វិធី​បង្ការ​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​ភ្លៀង​ធ្លាក់

ដោយ ខែ សុណង
2017.08.10
រូប​មូស​ខ្លា ៨៥៥ រូប​មូស​ខ្លា​ជា​ប្រភព​នៃ​ការ​ចម្លង​ជំងឺ​គ្រុន​ឈាម ត្រូវ​ក្រុម​យុវជន​គូរ​ដាក់​លើ​បដា​នៅ​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម ក្នុង​សង្កាត់​អំពិល ជាយ​ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៣។
RFA

រដូវ​ភ្លៀង​ធ្លាក់​បាន​ចូល​មក​ដល់ គ្រុន​ឈាម គឺ​ជា​ជំងឺ​ឆ្លង​ធ្ងន់ធ្ងរ​ចំពោះ​កុមារ​តូចៗ បើ​សិន​ជា​អាណាព្យាបាល​មិន​ចាប់​អារម្មណ៍​តាមដាន​ពី​ស្ថានភាព​ជំងឺ​នេះ​ដោយ​គ្រូពេទ្យ​នោះ​ទេ ហើយ​នឹង​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ថែម​ទៀត។ ត្បិត​បច្ចុប្បន្ន ជំងឺ​នេះ​ពុំ​មាន​ស្ថានភាព​ឆ្លង​រាតត្បាត​ខ្លាំង​ដូច​មុន ប៉ុន្តែ​មន្ត្រី​សុខាភិបាល​នៅ​តែ​បារម្ភ​ពី​ជំងឺ​នេះ និង​ត្រូវ​តែ​ត្រៀម​បង្ការ​ជានិច្ច។

ជំងឺ​គ្រុន​ឈាម​អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​នៅ​កម្ពុជា ជំងឺ​នេះ​កើត​ឡើង​ច្រើន​លើ​មនុស្ស​ដែល​មាន​អាយុ​ពី ១៥​ឆ្នាំ​ចុះ ហើយ​វា​កាន់​តែ​គ្រោះថ្នាក់​បំផុត​ចំពោះ​កុមារ​ដែល​មាន​អាយុ ៥​ឆ្នាំ​ចុះ​ក្រោម។

អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល អ្នកស្រី​វេជ្ជបណ្ឌិត តេង ស្រី មាន​ប្រសាសន៍​ថា ជំងឺ​គ្រុន​ឈាម​វា​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក៏​មិន​ត្រូវ​ធ្វេសប្រហែស​ចំពោះ​ជំងឺ​នេះ​ដែរ ព្រោះ​ថា​ជំងឺ​នេះ​នៅ​តែ​បន្ត​កើត​ឡើង​ច្រើន​ឥត​ឈប់ឈរ។ អ្នកស្រី​បន្ត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​ជំងឺ​គ្រុន​ឈាម គឺ​ដោយសារ​មូស​ខ្លា​ញី​ខាំ ដែល​មូស​ប្រភេទ​នេះ​មាន​ផ្ទុក​មេរោគ​វីរុស​គ្រុន​ឈាម«ព្រួយ​បារម្ភ​ទាល់​តែ​អត់​មាន​ភ្លៀង ព្រោះ​អី​តែ​អត់​មាន​ភ្លៀង គឺ​អត់​មាន​ទឹក​ដក់ សំខាន់​រឿង​ទឹក​ដក់​ធ្វើ​ឲ្យ​កើត​ដង្កូវ​ទឹក ខ្លាំង​ជាង​គេ​គឺ​ក្នុង​ខែ​៧ ខែ​៨។ មូស​ខ្លា​ញី​គឺ​កើត​ពី​ដង្កូវ​ទឹក វា​ញាស់​ចេញ​មក​វា​ច្រើន​តែ​ខាំ​នៅ​ពេល​ថ្ងៃ វា​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុន​ឈាម»

សម្រាប់​ប្រទេស​កម្ពុជា គឺ​ផ្ទុយ​ពី​ប្រទេស​ហ្វីលីពីន។ នៅ​កម្ពុជា ជំងឺ​គ្រុន​ឈាម​កើត​ឡើង​ច្រើន​ទៅ​លើ​មនុស្ស​ដែល​មាន​វ័យ​ចាប់​ពី ១៥​ឆ្នាំ​ចុះ។ និយាយ​រួម គឺ​ភាគច្រើន​ជា​កុមារ។ ចំណែក​នៅ​ប្រទេស​ហ្វីលីពីន វិញ ជំងឺ​នេះ​កើត​ឡើង​ភាគច្រើន​លើ​មនុស្ស​ធំ ឬ​មនុស្ស​ពេញ​វ័យ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា មិន​គួរ​ឲ្យ​មាន​ការ​ធ្វេសប្រហែស​នោះ​ឡើយ។

អ្នកស្រី​វេជ្ជបណ្ឌិត តេង ស្រី ថ្លែង​ថា សម្រាប់​អ្នក​ជំងឺ​ដែល​មាន​វ័យ​ក្រោម ១៥​ឆ្នាំ​ចុះ​ងាយ​គ្រោះថ្នាក់ បើ​សិន​ជា​ពុំ​មាន​ការ​ព្យាបាល​ទាន់​ពេលវេលា។

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​កត់​សម្គាល់​ពី​អាការៈ ឬ​រោគ​សញ្ញា​របស់​អ្នក​ជំងឺ​គ្រុន​ឈាម?

អ្នកស្រី​វេជ្ជបណ្ឌិត តេង ស្រី អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​ណែនាំ​គន្លឹះ​សំខាន់ៗ​ដល់​លោក​អ្នក​ក្នុង​ការ​កត់​សម្គាល់ ដូចជា​អ្នក​ជំងឺ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង​មាន​កម្ដៅ​ចាប់​ពី ៣៩​អង្សា​ទៅ ៤០​អង្សា ហើយ​ប្រើ​ថ្នាំ​ត្រជាក់​មិន​ចុះ​កម្ដៅ​ក្នុង​រយៈពេល ២​ថ្ងៃ​ទៅ ៧​ថ្ងៃ កុមារ​មាន​ស្ថានភាព​គេង​សន្លឹម មុខ​ក្រហម ឈឺ​ក្បាល ឈឺ​សាច់​ដុំ ឈឺ​ក្នុង​គ្រាប់​ភ្នែក ឬ​សញ្ញា​ចេញ​ឈាម​កន្ទួល​ក្រហម ឬ​ជាំ​លើ​ស្បែក ឈាម​ច្រមុះ ឈាម​អញ្ចាញ​ធ្មេញ ជុះ​ឈាម ក្អួត ឬ​ក្អួត​ឈាម ជាដើម។ សញ្ញា​ទាំងនេះ គឺ​ជា​សញ្ញា​ដ៏​គ្រោះថ្នាក់ ដូច្នេះ​សូម​ប្រញាប់​រួសរាន់​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ជា​បន្ទាន់«វា​ក្ដៅ​ភ្លាមៗ ៣៩-៤០​អង្សា​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ហើយ។ ថ្ងៃ​ទី​៣ គឺ​វា​ចេញ ហើយ​អាច​មាន​កន្ទួល​ក្រហម កុំ​ឲ្យ​ទុក​រហូត ៧​ថ្ងៃ​អី យើង​ប្រញាប់​ទៅ​ពេល​ទៅ ឲ្យ​គេ​ជួយ​ពិនិត្យ​មើល​សំខាន់​គឺ​កម្ដៅ ៣៩-៤០​អង្សា។ ក្មេង​មុខ​ក្រហម​ដាក់​ថ្នាំ​ប៉ារ៉ា (Para) អត់​ចុះ​ទេ ជៀសវាង​កុំ​ប្រើ​ថ្នាំ​អាស្ពេរីន (ASPARIN) ក្នុង​រដូវ​ភ្លៀង ពីព្រោះ​ថ្នាំ​នេះ​វា​ធ្វើ​ឲ្យ​មាន​ការ​ហូរ​ឈាម​កាន់​តែ​ខ្លាំង។ ជំងឺ​នេះ​វា​ងាយ​នឹង​ឲ្យ​គ្រុន​ឈាម។ គាត់​ប្រើ​តែ​ប្រភេទ​ប៉ារ៉ា​ទៅ​បាន​ហើយ ជួនកាល​ទៅ​ដល់​ថ្ងៃ​ទី​៣ ទី​៤ វា​ត្រជាក់​វិញ​ស្រិប​ទៅ​វិញ ត្រជាក់​ស្អិត អា​ហ្នឹង​ក៏​ភ័យ​ដែរ ប្រញាប់​រួសរាន់​ឡើង​ទៅ​មន្ទីរពេទ្យ»

នៅ​លើ​សាកលលោក​ពុំ​ទាន់​រក​ឃើញ​នូវ​ថ្នាំ​បង្ការ ឬ​វ៉ាក់សាំង និង​ថ្នាំ​សម្លាប់​មេរោគ​គ្រុន​ឈាម​នេះ​នៅ​ឡើយ​ទេ។

វិធានការ​បង្ការ​ដែល​មាន​ប្រសិទ្ធភាព​នោះ គឺ​ត្រូវ​តែ​ថែទាំ​បរិស្ថាន​ក្នុង​ភូមិឋាន ឬ​ក្នុង​ទីធ្លា​ផ្ទះ​របស់​លោក​អ្នក​កុំ​ឲ្យ​មាន​ជម្រក​មូស​ខ្លា និង​ជៀសវាង​កុំ​ឲ្យ​មូស​ខ្លា​ញី​ខាំ។

ក្រសួង​សុខាភិបាល បាន​អប់រំ​ឲ្យ​លោក​អ្នក​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​លុប​បំបាត់​ជម្រក​ដង្កូវ​ទឹក​នាំ​ឲ្យ​កើត​ជា​មូស​ខ្លា ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម តាម​រយៈ​ការ​សម្អាត​លំនៅឋាន​កុំ​ឲ្យ​មាន​ទឹក​ដក់ ដោយ​កប់ ឬ​ដុត​ចោល​នូវ​ត្រឡោក​ដូង សម្បក​កំប៉ុង សម្បក​កង់​ឡាន និង​វត្ថុ​ផ្សេងៗ​ទៀត​ដែល​អាច​ដក់​ទឹក​បាន។ លាង​សម្អាត​ពាង អាង​ឲ្យ​បាន​ស្អាត​ល្អ កុំ​ឲ្យ​មាន​ដង្កូវ​ទឹក ឬ​ចិញ្ចឹម​ត្រី ៧​ពណ៌​ឲ្យ​ស៊ី​ដង្កូវ​ទឹក និង​ដាក់​ថ្នាំ​សម្លាប់​អាប៊ែត (Abate) ដង្កូវ​ទឹក។ មួយ​វិញ​ទៀត ត្រូវ​ការពារ​កុមារ​កុំ​ឲ្យ​មូស​ខាំ ដោយ​ដេក​ក្នុង​មុង​ទាំង​ថ្ងៃ​ទាំង​យប់ ស្លៀក​សម្លៀកបំពាក់​ជិតៗ​កុំ​ឲ្យ​ពួក​គេ​លេង​នៅ​ទី​ងងឹត ត្រូវ​បើក​ទ្វារ​បើក​បង្អួច​ឲ្យ​មាន​ពន្លឺ​ថ្ងៃ​ចូល​គ្រប់គ្រាន់«យើង​សួរ​ថា​ដង្កូវ​ទឹក​នោះ​នៅ​ឯណា? វា​តែងតែ​មាន​កើត​នៅ​ក្នុង​ពាង ឬ​អាង ដែល​គ្រប​មិន​បាន​ល្អ វា​ពង វា​ញាស់​ទៅ​ជា​ដង្កូវ​ទឹក ហើយ​កើត​ចេញ​ជា​មូស​មក​វិញ​ទៀត។ ទី​២ គឺ​ការ​បោះ​ចោល​នូវ​កាក​សំណល់ សំរាម ដូចជា​សម្បក​កង់​ឡាន ឬ​ក៏​សម្បក​កំប៉ុង ឬ​របស់​បាក់បែក ឬ​ត្រឡោក​ដូង ឬ​ខ្ចៅ​ខ្យង​ដែល​យើង​ហូប​ហើយ យើង​បោះ​ចោល ទៅ​ដល់​ពេល​ភ្លៀង​មក​វា​ដក់ វា​ជា​ជម្រក​មូស​ខ្លា​ទៅ​បង​នៅ​ហ្នឹង វា​ញាស់​ទៅ​ជា​មូស​ដែល​ខាំ​បណ្ដាល​ឲ្យ​មាន​គ្រុន​ឈាម»

ក្រសួង​សុខាភិបាល ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​នៅ​ឆ្នាំ​២០១៧ នេះ ក្រោម​ប្រធានបទ រួម​គ្នា​បង្ការ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម។ មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រសិន​ជា​ឃើញ​មាន​ជំងឺ​គ្រុន​ក្ដៅ​ច្រើន​ខុស​ធម្មតា​ក្នុង​ភូមិ ក្នុង​មូលដ្ឋាន ប្រញាប់​ផ្ដល់​ព័ត៌មាន​ទៅ​មន្ត្រី​សុខាភិបាល ដោយ​រាយការណ៍​តាម​លេខ​ទូរស័ព្ទ ១១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។