ផលប៉ះពាល់សុខភាពនិងគ្រោះថ្នាក់ដោយការទទួលទានសុរាត្រាំជាមួយសារធាតុផ្សេងៗ
2016.12.23
តាមទំនៀមទម្លាប់តៗគ្នាជាយូរយារណាស់មកហើយ និងរហូតមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរមួយចំនួនតែងយកស្រាស និងផ្លែឈើគ្រប់មុខ ឫសឈើ សម្បកឈើ និងសត្វ ជាដើម ត្រាំលាយចូលគ្នាយកមកទទួលទាន។ អ្នកធ្វើដូច្នេះ ដោយសារតែគេជឿថា ទាំងមនុស្សធម្មតា និងស្ត្រីទើបសម្រាលកូនរួច នៅពេលទទួលទានសុរាប្រភេទនេះ អាចនឹងជួយឲ្យពួកគេមានសុខភាពល្អ មាំមួន និងមានសាច់ស្អាត។
តើការយល់ឃើញបែបនេះជាការត្រឹមត្រូវដែរឬទេ?
ផ្ទុយអំពីការគិតថា សុរាដែលគេយកត្រាំលាយជាមួយសារធាតុផ្សេងៗ នឹងក្លាយជាឱសថ ឬថ្នាំដ៏ខ្លាំងពូកែស័ក្ដិសិទ្ធិសម្រាប់ជួយបំប៉នរាងកាយ ទាំងមនុស្សធម្មតា ឬស្ត្រីក្រោយសម្រាលកូននោះ មន្ត្រីសុខាភិបាលអះអាងថា វានឹងធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ទៅវិញ។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានផ្ដល់សម្ភាសដល់អាស៊ីសេរីថា គ្មានការសិក្សាស្រាវជ្រាវពីក្រសួងសុខាភិបាល ឬមានឯកសារវិទ្យាសាស្ត្រណាមួយបានទទួលស្គាល់ថា ការប្រើប្រាស់ស្រាសត្រាំជាមួយផ្លែឈើជាច្រើនប្រភេទ ការត្រាំស្រាជាមួយពន្លៃ ទឹកឃ្មុំ ឫសឈើ សម្បកឈើ និងសត្វជាច្រើនមុខនោះ នឹងក្លាយជាឱសថដ៏មានប្រសិទ្ធភាព សម្រាប់ជួយសុខភាពនោះនៅឡើយ។
លោកវេជ្ជបណ្ឌិតពន្យល់ថា មនុស្សធម្មតាដែលទទួលទានសុរាប្រភេទនេះ នឹងរងនូវការខូចថ្លើម មានជំងឺក្រពះ ជំងឺប្រព័ន្ធប្រសាទ ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ល។ ឯស្ត្រីមានផ្ទៃពោះ អាចនឹងទទួលរងនូវការធ្លាក់ឈាមប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងស្ត្រីសម្រាលកូនរួច ឬគេហៅថាស្ត្រីកូនខ្ចីដែលកំពុងបំបៅដោះកូន នឹងបង្កឲ្យប៉ះពាល់ដល់សុខភាពទារក ដែលមានដូចជា ធ្វើឲ្យទារកឈឺភ្នែក រាក ទទួលរងនូវសារធាតុញៀន ប៉ះពាល់ដល់ប្រាជ្ញាស្មារតី និងខូចថ្លើមទារក ជាដើម៖ «យើងអត់មានការសិក្សា ប៉ុន្តែធម្មតាតែយើងលាយគ្រប់ប្រភេទឧទាហរណ៍ ប្រមាត់ ផ្លែឈើ ឬក៏សម្បកឈើ ដែលយើងជឿតគ្នានោះ វាអាចផលិតចេញទៅជាសារធាតុផ្សេងដែលយើងមិនដឹង។ ជួនកាល វាមិនអាចប៉ះពាល់ឲ្យយើងឃើញភ្លាមៗថា យើងឈឺទេ ប៉ុន្តែឃើញថាប៉ះពាល់សុខភាពយូរអង្វែងដែលយើងមិនដឹង។ ដូច្នេះ កុំធ្វើអ្វីតាមការនឹកឃើញរបស់យើង ពីព្រោះទាំងអស់នេះជារបស់ដែលយើងញ៉ាំចូលទៅក្នុងពោះ មិនមែនក្រៅខ្លួនទេ ហើយវាបម្លែងចូលក្នុងឈាមរបស់យើង វាអាចប៉ះពាល់សុខភាពរបស់យើងរយៈពេលខ្លី និងរយៈពេលវែង»។
អ្នកនាំពាក្យនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានថ្លែងបន្តថា ជាងនេះទៅទៀត ការផ្សំ ឬលាយតាមជំនឿតៗគ្នា ឬទម្លាប់ដែលគ្មានការសិក្សាច្បាស់លាស់នោះ វាអាចនឹងបម្លែងទៅជាសារធាតុផ្សេង ឬអាចបង្កឲ្យពុលក៏មាន។ អាការ ឬរោគសញ្ញានៃការពុលនោះ លោកអ្នកអាចកត់សម្គាល់បាន ដែលភាគច្រើនដូចជាថប់ដង្ហើម ណែនទ្រូង ស្រវាំងភ្នែក ឈឺពោះ ឈឺក្បាល ឈឺទ្រូង អស់កម្លាំង ជាដើម។ ដូច្នេះ សូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត បើសិនជាមានអាការបែបនេះ ប៉ុន្តែបើធ្ងន់ធ្ងរជាងនេះ អ្នកជំងឺអាចសន្លប់បាត់ស្មារតី ឬឈានដល់ការដាច់ខ្យល់ស្លាប់ក៏មាន៖ «សូមអញ្ជើញទៅមណ្ឌលសុខភាព គេនឹងមានរបៀបគេព្យាបាលរបស់គេ គេមានឱសថមួយចំនួនដែលអាចកាត់បន្ថយការពុលនេះ»។
អ្នកប្រើប្រាស់សុរាផ្សំលាយមួយចំនួន បានទិញស្រាសទាំងឪទឹន ទាំងកាន ទាំងលីត្រ ត្រាំទុកទទួលទានជាភេសជ្ជៈប៉ូវកម្លាំងប្រចាំថ្ងៃ។ ចំណែកស្ត្រីមួយចំនួនបានទទួលការណែនាំពីមនុស្សចាស់តៗគ្នា ឬមានការផ្ដួចផ្ដើមពីក្រុមគ្រួសារឲ្យត្រាំសុរាទុកទទួលទាននៅពេលសម្រាលកូនរួច ដែលយល់ថា សុរានោះនឹងជួយឲ្យសុខភាពល្អ មាំមួន និងមានសាច់ស្អាត ឬសាច់ចាំ ជាដើម។ បញ្ហានេះ ក្រៅអំពីផលប៉ះពាល់សុខភាពដោយការទទួលទានសុរាដោយផ្ទាល់ អ្នកប្រើប្រាស់មួយចំនួន ក៏អាចក្លាយជាអ្នកទទួលទានស្រាជាប្រចាំ និងខ្លះបានធ្លាក់ខ្លួនញៀនអត់មិនបានក៏មាន។
ដើម្បីដោះស្រាយនូវបញ្ហាសាមញ្ញដែលយើងម្នាក់ៗស្ទើរមិនចាប់អារម្មណ៍នេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំឲ្យពលរដ្ឋស្វែងយល់តាមរយៈសារអប់រំរបស់ក្រសួងសុខាភិបាល ជៀសវាងជឿតាមការបំពុលពីបណ្ដាញសង្គម ឬហ្វេសប៊ុក (Facebook) ដែលចេះតែផ្សព្វផ្សាយ និងចែកចាយបន្តមិនបានត្រឹមត្រូវ៖ «យកល្អសម័យនេះដែលគេហៅថាសម័យបច្ចេកវិទ្យា សូមបងប្អូនឧស្សាហ៍តាមដាននូវសារអប់រំដែលចេញពីក្រសួងសុខាភិបាល។ សម័យនេះមានប្រព័ន្ធទំនាក់ទំនងខ្លះអាចផ្ដល់ព័ត៌មានមិនត្រឹមត្រូវដល់ប្រជាពលរដ្ឋ ដែលបានឃើញហើយ អ្នកខ្លះថាគួរញ៉ាំនេះ ខ្លះថាគួរញ៉ាំនោះ ដោយពុំបានយោងលើឯកសារយោងណាមួយនោះទេ។ ឮសូរតែតៗគ្នា ហើយផ្សព្វផ្សាយ។ សូមសំណូមពរថា មុននឹងបងប្អូនជឿទៅលើបញ្ហាសង្គម គួរតែធ្វើការសិក្សាតាមដានព័ត៌មានពីសុខាភិបាល ដែលជាព័ត៌មានត្រឹមត្រូវ ហើយពិតប្រាកដ»។
កាលពីដើមខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០១៦ មានមនុស្ស ៩២នាក់ បានពុលស្រាសបណ្ដាលឲ្យមនុស្សប្រុសស្រី ១៥នាក់ស្លាប់ និងអ្នកឈឺដោយសារពុលស្រាសចំនួន ៧៧នាក់ នៅឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បញ្ហានេះ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល បានរកឃើញជាតិពុល ឬមេតាណុលកម្រិតខ្ពស់ បណ្ដាលឲ្យអ្នកផឹកពុលដោយសារការផ្សំផលិតស្រាគ្មានបច្ចេកទេស។
ភាពឆ្លាតវៃ ដើម្បីបញ្ចៀសនូវបញ្ហាទាំងនេះ មន្ត្រីជំនាញសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋយល់ដឹង និងប្រុងប្រយ័ត្នចំពោះការទទួលទានសុរា ឬអាហារដែលគ្មានស្លាកសញ្ញា និងគ្មានប្រភពនៃការផលិតច្បាស់លាស់។ រីឯការផ្សព្វផ្សាយតាមបណ្ដាញសង្គមពីឱសថបុរាណ បន្លែ ផ្លែឈើធម្មជាតិ ដែលថាជួយបំប៉នសុខភាព ឬព្យាបាលជំងឺនានានោះ ក្រសួងសុខាភិបាល កំពុងសិក្សាស្រាវជ្រាវករណីមួយចំនួន ប្រសិនបានដឹងអំពីលទ្ធផលនេះ ក្រសួងនឹងផ្សព្វផ្សាយជូនពលរដ្ឋ៕