ការ​ផលិត​ថ្នាំពុល​សម្លាប់​សត្វល្អិត​តាម​គោលការណ៍​ធម្មជាតិ

ដោយ សេក បណ្ឌិត
2019-02-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចម្ការ​ត្រប់​របស់​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។
ចម្ការ​ត្រប់​របស់​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA

បញ្ហា​បន្លែ ផ្លែឈើ​នានា​នៅតែ​ជា​ក្តី​ព្រួយបារម្ភ របស់​អ្នក​ប្រើប្រាស់ ពាក់ព័ន្ធ​គុណភាព និង​សុវត្ថិភាព​ក្នុង​ការ​បរិភោគ​ប្រចាំថ្ងៃ។ អ្នក​ជំនាញ​កសិកម្ម បាន​បង្ហាញ​ថា ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម ដែល​ផ្សំ​ដោយ សារធាតុ​គីមី ដើម្បី បង្ការ និង​សម្លាប់​សត្វល្អិត​កុំ​ស៊ី​ដំណាំ​នោះ បាន​ផ្ដល់​នូវ​គុណវិបត្តិ ជាច្រើន ដល់​សុខភាព។

បញ្ហា​ទាំងនេះ បាន​ជំរុញ​ឱ្យអ្​នក​ជំនាញ​ខាង​កសិកម្ម និង​កសិករ​គំរូ​មួយ​ចំនួន រក​វិធី​ទប់ស្កាត់ ដោយ​លើកទឹកចិត្ត​កសិករ​ទូទៅ ឱ្យ​បោះបង់​ទម្លាប់ ប្រើប្រាស់​ថ្នាំ​ពុល​កសិកម្ម ដែល​ទិញ​នៅ​តាម​ទីផ្សារ នាំចូល​ពី​បរទេស ហើយ​ងាក​មក​ប្រើប្រាស់ ថ្នាំ​សម្លាប់​សត្វល្អិត ដែល​ផលិត​ដោយ​ខ្លួនឯង ផ្សំ​ពី​រុក្ខជាតិ មក​ប្រើប្រាស់​ជំនួស​វិញ។

តើ​ថ្នាំ​ពុល​ធម្មជាតិ សម្រាប់​បង្ការ និង​សម្លាប់​សត្វល្អិត ផលិត​ឡើង​យ៉ាង​ដូចម្ដេច និង​ត្រូវ​ប្រើប្រាស់​យ៉ាងណា​នោះ​!!! សូម​ស្ដាប់​សេចក្ដី​ការណ៍​របស់ លោក សេក បណ្ឌិត ពី​រដ្ឋធានី​វ៉ាស៊ីនតោន ដូចតទៅ​!!!

ជាទូទៅ​កសិករ​តែង​នាំគ្នា​ទិញ​ថ្នាំ​គីមី​មក​បាញ់​សម្លាប់​សត្វ​ស្អិត ប៉ុន្តែ​សារធាតុ​គីមី​នោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ច្រើន​ដល់​ជីវចម្រុះ​ក្នុង​ដី និង​សត្វ​មាន​ប្រយោជន៍​សម្រាប់​ដំណាំ និង​ធ្វើ ឱ្យ​ខាត​ប្រាក់​ច្រើន​ថែមទៀត។

ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​អស់ទាំង​នេះ អ្នក​ជំនាញ​កសិកម្ម និង​កសិករ ដែល​ជោគជ័យ លើ​មុខរបរ​នេះ បាន​ព្យាយាម​បង្រៀន​ពី​របៀប​ផលិត​ថ្នាំពុល ដែល​ផ្សំ ពី​រុក្ខជាតិ ឬ​ប្រើ​វត្ថុធាតុដើម​ធម្មជាតិ ដើម្បី​បណ្ដេញ​សត្វល្អិត មាន​ដូចជា ក្រា ដង្កូវ និង​សត្វល្អិត​បំផ្លាញ​ដំណាំ​ផ្សេងៗ​ទៀត​។​

កសិករ​គំរូ​មួយ​រូប និង​មាន​បទពិសោធន៍​ក្នុង​របប​កសិកម្ម​នេះ​ប្រមាណ ២០​ឆ្នាំ​មក​ហើយ ជាពិសេស​គាត់​មាន​ជំនាញ​ផលិត​ថ្នាំពុល​ពី​ធម្មជាតិ ហើយ​លោក​តែងតែ ខិតខំ​ស្រាវជ្រាវ រក​វិធីសាស្ត្រ​ថ្មីៗ មាន​ប្រសិទ្ធភាព បន្ថែម​ជាប្រចាំ ដើម្បី​ទប់ទល់​សត្វ​ចង្រៃ​ដែល ចូលចិត្ត មក​បំផ្លាញ ដំណាំ និង​ចែក​រម្លែក​បទពិសោធន៍​នេះ​ទៅដល់​កសិករ ផ្សេង​ទៀត។

លោក រស់ ម៉ៅ នៅ​ឃុំ​ពពែល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លើកទឹកចិត្ត​កសិករ​ឱ្យ​ប្រើ​ថ្នាំពុល​ធម្មជាតិ ដោយ​ជៀស​ឱ្យ​បាន​កុំ​ប្រើ​ថ្នាំ​គីមី ដែល​ទិញ​នៅ​ទីផ្សារ នាំចូល​ពី​ក្រៅ​ប្រទេស។ លោក​ថា បើ​យើង​ប្រើ​ថ្នាំពុល​គីមី​ច្រើន ប្រើ​ដល់​ទីណា គឺ​អា​សត្វ​បំផ្លាញ​វា​កើត​ដល់​ហ្នឹង​។ បើ​ប្រើ​ច្រើន សត្វ​នឹង​កាន់តែ​កើត​ច្រើន​ណាស់​ដែរ។

ក្រោយពី​លោក រស់ ម៉ៅ បង្ហាញ​ពី​ផលវិបាក​នៃ​ការប្រើប្រាស់​សារធាតុ​គីមី​ក្នុង​ការ​កម្ចាត់​សត្វល្អិត​យាយី​ដំណាំ លោក​ក៏បាន​ណែនាំ​ឱ្យ​ផលិត​ថ្នាំពុល​ធម្មជាតិ ប្រើ​ក្នុង​ការ​បណ្ដេញ​សត្វ ក្រា និង​ដង្កូវ ពី​ដំណាំ​ដែល​មាន​ប្រសិទ្ធភាព មិន​ចំណាយ​ប្រាក់ និង​មិន​ប៉ះពាល់​ដល់​សុខភាព។

លោក រស់ ម៉ៅ ប្រាប់​ថា វិធី​ផ្សំ​ថ្នាំពុល​ពី​រុក្ខជាតិ​សម្រាប់​ប្រើប្រាស់ បណ្ដេញ​ដង្កូវ​មូរ​ស្លឹក​ស្រូវ សម្លាប់​ដង្កូវ​ដួង​ក្នុង​ដើមឈើ បណ្ដេញ ដង្កូវ ចៃ ក្រា ពី​បន្លែ និង​បណ្ដេញ​សត្វ​ទិច ផ្លែឈើ ដែល​លោក​ស្រាវជ្រាវ​រក​ឃើញ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ គឺ​ត្រូវ​ប្រមូល​វត្ថុធាតុដើម​ពី​រុក្ខជាតិ​យក​មក​ផ្សំ ដូចជា សំបក ឬ​ផ្លែ​ស្លែង​ទុំ ប្រមាណ​២​គីឡូ ថ្នាំជក់ ២​ខាំ គីង្គក់ តា​សាក ឬ​គីង្គក់​ងាប់ ១០​ក្បាល ទឹកនោម​សត្វ ១០​លីត្រ និង​ទឹក​ធម្មតា ១០លីត្រ។

លោក រស់ ម៉ៅ បាន ប្រាប់​ពី​របៀប​ផ្សំ​វត្ថុធាតុដើម​ទាំងនេះ​ឱ្យ​ទៅ​ជា​ថ្នាំពុល សម្លាប់​សត្វ​ល្អិត​យ៉ាង​ដូច្នេះ៖ «ចំពោះ​ស្លែង គួរ​យក​ផ្លែ​ទុំ មាន​ប្រសិទ្ធភាព ជាង សំបក ចំណែក​គីង្គក់​ក្បាល​វា​សុទ្ធ​តែ​មាន​ជាតិពុល​....​វិធី​ធ្វើ​យើង​គ្រាន់តែ​យក​របស់​ទាំង​អស់ហ្នឹង​បុក​បញ្ចូល​គ្នា​...​បុក​វា​ឱ្យ​ម៉ត់​ទុក​មួយអន្លើ បន្ទាប់មក​បាន​យើង​យក​សារធាតុ​ទាំងអស់​ហ្នឹង​មក យក​មក​ដាក់​ក្នុង​ធុង ទើប​យក​ទឹក ១០​លីត្រ ទឹក​នោម​គោ ១០​លីត្រ យើង​យក​ដល់​ដាក់​ចូល​គ្នា​ហើយ​បាន​យើង​កូរៗ បញ្ចូល​គ្នា​ហើយ ទុក​បាន​រយៈពេល ១៥​ថ្ងៃ ហ្នឹង​គឺ​ប្រើ​បាន​ហើយ»

ចំណែក វិធី​ប្រើប្រាស់​វិញ កសិករ រស់ ម៉ៅ បាន​ប្រាប់​ថា​៖ យក​ទឹក​ថ្នាំ​មួយ​លីត្រ លាយ​បញ្ចូល​ទឹក​ធម្មតា​៣​លីត្រ ហើយ​ដាក់បញ្ចូល​ក្នុង​ធុង​សម្រាប់​បាញ់ថ្នាំ យក​ទៅ​បាញ់​លើ​ដំណាំ​ដែល​មាន​សត្វល្អិត​។ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​អាច​បាញ់​២ ឬ​៣​ដង ទៅតាម​ស្ថានភាព សត្វល្អិត​វាយលុក​តិច​ឬក៏​ខ្លាំង​ទៅតាម​ការ​ជាក់ស្ដែង៖ «វិធី​ប្រើ មាន​ពពួក​សត្វ ដង្កូវ​យោលទោង ដង្កូវ​មូល​ដើម ចៃ ក្រា អណ្ដើក​មាស ជាដើម យក​ទឹក​ថ្នាំ លាយ​ជាមួយ​ទឹក​ធម្មតា​បាញ់​លើ​វា តែ​កុំ​បាញ់​នៅ​ពេល​ព្រឹក គឺ​ត្រូវ​បាញ់ថ្នាំ​នោះ នៅ​ពេល​ល្ងាច មេឃ ត្រជាក់ ម្តុំ​ម៉ោង ៤ ឬ​៥ ល្ងាច.»

លោក​បន្ត​ថា វិធី​កម្ចាត់​សត្វល្អិត​ចង្រៃ​ទាំងនេះ មាន​ប្រសិទ្ធភាព​ច្រើន ហើយ​លោ​បាន​ចែក​រំលែក​បទពិសោធន៍​នេះ ដល់​កសិករ ក្នុង​សហគមន៍​របស់​លោក ដែល​មាន ប្រមាណ ៧​សហគមន៍ ក្រុម​និស្សិត​ខាង​កសិកម្ម និង​ប្រជាកសិករ នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម​ជាដើម។

អ្នក​ជំនាញ​កសិកម្ម​បាន​បង្ហាញ​ថា ការ​ផលិត​ថ្នាំពុល​ផ្សំ​ពី​រុក្ខជាតិ មានការ​ខុសគ្នា​ខ្លះៗ​ទៅតាម​តំបន់ ស្ថានភាព​អាកាសធាតុ​កន្លែង​ដាំ​ដុះ និង​ប្រភេទ​សត្វល្អិត​បំផ្លាញ ព្រមទាំង​បទពិសោធន៍​ស្រាវជ្រាវ​ផ្ទាល់​របស់​អ្នក​ជំនាញ និង​កសិករ​ម្នាក់ៗ។

ដោយឡែក អង្គការ សេដាក (CEDAC) ក៏បាន​សិក្សា​ស្រាវជ្រាវ​នូវ​វិធីសាស្ត្រ ផ្សំ​ថ្នាំពុល​សម្លាប់​សត្វល្អិត បំផ្លាញ​ដំណាំ​នេះ​ដែរ ក្នុង​គោលដៅ​កាត់បន្ថយ ការ​ចំណាយ និង​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់ សុខភាព កសិករ និង​អ្នក​ទទួលទាន ផលិតផល បន្លែ​ផ្លែឈើ​ទាំងនោះ។

ទីប្រឹក្សា​ឯករាជ្យ ស្ដីពី​កសិកម្ម របស់ អង្គការ​សេដាក លោក វង្ស សាវឿន បាន​បង្ហាញ​នូវ​រូបមន្ត នៃ​ការ​ផ្សំ​ថ្នាំពុល​ធម្មជាតិ ដើម្បី​ការពារ និង​កម្ចាត់​សត្វល្អិត​បំផ្លាញ​ដំណាំ​នេះ​ដែរ។ លោក​ថា មាន​វត្ថុធាតុដើម ឬ​រុក្ខជាតិ​ដែល​មាន​រសជាតិ និង​ក្លិន ៦​ប្រភេទ​ជា​មូលដ្ឋាន​ក្នុង​ផ្សំ​ថ្នាំពុល​ធម្មជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ក្នុង​នោះ​មាន​ប្រភេទ ឆួល ពុល ក្រពុល ហីរ ល្វីង និង​ចត់៖ «ឆួល​​យើង​សំដៅ​ទៅ​លើ ស្លឹកគ្រៃ ខ្ជាយ ល្មៀត រំដេង ឬក៏​ខ្ទឹម ហើយ​សម្រាប់​ហីរ មាន​ម្ទេស ម្រេច ពុល មាន​ស្លែង ស្លឹក​ទាប​បារាំង ទាប​បាយ ស្លឹក​កន្ទ្រាំង​ខែត្រ ជាដើម ល្វីង​មាន​ដូចជា​ស្លឹក​ស្ដៅ វល្លិ​បណ្តូល​ពេជ្រ ចត់ យើង​មាន​គល់​ចេក យើង​យក​រុក្ខជាតិ​ទាំង​៦​មុខ​នោះ ក្នុង​មួយ​មុខ​មួយ​គីឡូក្រាម ប៉ុន្តែ​សម្រាប់​ម្ទេស​គេ​ដាក់​តែ ២០ ទៅ​៣០​គ្រាប់​ប៉ុណ្ណោះ ហើយ​បុក ឬ​ដំ​ឱ្យ​ខ្ទេច បន្ទាប់មក​យក​ទៅ​ត្រាំ​លាយ​បញ្ចូល​គ្នា​ជាមួយ​ទឹក​២០​លីត្រ ហើយ​ផ្អាប់​ទុក​ឱ្យ​បាន​២០​ថ្ងៃ ពេលនោះ​យើង​នឹង​បាន ទឹក​ថ្នាំពុល​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ប្រើប្រាស់​បាន»

លោក​បន្ត​ថា ក្រោយ​ពី​ផ្សំ​រុក្ខជាតិ​ទាំង​៦​ប្រភេទ​បញ្ចូល​គ្នា ហើយ​ទុក​ក្នុង​ពាង ឬក៏​ធុង អ្វីមួយ​នោះ ត្រូវ​ដាក់​នៅ​កន្លែង​ម្លប់ ឆ្ងាយ​ពី​ផ្ទះបាយ ត្រូវ​ផ្អាប់​ទុក រយៈពេល ១៥ ទៅ​២០​ថ្ងៃ ទើប​អាច​យក​ទៅ​ប្រើប្រាស់​បាន។

វិធី​ប្រើប្រាស់ គឺ​ត្រូវ​យក​ទឹក​ថ្នាំ​ដែល​ផលិត​បាន​នោះ ចំនួន ១​លីត្រ លាយ​ជាមួយ ទឹក​ធម្មតា ១០ លីត្រ បាញ់​ទៅ​លើ​បន្លែ ផ្លែឈើ​ទាំងនោះ។ ចំពោះ​ការ​បាញ់​ថ្នាំ​វិញ លោក​ថា ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ល្ងាច មេឃ​ត្រជាក់ ម៉ោង ៤ ឬ​៥ ល្ងាច រួច​ចោល​មួយ​យប់ ទើប​ស្រោច​ទឹក​លាង​វា​ចេញ​វិញ នៅ​ពេល​ព្រឹក​ព្រលឹម នា​ថ្ងៃ​បន្ទាប់៖ «ហាម​ដាច់ខាត ជៀសវាង​យក​ថ្នាំ​នេះ​ទៅ​បាញ់ ឬ ស្រោច​លើ​ដំណាំ​នៅ​ពេល​ព្រឹក ព្រោះ​ពេល​ត្រូវ​ថ្ងៃ​ក្តៅ​ចាំង​មក​ប៉ះ​រុក្ខជាតិ ឬ​បន្លែ អាច​ឱ្យ​វា​ខូច ឬ​ងាប់​បាន​.......

លោក​ឱ្យ​ដឹង​ទៀត​ថា រុក្ខជាតិ​ទាំង​៦​ប្រភេទ​នេះ ងាយ​នឹង​អាច​រក​បាន​នៅ​ក្នុង​ភូមិ ហើយ​កសិករ​ភាគច្រើន​សុទ្ធតែ​ស្គាល់ ដើម​រុក្ខជាតិ​ទាំងនេះ​ច្បាស់៖ «បាន​ន័យ​ថា គាត់​អាច​រក​រុក្ខជាតិ​ផ្សេង​មក​ជំនួស​គ្នា​បាន ដូចជា ឆួល បើសិនជា​គាត់​រក​ស្លឹកគ្រៃ មិន​បាន គាត់​អាច​រក​ជា​រុក្ខជាតិ​ផ្សេង ដូច​រំដេង ខ្ញី ឬ ប្រភេទ​ផ្សេង​ណាមួយ​មក​ជំនួស​បង្គ្រប់ ប៉ុន្តែ​រសជាតិ ក្លិន​ប្រហាក់ប្រហែល​គ្នា ឬ​ជា​ប្រភេទ​ដូចគ្នា​មក​ជំនួស​បាន អ៊ីចឹង​រុក្ខជាតិ​ទាំងអស់​នេះ​ងាយ​រក​បាន ហើយ​មាន​សម្រាប់​នៅ​ក្នុង​សហគមន៍​របស់​ពួកគាត់»

មន្ត្រី​បច្ចេកទេស នៃ​អង្គការ​សេដាក រូប​នេះ បញ្ជាក់​ថា គុណភាព​ថ្នាំពុល​ដែល​ផ្សំ​ចេញពី​រុក្ខជាតិ​ទាំងនេះ​មានគុណ​ភាព​ខ្ពស់ មិន​ចាញ់​ថ្នាំពុល​កសិកម្ម​មាន​សារធាតុ​គីមី ដែល​ទិញ​ពី​ផ្សារ​នោះ​ទេ។

លោក​បន្ត​ថា អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​នោះ គឺ​ចំណេញ​ថវិកា ហើយ​គុណភាព​បន្លែ​នោះ មាន រសជាតិ ឆ្ងាញ់​ពិសា មិន​ប៉ះពាល់​សុខភាព ទាំង​អ្នក​ផលិត និង​អ្នកប្រើប្រាស់​ផ្ទាល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល