រដូវភ្លៀងធ្លាក់បានចូលមកដល់ គ្រុនឈាម គឺជាជំងឺឆ្លងធ្ងន់ធ្ងរចំពោះកុមារតូចៗ បើសិនជាអាណាព្យាបាលមិនចាប់អារម្មណ៍តាមដានពីស្ថានភាពជំងឺនេះដោយគ្រូពេទ្យនោះទេ ហើយនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។ ត្បិតបច្ចុប្បន្ន ជំងឺនេះពុំមានស្ថានភាពឆ្លងរាតត្បាតខ្លាំងដូចមុន ប៉ុន្តែមន្ត្រីសុខាភិបាលនៅតែបារម្ភពីជំងឺនេះ និងត្រូវតែត្រៀមបង្ការជានិច្ច។
ជំងឺគ្រុនឈាមអាចកើតឡើងទៅលើមនុស្សគ្រប់វ័យ ប៉ុន្តែនៅកម្ពុជា ជំងឺនេះកើតឡើងច្រើនលើមនុស្សដែលមានអាយុពី ១៥ឆ្នាំចុះ ហើយវាកាន់តែគ្រោះថ្នាក់បំផុតចំពោះកុមារដែលមានអាយុ ៥ឆ្នាំចុះក្រោម។
អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល អ្នកស្រីវេជ្ជបណ្ឌិត តេង ស្រី មានប្រសាសន៍ថា ជំងឺគ្រុនឈាមវាមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែប្រជាពលរដ្ឋក៏មិនត្រូវធ្វេសប្រហែសចំពោះជំងឺនេះដែរ ព្រោះថាជំងឺនេះនៅតែបន្តកើតឡើងច្រើនឥតឈប់ឈរ។ អ្នកស្រីបន្តថា មូលហេតុដែលបង្កឲ្យកើតមានជំងឺគ្រុនឈាម គឺដោយសារមូសខ្លាញីខាំ ដែលមូសប្រភេទនេះមានផ្ទុកមេរោគវីរុសគ្រុនឈាម៖ « ព្រួយបារម្ភទាល់តែអត់មានភ្លៀង ព្រោះអីតែអត់មានភ្លៀង គឺអត់មានទឹកដក់ សំខាន់រឿងទឹកដក់ធ្វើឲ្យកើតដង្កូវទឹក ខ្លាំងជាងគេគឺក្នុងខែ៧ ខែ៨។ មូសខ្លាញីគឺកើតពីដង្កូវទឹក វាញាស់ចេញមកវាច្រើនតែខាំនៅពេលថ្ងៃ វាបង្កឲ្យមានជំងឺគ្រុនឈាម » ។
សម្រាប់ប្រទេសកម្ពុជា គឺផ្ទុយពីប្រទេសហ្វីលីពីន។ នៅកម្ពុជា ជំងឺគ្រុនឈាមកើតឡើងច្រើនទៅលើមនុស្សដែលមានវ័យចាប់ពី ១៥ឆ្នាំចុះ។ និយាយរួម គឺភាគច្រើនជាកុមារ។ ចំណែកនៅប្រទេសហ្វីលីពីន វិញ ជំងឺនេះកើតឡើងភាគច្រើនលើមនុស្សធំ ឬមនុស្សពេញវ័យ។ ប៉ុន្តែទោះជាយ៉ាងណា មិនគួរឲ្យមានការធ្វេសប្រហែសនោះឡើយ។
អ្នកស្រីវេជ្ជបណ្ឌិត តេង ស្រី ថ្លែងថា សម្រាប់អ្នកជំងឺដែលមានវ័យក្រោម ១៥ឆ្នាំចុះងាយគ្រោះថ្នាក់ បើសិនជាពុំមានការព្យាបាលទាន់ពេលវេលា។
តើធ្វើដូចម្ដេចដើម្បីកត់សម្គាល់ពីអាការៈ ឬរោគសញ្ញារបស់អ្នកជំងឺគ្រុនឈាម?
អ្នកស្រីវេជ្ជបណ្ឌិត តេង ស្រី អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានណែនាំគន្លឹះសំខាន់ៗដល់លោកអ្នកក្នុងការកត់សម្គាល់ ដូចជាអ្នកជំងឺមានអាការៈក្ដៅខ្លួនខ្លាំងមានកម្ដៅចាប់ពី ៣៩អង្សាទៅ ៤០អង្សា ហើយប្រើថ្នាំត្រជាក់មិនចុះកម្ដៅក្នុងរយៈពេល ២ថ្ងៃទៅ ៧ថ្ងៃ កុមារមានស្ថានភាពគេងសន្លឹម មុខក្រហម ឈឺក្បាល ឈឺសាច់ដុំ ឈឺក្នុងគ្រាប់ភ្នែក ឬសញ្ញាចេញឈាមកន្ទួលក្រហម ឬជាំលើស្បែក ឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ជុះឈាម ក្អួត ឬក្អួតឈាម ជាដើម។ សញ្ញាទាំងនេះ គឺជាសញ្ញាដ៏គ្រោះថ្នាក់ ដូច្នេះសូមប្រញាប់រួសរាន់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាបន្ទាន់៖ « វាក្ដៅភ្លាមៗ ៣៩ - ៤០អង្សាក្នុងរយៈពេលពីរថ្ងៃហើយ។ ថ្ងៃទី៣ គឺវាចេញ ហើយអាចមានកន្ទួលក្រហម កុំឲ្យទុករហូត ៧ថ្ងៃអី យើងប្រញាប់ទៅពេលទៅ ឲ្យគេជួយពិនិត្យមើលសំខាន់គឺកម្ដៅ ៣៩ - ៤០អង្សា។ ក្មេងមុខក្រហមដាក់ថ្នាំប៉ារ៉ា (Para) អត់ចុះទេ ជៀសវាងកុំប្រើថ្នាំអាស្ពេរីន (ASPARIN) ក្នុងរដូវភ្លៀង ពីព្រោះថ្នាំនេះវាធ្វើឲ្យមានការហូរឈាមកាន់តែខ្លាំង។ ជំងឺនេះវាងាយនឹងឲ្យគ្រុនឈាម។ គាត់ប្រើតែប្រភេទប៉ារ៉ាទៅបានហើយ ជួនកាលទៅដល់ថ្ងៃទី៣ ទី៤ វាត្រជាក់វិញស្រិបទៅវិញ ត្រជាក់ស្អិត អាហ្នឹងក៏ភ័យដែរ ប្រញាប់រួសរាន់ឡើងទៅមន្ទីរពេទ្យ » ។
នៅលើសាកលលោកពុំទាន់រកឃើញនូវថ្នាំបង្ការ ឬវ៉ាក់សាំង និងថ្នាំសម្លាប់មេរោគគ្រុនឈាមនេះនៅឡើយទេ។
វិធានការបង្ការដែលមានប្រសិទ្ធភាពនោះ គឺត្រូវតែថែទាំបរិស្ថានក្នុងភូមិឋាន ឬក្នុងទីធ្លាផ្ទះរបស់លោកអ្នកកុំឲ្យមានជម្រកមូសខ្លា និងជៀសវាងកុំឲ្យមូសខ្លាញីខាំ។
ក្រសួងសុខាភិបាល បានអប់រំឲ្យលោកអ្នកចូលរួមទាំងអស់គ្នាក្នុងការលុបបំបាត់ជម្រកដង្កូវទឹកនាំឲ្យកើតជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម តាមរយៈការសម្អាតលំនៅឋានកុំឲ្យមានទឹកដក់ ដោយកប់ ឬដុតចោលនូវត្រឡោកដូង សម្បកកំប៉ុង សម្បកកង់ឡាន និងវត្ថុផ្សេងៗទៀតដែលអាចដក់ទឹកបាន។ លាងសម្អាតពាង អាងឲ្យបានស្អាតល្អ កុំឲ្យមានដង្កូវទឹក ឬចិញ្ចឹមត្រី ៧ពណ៌ឲ្យស៊ីដង្កូវទឹក និងដាក់ថ្នាំសម្លាប់អាប៊ែត (Abate) ដង្កូវទឹក។ មួយវិញទៀត ត្រូវការពារកុមារកុំឲ្យមូសខាំ ដោយដេកក្នុងមុងទាំងថ្ងៃទាំងយប់ ស្លៀកសម្លៀកបំពាក់ជិតៗកុំឲ្យពួកគេលេងនៅទីងងឹត ត្រូវបើកទ្វារបើកបង្អួចឲ្យមានពន្លឺថ្ងៃចូលគ្រប់គ្រាន់៖ « យើងសួរថាដង្កូវទឹកនោះនៅឯណា ? វាតែងតែមានកើតនៅក្នុងពាង ឬអាង ដែលគ្របមិនបានល្អ វាពង វាញាស់ទៅជាដង្កូវទឹក ហើយកើតចេញជាមូសមកវិញទៀត។ ទី២ គឺការបោះចោលនូវកាកសំណល់ សំរាម ដូចជាសម្បកកង់ឡាន ឬក៏សម្បកកំប៉ុង ឬរបស់បាក់បែក ឬត្រឡោកដូង ឬខ្ចៅខ្យងដែលយើងហូបហើយ យើងបោះចោល ទៅដល់ពេលភ្លៀងមកវាដក់ វាជាជម្រកមូសខ្លាទៅបងនៅហ្នឹង វាញាស់ទៅជាមូសដែលខាំបណ្ដាលឲ្យមានគ្រុនឈាម » ។
ក្រសួងសុខាភិបាល ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅឆ្នាំ២០១៧ នេះ ក្រោមប្រធានបទ រួមគ្នាបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម។ មន្ត្រីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនជាឃើញមានជំងឺគ្រុនក្ដៅច្រើនខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋាន ប្រញាប់ផ្ដល់ព័ត៌មានទៅមន្ត្រីសុខាភិបាល ដោយរាយការណ៍តាមលេខទូរស័ព្ទ ១១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។