ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ទទួល​សេវា​សុខភាព​នៅ​មន្ទីរពេទ្យ​ដែល​មាន​ច្បាប់

ដោយ ឡេង ម៉ាលី
2015.02.26
គ្រូពេទ្យ​ពិនិត្យ​សុខភាព ៦២០ គ្រូពេទ្យ​ពិនិត្យ​សុខភាព​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​នា​មន្ទីរ​សុខភាព ពន្សាំង ឋិត​នៅ​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Leng Maly

នៅ​ពេល​ដែល​មាន​បញ្ហា​ឆ្លង​រាល​ដាល​មេរោគ​អេដស៍​នៅ​ខេត្ត​បាត់ដំបង មក រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ស្វែងរក​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ ឬ​ឯកជន​ដែល​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។

ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ឲ្យ​ពលរដ្ឋ​ទៅ​ស្វែងរក​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ ឬ​ឯកជន​ដែល​ត្រឹមត្រូវ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ នូវ​មណ្ឌល​សុខភាព​ថ្មី​មួយ​នៅ​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ៖ «សុំ​ឲ្យ​បង​ប្អូន​ធ្វើ​យ៉ាង​ណា​ថែរក្សា​សុខភាព​របស់​បង​ប្អូន ហើយ​មិន​មក​ពេទ្យ ព្រោះ​យើង​មាន​ពេទ្យ​នៅ​ជិត​ផ្ទះ​ហើយ។ កុំ​ទៅ​ទទួល​សេវា​ពេទ្យ​ដែល​គេ​ចាក់​តាម​ភូមិ អត់​មាន​សញ្ញាបត្រ អត់​មាន​នរណា​ទទួល​ស្គាល់។ សុំ​កុំ​ប្រើប្រាស់​សេវា​ដែល​រដ្ឋ​មិន​ទទួល​ស្គាល់ ហើយ​ដើរ​រក​ស៊ី​រខេករខាក ហើយ​ចេះ​តែ​ជឿ​គេ។ កុំ​ប្រើប្រាស់​សេវា​ហ្នឹង»

ទន្ទឹម​គ្នា​នេះ​ដែរ លោក​ថ្លែង​ថា ក្រសួង​កំពុង​ត្រួត​ពិនិត្យ​លើ​សេវា​ផ្ដល់​ការ​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ​ឯកជន​ដែល​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់ និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​លើ​អ្នក​ផ្ដល់​សេវា​ទាំង​នោះ៖ «សុំ​អាជ្ញាធរ​ជួយ បើ​ឃើញ​ដាក់​រក​ស៊ី​ផ្ដេសផ្ដាស​អ៊ីចឹង សុំ​ជួយ​ណែនាំ​អប់រំ ហើយ​រាយការណ៍​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​សុខាភិបាល ក៏ដូចជា​ក្រុមប្រឹក្សា គណៈ​អភិបាល​ឃុំ​សង្កាត់ ដើម្បី​ឲ្យ​មាន​វិធានការ​ចំពោះ​អ្នក​រក​ស៊ី​អ៊ីចឹង»

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មាន​ប្រសាសន៍​ថា ដើម្បី​ពង្រីក​សេវា​សុខភាព​ឲ្យ​បាន​ងាយ​ស្រួល​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន គឺ​ក្រសួង​បង្កើត​មណ្ឌល​សុខភាព​ឲ្យ​បាន​ច្រើន​នៅ​តាម​មូលដ្ឋាន ជាពិសេស សុខភាព​មាតា និង​ទារក និង​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ដល់​កុមារ។ លោក​ថា ការ​អង្កេត​ប្រជាសាស្ត្រ​នៅ​ឆ្នាំ​២០១៤ បង្ហាញ​ថា អត្រា​មរណៈ​របស់​មាតា និង​ទារក​នៅ​ប្រទេស​កម្ពុជា បាន​ថយ​ចុះ​ជាង​ពាក់​កណ្ដាល៖ «ពី​មុន​យើង​មាន ៤០០​ជាង ឥឡូវ​ចុះ​មក​នៅ ១៧០ លើ ១០០.០០០ (១​សែន) កំណើត​នៃ​ទារក​រស់។ យើង​សង្ឃឹម​ថា​ចុះ​បន្ត​ទៀត បើ​យើង​ពង្រីក​សេវា​យើង​កាន់​តែ​ល្អ ប្រជាពលរដ្ឋ​កាន់​តែ​មក​ចូលរួម​អ៊ីចឹង មក​ពេទ្យ​យើង ពេទ្យ​យើង​នឹង​ផ្ដល់​សេវា​ជូន។ ការ​ពិនិត្យ​ផ្ទៃពោះ​ក៏​ល្អ»

លោក​វេជ្ជបណ្ឌិត​បន្ត​ថា អត្រា​មរណភាព​កុមារ​ក៏​ចុះ​មក​នៅ​ទាប ដែល​ពី​មុន ៥០ ទៅ ៧០​ជាង ឥឡូវ​នៅ​សល់​តែ ២០​ជាង។ ការ​ថយ​ចុះ​នៃ​អត្រា​មរណភាព​របស់​មាតា និង​កុមារ ក៏​ព្រោះ​តែ​ការ​ចូលរួម​មួយ​ចំណែក​របស់​ពលរដ្ឋ​ខ្លួន​ឯង​ដែរ គឺ​ដោយ​ការ​នាំ​យក​កូន​ចៅ​ទៅ​ចាក់​ថ្នាំ​បង្ការ ការ​បំបៅ​ដោះ​កូន ការ​ពិនិត្យ​ផ្ទៃ​ពោះ​ទៀង​ទាត់៖ «វា​ផ្គុំ​គ្នា​នឹង​ការ​រីក​ចម្រើន សុខ​សន្តិភាព​របស់​ប្រទេស​ជាតិ សន្តិសុខ​សង្គម ជីវភាព​រស់នៅ ហើយ​សេវា​របស់​យើង​ក៏​បាន​ពង្រីក​ទៅ​ដល់​មូលដ្ឋាន។ យើង​បាន​បញ្ជូន​ឆ្មប​មន្ត្រី​បុគ្គលិក​សុខាភិបាល​យើង​ទៅ​ដល់​មូលដ្ឋាន។ បន្ទាប់​មក រាជ​រដ្ឋាភិបាល​បាន​លើក​ទឹក​ចិត្ត​ដល់​ឆ្មប​របស់​យើង គឺ​ការ​ឲ្យ​ប្រាក់​បន្ថែម ដែល​កើត​កូន​មួយ​នៅ​តាម​មណ្ឌល​សុខភាព។ លោក​ឲ្យ​ថែម ៦​ម៉ឺន​រៀល ហើយ​បើ​កើត​កូន​មួយ​នៅ​មន្ទីរពេទ្យ​បង្អែក លោក​ឲ្យ​ថែម ៤​ម៉ឺន​រៀល​ទៀត។ បាន​ន័យ​ថា ១៥​ដុល្លារ​នៅ​មណ្ឌល​សុខភាព និង ១០​ដុល្លារ​នៅ​មន្ទីរពេទ្យ​បង្អែក បន្ថែម​ដល់​ឆ្មប​ឲ្យ​បង្កើត​ឲ្យ​បាន​ល្អ»

លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ស្ត្រី​មាន​ផ្ទៃ​ពោះ​ចំនួន​ជាង ៩០% បាន​ទៅ​ពិនិត្យ និង​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​ដែល​មាន​គ្រូពេទ្យ​ឆ្មប​សម័យ។

ថ្វី​បើ​នៅ​ពេល​នេះ ស្ត្រី​ឆ្លង​ទន្លេ​នៅ​មាន​ប្រើ​សេវា​ឆ្មប​បុរាណ​ក្ដី ក៏ លោក ម៉ម ប៊ុនហេង ថ្លែង​ថា នៅ​មាន​តិចតួច​ទេ ហើយ​ភាគ​ច្រើន​នៃ​ឆ្មប​ទាំង​នោះ​បាន​ចូលរួម​ហ្វឹកហ្វឺន និង​ធ្វើ​ការ​នៅ​មណ្ឌល​សុខភាព​ដែរ៖ «មាន​អី បើ​ថា​មក​ធ្វើ​ការ​ជា​មួយ​ពេទ្យ​យើង បញ្ជូន​មក​ទៅ គាត់​ស្គាល់​គ្នា​ទៅ គាត់​បាន​លាភការ​ខ្លះ​ទៅ​ពី​ពេទ្យ​រដ្ឋ​របស់​យើង ដែល​ធ្វើ​ការ​ជាមួយ​គ្នា​នេះ។ ហើយ​បន្ទាប់​មក​ទៀត គាត់​យល់​ថា​ឥឡូវ​គេ​ទំនើប។ គាត់​ចង់​ឲ្យ​គេ​មក​មើល​នៅ​ពេទ្យ​ទំនើប​ទៅ ព្រោះ​អី​គេ​មាន​ឧបករណ៍​ទំនើប។ គាត់​គ្រាន់​តែ​មាន​បទពិសោធន៍។ ក្មេងៗ​ក៏​អត់​ចង់​ធ្វើ​អ៊ីចឹង​ដែរ ក្មេង​ត​កូន​ចៅ​របស់​គាត់ មិន​ចង់​ចេះ​ដោយ​អត់​រៀន​សូត្រ​ទេ។ គាត់​មក​រៀន​សាលា​ពេទ្យ​ត្រឹមត្រូវ​ទៅ អាច​បន្ត​មុខ​វិជ្ជាជីវៈ​ហ្នឹង​បាន»

ប្រធាន​មណ្ឌល​សុខភាព​ពន្សាំង លោក​វេជ្ជបណ្ឌិត ឱ សាមី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ភាគ​ច្រើន​ដែល​មក​រក​សេវា​ពី​កន្លែង​លោក គឺ​ជា​ជំងឺ​ស្រាលៗ ដោយសារ​ពេល​នោះ​នៅ​ជា​ប៉ុស្តិ៍​សុខភាព​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ពេល​ដែល​ទី​នេះ​ក្លាយ​ជា​មណ្ឌល​សុខភាព មាន​ប្រជាពលរដ្ឋ​មក​រក​សេវា​កាន់​តែ​ច្រើន ជាពិសេស​ការ​ពិនិត្យ​ផ្ទៃ​ពោះ ការ​ពន្យារ​កំណើត និង​ការ​ចាក់​ថ្នាំ​បង្ការ។ លោក​កំពុង​សំណូមពរ​គ្រូពេទ្យ​ឆ្មប​បន្ថែម៖ «សព្វថ្ងៃ​ត្រឹម​តែ​មាន អាំងហ្វែរមីញ៉េ (infirmière) ៣​នាក់ ឆ្មប ២​នាក់​ទេ។ វា​នៅ​ខ្វះ។ អ៊ីចឹង​វា​អាច​សំណូមពរ​សុំ​ឆ្មប​បន្ថែម ២​នាក់​ទៀត​មក​បាន​គ្រប់​ចំនួន។ សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុង​សង្កាត់​ពន្សាំង ទាំង​មូល​ហ្នឹង ឲ្យ​គាត់​មក​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​យើង​នេះ»

ស្ត្រី​នៅ​ភូមិ​បឹងពេជ្រ សង្កាត់​ពន្សាំង មួយ​រូប​ឈ្មោះ ចន្ធី ដែល​យក​កូន​មក​ចាក់​ថ្នាំ​បង្ការ មាន​ប្រសាសន៍​ថា អ្នកស្រី​ធ្លាប់​នាំ​សាច់ញាតិ​មក​ទទួល​សេវា​នៅ​ទី​នេះ ប៉ុន្តែ​ពេល​សម្រាល​កូន អ្នកស្រី​សម្រេច​ទៅ​សម្រាល​នៅ​ពេទ្យ​ជប៉ុន រាជធានី​ភ្នំពេញ ព្រោះ​ទី​នេះ​នៅ​ជា​ប៉ុស្តិ៍​សុខភាព​តូច​នៅ​ឡើយ។ អ្នកស្រី ចន្ធី សង្ឃឹម​ថា នៅ​ពេល​ដែល​ប៉ុស្តិ៍​សុខភាព​នេះ​ក្លាយ​ទៅ​ជា​មណ្ឌល​សុខភាព ហើយ​បំពាក់​ឧបករណ៍​ប្រសើរ​ជាង​មុន នឹង​អាច​ជួយ​ឲ្យ​ពួក​គាត់​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ៖ «ប្រជាជន​ពី​មុន​ពេល​គាត់​ឈឺ​អ៊ីចឹង គាត់​ទៅ (មណ្ឌល​សុខភាព) ប្រសិទ្ធិ​អី​អ៊ីចឹង​ទៅ។ មាន​មណ្ឌល​សុខភាព​ច្រើន មាន​មណ្ឌល​សុខភាព​ប្រសិទ្ធិ ទៅ​ស្នោ ហើយ​មធ្យោបាយ​មាន​ម៉ូតូ ឬ​ឡាន។ មាន​មណ្ឌល​សុខភាព​បើក​ច្រើន​អ៊ីចឹង​ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​អី​បាន​នៅ​ជិត​ផ្ទះ។ ប្រជាពលរដ្ឋ​គាត់​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ ក៏​គាត់​អាច​មក​បាន​ដែរ ព្រោះ​អី​វា​ជិត»

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួង​សុខាភិបាល បាន​ពង្រីក​ឲ្យ​មាន​មណ្ឌល​សុខភាព​នៅ​តាម​ឃុំ​សង្កាត់​ចំនួន​ជាង ១.២០០​មណ្ឌល​ហើយ ហើយ​ក្រសួង​នឹង​បង្កើត​បន្ថែម​ទៀត ដើម្បី​ឲ្យ​អត្រា​មាតា និង​ទារក​ស្លាប់​ថយ​ចុះ​បន្ថែម​ទៀត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។