ប្រជាកសិករមួយចំនួននៅខេត្តបាត់ដំបង ចាប់យកដំណាំស្ពៃក្ដោប ធ្វើជារបរសំខាន់ដើម្បីរកចំណូលដោះស្រាយជីវភាពគ្រួសារ ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេសឡើយ។ ដំណាំប្រភេទនេះ ពួកគាត់ត្រូវចំណាយពេលវេលាប្រមាណពី ៣ខែកន្លះទៅជាង ៥ខែក្នុងមួយរដូវ ទើបពួកគាត់ទទួលបានផល ហើយមានផ្ទៃដីតូចល្មមក៏អាចដាំដំណាំនេះបាន។
ដំណាំស្ពៃក្ដោប គឺជាប្រភេទដំណាំដែលត្រូវការទឹកច្រើនដើម្បីស្រោចស្រព ហើយត្រូវមានការថែទាំឲ្យបានជាប្រចាំ ទើបវាផ្ដល់ផលបានល្អ។
ប្រជាកសិករម្នាក់រស់នៅភូមិរហាលសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ប៊ន ជាង ថ្លែងថា លោកប្រកបរបរដាំស្ពៃក្ដោបជាង ២០ឆ្នាំហើយ ដោយប្រើផ្ទៃដីជាងកន្លះហិកតារ អាចរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ ហើយធ្វើឲ្យក្រុមគ្រួសាររបស់លោកបានរស់នៅជុំគ្នា ដោយមិនបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេសនោះទេ៖ « ខ្ញុំមិនចំណាកស្រុកទៅឆ្ងាយៗទេ គឺនៅរកស៊ីតែស្រុកភូមិនេះឯង សូមឲ្យតែតម្លៃស្ពៃបានថ្លៃទៅបានហើយ »។
កសិករវ័យ ៤៣ឆ្នាំរូបនេះពន្យល់ពីរបៀបដាំស្ពៃក្ដោបថា ការដាំស្ពៃក្ដោបចែកចេញជាពីរដំណាក់កាលសំខាន់ គឺការសាបកូន និងការដកកូនស្ពៃយកទៅដាំ។ លោក ប៊ន ជាង ពន្យល់ថា ដំណាក់កាលសាបកូន មុនដំបូងត្រូវភ្ជួរដីហាលទុកពី ៣ ទៅ ៤ដង ដោយប្រើរយៈពេលពី ៣សប្ដាហ៍ទៅ ១ខែ។ លោកបន្តថា នៅពេលសាបកូន ត្រូវសាបវានៅពេលរសៀល ដោយធ្វើរងទទឹងប្រមាណពី ៧តឹក ឬជិតមួយម៉ែត្រ ដើម្បីងាយស្រួលដកកូនស្ពៃយកទៅដាំ។
លោកបន្ថែមថា មុននឹងសាបកូន ត្រូវដាក់ជីលាមកគោរោយនៅលើថ្នាល ហើយជ្រោយវាឲ្យសប់ រួចយកគ្រាប់ស្ពៃទៅសាបម្ដងមួយគ្រាប់នៅថ្នាល ដោយទុកចន្លោះឃ្លាតពីគ្នាប្រមាណ ៣ថ្នាំងដៃ។ នៅពេលសាបគ្រាប់ស្ពៃហើយ ត្រូវចាក់ទឹកពីលើឲ្យសើម រួចគ្របចំបើង ឬសំពត់ស្បៃចំនួន ១សប្ដាហ៍។ លោកបន្តថា នៅអំឡុងពេលសាបនេះ ត្រូវចាក់ទឹកវាឲ្យបានរៀងរាល់ថ្ងៃ ហើយត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិតឲ្យបានពី ៣ ទៅ ៤ដងរហូតដល់ដកកូនស្ពៃយកទៅដាំរយៈពេលប្រមាណ ១ខែ៖ « វិធីសាស្ត្រ គឺយើងស្រោចទឹកឲ្យជោកនៅលើរងកូនស្ពៃ ដើម្បីងាយស្រួលដកមកបានល្អ វាមិនដាច់ឫសស្ពៃ ហើយពេលយកវាទៅដាំបានវាមិនសូវសន្លប់ ហើយវាដុះបានល្អ »។

លោកបន្តថា នៅពេលដកកូនស្ពៃយកទៅដាំ ត្រូវភ្ជួរដីហាលវាពី ៣ ទៅ ៤ដងក្នុងមួយខែ ហើយត្រូវធ្វើរងទទឹកប្រមាណ ១ម៉ែត្រ ដោយទុកចន្លោះផ្លូវដើរពីរងមួយទៅរងមួយប្រមាណ ៧តឹក ឬ ៧០សង់ទីម៉ែត្រ។ លោកពន្យល់អំពីរបៀបដាំស្ពៃក្ដោបថា ត្រូវដាំវានៅពេលរសៀលទើបល្អ ព្រោះអាកាសធាតុមិនក្ដៅខ្លាំងពេក ដោយជីករណ្ដៅតូចល្មមអាចដាក់កូនស្ពៃបាន ហើយទុកចន្លោះពីគុម្ពមួយទៅគុម្ពមួយប្រវែង ៤០សង់ទីម៉ែត្រ រួចយកលាមកគោលាយជាមួយជីអ៊ុយរ៉េ ដាក់នៅក្នុងបាតរណ្ដៅ ហើយចាក់ទឹកឲ្យបានសើម។ លោកបន្តថា ក្រោយពីដាំស្ពៃហើយ ត្រូវចាក់ទឹកឲ្យបានរៀងរាល់ថ្ងៃ ដើម្បីឲ្យស្ពៃលូតលាស់បានល្អ៖ « វិធីសាស្ត្រ គឺបាញ់ថ្នាំដាក់ទឹក ធ្វើយ៉ាងណាកុំឲ្យសត្វល្អិតចូលស៊ីដំណាំយើង ហើយយើងថែវា ២ថ្ងៃ ឬ៣ថ្ងៃ យើងបាញ់ថ្នាំម្ដង ទៅតាមមានសត្វល្អិតតិច ឬច្រើន និយាយរួមយើងត្រូវថែវាដិតដល់ណាស់ »។
លោកបន្ថែមថា ក្រោយពីដាំស្ពៃបាន ១៥ថ្ងៃ ត្រូវកប់ជីដោយយកលាមកសត្វលាយជាមួយជីកែងក៏បាន ឬជីផ្លែក៏បាន ចំណុះប្រមាណមួយក្ដាប់កូនក្មេងដាក់ក្នុងមួយរណ្ដៅ ហើយដាក់ចម្ងាយពីគុម្ពស្ពៃប្រវែងប្រមាណមួយចំអាម។
កសិកររស់នៅឃុំព្រែកហ្លួង ម្នាក់ទៀត លោក ក្រៃ ឃន ថ្លែងថា ដំណាំស្ពៃក្ដោបត្រូវការថែទាំខ្ពស់តាំងពីថ្ងៃដាំរហូតដល់ប្រមូលផល។ លោកបន្ថែមថា បើទោះដំណាំមួយនេះត្រូវការថែទាំនឿយហត់ខុសពីដំណាំផ្សេងៗក្ដី ក៏ប៉ុន្តែចំណាយផ្ទៃដីតូចល្មម ហើយទទួលបានផលច្រើន។ លោកបន្តថា លោកដាំស្ពៃក្ដោបលើផ្ទៃដីជាងកន្លះហិកតារ ដាំបានចំនួន ៣ម៉ឺនកូន ហើយចំណាយអស់ដើមទុនប្រមាណ ៥លានរៀល ដោយមិនគិតពីការចំណាយកម្លាំងមនុស្ស ៣នាក់នោះទេ។ ចំណែកទិន្នផលដែលទទួលបានក្នុងផ្ទៃដីជាងកន្លះហិកតារនេះ គិតជាមធ្យមប្រមាណពី ៣០ ទៅ ៤០តោន ចំពោះរដូវត្រជាក់៖ « ពេលដែលនឿយហត់ខ្លាំង គឺចាប់ពីយើងដាំទៅមានរយៈប្រហែលជាមួយខែកន្លះដែលយើងហត់។ ដល់ពេលស្ពៃក្ដោបវារាងណែនល្មមហើយ យើងអាចបន្ថយទឹក និងការបាញ់ថ្នាំវាបាន គឺយើងអាចដាក់ទឹកពង្រេចវាទុកបានយូរថ្ងៃ »។
លោក ក្រៃ ឃន បន្តថា រដូវដែលដាំស្ពៃបានផលល្អ គឺនៅរដូវត្រជាក់ ចន្លោះពីចុងខែវិច្ឆិកា ដល់ខែមីនា ក៏ប៉ុន្តែលោកថានៅរដូវនេះ ភាគច្រើនជួបបញ្ហាស្ពៃចុះថោក ហើយលក់ទូទាត់ស្ទើរមិនបានប្រាក់កម្រៃឡើយ។ លោកសង្កត់ធ្ងន់ថា ប្រសិនបើស្ពៃក្ដោបមានតម្លៃសមរម្យ គឺតម្លៃចាប់ពី ១ពាន់រៀលក្នុងមួយគីឡូក្រាមឡើងក្នុងផ្ទៃដីជាងកន្លះហិកតារនេះ លោកអាចរកប្រាក់ចំណូលបានប្រមាណពី ២.៥០០ដុល្លារទៅ ៣ពាន់ដុល្លារអាមេរិកក្នុងមួយរដូវ ដោយមិនបាច់ធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសឡើយ៖ « ដល់ពេលខែក្ដៅមិនសូវមានអ្នកធ្វើទេ ព្រោះពិបាកថែទាំ ហើយធ្វើមិនសូវកើត ប៉ុន្តែទិន្នផលបានថ្លៃ ព្រោះសត្វល្អិតក៏សម្បូរ ហើយក្ដៅខ្លាំង ហើយមានភ្លៀងកក់ខែទៀត ហើយដីទំនាបដាំអត់កើតទេ បានតែដីទួល គឺមានបញ្ហាច្រើនខែក្ដៅ »។
ទោះជាយ៉ាងណា បញ្ហាទីផ្សារ គឺជាកត្តាសំខាន់របស់ប្រជាកសិករ។ សព្វថ្ងៃ ស្ពៃក្ដោបកំពុងចុះថោកខ្លាំង ដោយតម្លៃលក់ដុំប្រមាណ ៣០០រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះកសិករលក់មិនបានប្រាក់ចំណេញឡើយ។ កសិករនៅឃុំព្រែកហ្លួង ស្នើឲ្យរដ្ឋាភិបាលជួយរកទីផ្សារលក់ស្ពៃក្ដោបក្នុងតម្លៃសមរម្យ ដើម្បីពួកគាត់បានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ដោយមិនចាំបាច់ធ្វើចំណាកស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។