អ្នក​ជំនាញ​កសិកម្ម​ណែនាំ​ពី​គន្លឹះ​ដាំ​ដំណាំ​លើ​ដី​ស្រែ​នៅ​រដូវ​ប្រាំង​បាន​ជោគជ័យ

0:00 / 0:00

ខណៈ​រដូវ​ច្រូត​កាត់​របស់​កសិករ​ទើប​តែ​បាន​បញ្ចប់ អ្នក​ជំនាញ​កសិកម្ម និង​កសិករ​ដែល​មាន​បទពិសោធន៍​ជោគជ័យ​ក្នុង​ការ​ដាំ​ដំណាំ បាន​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ទាំងអស់ គួរ​នាំ​គ្នា​ដាំ​ដំណាំ ឬ​បន្លែ​ខ្លះ​នា​រដូវ​ប្រាំង​លើ​ដី​ស្រែ តាម​កម្លាំង ឬ​ធនធាន​ដែល​មាន។

ហេតុ​អ្វី​បាន​ជា​អ្នក​ជំនាញ​ផ្នែក​កសិកម្ម ចង់​ឲ្យ​កសិករ​ដាំ​ដំណាំ​លើ​ដី​ស្រែ? តើ​មាន​គន្លឹះ​សំខាន់ៗ​យ៉ាង​ណា​ខ្លះ ដើម្បី​ដាំ​ដំណាំ​នា​រដូវ​ប្រាំង​បាន​ជោគជ័យ?

អ្នក​ជំនាញ​កសិកម្ម និង​កសិករ​ដែល​មាន​បទពិសោធន៍​ជោគជ័យ​ក្នុង​វិស័យ​កសិកម្ម ចាត់​ទុក​ការ​ដាំ​ដុះ​ដំណាំ ឬ​បន្លែ​នៅ​ក្នុង​ស្រែ​នា​រដូវ​ប្រាំង មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជា​កសិករ​ប៉ុណ្ណោះ​ទេ លើស​ពី​នេះ វា​គឺ​ជា​វិធី​ដ៏​ល្អ​ជួយ​បង្កើន​ជី​ធម្មជាតិ ដើម្បី​ជួយ​បង្កើន​ជីជាតិ​ដី​កាន់​តែ​ល្អ​ជាង​មុន​ផង​ដែរ។

ដោយ​សម្លឹង​ឃើញ​ពី​សារសំខាន់​នៃ​ការ​ដាំ​ដំណាំ​នា​រដូវ​ប្រាំង អ្នក​សម្រប​សម្រួល​ផ្នែក​ដំណាំ​បន្លែ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ របស់​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក (CEDAC) លោក វង្ស សាវឿន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កន្លង​មក​មាន​កសិករ​មួយ​ចំនួន នៅ​មាន​ភាព​ខ្វះ​ចន្លោះ​មិន​ទាន់​បាន​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ដាំ​ដំណាំ​នៅ​រដូវ​ប្រាំង ក្រោយ​ពេល​ច្រូត​កាត់​នោះ​ឡើយ។ លោក​ថា នៅ​ពេល​កសិករ​ខ្លះ​ទុក​ដី​ស្រែ​ចោល មិន​ឆ្លៀត​ដាំ​ដំណាំ ឬ​បន្លែ​ខ្លះ វា​នឹង​នាំ​ឲ្យ​ប្រឈម​នឹង​បាត់បង់​សារធាតុ​សរីរាង្គ​សម្រាប់​ប្រើ​ជា​ជី​ជំនួយ​ដល់​ដី បាត់បង់​នូវ​គម្រប​ការពារ​ដី​ពី​កម្តៅ​ថ្ងៃ ដែល​វា​នឹង​អាច​ប៉ះពាល់​ដល់​សត្វ​ល្អិត​មាន​ប្រយោជន៍​ក្នុង​ដី ប៉ះពាល់​ដល់​បរិស្ថាន ពិសេស​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​ផង​ដែរ។

លោក​ថា បញ្ហា​ប្រឈម​ទាំង​នេះ នឹង​ជំរុញ​ឲ្យ​ទិន្នផល​ស្រូវ​របស់​ប្រជា​កសិករ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ករណី​នេះ លោក​ជំរុញ​ឲ្យ​កសិករ ត្រូវ​តែ​ឆ្លៀត​ដាំ​ដំណាំ​នៅ​លើ​ដី​ស្រែ ដើម្បី​ចំណេញ​ទិន្នផល​ស្រូវ​កើន​ឡើង​ជាង​មុន៖ «យើង​ជំរុញ​កសិករ​គាត់​ដាំ​ដំណាំ​លើ​ដី​ស្រែ ប្រសើរ​ជាង​ដី​ចម្ការ ព្រោះ​ដើម្បី​ឲ្យ​ដី​ស្រែ​វា​ទទួល​បាន​ជីជាតិ វា​បាន​រក្សា​នូវ​គម្រប​ដី​ល្អ ស្រែ​របស់​កសិករ​ល្អ»

អ្នក​ជំនាញ​កសិកម្ម​រូប​នេះ ណែនាំ​ទៅ​កសិករ​ថា ប្រភេទ​ដំណាំ​ដែល​កសិករ​ត្រូវ​ដាំ​នា​រដូវ​ប្រាំង ហើយ​ឆាប់​បាន​ទទួល​ផល និង​បាន​ចំណូល​ត្រឡប់​មក​វិញ ដូចជា ត្រសក់ ត្រឡាច ឪឡឹក ឆៃថាវ ឬ​ដំណាំ​អូក្រា និង​ល្ពៅ ជាដើម។ លោក​ថា ប្រភេទ​បន្លែ​ទាំង​នេះ​មាន​អាយុ​ខ្លី និង​ជា​បន្លែ​ដែល​សម្បូរ​ជីវជាតិ​ខ្ពស់ ដែល​អាច​ជំរុញ​ឲ្យ​ដី​ស្រែ​ផុស​ល្អ ពិសេស​វា​ក៏​កំពុង​ពេញ​និយម​ដល់​តម្រូវ​ការ​ទីផ្សារ​បច្ចុប្បន្ន​ទៀត​ផង៖ «បន្លែ​ទាំងអស់​ហ្នឹង​វា​ជា​បន្លែ​ពពួក​វល្លិ ដ៏​ចឹង​ទៅ​វា​ជួយ​រក្សា​គម្រប​ជីជាតិ​ដី ដើម្បី​កាត់​បន្ថយ​នូវ​ជីជាតិ​ដី​សំខាន់ៗ ពិសេស​ពួក​អិន.តេ.កា (NTK) ពី​ដី​ស្រែ​នោះ។ ចឹង​វា​ជួយ​ច្រើន ហើយ​ទម្រាំ​តែ​គាត់​ប្រមូល​ផល​បន្លែ​រួច វា​ជួយ​ដី​ស្រែ​សម្រាប់​ដំណើរ​ការ​ផលិតផល​ស្រូវ​នា​រដូវ​ក្រោយ។ វា​ងាយ​ស្រួយ​ភ្ជួរ​រាស់​ដី»

ឯកសារ​ណែនាំ​របស់​អង្គការ​សេដាក ស្ដីពី «ចំណុច​សំខាន់ៗ​ក្នុង​ការ​ដាំ​ដំណាំ​នៅ​រដូវ​ប្រាំង» ក៏​បាន​បង្ហាញ​ថា ការ​ដាំ​ដំណាំ​លើ​ដី​ស្រែ​នា​រដូវ​ប្រាំង នាំ​មក​នូវ​ផល​ប្រយោជន៍​ច្រើន​ដល់​កសិករ និង​សង្គម​ជាតិ ទាំង​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​បរិស្ថាន។ ឯកសារ​ដដែល​បាន​ណែនាំ​ទៅ​កាន់​កសិករ​ថា ដើម្បី​ជា​ជំនួយ​ដល់​កសិករ​ដែល​មាន​គម្រោង​ធ្វើ​ការ​ដាំ​ដុះ​នៅ​ដើម​រដូវ​ប្រាំង​បាន​ជោគជ័យ កសិករ​គួរ​គិត​ពី​គំនិត​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • កសិករ​គួរ​ដាំ​ដុះ​ទៅ​តាម​ទំហំ​ធនធាន ដោយ​កសិករ​ត្រូវ​គិត​ទៅ​លើ​ជី​ធម្មជាតិ កម្លាំង​ពលកម្ម និង​ទឹក​ស្រោចស្រព ពិសេស​កសិករ​អាច​ចាប់​ផ្ដើម​ធ្វើ​លើ​ដី​ស្រែ​តូច​ជា​មុន​សិន ជា​ជាង​ធ្វើ​លើ​ផ្ទៃ​ដី​ស្រែ​ធំ តែ​បាន​ផល​តិច។
  • ត្រូវ​ចេះ​សន្សំ និង​ប្រើប្រាស់​ជី​ធម្មជាតិ ដើម្បី​ផ្តល់​ជីជាតិ​ដល់​ដំណាំ ព្រោះ​នៅ​ពេល​ដី​មាន​ជីជាតិ​ល្អ វា​នឹង​ជួយ​រក្សា​សំណើម​បាន​ល្អ​នៅ​ក្នុង​ដី​ស្រែ ដើម្បី​បន្សល់​ទុក​នូវ​ជីជាតិ​ដល់​ស្រូវ​នា​រដូវ​ក្រោយ។
  • កសិករ​គួរ​គ្រប​ដី​ដោយ​ប្រើ​ចំបើង ឬ​ស្លឹក​ឈើ​ផ្សេងៗ ព្រោះ​សារធាតុ​ទាំង​នេះ​នឹង​ក្លាយ​ជា​ជី​សម្រាប់​ដំណាំ និង​ដី​ស្រែ​ដែល​ដាំ​នោះ។
  • គួរ​ជៀសវាង​ដាំ​ដំណាំ​តែ​មួយ​មុខ​នៅ​លើ​ដី​តែ​មួយ យក​ល្អ​ដាំ​ដំណាំ​ឲ្យ​បាន ២ ទៅ ៣​មុខ​ឡើង​ទៅ ព្រោះ​ការ​ដាំ​ដំណាំ​ច្រើន​មុខ វា​អាច​ជួយ​ការពារ​នូវ​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​ចង្រៃ​ផង​ដែរ។
  • អំឡុង​ពេល​ដាំ​បន្លែ​នៅ​រដូវ​ប្រាំង​នេះ​ដែរ កសិករ​ក៏​គួរ​ស្វែង​យល់​ពី​គំនិត​ថ្មីៗ​ពី​កសិករ​ផ្សេងៗ​ទៀត និង​អ្នក​បច្ចេកទេស ដើម្បី​សួរ​នាំ​ពី​បទពិសោធន៍​ល្អៗ ដើម្បី​ការ​ដាំ​ដុះ​ដំណាំ​របស់​ខ្លួន​កាន់​តែ​ប្រសើរ។
  • កសិករ​គួរ​ក្តាប់​ឲ្យ​បាន​នូវ​តម្រូវ​ការ​ទីផ្សារ និង​ផែនការ​ដាំ​ដុះ​របស់​កសិករ​ដទៃ​នៅ​តំបន់​ផ្សេង​ទៀត ដើម្បី​ជៀសវាង​នូវ​ការ​ដាំ​ដំណាំ​ដូចៗ​គ្នា ពីព្រោះ​វា​នាំ​ឲ្យ​មាន​ការ​ផលិត​លើស​នូវ​តម្រូវ​ការ​ទីផ្សារ។
  • នៅ​ពេល​ដែល​ដាំ​ដំណាំ​បាន​ផល​ហើយ កសិករ​គួរ​ចេះ​ចងក្រង​គ្នា​ជា​ក្រុម ដើម្បី​លក់​ផលិតផល ពីព្រោះ​វា​ងាយ​ស្រួល​ក្នុង​ការ​ចរចា​តម្លៃ ហើយ​ងាយ​ស្រួល​ដល់​ឈ្មួញ​ក្នុង​ការ​ប្រមូល​ផ្តុំ​ផលិតផល។ លើស​ពី​នេះ ត្រូវ​ចេះ​ជ្រើសរើស​តំណាង ដើម្បី​ទំនាក់ទំនង​រក​ទីផ្សារ ជាពិសេស​រក​អ្នក​ដែល​ហ៊ាន​ទិញ​ផលិតផល​ក្នុង​តម្លៃ​មួយ​សមរម្យ។

ឯកសារ​ដដែល​បញ្ជាក់​ថា បើ​កសិករ​គ្រប់​គ្នា​នាំ​គ្នា​ដាំ​ដំណាំ​លើ​ដី​ស្រែ​នា​រដូវ​ប្រាំង ហើយ​អនុវត្ត​នូវ​គំនិត​ណែនាំ​នេះ វា​នឹង​ធ្វើ​ជា​គម្រប​ដី ជួយ​រក្សា និង​បង្កើន​ជីជាតិ​ដី ធ្វើ​ឲ្យ​កសិករ​មាន​បន្លែ​ហូប​ចុក​គ្រប់គ្រាន់ ពិសេស​បង្កើន​ប្រាក់​ចំណូល​ដល់​គ្រួសារ​ផង​ដែរ។

ចំណែក​ឯ​កសិករ​ដែល​មាន​បទពិសោធន៍​ពី​ការ​ដាំ​ដំណាំ​នៅ​រដូវ​ប្រាំង​បាន​ជោគជ័យ លោកស្រី ឡេង យាត មក​ពី​ខេត្ត​កំពង់ធំ ឲ្យ​ដឹង​ដែរ​ថា មុន​ត្រៀម​ដាំ​ដំណាំ​នៅ​រដូវ​ប្រាំង ដំបូង​ឡើយ គ្រួសារ​របស់​លោកស្រី​តែង​ធ្វើ​ការ​ភ្ជួរ​លុប​គល់​ជញ្ជ្រាំង និង​ជ្រើស​រើស​មុខ​ដំណាំ​សម្រាប់​យក​មក​ដាំ​ទៅ​តាម​ស្ថានភាព​ដី​ស្រែ។ លោកស្រី​បន្ត​ថា ក្រោយ​មក លោកស្រី​ដាំ​ដំណាំ​មួយ​ចំនួន ដូចជា ននោង ត្រឡាច និង​ត្រសក់ និង​ល្ពៅ ដែល​ជា​ដំណាំ​ប្រភេទ​វល្លិ​ធ្វើ​ឲ្យ​ដី​ស្រែ​កាន់​តែ​ទទួល​បាន​ជី​ច្រើន។ លោក​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំ​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ២៥​អា លោកស្រី​អាច​ទាញ​យក​ផល​ពី​ដំណាំ​ទាំង​នោះ​ប្រមាណ ៣,៥​លាន​រៀល​នា​រដូវ​ប្រាំង។ មិន​តែ​ប៉ុណ្ណោះ លោកស្រី​អះអាង​ថា វិធានការ​នេះ​ក៏​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​កើន​ខ្ពស់ និង​មិន​សូវ​នឿយ​ហត់​ក្នុង​ការ​ប្រមូល​ជី​ដាក់​ស្រែ សម្រាប់​រដូវ​វស្សា​ក្រោយ​នោះ​ឡើយ។

ករណី​នេះ អ្នក​ជំនាញ​កសិកម្ម​នៅ​តែ​អះអាង​ថា ប្រសិន​បើ​កសិករ​ដាំ​ដំណាំ​នា​រដូវ​ប្រាំង បាន​កាន់​តែ​ច្រើន ហើយ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ​នោះ វា​មិន​ត្រឹម​តែ​ចំណេញ​ដល់​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ វិធានការ​នេះ​ក៏​ជា​ចំណែក​សំខាន់​ឈាន​ទៅ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ធម្មជាតិ ពិសេស​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​របស់​កសិករ​នៅ​ទី​ជនបទ​បាន​កាន់​តែ​ច្រើន​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។