងនេះនឹងក្លាយជាជីសម្រាប់ដំណាំ និងដីស្រែដែលដាំនោះ។
- គួរជៀសវាងដាំដំណាំតែមួយមុខនៅលើដីតែមួយ យកល្អដាំដំណាំឲ្យបាន ២ ទៅ ៣មុខឡើងទៅ ព្រោះការដាំដំណាំច្រើនមុខ វាអាចជួយការពារនូវការបំផ្លាញពីសត្វល្អិតចង្រៃផងដែរ។
- អំឡុងពេលដាំបន្លែនៅរដូវប្រាំងនេះដែរ កសិករក៏គួរស្វែងយល់ពីគំនិតថ្មីៗពីកសិករផ្សេងៗទៀត និងអ្នកបច្ចេកទេស ដើម្បីសួរនាំពីបទពិសោធន៍ល្អៗ ដើម្បីការដាំដុះដំណាំរបស់ខ្លួនកាន់តែប្រសើរ។
- កសិករគួរក្តាប់ឲ្យបាននូវតម្រូវការទីផ្សារ និងផែនការដាំដុះរបស់កសិករដទៃនៅតំបន់ផ្សេងទៀត ដើម្បីជៀសវាងនូវការដាំដំណាំដូចៗគ្នា ពីព្រោះវានាំឲ្យមានការផលិតលើសនូវតម្រូវការទីផ្សារ។
- នៅពេលដែលដាំដំណាំបានផលហើយ កសិករគួរចេះចងក្រងគ្នាជាក្រុម ដើម្បីលក់ផលិតផល ពីព្រោះវាងាយស្រួលក្នុងការចរចាតម្លៃ ហើយងាយស្រួលដល់ឈ្មួញក្នុងការប្រមូលផ្តុំផលិតផល។ លើសពីនេះ ត្រូវចេះជ្រើសរើសតំណាង ដើម្បីទំនាក់ទំនងរកទីផ្សារ ជាពិសេសរកអ្នកដែលហ៊ានទិញផលិតផលក្នុងតម្លៃមួយសមរម្យ។
ឯកសារដដែលបញ្ជាក់ថា បើកសិករគ្រប់គ្នានាំគ្នាដាំដំណាំលើដីស្រែនារដូវប្រាំង ហើយអនុវត្តនូវគំនិតណែនាំនេះ វានឹងធ្វើជាគម្របដី ជួយរក្សា និងបង្កើនជីជាតិដី ធ្វើឲ្យកសិករមានបន្លែហូបចុកគ្រប់គ្រាន់ ពិសេសបង្កើនប្រាក់ចំណូលដល់គ្រួសារផងដែរ។
ចំណែកឯកសិករដែលមានបទពិសោធន៍ពីការដាំដំណាំនៅរដូវប្រាំងបានជោគជ័យ លោកស្រី ឡេង យាត មកពីខេត្តកំពង់ធំ ឲ្យដឹងដែរថា មុនត្រៀមដាំដំណាំនៅរដូវប្រាំង ដំបូងឡើយ គ្រួសាររបស់លោកស្រីតែងធ្វើការភ្ជួរលុបគល់ជញ្ជ្រាំង និងជ្រើសរើសមុខដំណាំសម្រាប់យកមកដាំទៅតាមស្ថានភាពដីស្រែ។ លោកស្រីបន្តថា ក្រោយមក លោកស្រីដាំដំណាំមួយចំនួន ដូចជា ននោង ត្រឡាច និងត្រសក់ និងល្ពៅ ដែលជាដំណាំប្រភេទវល្លិធ្វើឲ្យដីស្រែកាន់តែទទួលបានជីច្រើន។ លោកបញ្ជាក់ថា ក្នុងមួយឆ្នាំនៅលើផ្ទៃដីប្រមាណជាង ២៥អា លោកស្រីអាចទាញយកផលពីដំណាំទាំងនោះប្រមាណ ៣,៥លានរៀលនារដូវប្រាំង។ មិនតែប៉ុណ្ណោះ លោកស្រីអះអាងថា វិធានការនេះក៏ធ្វើឲ្យទិន្នផលស្រូវកើនខ្ពស់ និងមិនសូវនឿយហត់ក្នុងការប្រមូលជីដាក់ស្រែ សម្រាប់រដូវវស្សាក្រោយនោះឡើយ។
ករណីនេះ អ្នកជំនាញកសិកម្មនៅតែអះអាងថា ប្រសិនបើកសិករដាំដំណាំនារដូវប្រាំង បានកាន់តែច្រើន ហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាប្រព័ន្ធធារាសាស្ត្រនោះ វាមិនត្រឹមតែចំណេញដល់សេដ្ឋកិច្ចប៉ុណ្ណោះទេ វិធានការនេះក៏ជាចំណែកសំខាន់ឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ពិសេសកាត់បន្ថយការចំណាកស្រុករបស់កសិករនៅទីជនបទបានកាន់តែច្រើនទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។