ជំងឺ​ហង់សិន ឬ​ជំងឺ​ឃ្លង់

0:00 / 0:00

មន្ត្រី​សុខាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ជំងឺ​ហង់សិន ឬ​ជំងឺ​ឃ្លង់ នៅ​តែ​មាន​ឆ្លង​ថ្មី​នៅ​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​ជា​តួលេខ​ទូទៅ​នៃ​អ្នក​កើត​ជំងឺ​នេះ​បាន​ថយ​ចុះ​ច្រើន ហើយ​លែង​ជា​កង្វល់​ផ្នែក​សុខភាព​សាធារណៈ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក​ហើយ​ក្ដី។

ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​ឃ្លង់ ឬ​ជំងឺ​ហង់សិន​ថ្មី​នេះ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​បញ្ជាក់​បន្ទាប់​ពី​មន្ត្រី​កម្មវិធី​ជាតិ​ចុះ​ស្រាវជ្រាវ​ឃើញ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ។

នៅ​ក្នុង​សិក្ខា​សាលា​ស្ដីពី​ការ​លើក​កម្ពស់​ផែនការ​លុប​បំបាត់​ជំងឺ​ហង់សិន ឬ​ឃ្លង់ នៅ​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​២០១២ នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ជំងឺ​ហង់សិន លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មាន​ប្រសាសន៍​ថា៖ «យើង​ហៅ​ថា​ជំងឺ​ថ្មី ករណី​ថ្មី គឺ​យើង​អាច​រក​ឃើញ​បាន​ចន្លោះ ៣៥០ ទៅ ៤០០​ករណី។ ឆ្នាំ​ទៅ​មិញ យើង​រក​បាន ៤០០​ករណី​ជាង។ ជាទូទៅ ករណី​នេះ​មាន​ការ​ចុះ​ថយ ហើយ​ថ្មីៗ​នេះ យើង​បាន​បន្ថែម​សកម្មភាព​ពិសេស​តាម​បែប​ហៅ​ថា សកម្មភាព​សកម្ម គឺ​តាម​ដាន​អ្នក​រស់​នៅ​ជិតស្និទ្ធ​នឹង​អ្នក​ជំងឺ​ឃ្លង់​ហ្នឹង។ អ៊ីចឹង​បាន​ជា​យើង​រក​ឃើញ​ករណី​ថែម​ខ្លះៗ​ពី​ចំនួន​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​ហ្នឹង»

លោក​វេជ្ជបណ្ឌិត​បន្ត​ថា នៅ​ពេល​ខាង​មុខ​នេះ មន្ត្រី​កម្មវិធី​ជាតិ​នៃ​ក្រសួង​សុខាភិបាល នឹង​ចុះ​ស្រាវជ្រាវ​រក​ករណី​ថ្មីៗ​បន្ថែម​ទៀត​ឲ្យ​បាន​សកម្ម៖ «ពីរ​បី​ឆ្នាំ​ត​ទៅ​ទៀត យើង​មាន​គម្រោង​ធ្វើ​ការ​ស្រាវជ្រាវ​ករណី​ថ្មី​នេះ​តាម​បែប​សកម្ម បន្ថែម​ពី​លើ​ការ​ស្រាវជ្រាវ​តាម​បែប​អកម្ម បាន​ន័យ​ថា តាម​មណ្ឌល​សុខភាព តាម​មន្ទីរពេទ្យ ដែល​រង់ចាំ​អ្នក​ជំងឺ​មក។ ប៉ុន្តែ ទាក់ទិន​ការ​ស្រាវជ្រាវ​សកម្ម​នេះ មន្ត្រី​សុខាភិបាល​យើង បុគ្គលិក​មណ្ឌល​សុខភាព មន្ត្រី​កម្មវិធី​ជាតិ​កម្ចាត់​រោគ​របេង និង​ជំងឺ​ហង់សិន​ហ្នឹង ចុះ​ទៅ​ដល់​ផ្ទាល់​សហគមន៍​ដែល​មាន​ឃ្លង់​ច្រើន​ស្រាវជ្រាវ​បន្ថែម។ អ៊ីចឹង​បាន​ជា​យើង​រក​ឃើញ​ច្រើន​គួរ​សម»

ការ​កំណត់​ថា​មាន​ករណី​ឆ្លង​ថ្មី​នេះ គឺ​ដោយសារ​តែ​អ្នក​ជំនាញ​នៃ​កម្មវិធី​ជាតិ ស្រាវជ្រាវ​រក​ឃើញ​ជំងឺ​នេះ​កើត​មាន​ចំពោះ​កុមារ។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បញ្ជាក់​ថា ជំងឺ​ហង់សិន ឬ​ឃ្លង់​នេះ ធ្វើ​ឲ្យ​អ្នក​ជំងឺ​ពិការ​ដៃ​ជើង ប្រសិន​បើ​អ្នក​ជំងឺ​មិន​បាន​ព្យាបាល​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​ទទួល​បន្ទុក​កម្មវិធី​ហង់សិន ឬ​ឃ្លង់ នៃ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​ហង់សិន ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ឡាយ គី ថ្លែង​ថា ជំងឺ​ឃ្លង់​ជា​ជំងឺ​បង្ក​ឡើង​ដោយ​មេរោគ​បាក់តេរី​ម្យ៉ាង៖ «មេរោគ​បាក់ស៊ីដឺហង់សិន រក​ឃើញ​ដោយ លោក ហង់សិន គេ​ដាក់​ឈ្មោះ​គាត់​តែ​ម្ដង នៅ​ឆ្នាំ​១៨៧៣»

លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា ជំងឺ​ហង់សិន ឬ​ឃ្លង់ មិន​មែន​ជា​ជំងឺ​សួរ​ពូជ​ទេ គឺ​ជា​ជំងឺ​ឆ្លង​តាម​តំណក់​ទឹក​សំបោរ ឬ​ទឹក​រងៃ​របស់​អ្នក​ជំងឺ​មិន​ទាន់​បាន​ព្យាបាល ដែល​នៅ​ក្នុង​ខ្យល់​ចូល​តាម​ផ្លូវ​ដង្ហើម៖ «ជំងឺ​ហ្នឹង គឺ​ជា​ជំងឺ​ឆ្លង​ដូច​ជំងឺ​ដទៃ​ទៀត។ តែ​គ្រាន់​តែ​មាន​លក្ខណៈ​មួយ​វា​នៅ​លើ​ស្បែក ដូច​ជា​ជំងឺ​សើ​ស្បែក​យើង​អ៊ីចឹង។ វា​មាន​លក្ខណៈ​ពិសេស​មួយ គឺ​កាល​ណា​វា​នៅ​លើ​ស្បែក​ណា​មួយ​ទៅ វា​មាន​ភាព​ស្ពឹក​នៅ​លើ​ស្បែក​ហ្នឹង។ ការ​ឆ្លង​វា​ឆ្លង​តាម​ផ្លូវ​ដង្ហើម ជាពិសេស​អ្នក​ដែល​មិន​បាន​ទទួល​ថ្នាំ​ព្យាបាល ជាពិសេស​អ្នក​ដែល​ផ្ទុក​មេរោគ​ច្រើន។ អ្នក​ដែល​មាន​មេរោគ​ច្រើន គឺ​វា​ចេញ​ទៅ​តាម​ទឹក​រងៃ​សំបោរ មេរោគ​នៅ​ក្នុង​ហ្នឹង​វា​ចេញ​មក​សាយ​ភាយ​នៅ​ខាង​ក្រៅ យើង​បឺត​ចូល​វិញ វា​មិន​ចូល​ក្នុង​សួត​ទេ តែ​វា​ចូល​ក្នុង​សរសៃ​ប្រសាទ​ណា​មួយ ធ្វើ​ប៉ះពាល់​ចេញ​រោគ​សញ្ញា​មក។ ជំងឺ​ហ្នឹង​មិន​មែន​ឆ្លង​ភ្លាម​កើត​ភ្លាម​ទេ វា​សម្ងំ ៣ ទៅ ៥​ឆ្នាំ​ឯ​ណោះ​នៅ​ក្នុង​ខ្លួន​យើង ទម្រាំ​ចេញ​រោគ​សញ្ញា។ បើ​សិន​ជា​យើង​មាន​ភាព​ស៊ាំ​ខ្ពស់ ជំងឺ​ហ្នឹង​អត់​កើត​រួច​ទេ។ គឺ​ភាព​ស៊ាំ​ក្នុង​ខ្លួន​យើង​សម្លាប់​មេរោគ​ហ្នឹង​ចោល​តែ​ម្ដង។ ភាព​ស៊ាំ​របស់​មនុស្ស គឺ​មក​ពី​ធម្មជាតិ កត្តា​កំណើត​ធម្មជាតិ​ខ្លាំង គឺ​ខ្លាំង​ហើយ។ ធ្លាក់​បន្តិច​បន្តួច​ធម្មតា​ទេ»

លោក​បញ្ជាក់​ថា អ្នក​ដែល​មាន​ស្បែក​ប្រែ​ពណ៌​ខុស​ធម្មតា ហើយ​ស្ពឹក ជា​រោគ​សញ្ញា​សំខាន់​មួយ​ដែល​គ្រូពេទ្យ​សង្ស័យ​ថា​ជា​ជំងឺ​ឃ្លង់៖ «អ្នក​ជំងឺ​អាច​ចំណាំ​ងាយ​ស្រួល​បំផុត គឺ​គ្រប់​ស្លាកស្នាម​នៅ​លើ​ស្បែក បើ​យើង​យក​ស្អី​ទៅ​ដាក់​វា គឺ​បាត់​បង់​ញាណ​ដឹង​នៅ​លើ​ស្បែក​ហ្នឹង​តែ​ម្ដង។ ឲ្យ​តែ​ស្បែក​ប្រែ​ពណ៌ ហើយ​បាត់​ញាណ​ដឹង អា​ហ្នឹង​គេ​សន្មត​ថា​ជា​ជំងឺ​ឃ្លង់។ ដូច្នេះ គ្រប់​អ្នក​ជំងឺ​ទាំង​អស់ បើ​សិន​ជា​មាន​ស្លាកស្នាម​នៅ​លើ​ស្បែក ហើយ​បាត់​បង់​ញាណ​ដឹង សូម​ទៅ​ពិគ្រោះ​នៅ​មណ្ឌល​សុខភាព ចៀសវាង​ការ​ពិការ​កើត​ឡើង»

រីឯ​ការ​ព្យាបាល​វិញ លោក​វេជ្ជបណ្ឌិត ឡាយ គី បញ្ជាក់​ថា គឺ​ត្រូវ​លេប​ថ្នាំ​សម្លាប់​មេរោគ​រយៈពេល​ចន្លោះ​ពី ៦​ខែ​ទៅ ១​ឆ្នាំ តាម​ករណី​ធ្ងន់ ឬ​ស្រាល។ ប្រសិន​បើ​អ្នក​ជំងឺ​ចូល​ដល់​ដំណាក់​កាល​ពិការ​ដៃ ឬ​ជើង ដែល​បណ្ដាល​មក​ពី​ផល​វិបាក​នៃ​ជំងឺ​នេះ អ្នក​ជំងឺ​ចាំបាច់​ត្រូវ​វះ​កាត់ ដើម្បី​ស្ដារ​អវយវៈ​ឡើង​វិញ៖ «ជំងឺ​ហ្នឹង បើ​សិន​ជា​យើង​មិន​បាន​ព្យាបាល​ទេ វា​នាំ​ឲ្យ​អ្នក​ជំងឺ​ពិការ។ ជា​ផល​វិបាក​របស់​ជំងឺ មិន​មែន​ជា​រោគ​សញ្ញា​ទេ។ ដូច្នេះ បើ​យើង​ឃើញ​គេ​ពិការ ថា​គេ​កើត​ឃ្លង់ មិន​មែន​ទេ គឺ​គេ​ព្យាបាល​ថ្នាំ​ជា​ហើយ។ តែ​ភាព​ពិការ​របស់​មនុស្ស​មិន​អាច​កែ​ដោយសារ​ថ្នាំ​ទេ គឺ​កែ​ដោយ​ការ​វះ​កាត់»

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ជំងឺ​នេះ​មិន​មាន​វិធី​បង្ការ​ជាក់​លាក់​ទេ៖ «បញ្ហា​ហ្នឹង​យើង​អត់​មាន​បង្ការ​ទេ​ជំងឺ​ហ្នឹង ព្រោះ​វា​កម្រ​ឆ្លង​ណាស់។ អត្រា​ឆ្លង​របស់​វា ប្រហែល​ជា​មិន​លើស​ពី ៥% ផង តិច​ណាស់។ ពេល​វា​ចូល​មក ខ្លួន​យើង​មាន​ប្រព័ន្ធ​ការពារ វា​អាច​ជា​ខ្លួន​ឯង​បាន។ បើ​សិន​ជា​យើង​មាន​ស្នាម​ខ្លួន​ហើយ​តិចតួច យើង​លេប​ថ្នាំ ៦​ខែ​ជា​ហើយ។ បើ​ធ្ងន់ធ្ងរ យើង​លេប​ដល់ ១២​ខែ»

លោក​ណែនាំ​ថា គ្រប់​ករណី​អ្នក​ដែល​មាន​ស្បែក​ប្រែ​ពណ៌ ហើយ​ស្ពឹក និង​សង្ស័យ​ថា​កើត​ឃ្លង់ សូម​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ។

នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ជំងឺ​ហង់សិន លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ថ្លែង​ថា ប្រទេស​កម្ពុជា បាន​សម្រេច​គោលដៅ​កាត់​បន្ថយ​ជំងឺ​ហង់សិន លែង​ឲ្យ​ជា​បញ្ហា​សុខភាព​សាធារណៈ​នៅ​ឆ្នាំ​១៩៩៨ ដែល​ហួស​ទិសដៅ​កាត់​បន្ថយ​ជំងឺ​ហង់សិន ឬ​ឃ្លង់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) កំណត់​ឲ្យ​មាន​ករណី​ជំងឺ​ឃ្លង់​ត្រឹម​តែ ១​ករណី​ក្នុង​ចំណោម​មនុស្ស ១​ម៉ឺន​នាក់៖ «តាំង​ពី​ឆ្នាំ​១៩៩៨ ហ្នឹង​មក គឺ​អត្រា​ឃ្លង់​បាន​ចុះ​ថយ​ជា​បន្តបន្ទាប់។ ឆ្នាំ​ទៅ​មិញ គឺ​ឆ្នាំ​២០១២ គឺ​អត្រា​បាន​ចុះ​ថយ​មក​ដល់ ២,២៥​ករណី​ក្នុង​ចំណោម​ប្រជាជន ១០​ពាន់​នាក់។ ទិសដៅ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​ធ្វើ​ម៉េច​ឲ្យ​តិច​ជាង ១​ករណី​ក្នុង​ចំណោម​ប្រជាជន ១០​ពាន់​នាក់ ឬ ១​ម៉ឺន​នាក់»

លោក​ថា មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ជំងឺ​ហង់សិន នៃ​ក្រសួង​សុខាភិបាល​កម្ពុជា កំពុង​លើក​កម្ពស់​ផែនការ​កម្មវិធី​លុប​បំបាត់​ជំងឺ​ហង់សិន ឬ​ឃ្លង់ ដើម្បី​ឆ្ពោះ​ទៅ​គោលដៅ​ថ្មី​គ្មាន​ជំងឺ​នេះ​ទាំង​ស្រុង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។